អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ទស្សន​វិ​​ជ្ជា​​ព្រះ​​ពុទ្ធ​​សា​​ស​​នា​​ជា​​មូល​​ដ្ឋាន​​គ្រឹះ​​នៃ​​វប្ប​​ធម៌​​សន្តិ​​ភាព​​និង​​អ​​ហិ​​ង្សា​

ចុះផ្សាយ​នៅ​ថ្ងៃ៖

កម្ពុ​ជា​មាន​ពល​រដ្ឋ​ជាង​ ៩០​ ភាគ​រយ​កាន់​ព្រះ​ពុទ្ធ​សា​ស​នា ​ដែល​ជា​សា​ស​នា​របស់​រដ្ឋ​។​ ព្រះ​ពុទ្ធ​សា​ស​នា​ក៏​មាន​ត​ម្លៃ​ជា​សា​កល​ផង​ដែរ​ដោយ​សារ​តែ​សា​ស​នា​នេះ​មាន​បង្កប់​ដោយ​ទស្សន​វិជ្ជា​ស​ន្តិ​ភាព​ អ​ហិ​ង្សា​និង​ការ​គោរព​សិទ្ធិ​មនុស្ស​យ៉ាង​ជ្រាល​ជ្រៅ​។​ ប៉ុ​ន្តែ​ ប្រ​ជា​ពុទ្ធ​បរិ​ស័ទ​ទាំង​ឡាយ​នៅ​មិន​ទាន់​ប្រើ​ប្រាស់​ទស្សន​វិ​ជ្ជា​ព្រះ​ពុទ្ធ​សាស​នា​ដើ​ម្បី​ប្រ​យោជន៍​សង្គម​ឲ្យ​បាន​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ​។ ​ដូ​ច្នេះ​ ស្ថា​ប័ន​សា​ស​នា​ និង​អ្នក​តម្រង់​ទិស​សង្គម​គួរ​តែ​ប្រើ​ប្រាស់​ទស្សន​វិជ្ជា​ព្រះ​ពុទ្ធ​សា​ស​នា​ជា​មូល​ដ្ឋាន​ក្នុង​ការ​ក​សាង​វប្ប​ធម៌​សន្តិ​ភាព​ និង​ អ​ហិ​ង្សា​ក្នុង​សង្គម​ខ្មែរ​។

ការអប់រំ​​តាម​បែប​​ព្រះពុទ្ធ​សាសនា​​ពិត​ជា​​ដើរ​តួនាទី​​យ៉ាង​សំខាន់​​ក្នុងសង្គមកម្ពុជា។
ការអប់រំ​​តាម​បែប​​ព្រះពុទ្ធ​សាសនា​​ពិត​ជា​​ដើរ​តួនាទី​​យ៉ាង​សំខាន់​​ក្នុងសង្គមកម្ពុជា។ © ស៊ីវ​ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

បញ្ហា​ជា​ច្រើន​ដែល​កើត​មាន​ក្នុង​សង្គម​បច្ចុ​ប្បន្ន​ហាក់​មិន​បាន​ឆ្លុះ​បញ្ចាំង​សោះ​ថា​នេះ​ជា​សង្គម​មួយ​ដែល​មាន​មនុស្ស​ជាង​ ៩០​ ភាគ​រយ​កាន់​ព្រះ​ពុទ្ធ​សា​ស​នា ​ហើយ​ជា​សា​ស​នា​របស់​រដ្ឋ​ថែម​ទៀត​។ ​មនុស្ស​ជា​ច្រើន​ហាក់​ដូច​ជា​គោ​រព​ព្រះ​ពុទ្ធ​សា​ស​នា​តែ​សម្បក​ក្រៅ​ហើយ​បណ្តោយ​ខ្លួន​ឲ្យ​ធម៌​ប្រ​មាថ​ដឹក​មុខ​ដោយ​ទុក​ចោល​មួយ​ឡែក​នូវ​សីល​ធម៌​និង​គុណ​ធម៌​ដ៏​មាន​តម្លៃ​របស់​ព្រះ​ពុទ្ធ​សា​ស​នា​ទៅ​វិញ​។

ជាក់​ស្តែង​ អំ​ពើ​ហិ​ង្សា​កាប់​ចាក់​គ្នា​គ្រាន់​តែ​រឿង​បន្តិច​បន្តួច ​ការ​សេព​គ្រឿង​ញៀន​ គ្រឿង​ស្រ​វឹង​ ការ​ឈ្លក់​វក់​វី​នឹង​អំ​ណាច​ ទឹក​ប្រាក់​ ទស្សន​អា​ត្មា​និ​យម​។​ល​។​ កំ​ពុង​តែ​វាយ​លុក​យ៉ាង​ពេ​ញ​ទំ​ហឹង​ទៅ​លើ​មនុស្ស​ខ្មែរ​ជា​ច្រើន​។ ​អ​បាយ​មុខ​ទាំង​បី ​(​ ស្រី ​ស្រា ​ល្បែង​) ​ក៏​កំ​ពុង​ធ្វើ​ឲ្យ​មនុ​ស្ស​ជា​ច្រើន​ឈ្លក់​វង្វេង​ខ្លាំង​ណាស់​ដែរ​។ ​រី​ឯ​វប្ប​ធម៌​ចែក​រម្លែក​ទៀត​សោត​ក៏​ត្រូវ​គេ​មើល​រំ​លង​ដែរ​។ អ្នក​មាន​ហ៊ាន​ចំ​ណាយ​ប្រាក់​រាប់​រយ​ឬ​រហូត​ដល់​រាប់​ពាន់​ដុ​ល្លារ​សម្រាប់​អា​ហារ​ពេល​ល្ងា​ច​មួយពេល​ខណៈ​ដែល​អ្នក​ក្រ​រក​ចំណូល​១​ដុ​ល្លារ​ក្នុង​១​ថ្ងៃ​ដោយ​លំ​បាក​។​ មិន​តែ​ប៉ុ​ណ្ណោះ​ ​ឧក​ញ៉ា ​ម​ហា​សេ​ដ្ឋី​មួយ​ចំ​នួន​ដែល​មាន​ប្រាក់​ចាយ​មិន​អស់​បែរ​ជា​ធ្វើ​អា​ជីវ​កម្ម​លើ​គំនរ​ទុក្ខ​សោក​របស់​អ្នក​ក្រី​ក្រ​ថែម​ទៀត​។ ​

ជា​ការ​ពិត​ណាស់​ ព្រះ​ពុទ្ធ​សា​ស​នា​មាន​តម្លៃ​សា​កល​មួយ​ដែល​គេ​ទទួល​ស្គាល់​។ ​តម្លៃ​ជា​សា​កល​នោះ​គឺ​ស្ថិត​នៅ​ត្រង់​ទស្សន​វិ​ជ្ជា​ដែល​បង្កប់​ដោយ​អត្ថ​ន័យ​សន្តិ​ភាព​ អ​ហិ​ង្សា​។​ ការ​អត់​ឱន​និង​មិន​បៀត​បៀន​គ្នា​ដែល​ជា​ស្នូល​នៃ​ទស្សន​វិ​ជ្ជា​ព្រះ​ពុទ្ធ​សាស​នា​ក៏​ជា​គោល​ការណ៍​គោរព​សិទ្ធិ​មនុស្ស​ជា​សា​កល​ដែល​ពិ​ភព​លោក​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង​បំ​ផុត​។

ទស្សន​វិ​ជ្ជា​ព្រះ​ពុទ្ធ​សា​ស​នា​គឺ​ជា​ឱ​សថ​ដ៏​ស័ក្តិ​សិទ្ធិ​មួយ​ដើ​ម្បី​ព្យា​បាល​ជំ​ងឺ​សង្គម​ជា​ពិ​សេស​សង្គម​ដែល​ងើប​ចេញ​ពី​ភាព​ខ្ទេច​ខ្ទាំ​ដូច​កម្ពុជា​។​ ប៉ុ​ន្តែ ​គួរ​ឲ្យ​សោក​ស្តាយ​ ទស្សន​វិជ្ជា​នេះ​មិនសូវ​មាន​មនុស្ស​យក​ទៅ​ប្រតិ​បត្តិ​ឲ្យ​បាន​ពិត​ប្រា​កដ​ឡើយ​។​ ខណៈ​ដែល​មនុស្ស​វ័យ​ចំ​ណាស់​មួយ​ចំ​នួន​ដែល​តាំង​ខ្លួន​ជា​អ្នក​គោរព​និង​ប្រតិ​បត្តិ​ព្រះ​ពុទ្ធ​សា​ស​នា​តែ​បែរ​ជា​ប្រ​ព្រឹត្ត​ផ្ទុយ​ពី​គោល​ការណ៍​សា​ស​នា​ទៅ​វិញ​នោះ​ យុវ​វ័យ​ជំ​នាន់​ក្រោយ​ភាគ​ច្រើន​បែរ​ជា​ចាត់​ទុក​ព្រះ​ពុទ្ធ​សា​ស​នា​ថា​ហួស​សម័យ​ឬក៏​ជា​កិច្ច​ការ​របស់​មនុស្សចា​ស់​ទៅ​វិញ​។

តាម​ពិត​ព្រះ​ពុទ្ធ​សា​ស​នា​មាន​តម្លៃ​សម្រាប់​មនុស្ស​គ្រប់​វ័យ​និង​គ្រប់​ស្រ​ទាប់​សង្គម​។ ​ប៉ុន្តែ​ បញ្ហា​នៅ​ត្រង់​ថា តើ​ស្ថា​ប័ន​សា​ស​នា​ឬ​អ្នក​តម្រង់​ទិស​សង្គម​ចេះ​ប្រើ​ប្រាស់​ព្រះ​ធម៌​ដើ​ម្បី​ប្រ​យោជន៍​សង្គម​តាម​របៀប​ណា​តែ​ប៉ុ​ណ្ណោះ​។​ ជាក់​ស្តែង ​សមា​គម​ព្រះ​សង្ឃ​មួយ​ចំ​នួន​ដែល​បាន​អនុ​វត្ត​កម្ម​វិ​ធី​អប់​រំ​តាម​បែប​ព្រះ​ពុទ្ធ​សា​ស​នា​នៅ​តាម​សា​លា​ក៏​បាន​ទាក់​ទាញ​យុវ​វ័យ​ជា​ច្រើន​ឲ្យ​ចូលរួម​ផង​ដែរ​។

ពិត​ហើយ​ថា បច្ចុ​ប្បន្ន​នេះ ​ការ​អប់​រំ​តាម​បែប​ព្រះ​ពុទ្ធ​សា​ស​នា​មាន​ស​កម្ម​ភាព​គួរ​ឲ្យ​កត់​សម្គាល់​ជា​ពិ​សេស​តាម​រយៈ​បណ្តាញ​ផ្សាយ​ព័ត៌​មាន​ដូច​ជា​វិទ្យុ​និង​ទូរ​ទស្សន៍​ជា​ដើម​។ ​សំ​ឡេង​ព្រះ​ធម៌​បាន​លឺ​ដល់​គ្រប់​ទិស​ទី​និង​គ្រប់​ពេល​វេ​លា​។​ ក៏​មាន​ពល​រដ្ឋ​ខ្មែរ​មិន​តិច​ដែរ​ដែល​បាន​តាម​ដាន​ស្តាប់​ជា​រៀង​រាល់​ថ្ងៃ​តាម​ប៉ុស្តិ៍​វិទ្យុ​ ប៉ុ​ន្តែ​ ទំ​នង​ជា​មិន​សូវ​មាន​យុវ​វ័យ​ច្រើន​ប៉ុ​ន្មាន​ទេ​។​ ដូ​ច្នេះ​ ការ​បញ្ជ្រាប​ទស្សន​វិ​ជ្ជា​ព្រះ​ពុទ្ធ​សា​ស​នា​ទៅ​ក្នុង​សា​សា​ទំ​នង​ជា​មធ្យោ​បាយ​ដ៏​ល្អ​បំ​ផុត​មួយ​ក្នុង​ន័យ​ឲ្យ​កូន​ខ្មែរ​ស្គាល់​តម្លៃ​របស់​ព្រះ​ពុទ្ធ​សា​ស​នា​តាំង​ពី​តូច​ដើ​ម្បី​ក​សាង​គ្រឹះ​នៃ​វប្ប​ធម៌​សន្តិ​ភាព​និង​អ​ហិ​ង្សា​ដល់​មនុស្ស​ខ្មែរ​ជំ​នាន់​ក្រោយ​។​ នេះ​គឺ​ជា​កិច្ច​ការ​ដែល​អ្នក​តម្រង់​ទិស​សង្គម​ទាំង​ឡាយ​មិន​អាច​មើល​រំ​លង​បាន​ទេ​។

កិច្ច​ការ​សំ​ខាន់​មួយ​ទៀត​ដែល​ត្រូវ​ធ្វើ​ដំ​ណាល​គ្នា​គឺ​ការ​លើក​តម្លៃ​ព្រះ​ពុទ្ធ​សា​ស​នា​តាម​រយៈ​ការ​ពង្រឹង​ធម៌​វិ​ន័យ​ក្នុង​ចំ​ណោម​អ្នក​បួស​និង​ក្នុង​ទី​វត្ត​អា​រាម​។​ ការ​បែក​បាក់​ក្នុង​ស​ហ​គមន៍​សង្ឃ​និង​គណៈ​កម្ម​ការ​វត្ត​ដូច​ដែល​កំ​ពុង​កើត​មាន​បច្ចុ​ប្បន្ន​ ក៏​ដូច​ជា​ការ​ប្រ​ព្រឹត្ត​ខុស​ឆ្គង​របស់​អ្នក​បួស​មួយ​ចំ​នួន​ក៏​ជា​ចំ​ណែក​ធ្វើ​ឲ្យ​តម្លៃ​ព្រះ​ពុទ្ធ​សា​ស​នា​ធ្លាក់​ចុះ​នៅ​ចំ​ពោះ​មុខ​អ្នក​គោរព​ប្រ​តិ​បត្តិ​និង​ជា​ពិ​សេស​ចំ​ពោះ​ក្រ​សែ​ភ្នែក​មនុស្ស​ជំ​នាន់​ក្រោយ។​

សរុប​មក​វិញ ​ ទស្សន​វិ​ជ្ជា​សន្តិ​ភាព​និង​អ​ហិ​ង្សា​របស់​ព្រះ​ពុទ្ធ​សា​ស​នា​មាន​តម្លៃ​ខ្លាំង​ណាស់​សម្រាប់​សង្គម​មនុស្ស​ជា​ពិ​សេស​សង្គម​ដែល​រង​ការ​ខ្ទេច​ខ្ទាំ​ដូច​កម្ពុជា​។​ ប៉ុ​ន្តែ ​បញ្ហា​នៅ​ត្រង់​ថា ​អ្នក​តម្រង់​ទិស​សង្គម​ទាំង​ឡាយ​មិន​បាន​ប្រើ​ប្រាស់​ឬ​កែ​ច្នៃ​របស់​មាន​តម្លៃ​ទាំង​នោះ​ឲ្យ​មាន​ប្រ​យោជន៍​ស​ម្រាប់​ព្យា​បាល​ជំ​ងឺ​សង្គម​នៅ​ឡើយ​។ ​ប្រ​សិន​បើ​មនុស្ស​គ្រប់​គ្នា​ស្គាល់​បុណ្យ​និង​បាប ស្គាល់​គុណ​និង​ទោស​តាម​គន្លង​ព្រះ​ពុទ្ធ​សា​ស​នា​ សង្គម​មនុស្ស​នឹង​ស្គាល់​សុខ​សន្តិ​ភាព​និង​ការ​គោរព​សិទ្ធិ​មនុស្ស​យ៉ាង​ពេញ​លេញ​ជាក់​ជា​មិន​ខាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ