អានតួអត្ថបទ
ចិន-សហរដ្ឋ​អាមេរិក

ប្រធានធិបតី​ចិន​អះអាង​ថា​រវាង​ចិន​និង​អាមេរិក គ្មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ទេ

ថ្លែង​ក្នុង​ពេល​ជួប​ពិភាក្សា​ជាមួយ​ប្រមុខ​ការទូត​អាមេរិក ​លោក​ចន ឃែរី ​លោក​ស៊ី ជីងពីង​ប្រធានាធិបតី​ចិន ​បាន​បញ្ជាក់​ថា ​ទំនាក់ទំនង​រវាង​អាមេរិក ​និង​ចិន​ មាន​ភាព​រឹងប៉ឹង​ ល្អ​ប្រសើរ ​គ្មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ទេ ​បើ​ទោះ​ណា ​ជា​មាន​បញ្ហា​នៅ​ក្នុង​ការ​ដណ្តើម​កាន់​កាប់​ដែន​ទឹក ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ក៏​ដោយ។ ​ទោះ​បី​ជា​យ៉ាង​ណា ​ជាមួយ​នឹង​ការ​សន្យា​របស់​អាមេរិក​ថា ​នឹង​ដាក់​នាវា​ចម្បាំង ​ឲ្យ​យាម​ល្បាត ​ក្នុង​តំបន់​ជម្លោះ ​ដើម្បី​ប្រឈមមុខ​ជាមួយ​មហិច្ឆិតា​របស់​ចិន ​គេ​ពិបាក​នឹង​ជឿ​ណាស់ ​ថា​ទំនាក់​ទំនង​ល្អ​រវាង​មហា​យក្ស​ទាំង​ពីរ ​នឹង​នៅ​គង់វង្ស​ បាន​យូរ​តទៅ​ទៀត។

លោក​ប្រធានាធិបតីចិន ស៊ី ជីងពីង និង លោក ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ ចន ឃែរី កាល​ពី​ថ្ងៃ ទី ១៧​​ឧសភា ២០១៥ ក្នុង​ក្រុង​ប៉េកាំង
លោក​ប្រធានាធិបតីចិន ស៊ី ជីងពីង និង លោក ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ ចន ឃែរី កាល​ពី​ថ្ងៃ ទី ១៧​​ឧសភា ២០១៥ ក្នុង​ក្រុង​ប៉េកាំង REURTERS
ផ្សាយពាណិជ្ជកម្ម

លោក​ចន ឃែរី ​ទើប​បាន​បញ្ចប់​ទស្សនកិច្ច​ការទូត​ នៅ​ប្រទេស​ចិន​ ដោយ​បាន​ចូល​ជួប​ជាមួយ​លោក​រដ្ឋមន្រ្តី​ការបរទេស​ចិន​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី ​១៦​ឧសភា ​និង​បាន​ចូល​ជួប​ជាមួយ​លោក ​ប្រធានាធិបតី​ស៊ីជីងពីង ​ នៅ​ថ្ងៃ​អាទិត្យ​ទី ​១៧​ឧសភា​ នេះ។ គ្រប់​គ្នា​ដឹង​យ៉ាង​ច្បាស់​ថា ​កម្មវត្ថុ​នៃ​ការ​ធ្វើ​ដំណើរ​របស់​លោក​ចន ឃែរី ​គឺ​ដើម្បី​បញ្ជាក់​ពី​ការ​ព្រួយ​បារម្ភ​របស់​អាមេរិក​ ជុំវិញ​សកម្មភាព​វាតទី​របស់​ចិន ​នៅ​ក្នុង​ដែន​សមុទ្រ​ចិន​ខាងត្បូង​ ដែល​ជា​តំបន់​ចម្រូង​ចម្រាស ​ជាមួយ​ប្រទេស​ជិតខាង ​រួម​មាន​ វៀតណាម​ ម៉ាឡេស៊ី ហ្វីលីពីន​ ប៊្រុយណេ ​និង​តៃវ៉ាន់​ ជាដើម។

 
វា​ជា​រឿង​ធម្មតា​ទៅ​ហើយ ​ដែល​គេ​តែងតែ​ឮ​ប្រសាសន៍​ បែប​មិន​សូវ​ខ្វល់​ មិន​សូវ​ព្រួយ​របស់​លោក ​ប្រធានាធិបតី​ចិន ​ដែល​ថា ​ទំនាក់ទំនង​រវាង​ចិន​និង​សហរដ្ឋ​អាមេរិក ​មាន​ស្ថិរិភាព​ល្អ​ប្រសើរ​ណាស់។ នៅ​ថ្ងៃ​អាទិត្យ​នេះ លោក​ថែម​ទាំង​បាន​បញ្ជាក់​ថា ​លោក​ប្រាថ្នា​ចង់ ​ចាប់​ដៃ​គ្នា​ធ្វើការ​ ជាមួយ​លោក​បារ៉ាក់ អូបាម៉ា ​ ដើម្បី​ឲ្យ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ កាន់តែ​ល្អ​ជាង​នេះ ​រាប់រយ​ដង​ ដើម្បី​ឲ្យ​សក្តិ៍សម​ ជា​មហា​ប្រទេស​ ដ៏​ធំ​ទាំងពីរ​លើ​លោក។

យ៉ាង​ណា​មិញ ​លោក​ប្រធានាធិបតី​ចិន ​ប្រហែល​ជា​ភ្លេច​ថា ​ពាក្យ​ថា​មហា​ប្រទេស​ រឺ​មហា​អំណាច​សេដ្ឋកិច្ច​ ​គឺមានន័យថា ជាប្រទេសដែលមានកិត្តិយស ប្រកបដោយសច្ចៈធម៌ និងមានគេគោរព មិន​មាន​ន័យ​​ថា​ ចង់​ធ្វើ​អ្វី​មួយ​ បាន​តាម​ចិត្ត​នោះ​ទេ។ ចិន​ដែល​កំពុង​តែ​មាន​ជម្លោះ​ជាមួយ​ប្រទេស​ជិត​ខាង​ ទាក់​ទិន​​នឹង​ការ​កាន់កាប់​ដែន​ទឹក​ ក្នុង​សមុទ្រ​ចិន​ខាងត្បូង ​បាន​និង​កំពុង​តែ​កសាង​កោះ​សិប្បនិម្មិត ​នៅ​ក្នុង​​តំបន់​​មាន​ជម្លោះ​ ហើយ​ដែល​ស្ថិត​ក្នុង​ដែន​ទឹក​អន្តរជាតិ ​ដែល​ការ​នេះ វា​ផ្ទុយ​ទាំងស្រុង​ ពី​ច្បាប់​អន្តរជាតិ។​ ក្នុង​ចំណោម​ផ្ទៃ​ក្រឡា​ទាំង​ ៣លាន​៥សែន​ គីឡូម៉ែត្រ​ការ៉េ ​នៃ​ផ្ទៃ​សមុទ្រ​ចិន​ខាង​ត្បូង​   ​ចិន​បាន​ទាមទារ​ថា​ជា​របស់​ខ្លួន​ អស់​៩០​ភាគរយ​ទៅ​ហើយ ​ដោយ​កន្លែង​ខ្លះ ​ចិន​វាស់​ទៅ​ដល់​ ឆ្នេរ​ដីគោក​ប្រទេស​ជិត​ខាង​ ក៏​មាន​ដែរ។

កាល​ពី​សប្តាហ៍​មុន ​សហរដ្ឋ​អាមរិក ​បាន​សន្យា​ថា ​នឹង​ពិចារណា​ បញ្ជូន​នាវា​ចម្បាំង ​និង​យន្តហោះ​ស៊ើបការណ៍​ ទៅ​យាម​ល្បាត​ ក្នុង​តំបន់​ប្រជុំ​កោះ ​Spratleys ដើម្បី​កុំឲ្យ​ចិន​ធ្វើអ្វី​បាន​តាម​ចិត្ត។ ចិន​បាន​ឆ្លើយ​តប​មក​វិញ​ថា ​នេះ​គ្រាន់​តែ​ជា​លេស​របស់​អាមេរិក ​ដើម្បី​បាន​បង្កើន​កម្លាំង​ទ័ព ​លុកលុយ​ក្នុង​តំបន់​តែ​ប៉ុណ្ណោះ។ កាល​ពី​ម្សិលមិញ​នេះ​ទៀត ​លោក​វ៉ាងយី រដ្ឋមន្រ្តី​ការ​បរទេស​ចិន ​បាន​ទាំង​ចំអក​ថា ​ចិន​មាន​គោល​ជំហរ​រឹង​ដូច​ថ្ម ​ក្នុង​ការ​ការពារ​ទឹកដី​របស់​ខ្លួន ​គ្មាន​នរណា​មក​រារាំង​ បាន​ជា​ដាច់​ខាត។

អាមេរិក​ ប្រហែល​ជាត្រូវ​ធ្វើ​ការ​ថ្លឹង​ថ្លែង​ ម្ខាង​ចិន ​ម្ខាង​ជា​សម្ព័ន្ធមិត្ត​ផ្សេង​ទៀត​របស់​ខ្លួន ​ដែល​មាន​តៃវ៉ាន់​ ជប៉ុន ​កូរ៉េ​ខាងត្បូង ​និង​ហ្វីលីពីន​ជា​ដើម ​ថា​តើ​គួរ​បន្ត​ទ្រំា​បិទភ្នែក​ឲ្យ​ចិន​ធ្វើ​ផ្គរ​ធ្វើ​ភ្លៀង ​រឺមួយ​ក៏​ជួយ​រក​យុត្តិធម៌​ ជូន​ប្រទេស​ក្នុង​តំបន់​ ដើម្បី​ធានា​ស្ថិរភាព​ ក្នុង​តំបន់​អាស៊ី​បូព៌ា​ទាំង​មូល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ