អានតួអត្ថបទ
ហ្វីលីពីន-អាស៊ាន

នៅ​កិច្ចប្រជុំ​អាស៊ាន ហ្វីលីពីន​បរិហា​​​រសំណង់​កោះ​សិប្បនិម្មិត​របស់​ចិន នៅ​សមុទ្រ​ចិន​ខាងត្បូង

ហ្វីលីពីន កាលពីថ្ងៃ​អាទិត្យ ទី ២៦​មេសា បាន​ព្រមាន និង​ក្រើនរំលឹក​ប្រាប់​ទៅ​ប្រទេស​សមាជិក​អាស៊ាន​ដទៃ​ទៀត ថា ប្រទេស​ចិន​កំពុង​ត្រៀមខ្លួន​ចូល​គ្រប់គ្រង​សមុទ្រ​ចិន​ខាងត្បូង។ នៅ​ថ្ងៃ​បើក ជំនួប​កំពូល​អាស៊ាន នៅថ្ងៃ​អាទិត្យទី ២៦​មេសា នៅ​ទីក្រុង​គួឡាឡាំពួរ របស់​ប្រទេស​ម៉ាឡេស៊ី ទីក្រុង​ម៉ានីល​បាន​អំពាវនាវ​ឲ្យ​អាស៊ាន​ហ៊ាន​ងើបឈរ​ឡើង ដើម្បី​តទល់​នឹង​ចិន នៅក្នុង​ជម្លោះ​ដណ្តើម​ដីកោះ នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង។ 

កោះ​សិប្បនិម្មិត​ដែល​ចិន​កំពុង​សង់​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​ហ្វីលីពីន​ចោទថា ស្ថិតនៅក្នុង​ដែនទឹក​របស់ខ្លួន
កោះ​សិប្បនិម្មិត​ដែល​ចិន​កំពុង​សង់​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​ហ្វីលីពីន​ចោទថា ស្ថិតនៅក្នុង​ដែនទឹក​របស់ខ្លួន ©REUTERS/CSIS Asia Maritime Transparency Initiative
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ជំនួបកំពូល​អាស៊ាន ដែល​ចាប់ផ្តើម​នៅថ្ងៃ​នេះ នៅ​ទីក្រុង​គួឡាឡាំពួរ ជម្លោះ​នៅ សមុទ្រ​ចិន​ខាងត្បូង ជា​ប្រធានបទ​សំខាន់​មួយ នៅក្នុង​កិច្ច​ពិភាក្សា​របស់​ថ្នាក់ដឹកនាំ​កំពូល អាស៊ាន។ ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និង​ព្រុយណេ​ជា​សមាជិក​អាស៊ាន ដែល​ជាប់​ឈ្មោះ ក្នុង​ជម្លោះ​ដណ្តើម​ដី​កោះ ជាមួយ​ប្រទេស​ចិន នៅ​សមុទ្រ​ចិន​ខាងត្បូង។

 
នៅ​ថ្ងៃ​បើក​ដំបូង​ជំនួបកំពូល​អាស៊ាន រដ្ឋមន្រ្តី​ការបរទេស ហ្វីលីពីន​មិន​បាន​រង់ចាំ​យូរ​ដើម្បី​ចោទ​ប្រទេស​ចិន ដែល​តាម​ហ្វីលីពីន កំពុង​លួចធ្វើ​សកម្មភាព ដើម្បី​បោះទីតាំង​រឹងមាំ សម្រាប់​ចូល​គ្រប់គ្រង​សមុទ្រ​ចិន​ខាងត្បូង​តែម្នាក់ឯង។ តាំងពីដើម​ខែ​មេសា មក ទីក្រុង​ម៉ានីល​បាន​ទាញ​សញ្ញា​អាសន្ន បន្ទាប់​ពី​រូបភាព​ផ្កាយរណប​បាន​បង្ហាញ​ថា ចិន​កំពុង​ចាក់ខ្សាច់ លើ​ផ្កាថ្ម ដើម្បី បង្កើត​កូនកោះ​សិប្បនិម្មិត នៅក្នុង​ដែន​ទឹក​របស់​ហ្វីលីពីន នៅ​ប្រជុំ​កោះ Spratleys។ តាម​ហ្វីលីពីន ដីកោះ​សិប្បនិម្មិត​ដែល​ចិនកំពុង​​សាងសង់ មានទំហំ​ធំ ដែល​អាច​ទទួល​យន្តហោះ​ឲ្យ​ចុះចត ឬ​បង្កើត​មូលដ្ឋាន​ទ័ព​ជាដើម។

ការគំរាមកំហែង​ពី​សំណាក់​ប្រទេស​ចិន មាន​រូបរាង ពិតៗ ដែល​គេ​មិនអាច​ព្រងើយ​កន្តើយ ឬ​បដិសេធ​បាន​ទេ។ នេះ​ជា​ការអះអាង​របស់​រដ្ឋមន្រ្តី​ការបរទេស​ហ្វីលីពីន ដែល​បាន​ចោទ​ជា​សំណួរ​ផងដែរ​ទៅ​សមាជិក​អាស៊ាន​ផ្សេងទៀត ដែល​ថា តើ​វា​មិនទាន់​ដល់​ពេលទេ ដែលអាស៊ាន​ត្រូវ​ប្រាប់​ទៅ​ប្រទេស​ជិតខាង នៅ​ប៉ែក​ខាងជើង ឲ្យ​ឈប់​ទាមទារ​តែម្នាក់​ឯង​ជា​ម្ចាស់​សមុទ្រ​ចិន​ខាងត្បូង។ តើអាស៊ាន​ត្រូវ​ចាំ​ដល់​អង្កាល ដើម្បី​ងើបឈរ តវ៉ា ការពារ​នូវ​អ្វី​ដែល​ត្រឹមត្រូវ?

នៅ​ថ្ងៃ​អាទិត្យ ហ្វីលីពីន​បាន​ទាមទារ​ឲ្យ​កិច្ចប្រជុំ​អាស៊ាន​នៅ​ម៉ាឡេស៊ី អាច​ផលិត​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ ដែល​នឹង​អាច​បន្ទោស​ចិន នៅក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង។ ប៉ុន្តែ តាមអ្នកជំនាញ ជាច្រើន សេចក្តី​ថ្លែងការណ៍​រិះគន់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ការទូត​ជាមួយ ចិន មិន​មែន​ជា​ទម្លាប់​របស់​អាស៊ានទេ។ ដើម្បី​ជៀសវាង ជម្លោះ និង​ការប្រឈមមុខ​ធ្ងន់ធ្ងរ ជាមួយ​ចិន អាស៊ាន​បាន​ទាមទារ​ឲ្យ​ចិន យល់ព្រម​ចុះ​ហត្ថលេខា​លើ​ក្រមប្រតិបត្តិ​មួយ ដែល​មាន​និយាយ​ពី​ច្បាប់​គ្រប់គ្រង ដែនទឹក។ ប៉ុន្តែ ដំណើរការ​ចរចា​បាន​បោះជំហាន​ទៅមុខ ដោយ​យឺតបំផុត រហូត​ធ្វើ​ឲ្យ​អ្នកជំនាញ​ខ្លះ​គិតថា ចិន​កំពុង​ពន្យារ​ពេល ដើម្បី​ពង្រឹង​វត្តមាន​របស់ខ្លួន នៅ​សមុទ្រ​ចិន​ខាងត្បូង។ សម្រាប់​រដ្ឋមន្រ្តីការបរទេស​ហ្វីលីពីន ​ចិន​ពេលនេះ កំពុង​បុកគ្រឹះ មូលដ្ឋាន របស់ខ្លួន ឲ្យ​រួចរាល់​ហើយ នៅក្នុង​ដែន​សមុទ្រ​មាន​ជម្លោះ មុន​នឹង​ចុះ​ហត្ថលេខា​លើ​ក្រមប្រតិបត្តិ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ