អានតួអត្ថបទ
បង់ក្លាដែស

កុប្បករ​​អ៊ីស្លាម​បង់ក្លាដែស​ដុតបំផ្លាញ​វត្ត​ពុទ្ធសាសនា ដោយសារតែ​រឿង​រូបថត​លើ​ហ្វេសប៊ុក

នៅថ្ងៃ​អាទិត្យ​នេះ អ្នកកាន់សាសនាអ៊ីស្លាម​រាប់ម៉ឺននាក់​បាននាំគ្នា​ដុតបំផ្លាញ​ផ្ទះ និង​វត្ត​ពុទ្ធសាសនា​ជាច្រើន​កន្លែង នៅ​ខេត្ត​ប៉ែកអាគ្នេយ៍​នៃ​ប្រទេស​បង់ក្លាដែស ដោយសារតែ​រឿង​រូបថត​ចុះផ្សាយ​លើ​ហ្វេសប៊ុក ដែល​ពួក​អ្នក​កាន់សាសនាអ៊ីស្លាម​ចោទថា​​ជារូបថត​ដែល​មាន​អត្ថន័យ​ប្រមាថ​សាសនារបស់​ពួកគេ។

វត្ត​មួយ​កន្លែង​ដែល​​ត្រូវ​ឆេះ​ក្លាយ​ជាផេះ សល់​តែ​រូបសំណាក​ព្រះពុទ្ធ
វត្ត​មួយ​កន្លែង​ដែល​​ត្រូវ​ឆេះ​ក្លាយ​ជាផេះ សល់​តែ​រូបសំណាក​ព្រះពុទ្ធ AFP PHOTO
ផ្សាយពាណិជ្ជកម្ម

 

​មន្រ្តី​អាជ្ញាធរដែនដី​ នៅខេត្ត​ប៉ែក​អាគ្នេយ៍​នៃ​ប្រទេស​បង់ក្លាដែស បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP ថា ក្រុម​កុប្បករ​អ៊ីស្លាម​មាន​គ្នា​ប្រមាណ​ជា ២ម៉ឺន ៥ពាន់នាក់ បាន​នាំគ្នា​ដុតបំផ្លាញ​វត្តពុទ្ធសាសនា​យ៉ាងតិច ៥កន្លែង និង​ផ្ទះ​ជាច្រើន​ខ្នង ចាប់តាំង​ពី​កណ្តាល​អធ្រាត រហូតដល់​ព្រឹកថ្ងៃ​អាទិត្យ។ ក្នុង​ចំណោម​វត្ត​ដែល​ត្រូវ​ដុតបំផ្លាញនេះ មាន​ខ្លះ​ជា​វត្តបុរាណ ដែល​​ចំណាស់​​រាប់រយ​ឆ្នាំ​មក​ហើយ។

ដើមហេតុ​នៃ​អំពើ​ហិង្សា​នេះ គឺ​កើតចេញ​ពី​រូបថត​នៅលើ​ទំព័រ​ហ្វេសប៊ុក។ ​ក្រុម​កុប្បករ​អ៊ីស្លាម​បាន​​អះអាង​ថា បុរសអ្នកកាន់​ពុទ្ធសាសនា​ម្នាក់​ ដែល​រស់នៅ​ក្នុង​​តំបន់​នោះ ​បាន​ចុះផ្សាយ​​ នៅលើ​ទំព័រ​ហ្វេសប៊ុក នូវ​រូបថត​​ដែល​មាន​អត្ថន័យ​ប្រមាថ​គម្ពីរ​កូរ៉ាន ដែល​ជា​គម្ពីរ​ពិសិដ្ឋ​របស់​អ្នក​កាន់​សាសនា​អ៊ីស្លាម។

ក៏ប៉ុន្តែ អ្នក​កាសែត​បង់ក្លាដែស​ម្នាក់ ដែល​បាន​ទៅ​យក​ការណ៍​ដោយ​ផ្ទាល់ នៅកន្លែង​កើតហេតុ​បាន​អះអាងថា នៅក្នុង​អំឡុងកុប្បកម្ម​នេះ មាន​កុប្បករ​ខ្លះ​បាន​ឆ្លៀត​លួច​​យក​ពីវត្ត នូវ​រូបចម្លាក់​ព្រះពុទ្ធ ព្រមទាំង​វត្ថុមាន​តម្លៃផ្សេងៗ​ទៀត។ ហាងទំនិញ​របស់​អ្នក​កាន់​ពុទ្ធសាសនា ក៏​ត្រូវ​ក្រុម​កុប្បករ​វាយ​បំផ្លាញ និង​លួច​យក​ទំនិញ​ដែរ។

អាជ្ញាធរ​បង់ក្លាដែស​បាន​ឲ្យដឹង​ថា នៅពេលនេះ អាជ្ញាធរ​បាន​ចេញ​បម្រាម​ជា​បណ្តោះអាសន្ន មិនឲ្យ​មាន​ការ​ប្រមូលផ្តុំគ្នា​ធ្វើ​បាតុកម្ម ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​អំពើ​ហិង្សា​ជាថ្មី​ទៀត។ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ និង​អគ្គស្នងការ​ប៉ូលិស​បង់ក្លាដែស​ ​បាន​ធ្វើ​ដំណើរទៅដល់​កន្លែង​កើតហេតុ តាំង​ពី​ព្រឹកថ្ងៃ​អាទិត្យ។

គួរបញ្ជាក់ថា ក្នុង​ចំណោម​ប្រជាជន​បង់ក្លាដែស ទាំង​ជាង ១៥០លាន​នាក់ មាន ៩០% កាន់​សាសនា​អ៊ីស្លាម ហើយ​មិនដល់ ១% ផង ដែល​កាន់ពុទ្ធសាសនា ហើយ​ភាគច្រើន​រស់​នៅ​តាម​បណ្តា​​​ខេត្ត​ប៉ែក​អាគ្នេយ៍ ជាប់​នឹង​ប្រទេស​ភូមា។ កន្លងមក គេ​ធ្លាប់តែ​ឃើញ​មាន​អំពើ​ហិង្សា​​ រវាង​សហគមន៍​​អ្នក​កាន់សាសនា​អ៊ីស្លាម និង​អ្នកកាន់​សាសនា​ហិណ្ឌូ។ ឯ​ជម្លោះ និង​ការប៉ះទង្គិចគ្នា​ជាមួយ​អ្នក​កាន់​ពុទ្ធសាសនា គឺ​ជា​រឿង​ដែល​កម្រ​នឹង​ឃើញ​មាន។ ក៏ប៉ុន្តែ ភាពតានតឹង​រវាង​​​អ្នក​កាន់​សាសនា​អ៊ីស្លាម និង​អ្នក​កាន់​ពុទ្ធសាសនា​បាន​កើតមាន​ឡើង​ខ្លាំង ក្រោយ​ពី​ការ​ប៉ះទង្គិចគ្នា រវាង​អ្នក​កាន់​ពុទ្ធសាសនា​ និង​សហគមន៍​អ៊ីស្លាម រ៉ូហ៊ីងយ៉ា នៅ​ភូមា កាលពី​ខែ​មិថុនា​កន្លងទៅ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ