អានតួអត្ថបទ
កម្ពុជា

សាលា​ក្តីខ្មែរ​​​​ក្រហម​ស្តាប់​ទឡ្ហីករណ៍​ ស្តី​ពី​វិសាលភាព​សំណុំ​រឿង​០០២/២ និង​​ករណី​លោក​ខៀវ សំផន

សាលាក្តី​ខ្មែរ​ក្រហម​នឹង​បើក​សវនាការ​នៅថ្ងៃអង្គារ​ទី​១១​កុម្ភៈ​ដើម្បី​ស្តាប់ទឡ្ហីករណ៍​ផ្ទាល់មាត់​ស្តីអំពី​វិសាលភាព​សំណុំរឿង​០០២ វគ្គ២ និង​ករណីរបស់លោកខៀវ សំផន ​ដែល​មេធាវី​របស់​លោកស្នើ​អោយ​បញ្ចប់​សំណុំរឿង​០០២ វគ្គ១​សិន មុន​ចាប់ផ្តើម​ស៊ើបអង្កេត​លើលោកខៀវ សំផន​ក្នុង​វគ្គ​២​នេះ។ សវនាការ​នៅ​ថ្ងៃ​អង្គារ​នោះ គឺ​ជា​សវនាការ​សាធារណៈ។

ដំណើរការកាត់ក្ដីក្នុងសាលាក្ដីខ្មែរក្រហម
ដំណើរការកាត់ក្ដីក្នុងសាលាក្ដីខ្មែរក្រហម ECCC
ផ្សាយពាណិជ្ជកម្ម

ភាគីសហព្រះរាជអាជ្ញា មេធាវី​ដើមបណ្តឹង​រដ្ឋប្បវេណី និង​មេធាវី​ការពារ​ជនជាប់ចោទ​នឹង​ត្រូវ​ជួប​គ្នា​​នៅ​ថ្ងៃអង្គារ​ទី​១១​កុម្ភៈ​នេះ នៅ​សាលាក្តី​ខ្មែរ​ក្រហម​ក្នុង​ក្របខណ្ឌ​នៃ​សវនាការ​ស្តាប់ទឡ្ហីករណ៍​ផ្ទាល់មាត់​ មុន​ការ​បើក​សវនាការ​លើភស្តុតាង​ក្នុង​សំណុំរឿង​០០២​ វគ្គ២។

អ្នកនាំពាក្យ​សាលាក្តីខ្មែរ​ក្រហម​លោក​នេត្រ ភក្ត្រា ​បាន​បញ្ជាក់វិទ្យុបារាំង​ថា នៅ​ក្នុង​សវនាការ​ជាសាធារណៈ​នោះ មាន​របៀបវារៈ​សំខាន់២ ដែល​ភាគី​ត្រូវ​ពិភាក្សា។ របៀបវារៈ​ទី​មួយ គឺ​ជា​វិសាលភាព​នៃសំណុំរឿង​០០២ វគ្គ​២ និង​របៀបវារៈ​ទី​២ គឺ​ទាក់ទងនឹង​ករណី​របស់​លោកខៀវ សំផន។ លោកខៀវ សំផន​បាន​ស្នើអោយតុលាការ​បញ្ចប់​សំណុំរឿង០០២ វគ្គ​១​ ចប់សព្វគ្រប់​សិន ពោលគឺ​ការ​ប្រកាស​សាលក្រម​សំណុំរឿង ០០២វគ្គ១ និង​បណ្តឹងសារទុក្ខ​ទៅ​​តុលាការ​កំពូល​​ ព្រមទាំង​ការ​ប្រកាស​សាលដីកា មុន​នឹង​បន្ត​ស៊ើបអង្កេត​ករណី​លោក​ក្នុង​សំណុំរឿង០០២ វគ្គ​២​ទៀត​នោះ។

ទាក់ទងនឹង​វិសាលភាព​សំណុំរឿង​០០២ វគ្គ២​វិញ ភាគី​ទាំងអស់​នឹង​ត្រូវ​បញ្ចេញ​ទស្សនៈ និង​អំណះអំណាង​​របស់​ពួកគេ​រៀងៗ​ខ្លួន​ មុន​នឹង​សាលាដំបូង​ប្រកាស​សម្រេច​យ៉ាងណា​នោះ។ ក៏​ប៉ុន្តែ គេ​នៅ​ចាំបានថា តុលាការ​កំពូល​ធ្លាប់បាន​ប្រកាស​សម្រេច​អោយ​សំណុំរឿង​០០២ វគ្គ២ ត្រូវ​ផ្តោត​ទៅលើ​អង្គហេតុ​ដែល​បាន​កើតឡើង ​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​ស ២១ ការ​បង្កើត​ការដ្ឋាន​ការងារ សហករ និង​ការ​កាប់សម្លាប់​ជនជាតិ​ចាម និង​វៀតណាម​។

គួររម្លឹកផងដែរ តុលាការ​កំពូលនៃ​សាលាក្តី​ខ្មែរក្រហម និងអង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​ដែល​តាម​ដាន​ដំណើរការនៃ​សាលាក្តី​ពិសេស​នេះ បាន​ជំរុញ​អោយ​សាលាដំបូង​នៃ​សាលាក្តី​ខ្មែរក្រហម ​ពន្លឿន​ការ​បន្ត​បើក​សវនាការ​សំណុំរឿង​០០២ វគ្គ២ ដោយសារ​តែ​វ័យ​ជរា​នៃ​ជនជាប់ចោទ​​ដែល​នៅសល់​តែ​២​នាក់ គឺ​លោកខៀវ សំផន និង​លោន នួន ជា។

យោងតាម​ការ​បញ្ជាក់​របស់​មន្ត្រី​ជាន់ខ្ពស់នៃ​តុលាកា​រ​ខ្មែរ​ក្រហម​ក្នុង​ពេល​កន្លងមក សាលាដំបូង​​នៃ​សាលាក្តី​ពិសេស​ នឹង​អាច​ចាប់ផ្តើម​សវនាការ​សំណុំរឿង​០០២ វគ្គ២​ នៅ​មុន​ការ​ប្រកាស​សាលក្រម​សំណុំរឿង​០០២ ​វគ្គ១ ដែល​គ្រោង​ធ្វើ​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៤​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ