អានតួអត្ថបទ
ឥណ្ឌូណេស៊ី-FMI

លោកស្រីគ្រីស្ទីន ឡាហ្កាដ៖កំណើន​សេដ្ឋកិច្ច​ពិភពលោក​ឆ្នំា ២០១៥​បាន​ធ្លាក់​ចុះ​ជាង​ការ​ប្រមើល​ទុក

លោកស្រី​គ្រីស្ទីន ឡាហ្កាដ អគ្គនាយិកា​​មូលនិធិរូបិយវត្ថុ​អន្តរជាតិ​ហៅ​កាត់​ថា FMI បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​រយៈពេល ២ថ្ងៃ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​អង្គារ ទី១ កញ្ញា។ លោកស្រី​បាន​ថ្លែង​ថា កំណើន​សេដ្ឋកិច្ច​ក្នុង​លោក​សម្រាប់​ឆ្នំា ២០១៥ មាន​ការ​ធ្លាក់​ចុះ​ជាង​ការ​ប្រមើល​ទុក និង​បាន​អំពាវនាវ​ឲ្យ​បណ្តា​ប្រទេស​ដែល​កំពុង​មាន​សេដ្ឋកិច្ច​រីកលូតលាស់​ប្រយ័ត្នប្រយែង​ចំពោះ​ស្ថានភាព​សេដ្ឋកិច្ច​ចិន​ដែល​កំពុង​ថយ​ចុះ។

លោកស្រីគ្រីស្ទីន ឡាហ្កាដ អគ្គនាយិកា​មូលនិធិរូបិយវត្ថុ​អន្តរជាតិ និង​លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី
លោកស្រីគ្រីស្ទីន ឡាហ្កាដ អគ្គនាយិកា​មូលនិធិរូបិយវត្ថុ​អន្តរជាតិ និង​លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី Reuters
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្នុង​សាកលវិទ្យាល័យ​មួយ​ក្នុង​ទីក្រុង​ហ្សាការតា​ដែល​លោកស្រី​គ្រីស្ទីន ឡាហ្កាដ​បាន​បញ្ជាក់​ច្បាស់ៗ​ថា កំណើន​សេដ្ឋកិច្ច​ក្នុង​លោក​សម្រាប់​ឆ្នំា ២០១៥ ប្រហែល​ជា​មាន​ប្រមាណ​តែ ៣,៣% ប៉ុណ្ណោះ ពោល​​ធ្លាក់​ចុះ​បន្តិច​បើ​ធៀប​នឹង​ការ​ប្រមើល​ទុក​ក្នុង​ខែ​កក្កដា​ដែល​មាន ៣,៤%។ កំណើនសេដ្ឋកិច្ច​ពិភពលោក​ធ្លាក់​ចុះ​ក៏​ដោយសារ​តែ​ស្ថានភាព​សុខភាព​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ចិន​មិន​សូវ​ល្អ ហើយ​ប្រទេស​ដែល​បាន​ទទួល​រង​ផល​ប៉ះពាល់​ខ្លំាង​ជាង​គេ គឺ​បណ្តា​ប្រទេស​ដែល​កំពុង​មាន​សេដ្ឋកិច្ច​រីកលូតលាស់​ខ្លំាង ដោយ​ចាប់​ផ្តើម​ពី​ប្រទេស​ឥណ្ឌូណេស៊ី​រហូត​ដល់​ប្រទេស​ប្រេស៊ីល។

គួរ​ជម្រាប​ជូន​ថា ក្នុង​នាម​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី២ ក្នុង​លោក និង​នៅ​ពេល​ដែល​កំពុង​មាន​ស្ថានភាព​សេដ្ឋកិច្ច​ធ្លាក់​ចុះ ចិន​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ក្នុង​លោក​រំជើបរំជួល​យ៉ាង​ខ្លំាង​នា​រយៈពេល​ចុង​ក្រោយ​នេះ។ ការ​កម្ម៉ង់​ទិញ​វត្ថុធាតុ​ដើម​របស់​ចិន​បាន​ធ្លាក់​ចុះ​ដែល​ជា​ហេតុ​នំា​ឲ្យ​វិស័យ​នំា​ចេញ​វត្ថុធាតុ​ដើម​របស់​ប្រទេស​ខ្លះ​ទៅ​កាន់​ប្រទេស​ចិន​ជួប​ការ​លំបាក។ គឺ​នៅ​ក្នុង​ន័យ​នេះ​ហើយ​បាន​ជា​លោកស្រី​គ្រីស្ទីន ឡាហ្កាដ​បាន​អំពាវនាវ​ឲ្យ​បណ្តា​ប្រទេស​ដែល​កំពុង​មាន​សេដ្ឋកិច្ច​រីកលូតលាស់​ឲ្យ​ប្រយ័ត្នប្រយែង​ចំពោះ​ការ​វិវត្តន៍​ទៅ​របស់​សេដ្ឋកិច្ច​ចិន ក៏​ដូច​ជា​គម្រោង​របស់​ធនាគារកណ្តាល​អាមេរិក​ដែល​ចង់​ដំឡើង​អត្រាការប្រាក់​នំា​មុខ​នៅ​ពេល​ខាង​មុខ។

លោកស្រី​អគ្គនាយិកា FMI បាន​យល់​ឃើញ​ថា កំណើន​សេដ្ឋកិច្ច​ចិន​ដើរ​ថយ​ក្រោយ​មិនមែន​ជា​រឿង​ភ្ញាក់ផ្អើល ហើយ​ក៏​មិន​មែន​ជា​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​គួរ​ឲ្យ​ព្រួយបារម្ភ​ទេ។ សម្រាប់​លោកស្រី​គ្រីស្ទីន ឡាហ្កាដ អ្វី​ដែល​ចិន​កំពុង​ជួប​ប្រទះ​ពេល​នេះ គឺ​ជា​លទ្ធផល​បណ្តោះអាសន្ន​នៃ​ដំណើរ​​ការ​ផ្លាស់ប្តូរ​ឆ្ពោះ​ទៅ​រក​សេដ្ឋកិច្ច​ទីផ្សារ​ពេញ​លក្ខណៈ​របស់​ចិន​ប៉ុណ្ណោះ និង​ថា វា​ជា​រឿង​មួយ​ធម្មតា​ទេ​ដែល​ដំណើរ​​ការ​ផ្លាស់ប្តូរ​នោះ​អាច​ជួប​ការ​លំបាក​ខ្លះ។ យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​កិច្ចសន្ទនា​ជាមួយ​លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​យ៉ូកូ វីដូដូ លោកស្រី​គ្រីស្ទីន ឡាហ្កាដ​មិន​ភ្លេច​និយាយ​សរសើរ​ប្រទេស​ឥណ្ឌូណេស៊ី​ក្នុង​នាម​ជា​មហា​អំណាច​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ