អានតួអត្ថបទ
ហុងកុង

តំណាង​រាស្រ្ត​អង់គ្លេស៖ វិបត្តិ​នយោបាយ​កំពុង​តាម​លង​ហុងកុង

គណៈកម្មការ​សភា​អង់គ្លេស​បាន​វាយតម្លៃ​ថា ១៨​ឆ្នាំ​ក្រោយ​អង់គ្លេស​ប្រគល់​ទឹកដី​ហុងកុង​ទៅ​ឲ្យ​ចិន​កាន់កាប់វិញ ហុងកុង​បាន​ក្លាយ​ជាទីក្រុង​ដ៏រស់រវើក និង​ស្វាហាប់។ ប៉ុន្តែ ជាមួយ​គ្នានេះ ហុងកុង​ក៏​អាច​រង​គំរាមកំហែង ដោយ​វិបត្តិ​នយោបាយ ដែល​កើតចេញ​មកពី​ការបិទខ្ទប់​សេចក្តី​ស្រេកឃ្លាន លទ្ធិ​ប្រជាធិបតេយ្យ របស់​ប្រជាជន។ នេះ​បើតាម​របាយការណ៍​របស់​គណៈកម្មការ​​សភា អង់គ្លេស ដែល​ចេញផ្សាយ នៅថ្ងៃ​សុក្រទី ៦ មីនា។ 

ប្រជាជន​ហុងកុង​ចេញ​ធ្វើ​បាតុកម្ម​ជាថ្មី​ប្រឆាំង​នឹង​វត្តមាន​ទេសចរ​ចិន​ដីគោក​នៅ​ហុងកុង ថ្ងៃ​ទី ២​មីនា
ប្រជាជន​ហុងកុង​ចេញ​ធ្វើ​បាតុកម្ម​ជាថ្មី​ប្រឆាំង​នឹង​វត្តមាន​ទេសចរ​ចិន​ដីគោក​នៅ​ហុងកុង ថ្ងៃ​ទី ២​មីនា ©REUTERS/Bobby Yip
ផ្សាយពាណិជ្ជកម្ម

របាយការណ៍​សរសេរ និង​ចេញផ្សាយ​ នៅថ្ងៃ​នេះ ដោយ​គណៈកម្មការ​សភា អង់គ្លេស ធ្វើ​ឡើង ដើម្បី​បូកសរុប​ឡើងវិញ ពី​ទំនាក់ទំនង រវាង​រាជាណាចក្រ​អង់គ្លេស និង​ហុងកុង នៅ​១៨​ឆ្នាំ ក្រោយ ដែល​ហុងកុង​ត្រូវ​អង់គ្លេស ប្រគល់​ទៅ​ឲ្យ​ចិន​ដីគោក គ្រប់គ្រង​វិញ នៅ ឆ្នាំ ១៩៩៧។

 
នៅក្នុង​របាយការណ៍​របស់ខ្លួន អ្នកតំណាងរាស្រ្ត​អង់គ្លេស​វាយតម្លៃថា បើមើល​ទៅ​ថ្ងៃ​អនាគត ហុងកុង​អាច​ប្រឈម​នឹង​វិបត្តិ​ផ្នែក​អភិបាលកិច្ច ប្រសិន​បើ​ប្រជាជន​ហុងកុង និង​ថ្នាក់ដឹកនាំ ហុងកុង រួម​ទាំង​គណបក្ស​កុម្មុយនិស្ត​ចិន មិន​អាច​ចុះសម្រុងគ្នា នៅក្នុង​វិបត្តិ​ធម្មនុញ្ញ​បច្ចុប្បន្ន​នេះ។

ស្ថានភាព​នយោបាយ​នៅ​ហុងកុង​នៅតែ​តានតឹង នៅក្រោយ​ក្រុម​បាតុករ​ក្រុមនិស្សិត និង​ប្រជាជន​ហុងកុង​កាន់កាប់​ផ្លូវ និង​ទីតាំង​សាធារណៈ​អស់រយៈពេល ២ខែ កាលពី​ចុងឆ្នាំ​មុន។ ពួកគេ​ទាមទារ​ឲ្យ​មាន​ការបោះឆ្នោត​សេរី ដើម្បី​ជ្រើសរើស​មេដឹកនាំ ហុងកុង នៅ​ឆ្នាំ ២០១៧។ ជា​លើក​ទីមួយ ក្នុង​ប្រវត្តិសាស្រ្ត ទីក្រុង​ប៉េកាំង បាន​យល់ព្រម​គោលការណ៍​បោះឆ្នោត ជា​សកល ប៉ុន្តែ ប៉េកាំង​តម្រូវ​ឲ្យ​មាន​បេក្ខជន​ឈរ​ឈ្មោះ​តែ​ពីរ ឬ​បីនាក់ ហើយ​រាល់​បេក្ខជន​ត្រូវ​តែ​បាន​ទទួល​ការបោះឆ្នោត​យល់ព្រម​ពី​បក្ស​កុម្មុយនិស្ត​ជាមុន​សិន។ សម្រាប់​បាតុករ បើ​គេ​ធ្វើ​ដូច្នេះ ថ្នាក់ដឹកនាំ​ហុងកុង​នឹង​ក្លាយ​ជា​អ្នកបម្រើ​នយោបាយ​ឲ្យ​ទីក្រុង​ប៉េកាំង។

សម្រាប់​អ្នកតំណាងរាស្រ្ត​អង់គ្លេស ការទាមទារ​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រជាជន​ហុងកុង​មិនមែន​ជា​រឿង​ស្រមើស្រម៉ៃទេ ប៉ុន្តែ វា​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា ប្រជាជន​ហុងកុង​ចង់​បាន​ថ្នាក់ដឹកនាំ​មួយ ដែល​អាច​ឆ្លើយតប​នឹង​តម្រូវការ ការចង់​បាន​របស់ពួកគេ។ នៅក្នុង​រឿងនេះ អ្នកតំណាងរាស្រ្ត​អង់គ្លេស​បាន​ធ្វើ​អនុសាសន៍​សុំ​ឲ្យ​រដ្ឋាភិបាល​អង់គ្លេស​ដើរតួរ​ឲ្យ​បាន​ច្បាស់ៗ ដើម្បី​ជៀសវាង​កុំ​ឲ្យ​អង់គ្លេស បាក់មុខ នៅក្នុង​ឆាកអន្តរជាតិ។ “យើងគាំទ្រ ជំហរ​របស់​រដ្ឋាភិបាល​អង់គ្លេស​ដែល​និយាយ​ថា គឺ​ចិន និង​ហុងកុង ដែល​ត្រូវ​សម្រេច​ជាមួយ​ប្រជាជន​ហុងកុង ដើម្បី​សើរើ​រដ្ឋធម្មនុញ្ញ។ ប៉ុន្តែ យើង​មិន​យល់ស្រប​ជាមួយ​រដ្ឋាភិបាល​អង់គ្លេស ទេ​ដែល​ថា ការបោះឆ្នោត ឆ្នាំ ២០១៧ នឹង​ផ្តល់​ជម្រើស​ពិតប្រាកដ​ដល់​ប្រជាជន​ហុងកុង​នោះ”។ នេះ​ជា​កំណត់សំគាល់​របស់​សមាជិក​សភា​អង់គ្លេស។

នៅក្នុង​របាយការណ៍ គណៈកម្មការ​សភា​អង់គ្លេស ឆ្លៀត​ផងដែរ ​រិះគន់ ការសម្រេច​របស់​ទីក្រុង​ប៉េកាំង ដែល​បាន​បដិសេធ​មិន​ឲ្យ​អ្នកតំណាងរាស្រ្ត​អង់គ្លេស​ធ្វើដំណើរ​ទៅ​ធ្វើការ​ស្រាវជ្រាវ រក​ព័ត៌មាន​នៅ​ទីក្រុង​ហុងកុង​កន្លងមក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ