អានតួអត្ថបទ
ម៉ាឡេស៊ី

ភរិយា​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​ត្រូវរង​ការរិះគន់​ពី​មតិ​សាធារណៈ​លើ​ការ​ចំណាយ​ខ្ជះខ្ជាយ​របស់​គាត់​

ភរិយា​​របស់​​លោក ​Najib Razak​ នាយក​រដ្ឋមន្រ្តី​​ម៉ាឡេស៊ី ​គឺ​​ជា​បុគ្គល​ម្នាក់​ ប្រកបដោយ​​ភាព​ចម្រូង​ចម្រាស​​ច្រើននៅ​​ក្នុង​​ប្រទេស ​ដោយ​​​លោកស្រី​​ត្រូវ​​បាន​​មតិសាធារណៈ​​​រិះគន់​​ជា​​ញឹក​ញាប់​​ថា​​ ជា​​អ្នក​ចាយ​លុយ​​ខ្ជះខ្ជាយ​​មិន​ចេះ​គិត។​ កាល​ពី​​ប៉ុន្មាន​​ថ្ងៃ​​ចុង​ក្រោយ​​នេះ​ ចលនា​​រិះគន់​​បាន​​ចាប់​​ផ្ទុះ​​ឡើង​​កាន់តែ​ខ្លាំង​ ជាពិសេស ​នៅ​​តាម​​បណ្តាញ​​សង្គម​ ក្រោយ​​ពី​​គេ​​ដឹង​​ថា​ លោក​ស្រី​​​ចំណាយ​​​លុយ​​រហូត​​ដល់​​ទៅ​​ប្រមាណ​​ជិត​ ៣០០​​អឺរ៉ូ​ គ្រាន់តែ​​សម្រាប់​​ធ្វើ​​សក់​ម្តងៗ​ ដែល​​ជា​​ចំនួន​​ទឹកប្រាក់​​មួយ​​ច្រើន​​ជាង​​ប្រាក់​ខែ​​ប្រជាជន​​សាមញ្ញ​​ធម្មតា​​មួយ​​ខែ​​ទៅ​​ទៀត។​

លោក​ស្រី​Rosmah Mansor(ស្តាំបំផុត) ភរិយា​របស់​លោកនាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី
លោក​ស្រី​Rosmah Mansor(ស្តាំបំផុត) ភរិយា​របស់​លោកនាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី ©reuters
ផ្សាយពាណិជ្ជកម្ម

ការរិះគន់របស់មតិសាធារណៈ បានចាប់ផ្តើមមានសា​ជាថ្មី​ទៀត​ទៅលើ​ភរិយា​របស់​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ីដោយបានវិនិច្ឆ័យថា គាត់ជាបុគ្គលមួយរូបដែលឥតយល់​ដឹងអ្វី​ទាំង​អស់​ពី​កំរិត​ជីវភាព​ជាក់ស្តែងរបស់ប្រជាជនម៉ាឡេស៊ីបច្ចុប្បន្ន​ ដែលជាញឹកញាប់ មានការលំបាក​​ក្នុង​ជីវភាព​រស់នៅ។ កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ភរិយា​របស់​នាយក​រដ្ឋមន្ត្រី បាន​ត្អូញត្អែរ​ជា​សាធារណៈ​ ថា « គាត់​​ត្រូវ​បង់​​ប្រាក់​អស់ ១២០០ ringgits ឬ ស្មើនឹង ២៩០អឺរ៉ូ​សំរាប់​​​ជួល​អ្នក​​ធ្វើ​សក់​​មកដល់​ផ្ទះ និង​​ចំណាយ​​លុយ​ផ្សេង​ទៀត​​សំរាប់​ការ​​កាត់​សំលៀក​​បំពាក់​​របស់​​គាត់។​

 
ប្រព័ន្ធ​ព័តមាន​អ៊ីនធ័រណែត​ Malaisie​ មួយ​ឈ្មោះ ​Insider ​​​បាន​ដកស្រង់​​​​​សម្តី​​ភរិយា​​​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​ដែល​បាន​ពោលពាក្យ​ថា « យើង​ត្រូវតែ​ពាក់​សម្លៀក​បំពាក់​ល្អៗ​​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​មុខតំណែង​របស់​យើង​ ​​ប៉ុន្តែ​​តម្លៃ​វា​ថ្លៃ​ហួសហេតុ​ពេក"​។ ចំពោះ​​​ស្រ្តី​​ដែល​​​​​​នៅ​​ផ្ទះ​​ និង​គ្មាន​ប្រាក់​ចំណូល​ដូច​ជា​ពួក​យើង​​​ ការ​ចាយវាយ​ច្រើន​បែប​នេះ​ពុំ​អាច​ធ្វើ​ទៅ​កើតទេ»​។

គួររំលឹកថា​ប្រាក់​ខែ​អប្បបរមា​នៅ​​ម៉ាឡេស៊ី ​មាន​ចំនួន​តែ​៩០០ ​ringgits​ តែ​ប៉ុណ្ណោះ ។គ្រួសារក្រីក្រខ្លះត្រូវត្រដ​ រស់នៅជាមួយ​ប្រាក់ចំណូល​ស្មើនឹង​ថ្លៃធ្វើ​សក់​របស់​ភរិយា​នាយក​រដ្ឋមន្ត្រី។​ នៅ​ថ្ងៃ​អង្គា​រ​នេះ​ទៀត​ ក្រុម​អ្នក​ប្រើ​អ៊ីនធ័រណែត​ នៅ​ក្នុង​ប្រទេស​ បាន​នាំគ្នា​សើច​​ចំអក​​ឲ្យ​​ភរិយា​​នាយក​​រដ្ឋមន្ត្រី​ដោយ​សរសេរ “ តើ​លោកស្រី​​រស់​នៅ​ក្នុង​ពិភព​អ្វីទៅ?​”​​​​​ ។ ​អ្នក​ប្រើ​ប្រាស់​​ប្រព័ន្ធ​​ Twitter​ ម្នាក់​ទៀត​ ​បាន​​​​ដាក់ផ្លែផ្កា​ឲ្យ​ថា​ “ ខ្ញុំ​​សង្ឃឹម​ថា ក្នុង​​ថ្ងៃ​ណាមួយ​​ខ្ញុំ​នឹង​​បាន​​ក្លាយ​ខ្លួន​​ដូច​​ជា​​លោក​​ស្រី ​Rosmah​ដែរ​ ដែល​​ជា​ស្ត្រី​មេផ្ទះ​ក្រីក្រ​ម្នាក់​ និង​​ជា​​ភរិយា​​មន្ត្រី​ជាន់​​ខ្ពស់​​ម៉ាឡេស៊ី »។

ចាប់តាំង​ពី​ស្វាមីរបស់លោកស្រី​ឡើងកាន់​តំណែងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅ​ឆ្នាំ២០០៩ មក លោកស្រី ​Rosmah បាន​ក្លាយ​ជាផ្ទាំង​ស៊ីប​នៃ​ការ​វាយ​ប្រហាររិះគន់​​​ទិតៀន​ជា​រឿយៗ​ពី សំណាក់​មជ្ឈដ្ឋាន​សាព័ត៌មាន​ដែរ នៅលើ​ការ​ចំណាយ​ទិញដូររបស់គាត់នៅឯបរទេស។
ឧទាហរណ៍ កាសែតអាមេរិក New York Times ​ នាពេលថ្មីៗនេះ​បានជូនដំណឹងថា “ក្រុម​អ្នក​ជិតដិត​លោកនាយក​រដ្ឋមន្ត្រីម៉ាឡេស៊ី​ បានធ្វើវិនិយោគទុនជាច្រើននៅ​ក្នុង​វិស័យ​អចលនទ្រព្យ​ដ៏​​ឆើតឆើយ​ ​​នៅសហរដ្ឋអាមេរិក​”។ ​​  New York Times ថែមទាំង​បាន​អះអាង​ទៀតថា​ »​ខ្លួន​មាន​ភ័ស្តុតាង​ វិក័យប័ត្រដែលបញ្ជាក់ថា លោកស្រីភរិយា​របស់​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី ​បាន​ទិញ​គ្រឿង​អលង្ការ​ដែល​មាន​តម្លៃ ជា​ច្រើនលាន​ដុល្លារ​។

ពាក់ព័ន្ធ​នឹង​ព័ត៌មានខាងលើនេះ  ការិយាល័យរបស់​នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបដិសេធ មិន​​​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំង​អស់​​ដោយអះអាងថា « ជាព័ត៌មានបំផ្លើស និងគ្មានមូលដា្ឋន នៅ​​ជុំវិញ​​​បញ្ហា​ហិរញ្ញវត្ថុ​ និង​ការ​ចំណាយ​ជា​ឯកជនរបស់​នាយករដ្ឋមន្ត្រី​ និង​គ្រួសាររបស់គាត់ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ