អានតួអត្ថបទ
កម្ពុជា

អ្នក​ភូមិ​បឹងកក់ ជំទាស់​ការ​រាយការណ៏​ពី​បញ្ហា​ដី​ធ្លី ទៅ​អង្គការ​សហ​ប្រជាជាតិ​

អ្នក​ភួមិបឹងកក់ បុរី​កីឡា និង​ថ្មគោល ប្រមាណជា ១០០នាក់ នៅព្រឹក​ថ្ងៃ​ចន្ទនេះ បា​ន​នាំគ្នា​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ នៅ​តំបន់​បឹងកក់ ដើម្បី​ជំទាស់​ទៅនឹង​ការ​លើក​ឡើង របស់​លោក ម៉ក់​ សម្បត្តិ អនុប្រធាន​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា ដែល​បាន​លើក​ឡើងពី​បញ្ហា​ដីធ្លី ថាមាន​ការ​បំប៉ោង​ទិន្នន័យ​ចំនួន​គ្រួសារ ដែល​រស់​នៅ​ក្នុង​តំបន់ដីជម្លោះ។ ជាការលើក​ឡើង នៅ​ក្នុង​កិច្ច​ពិភាក្សា​ ស្តីពីសិទ្ធ​មនុស្ស​នៅ​កម្ពុជា ក្នុង​ទីក្រុង​ហ្សឺណែវ កាលពីចុង​ខែមករា​កន្លងទៅ ហើយ​ដែល​អ្នក​ភូមិអះអាង ជា​រឿង​មិន​ពិត។ ប៉ុន្តែ​ លោក​ ម៉ក់ សម្បត្តិ​ បាន​បកស្រាយ​ថា នេះ​ជា​ការ​លើក​ឡើង ដោយ​ផ្អែក​លើ​ការ​ស្រាវ​ជ្រាវពិតប្រាកដ។

ស្រ្តី​អ្នក​ភូមិ​បឹងកក់
ស្រ្តី​អ្នក​ភូមិ​បឹងកក់ © ស៊ីវ​ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

អ្នក​ភូមិបឹងកក់ បុរី​កីឡា និង​ថ្មគោល ប្រមាណជា ១០០នាក់ នៅ​ព្រឹក​ថ្ងៃចន្ទនេះ បាន​ធ្វើ​សន្និសីទ​កាសែត​មួយ នៅ​តំបន់​បឹងកក់ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង របស់​លោក ម៉ក់ សម្បត្តិ អនុ​ប្រធាន​គណៈកម្មាធិការ​សិទ្ធ​មនុស្ស​កម្ពុជា ដែល​បាន​ថ្លែង​ពី​បញ្ហា​ដីធ្លី ប្រាប់​អង្គការ​សហប្រជាជាតិ នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេសស្វីស កាលពី​ចុងខែមករា​កន្លងទៅ។ លោក​ម៉ក់ សម្បត្តិ បាន​លើកឡើង​ថា រដ្ឋាភិបាល​កំពុង​​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​យ៉ាង​សកម្ម ប៉ុន្តែ​អ្វី​ដែល​ជា​ការលំបាក​​នោះ គឺដោយសារ តែ​​មាន​ការ​បំប៉ោង​ទិន្នន័យ ឬទិន្នន័យ​មិនច្បាស់លាស់ ​ពី​ចំនួន​គ្រួសារ ដែល​​រស់នៅ​លើ​ដី​ជម្លោះ​នោះ​។ 

 
តំណាង​អ្នក​ភូមិ​បឹងកក់ គឺ អ្នក​ស្រី សុង​ ស្រីលាភ បាន​ប្រាប់​វិទ្យុបារាំង​ថា អ្នក​ភូមិមិន​បាន​បំប៉ោង​តួលេខ ដូ​ចការ​លើក​ឡើង របស់​លោក ម៉ក់ សម្បត្តិ​នោះ​ទេ។ អ្នក​ស្រី បាន​បន្ត​ថា ការ​កើន​ឡើង​នៃ​ចំនួន​ទិន្នន័យ​នេះ ក៏​មិន​មែន​ជា​កំហុស​របស់​អ្នកភូមិដែរ គឺ​វា​ជា​​អសមត្ថភាព​ របស់​អាជ្ញា​ធរ ​ដែល​ទទួលខុសត្រូវ​ក្នុង​ការដោះស្រាយ​បញ្ហា ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​។​

តំណាង​អ្នក​ភូមិ​បឹងកក់​ដដែល បាន​និយាយ​ដោយ​ស្នើ​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា មិន​អោយ​មន្ត្រី​របស់ខ្លួន​និយាយ​បំភ្លៃ​ការ​ពិត​ នៅ​លើ​ឆាក​អន្តរជាតិ ព្រោះ​អ្នក​ភូមិយល់​ថា ការ​លើក​ឡើង ទាំងអស់​របស់​តំណាង​គណៈកម្មាធិការ​សិទ្ធ​មនុស្ស​កម្ពុជា នៅ​ក្នុងកិច្ច​ពិភាក្សា​ នា​ទី​ក្រុង​​ហ្សឺណែវ កាលពី​ពេល​កន្លងទៅ គឺ​ជា​រឿង​មិន​ពិត និង​មិន​បាន​គោរព​តាម​ឆន្ទៈ ដែល​ពលរដ្ឋចង់បាន។ លើស​ពី​នេះ អ្នក​ភូមិ បាន​អះ​អាង​ថា តំណាង​រដ្ឋាភិបាល ព្យាយាម​រាយការណ៍​ តែពី​ចំនុច​ល្អ​មួយ​ចំនួន​តូច​របស់​ខ្លួន​តែប៉ុណ្ណោះ ប៉ុន្តែ​មិន​បាន និយាយ​ពី​ការ​រំលោភ​សិទ្ធ​មនុស្ស​ធ្ងន់​ធ្ងរ​នៅ​កម្ពុជា ពិត​ប្រាកដ​នោះឡើយ។

យ៉ាងណាមិញ លោក​ ម៉ក់ សម្បត្តិ បាន​បាន​ប្រាប់វិទ្យុបារាំង​ថា រដ្ឋាភិបាលមិន​បាន​ចោទប្រកាន់​ថា​អ្នក​ភូមិ​មាន​ការ​បំប៉ោង​តួលេខអ្វីនោះឡើយ ដោយ​គ្រាន់តែ​រដ្ឋាភិបាល​លើក​ថា បញ្ហា​នេះ គឺ​ជា​ចំនុច​ដែល​ធ្វើ​ឲ្យ​មាន​ការ​ជាប់​គាំង​ការ​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​តែប៉ុណ្ណោះ។

គួរ​រម្លឹកថា នៅ​ក្រោយ​ការសួរសំនួរ និង​ការផ្តល់​អនុសាសន៍​អស់​រយៈពេល​ជាង​៣​ម៉ោង ក្នុង​កិច្ច​ពិភាក្សា​សិទ្ធ​មនុស្ស​កម្ពុជា ដល់​អង្គការ​សហប្រជាជាតិ​ លោក ម៉ក់ សម្បត្តិ​ប្រធាន​គណៈប្រតិភូ បាន​បកស្រាយ​បញ្ហា​ចំនួន៤ចំនុច ក្នុងនោះ គឺ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត ច្បាប់​ប្រឆាំង​អំពើពុករលួយ បញ្ហា​សាលាក្តី​ខ្មែរក្រហម និង បញ្ហា​ទំនាស់​ដីធ្លី​ជាដើម។ យ៉ាងណាក៏ដោយ មុន​បិទ​កិច្ចពិភាក្សា ប្រធាន​គណៈប្រតិភូ​កម្ពុជារូបនេះ ក៏​បានប្រកាស​ទទួលយក​អនុសាសន៍ ​ទាំង១៣៨ ​ពី​បណ្តា​ប្រទេស​ជា​សមាជិក​នស​ក្រុមការងារ​របស់​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ និង​សន្យា​ខិតខំ​ប្រឹងប្រែង​អនុវត្តន៍​ឱ្យ​អស់ពី​សមត្ថភាព ដោយ​ដាក់បញ្ចូល​បញ្ហា​ទាំងអស់​តាម​ភាពចាំបាច់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ