អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

អង្គរ​សង្ក្រាន្ត​ដែល​មាន​វត្ត​មាន​មេដឹក​នាំ​គណបក្ស​ទាំង​ពីរ​ដូច​ឆ្នាំ​ទៅ​មិន​ចាំ​បាច់​ទេ​នៅ​ឆ្នាំ​នេះ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ដោយ​សារ​តែ​នយោបាយ​ខ្វែង​គំនិត​គ្នា មេ​ដឹក​នាំ​នយោបាយ​ជាន់​ខ្ពស់ របស់​ប្រទេស​កម្ពុជា មិន​បាន​បង្ហាញ​មុខ​រួម​គ្នា នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នៅ​ឆ្នាំ​នេះ ដូច​ជា​ឆ្នាំ​មុន​នោះ​ទេ​។ ទិដ្ឋភាព​នេះ ត្រូវ​គេ​មើល​ឃើញ​ថា​ស្ថាន​ភាព​នយោបាយ នៅ​ក្នុង​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ អាច​ប៉ះ​ពាល់​ដល់​អារម្មណ៍ និង​ការ​សង្ឃឹម​ទុក​របស់​ប្រជាពលរដ្ឋ ដែល​ចង់​បាន​នូវ​ភាព​ស្ងប់​ស្ងាត់ ការ​សាមគ្គី​គ្នា​រវាង​ខ្មែរ និង​ការ​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ជុំ​គ្នា​ពី​គ្រប់​ភាគី​។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សម រង្ស៊ី ចាប់ដៃគ្នា ក្រោយជួបប្រជុំកិច្ចព្រមព្រៀងនយោបាយកាលពីខែកក្កដា ឆ្នាំ២០១៤
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សម រង្ស៊ី ចាប់ដៃគ្នា ក្រោយជួបប្រជុំកិច្ចព្រមព្រៀងនយោបាយកាលពីខែកក្កដា ឆ្នាំ២០១៤ @RFI
ផ្សាយពាណិជ្ជកម្ម

 

ការ​មើល​មុខ​គ្នា​ចំ​ៗ លាយ​ឡំ​នឹង​ស្នាម​ញញឹម ការ​បណ្តើរ​គ្នា​ដើរ​ត្រសង​ពី​កន្លែង​មួយ ទៅ​កន្លែង​មួយ រវាង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្សី ប្រធាន​គណបក្ស​សង្គ្រោះជាតិ នៅ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្ត​កាល​ពី​ខែ​មេសា​ឆ្នាំ​២០១៥ នៅ​ខេត្ត​សៀមរាប នឹង​លែង​បាន​ឃើញ​ទៀត​ហើយ​។

កាល​ណោះ​ប្រជាពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន បាន​បង្ហាញ​ពី​អារម្មណ៍​ចូល​ឆ្នាំ​មួយ​ប្រកប​ដោយ​រីករាយ និង​មាន​ភាព​កក់​ក្តៅ​។ កក់​ក្តៅ​ដោយសារ​តែ​ស្ថានភាព​នយោបាយ​ចំ​ពេល​ចូល​ឆ្នាំ​ត្រជាក់​ស្រេប តាមរយៈ​ការ​ចូល​ឆ្នាំ​ថ្មី​រួម​គ្នា របស់​មេដឹកនាំ​ទាំង​ពីរ ដែល​មាន​និន្នាការ​ផ្ទុយ​គ្នា​។ វប្បធម៌​សន្ទនា ក៏​ត្រូវ​បាន​លើក​ឡើង​នៅ​ពេល​នោះ​ច្បាស់​ៗ​ដែរ ដោយ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ហើយ​និង​ការ​ទទួល​យក​ពី​ដៃ​គូ​ប្រជែង​នយោបាយ​គឺ​លោក សម រង្សី​។ មួយ​វិញ​ទៀត មេដឹកនាំ​គណបក្ស​ទាំងពីរ ក៏​បាន​អំពាវនាវ​ឲ្យ​ខ្មែរ​រួបរួមគ្នា សាមគ្គី​គ្នា​ដើម្បី​ខ្មែរ​ខ្លាំង និង​បញ្ឈប់​នូវ​នយោបាយ «​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ីត្រី​»​។

ផ្ទុយ​ទៅ​វិញ​មក​ទល់​ថ្ងៃ​នេះ រយៈពេល ១​ឆ្នាំ​គត់ ដែល​ព្រឹត្តិការណ៍​ដ៏​រីករាយ​នេះ បាន​រលាយ​បាត់​ពី​អារម្មណ៍​របស់​ប្រជាពលរដ្ឋ ហើយ​ជំនួស​មក​វិញ​ដោយ​អារម្មណ៍​តាន​តឹង និង​កំដៅ នយោបាយ ដែល​គេ​មើល​ឃើញ​ថា​តាមរយៈ​នៃ​ការ​ចាប់​ខ្លួន​លោក​អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​មណ្ឌល​សៀមរាប កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​។ ការ​ចាប់​ខ្លួន​តំណាងរាស្ត្រ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ប្រើប្រាស់​ផែន​ទី​ក្លែង​ក្លាយ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​បទ​ចោទ​ចំនួន ២​គឺ​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ និង​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង តាម​មាត្រា​៤៩៥ និង​មាត្រា៤៩៦ នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​។

ជា​ការ​ពិត ភាព​តាន​តឹង​ផ្នែក​នយោបាយ ត្រូវ​គេ​សម្គាល់​ឃើញ​បន្ទាប់​ពី​ក្រោយ​ចូល​ឆ្នាំ​ខ្មែរ កន្លង​ទៅ ជា​ពិសេស​ចាប់​តាំង​ពី​ក្រោយ​ការ​ពិសារ​អាហារ​រួម​គ្នា រវាង​ក្រុម​គ្រួសារ​មេដឹកនាំ​កំពូល​ទាំង​ពីរ កាល​ពី​ខែ​កក្កដា​ឆ្នាំ​ទៅ ដោយ​សារ​ក្រោយ​មក មាន​ការ​ចោទ​ប្រកាន់​គ្នា​ពី​ការ​កេង​ចំណេញ​នយោបាយ​។

ជា​បន្ត​បន្ទាប់ ព្រឹត្តិការណ៍​សំខាន់​ៗ ដូចជា​ការ​ចាប់​ខ្លួន​ព្រឹទ្ធ​សមាជិក​គណបក្ស សម រង្សី លោ​កហុង សុខ​ហួរ ការ​បញ្ចប់​តំណែង​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​ពី​លោក កឹម សុខា តុលាការ​ចេញ​ដីការ​ចាប់​ខ្លួន​លោក​សម រង្សី និង​ការ​វាយ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ពីរ​រូប​នៅ​ខាង​ក្រៅ​រដ្ឋសភា ការ​ប្រឈម​របស់​លោក កឹម សុខា ទៅ​នឹង​ខ្សែ​អាត់​សន្ទនា​ស្នេហា​ជាមួយ​នឹង​ស្ត្រី​វ័យ​ក្មេង​ម្នាក់​បំរើ​ការងារ នៅ​ក្នុង​ហាងកាត់​សក់ ហើយ​ចុង​ក្រោយ​នេះ គឺ​ការ​ចាប់​ខ្លួន​លោក​អ៊ុំ សំអាន​។

តាម​រយៈ​នៃ​ព្រឹត្តិការណ៍​ទាំងអស់​នេះ បង្ហាញ​ថា​នយោបាយ​កម្ពុជា ចាប់​ពី​ពេល​នេះ រហូត​ដល់​ការ​បោះឆ្នោត​ជា​បន្ត​បន្ទាប់ គឺ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ឆ្នាំ​២០១៧ និង​ការ​បោះឆ្នោត​សកល នៅ​ឆ្នាំ២០១៨ នឹង​មាន​ភាព​តឹង​តែង​។ តឹង​តែង​ដោយសារ​អ្នក​នយោបាយ​នៃ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ បានដក​ឃ្លា​ទៅ​ឈរ​ម្ខាង​ម្នាក់ និង​មាន​ការ​អះអាង​ជា​បណ្តើរ​ៗ ពី​ភាព​ជោគជ័យ​របស់​ខ្លួន នៅ​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ​នេះ​។

ដូច្នេះ ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី អដ្ឋស័ក ព.ស ២៥៦០ ដែល​ចាប់​ផ្តើម នៅ​ថ្ងៃ​ពុធ​នេះ មាន​រយៈពេល​ដល់​ទៅ​៤​ថ្ងៃ ថ្វី​ត្បិត​តែ​មាន​ព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្ត និង​ការ​កម្សាន្ត​ផ្សេងៗ​នៅ​ដដែល​មែន ក៏​ប៉ុន្តែ​នៅ​ក្នុង​ក្រសែ​ភ្នែក​អ្នក​តាម​ដាន​សភាពការណ៍​នយោបាយ​កម្ពុជា​មួយ​ចំនួន យល់​ថា ជា​ពិធី​បុណ្យ​មួយ​ដែល​មើល​ទៅ​ហាក់​សោះ​កក្រោះ​ជាង​ឆ្នាំ​ទៅ​។ សោះ​កក្រោះ គឺ​គ្មាន​អ្វី​ក្រៅ​ពី ការ​ចង់​ឃើញ​ស្ថាន​ភាព​អ្នក​នយោបាយខ្មែរ រួម​គ្នា​ធ្វើ​បុណ្យ​ជាតិ​ជាមួយ​គ្នា ដូច​កាល​ពី​ឆ្នាំ​មុន មិន​ត្រូវ​បាន​ឃើញ​ម្តង​ទៀត​នៅ​ឆ្នាំ​នេះ​។

តែ​ជា​រឿង​ធម្មតា​ទេ របត់​នយោបាយ​អាច​មាន​ការ​ប្រែ​ប្រួល អ្វី​ៗ​ក៏​អាច​កើត​ឡើង​មួយ​ពព្រិច​ភ្នែក ជាពិសេស​នៅ​មុន​កាលៈទេសៈ​មួយ​ដែល​ត្រៀម​រៀប​ចំ​បោះឆ្នោត​។ ការ​ប្រកួត​ប្រជែង​គ្រប់​រូបភាព​នយោបាយ ត្រូវ​បាន​ធ្វើ​ឡើង នៅ​ក្នុង​ប្រទេស​មួយ​ដែល​កំពុង​តែ​ដើរ​ឆ្ពោះ​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​មួយ​រឹងមាំ​។ ដូច្នេះ វត្តមាន​របស់​មេ​បក្ស​ប្រឆាំង រូបភាព​ល្អូក​ល្អើន​របស់​អ្នក​នយោបាយ នៅ​ក្នុង​ឱកាស​អង្គរ​សង្ក្រាន្ត​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​នេះ អាច​មិន​មែន​ជា​ការ​ចាំ​បាច់​នោះ​ទេ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ