អានតួអត្ថបទ
ម៉ាឡេស៊ី

ម៉ាឡេស៊ី​ចាប់ខ្លួន​ជនសង្ស័យ បង្ក​អំពើ​ភេរវកម្ម

មនុស្ស​១៧​នាក់​ត្រូវ​បាន​ប៉ូលិស​ម៉ាឡេស៊ី ចាប់ខ្លួន កាលពីថ្ងៃ​អាទិត្យ ពីបទ​មាន​គម្រោង ចង់​បង្ក​អំពើ​ភេរវកម្ម ក្នុង​រដ្ឋធានី គូឡាឡាំពួរ។ នេះ​បើតាម​ការអះអាង​របស់​មេប៉ូលិស​ជាតិ​ម៉ាឡេស៊ី។ នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ ម៉ាឡេស៊ី ដែល​មាន​អ្នកកាន់សាសនា អ៊ីស្លាម មិន​ជ្រុលនិយម កំពុង​ប្រឈម​នឹង​ចលនា​ជ្រុលនិយម​របស់​ពួក​សកម្មជន​អ៊ីស្លាម ដែល​បាន​ភ្ជាប់ខ្លួន​ទៅ​នឹង​ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម ក្នុង​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់។ 

បុរស​ម៉ាឡេស៊ី​សម្អាត​អក្ស​រ​អ៊ីស្លាម​ដែល​សរសេរ​ឈ្មោះ​ម៉ូហាម៉េដ នៅ​ប្រទេស​ម៉ាឡេស៊ី
បុរស​ម៉ាឡេស៊ី​សម្អាត​អក្ស​រ​អ៊ីស្លាម​ដែល​សរសេរ​ឈ្មោះ​ម៉ូហាម៉េដ នៅ​ប្រទេស​ម៉ាឡេស៊ី ©REUTERS/Staff/Files
ផ្សាយពាណិជ្ជកម្ម

ក្នុង​ចំណោម​មនុស្ស​ទាំង ១៧​នាក់ ដែល​ប៉ូលិស​ម៉ាឡេស៊ី​បាន​ចាប់ខ្លួន មាន​២នាក់ ទើប​ត្រលប់​មក​ពី​ប្រទេស​ស៊ីរី កាលពី​ពេល​ថ្មីៗ។ យោង​តាម​មេប៉ូលិស​ម៉ាឡេស៊ី ជនសង្ស័យ​បាន​រៀបចំ​គម្រោង​ធ្វើ​សកម្មភាព​ភេរវកម្ម​នៅ គូឡា ឡាំពួរ។

 
នៅក្នុង​ប្រទេស​ដែល​មាន​ប្រពៃណី គោរព​សាសនា​អ៊ីស្លាម អាជ្ញាធរ ម៉ាឡេស៊ី​តាមដាន​ជាប់ជានិច្ច​លើ​ក្រុមជ្រុលនិយម​អ៊ីស្លាម។ កាលពី​ខែ​មករា ដើមឆ្នាំនេះ ប៉ូលិស​ម៉ាឡេស៊ី​បាន​ចាប់ខ្លួន មនុស្ស ១២០​នាក់ ដែល​មួយចំនួន ត្រូវ​ជាប់​សង្ស័យថា មាន​ទំនោរ គាំទ្រ​មនោគម​វិជ្ជា​របស់​ពួកជីហាត ឬ​ខ្លះ​ទៀត ទើប​ត្រលប់​មកពីប្រទេស ស៊ីរី។ រដ្ឋាភិបាល​ម៉ាឡេស៊ី​ធ្លាប់បាន​ព្រមាន​រួចហើយ ពី​គ្រោះថ្នាក់​របស់​ក្រុមអ៊ីស្លាម​ដែល​ទើប​ត្រលប់​ពី​ប្រយុទ្ធក្នុង​ប្រទេស​ស៊ីរី ដើម្បី​បុព្វហេតុ​ក្រុមជីហាត។ នៅ​ខែ​សីហា​ឆ្នាំមុន ប៉ូលិស​ម៉ាឡេស៊ី​បាន​ទប់ស្កាត់​ទាន់ ផែនការ​ធ្វើ​ភេរវកម្ម របស់​ក្រុមអ៊ីស្លាម​ទៅ​លើ​រង្គសាល និង​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ដ៏​ធំមួយ (Carlsberg)។ គឺ​ចាប់ពី​ពេលនោះ​ហើយ ដែល​ប៉ូលិស បាន​ស្រាវចាប់ រកឃើញ​មាន​ក្រុមនិយម​ពួកជីហាត នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។

ប៉ូលិស​ម៉ាឡេស៊ី ដឹងថា រហូតមកដល់​ថ្ងៃ​នេះ មាន​ជនជាតិ​ម៉ាឡេស៊ី ៦៧​នាក់ ដែល​បាន​ចេញ​ទៅ​ប្រយុទ្ធ​កៀកស្មា ជាមួយ​ក្រុមជីហាត នៅស៊ីរី។ ហើយ​៥នាក់​បាន​ស្លាប់ នៅក្នុង​សមរភូមិ។ នៅ​អាស៊ី ម៉ាឡេស៊ី ជាប្រទេស​អ៊ីស្លាម​ទី២ បន្ទាប់​ពី​ឥណ្ឌូណេស៊ី ដែលត្រូវ​ប្រឈម​នឹង​ការរីកធំឡើង នៃ​ចលនា​អ៊ីស្លាម ជ្រុលនិយម ដែល​ភ្ជាប់ខ្លួន​ទៅនឹង​ក្រុមជីហាត។

កាលពី​សប្តាហ៍​មុន នៅក្នុង​គោលដៅ ប្រយុទ្ធប្រឆាំង​នឹង​អំពើភេរវកម្ម រដ្ឋាភិបាល​ម៉ាឡេស៊ី ទើប​បាន​ស្នើ​ច្បាប់​ថ្មី ស្តីពី​ភេរវកម្ម ទៅ​ឲ្យ​សភា បោះឆ្នោត អនុម័ត។ ច្បាប់​ថ្មី នឹង​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​ម៉ាឡេស៊ី ចាប់​ឃុំ​ខ្លួន​ជនសង្ស័យ​ពី​បទធ្វើ​ភេរវកម្ម ក្នុង​អំឡុង​ពេល​មួយ​មិនកំណត់ និង​មិនចាំបាច់​មាន​សវនាការ​ជំនុំជម្រះ។

អង្គការ​ការពារ​សិទ្ធិមនុស្ស ដូចជា​Human rights Watch​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ម៉ាឡេស៊ី ដក​សេចក្តី​ស្នើច្បាប់​ពី​សភា មកវិញ ព្រោះថា​សេចក្តី​ព្រាងច្បាប់​មាន​លក្ខណៈ​តឹងតែង​ជ្រុលហួសហេតុ។ ច្បាប់​ស្តីពី​សន្តិសុខ​ក្នុង​ស្រុក ឧស្សាហ៍​បង្ក​ភាពចម្រូងចម្រាស នៅក្នុង​សង្គម​ម៉ាឡេស៊ី ជាទី​ដែល​រដ្ឋាភិបាល​បាន​យកលេស​អនុវត្ត​ច្បាប់​រក្សា​សន្តិសុខ ក្នុង​ស្រុក ដើម្បី​បង្រ្កាប​គណបក្ស​ប្រឆាំង។ កាលពី​ឆ្នាំ ២០១២ ច្បាប់​សន្តិសុខ​ផ្ទៃក្នុង ដែល​​រដ្ឋាភិបាល​តែង​ប្រើ​សម្រាប់​ប្រឆាំង​នឹង​ក្រុម​គណបក្ស​ប្រឆាំង ត្រូវ​បាន​លុបចោល បន្ទាប់ពី​មាន​បាតុកម្ម​តវ៉ា ដាក់គំនាប​ពី​សាធារណជន​ឲ្យ​ធ្វើ​កំណែទម្រង់ នយោបាយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ