អានតួអត្ថបទ
ថៃ

កុន​ឃោសនា​ឲ្យ​របប​សឹក​ថៃ​រងការរិះគន់​ ដោយសារ​បង្ហាញ​រូបភាព​ហ៊ីត្លែរ

នៅក្នុង​ប្រទេស​ថៃ កុន​ឃោសនា​ខ្នាត​ខ្លី​របស់​របប​សឹក​បាន​បង្ក​ឲ្យ​មាន​ការ​ខឹង​សម្បារ និង​ខកចិត្ត​ពី​សំណាក់​អង្គការ​​​ដើម្បី​ការសិក្សា​ប្រវត្តិសាស្រ្ត។ នៅក្នុង​ឈុត​មួយ​នៃ​កុន​ឃោសនា​របស់​របប​សឹក ឈុត​មួយ​បាន​បង្ហាញ​កុមារ​ថៃ​ម្នាក់​បាន​ទទួល​ការសរសើរ បន្ទាប់ពី​បាន​​​គូរ​រូបភាព​របស់​ហ៊ីត្លែរ ដែល​ជា​មេដឹកនាំ​ក្រុមណាហ្សី​អាល្លឺម៉ង់ក្នុង​សង្រ្គាម​លោក​លើក​ទីពីរ។ ជាថ្មី​ម្តងទៀត ដោយសារ​តែ​រឿង​​ព្រងើយ​កន្តើយ​នឹង​ប្រវត្តិសាស្រ្ត​ពិភពលោក ការអប់រំ​ស្តី​ពី​ប្រវត្តិសាស្រ្ត​ក្នុង​ប្រទេស​ថៃ ត្រូវ​គេ​រិះគន់។ 

រូបភាព​ចាប់​បាន​វីដេអូ​Youtubeរបស់​កុន​ឃោសនា​ខ្នាតខ្លី​របស់​របប​សឹក​ថៃ
រូបភាព​ចាប់​បាន​វីដេអូ​Youtubeរបស់​កុន​ឃោសនា​ខ្នាតខ្លី​របស់​របប​សឹក​ថៃ
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​កុន​ឃោសនា​ខ្នាត​ខ្លី ដែល​ចាក់​បញ្ចាំង​នៅ​តាម​រោងភាពយន្ត របប​សឹកថៃ​ចង់​បញ្ចូល​​តម្លៃ​ទាំង​១២​ដែល​ខ្លួន​បាន​កំណត់​ឡើង ទៅ​ក្នុង​ខួរក្បាល​របស់​​សិស្ស​សាលា​ថៃ។ ប៉ុន្តែ ឈុត​ដំបូង​របស់​កុន​ខ្នាត​ខ្លី​បាន​បង្កើត​ឲ្យ​ភាពភ្ញាក់ផ្អើល ដល់​ទស្សនិកជន​ថៃ និង​អង្គការ​ដើម្បី​ការអប់រំ​ប្រវត្តិសាស្រ្ត ដោយសារ​តែ​កុន​ឃោសនា​ខ្នាតខ្លី បាន​បង្ហាញ​សិស្ស​សាលា​ថៃ​ម្នាក់​គូរ រូបហ៊ីត្លែរ ​មេដឹកនាំ​ណាហ្ស៊ី នៅពេល​ដែល​សិស្ស​សាលា​ម្នាក់​ទៀត​បាន​ទះដៃ សរសើរ​ស្នាដៃ​របស់​ម្ចាស់​គំនូរ។

 
វិបសៃតិ៍​អាមេរិកាំង​មួយ ឈ្មោះ ការទទួល​ខុសត្រូវ​ដើម្បី​ការអប់រំ​ប្រវត្តិសាស្រ្ត ដែល​មានទីតាំង​ក្នុង​ប្រទេស​ថៃ បាន​រិះគន់​កុនឃោសនា​ខ្នាតខ្លី​របស់​របបសឹក។ សម្រាប់​អង្គការ​មួយនេះ ការផ្តល់​តម្លៃ ដល់​ហ៊ីត្លែរ ដែល​ជាមេដឹកនាំ​ផ្តាច់ការ ​នៅក្នុង​កុនឃោសនា​របស់​រដ្ឋថៃ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា រដ្ឋាភិបាល​ថៃ​ដែល​អះអាង​ចង់​ពង្រឹង​ការរៀន​ប្រវត្តិសាស្រ្ត ក្នុង​ប្រទេស នៅ​មិន​ទាន់​យល់ ខ្លួនឯង ច្បាស់​ពី​ប្រវត្តិសាស្រ្ត​នៅ​ឡើយទេ។ អង្គការ​អាមេរិក​​មិន​លាក់​ទេ ពីការព្រួយ​បារម្ភ​របស់ខ្លួន ចំពោះ​ការធ្វេសប្រហែល និង​ខ្វះការចេះដឹង​ផ្នែក​ប្រវត្តិសាស្រ្ត​របស់​ប្រជាជន​ថៃ នៅពេល​ដែល​រូបភាព​របស់​ហ៊ីត្លែរ មេដឹកនាំ​កាប់សម្លាប់​ជនជាតិ ជ្វីហ្វ ត្រូវ​បាន​គេ​កោតសរសើរ និង​ផ្តល់តម្លៃ នៅក្នុង​កុន​ឃោសនា របស់​របបសឹក​នោះ។

តាម​អ្នកដឹកនាំរឿង កុន​ឃោសនា​ខ្នាត​ខ្លី រដ្ឋាភិបាល បានត្រួតពិនិត្យ និង​អនុញ្ញាត​ឲ្យ​ចាក់​បញ្ចាំង​ នៅ​តាមរោងកុន ដោយ​គ្មាន​បញ្ហា។ លោក​គល់ កាចារឿក ជាកូនប្រុស​របស់​ម្ចាស់​ផលិតកម្ម​កាតាណា ដែល​ធំជាង​គេ​នៅ​ប្រទេស​ថៃ បាន​បញ្ជាក់​ថា ​កុន​ខ្នាតខ្លី​របស់​លោក​មាន​ទិសដៅ បង្ហាញ​ពី​ការរីកចម្រើន​នៃ​សីលធម៌​របស់​ក្មេងថៃ។ ហ៊ីត្លែរ​ធ្លាប់​ជា​មេដឹកនាំ​ដ៏​មាន​អំណាច នៅក្នុង​អតីតកាល ប៉ុន្តែ គាត់​បាន​ដើរ​ផ្លូវខុស។ កុមារ​ថៃ​ដែល​គូររូប​ហ៊ីត្លែរ​ក៏ដូច្នោះដែរ គេ​អាច​ផ្លូវខុស ប៉ុន្តែ បាន​រៀនសូត្រ ដើម្បី​កែប្រែ​ខ្លួន​មក​ជា​មនុស្ស​ល្អ​វិញ នៅ​ចុងបញ្ចប់។ នេះ​ហើយ​ជា​សារ​សំខាន់​របស់​កុន។

នេះមិនមែន​ជាលើកទីមួយ​ទេ ដែល​ថៃ​ជួប​រឿង​អាស្រូវ​ប្រភេទ​នេះ។ កាលពី​ឆ្នាំ ២០១៣ សកលវិទ្យាល័យ ជូឡាឡុងកន​ធ្លាប់​បាន​ចេញ​មុខ​សុំទោស បន្ទាប់​ពី​និស្សិត​របស់​សាលា​ដ៏​ល្បី​មួយ​នេះ បាន​ដាក់តាំង​រូប​ហ៊ីត្លែរ នៅថ្ងៃ​ទទួល​សញ្ញាប័ត្រ​របស់​ពួកគេ។ ជា​ញឹកញយ នៅ​ថៃ គេ​ឧស្សាហ៍​ឃើញ រូបភាព​ហ៊ីត្លែរ ឬ មនុស្ស​ពាក់​អាវ មាន​ស្លាកសញ្ញា​ណាហ្ស៊ី នៅ​តាម​ផ្លូវ ឬ​ពេល​ខ្លះ គេ​ឃើញ​សិស្ស​សាលា​ធ្វើ​គំនាប់​តាម​របៀប​ពួក​ណាហ្សីទៀតផង។ តាម​អ្នកជំនាញ ទាំងនេះ​បង្ហាញ​ពី​ការ​ខ្វះ​ចំណេះដឹង របស់​ប្រជាជន​ថៃ ទាក់ទង​នឹង​ប្រវត្តិសាស្រ្ត​ពិភពលោក នៅពេល​ដែល​ប្រព័ន្ធ​អប់រំ​របស់​រដ្ឋាភិបាល​វិញ នៅ​ខ្វះចន្លោះ​ច្រើន ក្នុង​រឿង​អប់រំ​ប្រវត្តិសាស្រ្ត​ដល់​ប្រជាជន​របស់ខ្លួន។

កុនឃោសនា​ខ្នាតខ្លី​មាន​ទិសដៅ​ពង្រឹង​តម្លៃ សីលធម៌​ទាំង​១២ ដែល​របបសឹក​បាន​កំណត់​ឡើង សម្រាប់​សង្គមថៃ។ សីលធម៌​ទាំង​១២ ដែល​របប​សឹក​ចង់​ឲ្យ​សិស្ស​សាលា​ពី​អាយុ ៨ ដល់​​១៨​ឆ្នាំ ​រៀនចងចាំ​ក្នុង​ចិត្ត​នោះ មាន​លើក​និយាយ​ផងដែរ ពី​ការគោរព ដាច់ណាត់ ព្រះរាជ​បល្ល័ង្ក​​របស់​ព្រះចៅភូមិបុល។ ប៉ុន្តែ សម្រាប់​និស្សិត​ថៃ របបសឹក​កំពុង​ប្រើ​កុនឃោសនា​ដើម្បី​លាង​ខួរក្បាល​យុវវ័យ​ថៃ​ទៅវិញទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ