អានតួអត្ថបទ
ឥណ្ឌា

ឥណ្ឌា៖លោក​ណារ៉េនដ្រា ម៉ូឌី​អំពាវនាវ​ឲ្យ​មាន​ភាព​ស្អប់ស្ងាត់​នៅ​ក្នុង​រដ្ឋ​ហ៊្គូយ៉ារ៉ាត

នៅ​ក្នុង​ប្រទេស​ឥណ្ឌា លោក​នាយករដ្ឋមន្រ្តី​ណារ៉េនដ្រា ម៉ូឌី​បាន​អំពាវនាវ​នៅ​ថ្ងៃ​ពុធ ទី២៦ សីហា​ឲ្យ​មាន​ភាព​ស្ងប់ស្ងាត់​នៅ​ក្នុង​រដ្ឋ​ហ៊្គូយ៉ារ៉ាត (Gujarat)។ ការ​អំពាវនាវ​របស់​លោក​ម៉ូឌី​ពេល​នេះ​បាន​ធ្វើ​ឡើង មួយ​ថ្ងៃ​បន្ទាប់​ពី​មាន​មហា​បាតុកម្ម​របស់​សហគមន៍​ប៉ាទីដា (Patidars) ដែល​បាន​បង្ក​ឲ្យ​មាន​ការ​ប៉ះទង្គិច​គ្នា​យ៉ាង​ហិង្សា​ជាមួយ​កម្លំាង​ប៉ូលិស​រហូត​បណ្តាល​ឲ្យ​មាន​ស្លាប់​បាតុករ​ចំនួន ២នាក់។ កម្មវត្ថុ​នៃ​បាតុកម្ម​របស់​សហគមន៍​ប៉ាទីដា គឺ​ទាមទារ​ឲ្យ​រដ្ឋអំណាច​យក​ចិត្ត​ទុកដាក់​បន្ថែម​ចំពោះ​ពួក​គេ ពិសេស​សិទ្ធិ​ក្នុង​ការ​ទទួល​បាន​ការងារ​នៅ​ក្នុង​វិស័យ​សាធារណៈ និង​សិទ្ធិ​ចូល​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ។

លោក​នាយក​រដ្ឋមន្រ្តីឥណ្ឌា​ណារ៉េនដ្រា ម៉ូឌី
លោក​នាយក​រដ្ឋមន្រ្តីឥណ្ឌា​ណារ៉េនដ្រា ម៉ូឌី REUTERS/Rupak De Chowdhuri
ផ្សាយពាណិជ្ជកម្ម

ការ​អំពាវនាវ​ឲ្យ​មាន​ភាពស្ងប់ស្ងាត់​ក្នុង​រដ្ឋ​ហ៊្គូយ៉ារ៉ាត​ពី​លោក​នាយក​រដ្ឋមន្រ្តី​ណារ៉េនដ្រា ម៉ូឌី​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ចៅហ្វាយ​រដ្ឋហ៊្គូយ៉ារ៉ាត​បាន​សម្រេច​ដាក់​ពង្រាយ​កម្លំាង​ទ័ព​ជា​ច្រើន​ពាន់នាក់ ព្រម​ទំាង​ប្រកាស​ដាក់​បំរាម​គោចរ​នៅ​តាម​សង្កាត់​មួយ​ចំនួន​ទៀត​ផង។ គោលដៅ​របស់​ចៅហ្វាយ​រដ្ឋ​ហ៊្គូយ៉ារ៉ាត គឺ​ដើម្បី​រក្សា​ភាព​ស្ងប់ស្ងាត់ និង​រៀបចំ​ឲ្យ​មាន​សណ្តាប់ធ្នាប់​សង្គម​ឡើង​វិញ។ គួរ​រម្លឹក​ជូន​ថា វិធានការ​ចាស់​ដៃ​របស់​រដ្ឋអំណាច​ក្នុង​រដ្ឋហ៊្គូយ៉ារ៉ាត​ពេល​នេះ​បាន​ធ្វើ​ឡើង មួយ​ថ្ងៃ​ក្រោយ​ពី​មាន​ផ្ទុះ​អំពើហិង្សា​យ៉ាង​ខ្លំាង​រវាង​ហ្វូង​បាតុករ​នៃ​សហគមន៍​ប៉ាទីដា និង​កម្លំាង​ប៉ូលិស។ ប៉ូលិស​ម្នាក់​ដែល​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បាន​អះអាង​ថា ការ​ប៉ះទង្គិច​គ្នា​រវាង​បាតុករ និង​ប៉ូលិស​បាន​បណ្តាល​ឲ្យ​ស្លាប់​បាតុករ​ចំនួន ២នាក់ តែ​នៅ​មិន​ទាន់​មាន​ប្រភព​ណា​មួយ​បាន​បញ្ជាក់​ពី​ព័ត៌មាន​នេះ​ទេ។

សូម​ជម្រាប​ជូន​ថា ប្រជាជន​នៃ​សហគមន៍​ប៉ាទីដា (Patidars) ឬ​អាច​ហៅ​ម្យ៉ាង​ទៀត​ថា ប៉ាតែល (Patel) តំណាង​ឲ្យ​ជាង ១២% នៃ​ចំនួន​ប្រជាជន​រស់​ក្នុង​រដ្ឋហ៊្គូយ៉ារ៉ាត។ នៅ​ថ្ងៃ​អង្គារ ទី២៥ សីហា និង​បន្ទាប់​ពី​ប៉ូលិស​បាន​ចាប់​ខ្លួន​មេដឹកនំា​របស់​ពួក​គេ​នៅ​ក្រោយ​មហា​បាតុកម្ម​មក ពួក​គេ​ក៏​បាន​នំា​គ្នា​ចុះ​ផ្លូវ​តវ៉ា​ដោយ​ដុត​បំផ្លាញ​រថយន្ត រថយន្តក្រុង និង​ប៉ុស្តិ៍ប៉ូលិស។ កម្មវត្ថុ​នៃ​ក្បួនបាតុកម្ម​របស់​សហគមន៍​ប៉ាទីដា គឺ​ទាមទារ​ឲ្យ​រដ្ឋអំណាច​យក​ចិត្ត​ទុកដាក់​បន្ថែម​ចំពោះ​ពួក​គេ ពិសេស​ផ្តល់​សិទ្ធិ​ឲ្យ​ពួក​គេ​អាច​ទទួល​បាន​ការងារ​នៅ​ក្នុង​វិស័យ​សាធារណៈ និង​សិទ្ធិ​ចូល​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ។

ប្រឈម​នឹង​ភាព​តានតឹង​នេះ លោក​ណារ៉េនដ្រា ម៉ូឌី​បាន​អំពាវនាវ​ឲ្យ​មាន​ភាព​ស្ងប់ស្ងាត់ និង​អះអាង​ថា អំពើហិង្សា​មិនមែន​ជា​ដំណោះស្រាយ​ល្អ​ចំពោះ​នរណា​ម្នាក់​ទេ ហើយ​ថា រាល់​បញ្ហា​ទំាង​អស់​អាច​នឹង​ដោះស្រាយ​តាម​ផ្លូវសន្តិវិធី។ គួរ​រម្លឹក​ជូន​ថា មុន​នឹង​ក្លាយ​ជា​នាយករដ្ឋមន្រ្តី លោក​ណារ៉េនដ្រា ម៉ូឌី​បាន​ដឹកនំា​រដ្ឋហ៊្គូយ៉ារ៉ាត​អស់​រយៈពេល​ជាង ១០ឆ្នំា។ ម្យ៉ាង​ទៀត គិត​តំាង​ពី​ក្រោយ​ព្រឹត្តិការណ៍​សម្លាប់​រង្គាល​ក្នុង​ឆ្នំា ២០០២ ដែល​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច ១ ០០០នាក់ ភាគច្រើន​ជា​អ្នកកាន់​សាសនា​អ៊ីស្លាម​មក នេះ​ជា​លើក​ទី១ ដែល​រដ្ឋហ៊្គូយ៉ារ៉ាត​បាន​ស្ថិត​ក្រោម​បំរាមគោចរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ