អានតួអត្ថបទ
យន្តហោះ​ម៉ាឡេស៊ី​ MH៣៧០

អូស្ត្រាលី​នៅតែ​គិត​ថា​ បំណែក​យន្តហោះ​ម៉ាឡេស៊ី​ ស្ថិតក្នុង​មហា​សមុទ្រ​ឥណ្ឌា​

នៅថ្ងៃ​សុក្រ​នេះ ប្រធាន​​ទីភ្នាក់ងារ​​សន្តិសុខ​និង​ដឹក​ជញ្ជូន​​អូស្ត្រាលី​ លោក Martin Dolanបាន​បញ្ជាក់​​ជាថ្មី​ថា នូវ​ការជឿជាក់​​​របស់​អ្នក​​ស៊ើបអង្កេត​រក​បំណែក​យន្តហោះម៉ាឡេស៊ីជើង​ហោះហើរ​ MH៣៧០ ដែល​បាន​បាត់ខ្លួន​កាលពី​ថ្ងៃ ៨មិនា កន្លងទៅ។ អ្នក​ស៊ើបអង្កេត​នានា​ជឿជាក់​ថា​ បំណែក​យន្តហោះ​​​ម៉ាឡេស៊ី នៅតែ​មាន​វត្តមាន​ក្នុង​មហាសមុទ្រ​​ឥណ្ឌា បើ​ទោះ​ជា​​អាជ្ញាធរ​អូស្ត្រាលី​ផ្នែក​សម្របសម្រួល​ប្រតិបត្តិការ​ស្វែង​រក​យន្តហោះ ​ទើប​តែ​បាន​ប្រកាស​ម្សិលមិញ​ថា ​តំបន់​ដែល​គេ​រុករក​ នៅក្រោម​បាតសមុទ្រ​កន្លងមក មិនមែន​ជា​ទីតាំង​ដែល​យន្តហោះ​ធ្លាក់​ក្តី។

រ៉ូបូ​មុជទឹក​ ​Bluefin-21 ក្នុង​ប្រតិបត្តិការ​ស្វែង​រក​យន្តហោះ​ម៉ាឡេស៊ី កន្លង​មក
រ៉ូបូ​មុជទឹក​ ​Bluefin-21 ក្នុង​ប្រតិបត្តិការ​ស្វែង​រក​យន្តហោះ​ម៉ាឡេស៊ី កន្លង​មក Reuters/路透社
ផ្សាយពាណិជ្ជកម្ម

លោក ម៉ាធីន ដូឡាន់ ​​ប្រធាន​​ទីភ្នាក់ងារ​​សន្តិសុខ​និង​ដឹក​ជញ្ជូន​​អូស្ត្រាលី​ បាន​បញ្ជាក់​ជាថ្មីទៀត នូវ​ការ​ជឿជាក់​របស់អ្នកស៊ើបអង្កេតនានា​​ដែល​គិតថា ​បំណែក​យន្តហោះ​ម៉ាឡេស៊ី ដែល​បាត់​ខ្លួន​កាលពី​ថ្ងៃ​៨មីនា ប្រាកដ​​ជា​ស្ថិត​នៅ​មហាសមុទ្រ​ឥណ្ឌា។ ​

ទីភ្នាក់ងារ​​សន្តិសុខ​និង​ដឹក​ជញ្ជូន​​អូស្ត្រាលី​ នៅ​តែ​​​ពឹងផ្អែក​​​លើ​ទិន្នន័យ​របស់​ផ្កាយរណប​ក្រុមហ៊ុន​អង់គ្លេស​ Inmarsat។ យោងតាម​ទិន្នន័យ​នេះ គេ​គណនា​ថា យន្តហោះ​បូអ៊ីង​បាន​ហោះ​ឆ្ពោះ​ទៅ​ទិស​ខាងត្បូង​ ហើយ​ត្រូវធ្លាក់​នៅ​មហាសមុទ្រ​ឥណ្ឌា​​ ភាគខាងលិច​អូស្ត្រាលី។ អ្នកជំនាញ​គិតថា នឹង​រក​ឃើញ​​បំណែក​យន្តហោះ​ នៅ​រាប់រយ​គីឡូម៉ែត្រ​ពី​ឆ្នេរ​​អូស្ត្រាលី ​​​​នៅ​តាម​បណ្តោយ​ទីតាំង​មួយ។ ​ជិត​នោះ​ ជា​កន្លែង​ដែល​​គេ​បាន​ចាប់​​បាន​សញ្ញាជាច្រើន ក្នុង​រយៈ​ពេល​ចុងក្រោយ​នេះ។ ​

ប៉ុន្តែ ​ម្សិលមិញ​​ អ្នកស៊ើបអង្កេត​រុករក​យន្តហោះ​បាន​​ប្រកាស​ថា ​រលក​សញ្ញា​សម្លេង​ដែល​គេ​ចាប់បាន​​នៅ​មហាសមុទ្រ​​ឥណ្ឌា កាលពី​ដើមខែ​មេសា ហើយ​ដែល​គេ​គិតថា វា​ជា​សញ្ញា​របស់​ប្រអប់ខ្មៅ​យន្តហោះនោះ  ​​ប្រហែល​ជា​​សញ្ញា​ចេញ​មកពី​កប៉ាល់ រឺ​សញ្ញា​របស់​​ឧបករណ៍​ស្ទង់​ជម្រៅ​ទឹក​ផ្សេងៗ​ទៅវិញ​ទេ។ ទោះ​យ៉ាង​នេះក្តី អ្នក​ជំនាញ​នៅតែគិត​ថា បំណែក​យន្តហោះ​នៅតែធ្លាក់​មិនឆ្ងាយ​ពី​​ទីកន្លែង​រុករក​កន្លងមក។ អ្នក​ជំនាញ​​នឹង​ធ្វើការ​វិភាគ​សារជាថ្មី​ទៀត ដើម្បី​​កំណត់​ទីតាំង​រុករក​​​ ដែល​មាន​លក្ខណៈសមហេតុផល។

គួរ​រំលឹក​ថា យន្តហោះ​បូអ៊ីង​ម៉ាឡេស៊ី​ដែល​បាត់ខ្លួន​កាលពី​ថ្ងៃ​៨មីនា ដឹក​មនុស្ស​២៣៩នាក់ ក្នុង​នោះ ​​អ្នកដំណើរ​ចិន​មាន​ចំនួន​ច្រើនជាងគេ។ គ្រួសារ​​អ្នកដំណើរ​​បាន​ចោទ​និង​សង្ស័យ​ថា ​អាជ្ញាធរ​​ម៉ាឡេស៊ី​​​បិទបាំង​ព័ត៌មាន។ ទីភ្នាក់ងារ​​សន្តិសុខ​និង​ដឹកជញ្ជូន​អូស្ត្រាលី​​បាន​​លើកឡើង​ថា ការ​សង្ស័យ​របស់​គ្រួសារ​​អ្នកដំណើរ​មិនមែន​ជា​ការពិត​ទេ៕  ​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ