អានតួអត្ថបទ
ភូមា

ភូមា​បំផ្ទុះ​គ្រាប់​បែក​សម្លាប់​ជនជាតិ​ចិន​៤នាក់​នៅ​ខេត្ត​យូណាន

យន្តហោះ​១គ្រឿង​របស់​ភូមា​ បាន​ហោះ​ទៅ​ទំលាក់​គ្រាប់បែក ​បណ្តាល​ឲ្យ​ស្លាប់​ជនជាតិ​ចិន​៤នាក់ ​នៅ​ក្នុង​ខេត្ត​យូណាន ​ជាប់​ព្រំដែន​ភាគ​ខាងជើង​របស់​ភូមា។ បញ្ហា​នេះ បាន​បង្ក​ឲ្យ​មាន​ប្រតិកម្ម​ភ្លាមៗ​ ពី​រដ្ឋាភិបាល​ចិន ​ដែល​ព្រួយ​បារម្ភ​ពី​បូរណភាព​ដែនដី​របស់​ខ្លួន។ តំបន់​ភាគ​ខាងជើង​ភូមា ​ដែល​ជាប់​នឹង​ខេត្ត​យូណាន ​​ជា​សមរភូមិ​ក្តៅ ​រវាង​កងទ័ព​រដ្ឋាភិបាល​ភូមា ​និង​ក្រុម​ឧទ្ទាម​ផ្តាច់​ទឹក​ដី។ ចិន​ខ្លាច​ថា ភូមា​ឆ្លៀត​ឱកាស​នេះ ​លួច​ឆ្លង​ចូល​មក​ក្នុង​ទឹកដី​ ខេត្ត​យូណាន​ ហើយ​នាំ​អសន្តិសុខ មក​ក្នុង​ទឹកដី​​របស់​ខ្លួន ។

ក្រុម​យោធា​​ផ្តាច់​ខ្លួន នៅ​ខេត្ត ហ្សាន ​ភាគ​ខាង​ជើង ប្រទេស​ភូមា ជាប់​ព្រំដែន​​ខេត្ត​យូណាន ​ប្រទេស​ចិន
ក្រុម​យោធា​​ផ្តាច់​ខ្លួន នៅ​ខេត្ត ហ្សាន ​ភាគ​ខាង​ជើង ប្រទេស​ភូមា ជាប់​ព្រំដែន​​ខេត្ត​យូណាន ​ប្រទេស​ចិន AFP PHOTO / KC Ortiz
ផ្សាយពាណិជ្ជកម្ម

យោង​តាម​ការ​រាយ​ការណ៍​ របស់​ទី​ភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​របស់​ចិន ​បាន​ឲ្យ​ដឹង​ថា​ មាន​យន្តហោះ​មួយគ្រឿង​​ដែល​តាម​ការ​ស្មាន​ ជា​យន្តហោះ​យោធា​របស់​ភូមា​ ​បាន​ហោះ​មក​ទម្លាក់​គ្រាប់បែក​មួយ​គ្រាប់ ​ក្នុង​ចំការ​អំពៅ​មួយ​ ដែល​មាន​ភូមិសាស្ត្រ​ ក្នុង​ខេត្ត​យូណាន​ប្រទេស​ចិន។ គ្រាប់​បែក​បាន​ផ្ទុះ​សម្លាប់​ជីវិត​មនុស្ស​ជនជាតិ​ចិន ​ចំនួន​៤នាក់ ​និង​៩នាក់​ផ្សេង​ទៀត​រង​របួស។

 
បន្ទាប់​ពី​បាន​ទទួល​ដំណឹង​នេះ​លោក ​អនុ​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ចិន លីវ ចិនមិញ ​បាន​កោះ​ហៅ​ឯកអគ្គ​រដ្ឋទូត​ភូមា​ប្រចាំ​ក្រុង​ប៉េកាំង ​ឲ្យ​ចូល​ជួប​ទាំង​កណ្តាល​យប់  ​ដើម្បី​ទទួល​បាន​ការ​ពន្យល់​ អំពី​ហេតុការណ៍​ដែល​បាន​កើត​ឡើង។ ចិន​បាន​សម្តែង​នូវ​កំហឹង​ជា​ខ្លាំង ​ចំពោះ​ហេតុការណ៍​នេះ ​​ហើយ​សំណូមពរ​ឲ្យ​អាជ្ញាធរ​ភូមា ​ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ត្រឹមត្រូវ ​ដើម្បី​ចាប់​យក​ក្រុម​ជន​ដៃដល់​​ ដែលបាន​ទំលាក់​គ្រាប់​បែក។

ភ្លាមៗ​ក្រោយ​ហេតុការណ៍​នេះ​ដែរ ​ចិន​បាន​បញ្ជូន ​យន្តហោះ​ចម្បាំង ​និង​យន្តហោះ​ស៊ើបការណ៍ ​ឲ្យ​បើក​ក្រវែល​ នៅ​តាម​តំបន់​ព្រំដែន​ ក្នុង​ទឹកដី​ខេត្ត​យូណាន ​ដែល​ជាប់​នឹង​ភាគ​ខាងជើង​ប្រទេស​ភូមា។ អ្នក​នាំពាក្យ​​​យោធា​ចិន​ម្នាក់​ បាន​ប្រាប់​ឲ្យ​ដឹង​ថា ​កងទ័ព​អាកាស​ចិន ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ​ក្នុង​ការ​ការពារ​អធិបតេយ្យ​ភាព​របស់​ចិន ​និង​ទប់ទល់​ជាមួយ​ភូមា ​បើ​សិន​ជា​មាន​ ​ការ​វាយ​ប្រហារ​សា​ជា​ថ្មី។

សូម​បញ្ជាក់​ផងដែរ​ថា ​តំបន់​ភាគ​ខាងជើង​ភូមា​ ដែល​ជាប់​នឹង​ខេត្ត​យូណាន​របស់​ចិន​ ជា​តំបន់​ព្រៃភ្នំ ហើយ​ជា​សមរភូមិ​ក្តៅ ​ដែល​មាន​ការ​ប្រឈមមុខ​ដាក់​គ្នា​ ជា​អចិន្ត្រៃយ៍ រវាង​កងទ័ព​រដ្ឋាភិបាល​​ភូមា និងក្រុម​ឧទ្ទាម ផ្តាច់​ទឹកដី ​ក្នុង​ខេត្ត​ពីរ​របស់​ភូមា គឺ​ខេត្ត​​កាឈីន​ និង​ខេត្ត​ហ្សាន។ ដោយសារ​តែ​ភ័យ​ខ្លាច​ ពី​សុវត្ថិភាព​ និង​អាយុ​ជីវិត ​ប្រជាជន​ស្លូត​ត្រង់​ភូមា​ ប្រមាណ​ជា ៣ម៉ឺន​នាក់ ​បាន​រត់​ចូល​ទៅ​ជ្រកកោន ​ក្នុង​ខេត្ត​យូណាន​របស់​ចិន ​ដែល​បញ្ហា​នេះ ​បាន​ធ្វើឲ្យ​រដ្ឋាភិបាល​ចិន​មាន​ការ​ព្រួយ​បារម្ភ។ ចិន​ក៏​បារម្ភ​ផងដែរ​ថា ​ក្រុម​ឧទ្ទាម​ភូមា ​អាច​នឹង​រត់​ចូល​មក​សម្ងំ​លាក់​ខ្លួន ​ក្នុង​ខេត្ត​យូណាន ​ហើយ​ការ​បាញ់​ប្រហារ​គ្នា ​អាច​នឹង​ឆ្លង​ចូល​មក​ក្នុង​ទឹកដី​ចិន។ ជាក់​ស្តែង​ ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ​លោក​រដ្ឋមន្ត្រី​ការ​បរទេស​ចិន ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ផ្ទះ​ប្រជាជន​ចិន​នៅ​តាម​ព្រំដែន ​​បាន​រង​ការ​ខូចខាត​ ដោយសារ​គ្រាប់​កាំភ្លើង​ បាញ់​ចេញ​ពី​រថក្រោះ​របស់​ភូមា ​នៅ​ត្រើយ​ម្ខាង​ព្រំដែន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ