អានតួអត្ថបទ
ភូមា-អាមេរិក

លោកស្រី​អ៊ុង សាន​ស៊ូជី គាំទ្រ​ការ​ផ្លាស់ប្តូរ​នយោបាយ​របស់​អាមេរិក​ចំពោះ​ភូមា

នៅ​ក្នុង​ជំនួប​ជាមួយ​លោកស្រី​ហ៊ីឡារី គ្លីនតុន នៅថ្ងៃ​សុក្រ ២ ធ្នូ ២០១១​នេះ លោកស្រី​អ៊ុង សាន​ស៊ូជី បាន​បង្ហាញ​នូវ​ជំហរ​គាំទ្រ​នយោបាយ​ថ្មី​​របស់​សហរដ្ឋ​អាមេរិក ចំពោះ​ភូមា។ ការគាំទ្រ​របស់​មេដឹកនាំ​ប្រឆាំង​ដ៏​ល្បីល្បាញ​នេះ គឺ​ជា​គន្លឹះ​ដ៏​សំខាន់​មួយ សម្រាប់​អាមេរិក ដែល​ចង់​​យក​នយោបាយ​បើកចំហ ដើម្បី​ជំរុញ​កំណែទម្រង់​នៅ​ភូមា។

លោកស្រី​ហ៊ីឡារី គ្លីនតុន និង​លោកស្រី​អ៊ុង សាន ស៊ូជី ជួបគ្នា​កាលពីថ្ងៃ​សុក្រ ២ ធ្នូ ២០១១
លោកស្រី​ហ៊ីឡារី គ្លីនតុន និង​លោកស្រី​អ៊ុង សាន ស៊ូជី ជួបគ្នា​កាលពីថ្ងៃ​សុក្រ ២ ធ្នូ ២០១១ REUTERS/Saul Loeb/Pool
ផ្សាយពាណិជ្ជកម្ម

ស្រ្តី​ដែល​មាន​កេរ្តិ៍​ឈ្មោះ​​ដ៏ល្បីល្បាញ​លើ​ឆាក​អន្តរជាតិ​​ទាំងពីររូប​បាន​ជួបគ្នា នៅ​ក្នុង​ផ្ទះ​របស់​លោកស្រី​អ៊ុង សានស៊ូជី ទី​ដែល​លោកស្រី​ធ្លាប់​រស់នៅ​ជា​អ្នកទោស​ក្នុងរយៈពេល​ប្រមាណ ១៥​ឆ្នាំ​។ ​លោកស្រី​គ្លីនតុន និង​លោកស្រី​អ៊ុង សានស៊ូជី បាន​ជួបគ្នា​ចំនួន​ពីរលើក គឺ​​​ការ​ទទួលទាន​អាហារ​ពេល​ល្ងាច​ជា​លក្ខណៈ​ឯកជន នៅយប់ថ្ងៃ​ព្រហស្បតិ៍ និង​ជំនួប​ជាផ្លូវការ នៅថ្ងៃ​សុក្រ។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ក្រោយ​ជំនួប​ជាមួយ​លោកស្រី​គ្លីនតុន មេដឹកនាំ​ប្រឆាំងភូមា​បាន​បង្ហាញ​នូវ​សុទិដ្ឋិនិយម​ចំពោះ​ដំណើរវិវឌ្ឍ​ន៍​នៃ​នយោបាយ​របស់ភូមា។ លោកស្រី​អ៊ុង សានស៊ូជី បាន​មាន​ប្រសាសន៍​ថា “ប្រសិនបើ​យើង​ធ្វើការ​នេះ​ជាមួយគ្នា ខ្ញុំ​ជឿជាក់ថា ភូមា​នឹង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ។ យើង​នៅមិនទាន់​ស្ថិត​នៅលើ​ផ្លូវ​ប្រជាធិបតេយ្យ​នៅឡើយទេ ពេលនេះ។ ក៏ប៉ុន្តែ ដោយមាន​ការជួយជ្រោមជ្រែង​ពី​ប្រទេស​ជាមិត្ត យើង​សង្ឃឹមថា​នឹង​អាច​ធ្វើដំណើរ​ទៅដល់​គោលដៅ​របស់​យើង​ក្នុងពេលឆាប់ៗ”។

គួរ​បញ្ជាក់ថា ការគាំទ្រ​របស់​​លោកស្រី​អ៊ុង សានស៊ូជី គឺ​ជា​គន្លឹះ​ដ៏សំខាន់​មួយ សម្រាប់​អាមេរិក ក្នុងការ​ចាប់ផ្តើម​​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​ភូមា។ ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្រ្ត​របស់​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក ទៅ​ភូមា នៅពេលនេះ ប្រាកដ​ជា​មិន​អាច​កើតមាន​បានទេ ប្រសិនបើ​គ្មាន​ភ្លើងខៀវ​របស់​​លោកស្រី​អ៊ុង សានស៊ូជី។

កាលពីខែ​សីហា លោកស្រី​អ៊ុង សានស៊ូជី បាន​ធ្វើដំណើរ​ពី​ទីក្រុង​រ៉ង់ហ្គូន ទៅ​រដ្ឋធានី​ណៃពិដោរ ដើម្បី​​ជួប​ជាមួយ​​លោក​ប្រធានាធិបតី​ ថេន សេន ជាលើក​ទីមួយ។ ចាប់ពីពេលនោះមក ដំណើរវិវឌ្ឍន៍​នៃ​នយោបាយ​ភូមា​ហាក់ដូចជា​មាន​ល្បឿន​លឿនទៅមុខ​គួរឲ្យ​កត់សម្គាល់។ មន្រ្តី​ជាន់ខ្ពស់​សហរដ្ឋ​អាមេរិក​បាន​ទៅ​បំពេញ​ទស្សនកិច្ច​ព្រមៗគ្នា​ នៅ​ភូមា។ បន្ទាប់មកទៀត ក្រោយ​ពី​បាន​ជជែក​តាមទូរស័ព្ទ​ជាមួយ​លោកស្រី​អ៊ុង សានស៊ូជី លោក​អូបាម៉ា​ ក៏​បាន​​ប្រកាសថា លោក​នឹង​ឲ្យ​លោកស្រី​គ្លីនតុន ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ភូមា។

កាលពីថ្ងៃ​ព្រហស្បតិ៍ ក្រោយ​ពី​​បាន​ជួប​ជាមួយ​លោក​ប្រធានាធិបតី ថេន សេន លោកស្រី​គ្លីនតុន​បាន​ប្រកាសថា អាមេរិក​នឹង​ពិចារណា ក្នុង​ការ​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​ភូមា ដើម្បី​បើកផ្លូវ​ឲ្យ​​ភូមា​ទទួល​ជំនួយ​ហិរញ្ញវត្ថុ​ពីធនាគារ​ពិភពលោក និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ។ លោកស្រី​ក៏​បាន​ឲ្យដឹង​ផងដែរ​ថា អាមេរិក និង​ភូមា នឹង​ជជែក​គ្នា​ជា​បន្តទៀត អំពី​លទ្ធភាព​ក្នុងភ្ជាប់ទំនាក់ទំនង​ថ្នាក់​ឯកអគ្គរដ្ឋទូត​ជាមួយ​គ្នា​ឡើងវិញ បន្ទាប់​ពី​បាន​កាត់ផ្តាច់ តាំង​ពី​ក្រោយ​ការ​បោះឆ្នោត ឆ្នាំ​១៩៩០។

នៅថ្ងៃ​សុក្រ​នេះ លោកស្រី​គ្លីនតុន​បាន​ប្រកាស​ថា គោលដៅ​នៃ​ការផ្លាសប្តូរ​នយោបាយ​របស់​អាមេរិក​ចំពោះ​ភូមា គឺ​​ដើម្បី​ជំរុញ​កំណែទម្រង់​ប្រជាធិបតេយ្យ។ ក៏ប៉ុន្តែ ទោះជា​យ៉ាងនេះ​ក៏ដោយ គេ​នៅតែ​មាន​មន្ទិលសង្ស័យថា តើគោលដៅ​ពិតប្រាកដ​របស់​អាមេរិក​នៅភូមា គឺ​ពិតជា​​លទ្ធិប្រជាធិបតេយ្យ​មែន ឬ​មួយ​ក៏​ដើម្បី​ប្រជែង​ជាមួយ​ចិន?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ