អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ព្រះវិហារ៖ កម្ពុជា​គួរ​ត្រៀមខ្លួន​ឲ្យ​បាន​ល្អ​ដើម្បី​ទប់ទល់​ចំហាយ​អាក្រក់​ពី​ភាគី​ថៃ

ចុះផ្សាយ​នៅ​ថ្ងៃ៖

តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​តុលាការ​ក្រុង​ឡាអេ​ចេញ​សេចក្តី​សម្រេច​ដែល​ផ្តល់​ប្រៀបឈ្នះ​ដល់​កម្ពុជា ​បញ្ហា​ព្រះវិហារ​បាន​ដុត​កម្តៅ​នយោបាយ​ថៃ​សារជាថ្មី។​ គណបក្ស​ប្រឆាំង​ថៃ​បាន​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង​ទៅលើ​រដ្ឋាភិបាល​កុំ​ឲ្យ​ទទួល​យក​សេចក្តី​សម្រេច​នេះ។​ អ្នក​ជំនាញការ​ថៃ​ក៏បាន​បង្ហាញ​ជា​ស្រេច​អំពី​យុទ្ធសាស្ត្រ​សម្រាប់​ទប់ទល់​ជាមួយ​កម្ពុជា​ក្នុង​ន័យ​មិន​គោរព​តាម​សេចក្តី​សម្រេច​របស់​តុលាការ​អន្តរជាតិ​ដោយ​ងាយ​ស្រួល​ឡើយ។ ​ក្នុង​បរិបទ​នេះ​ កម្ពុជា​ត្រូវតែ​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​បំផុត​ដើម្បី​ទប់ទល់​ជាមួយ​ចំហាយ​នយោបាយ​និង​មហិច្ឆតា​របស់​ប្រទេស​ថៃ។

ជំនួបមេទ័ពកម្ពុជាថៃនៅព្រះវិហារ​មុនការប្រកាស​សាលដីកា​របស់តុលាការ​ឡាអេ​
ជំនួបមេទ័ពកម្ពុជាថៃនៅព្រះវិហារ​មុនការប្រកាស​សាលដីកា​របស់តុលាការ​ឡាអេ​ Siv Channa/RFI
ផ្សាយពាណិជ្ជកម្ម

ដូច​ដែល​គេ​បាន​មើល​ឃើញ​តាំង​ពី​មុន​សេចក្តី​សម្រេច​របស់​តុលាការ​អ៊ីចឹង​ថា ​ថៃ​ប្រាកដ​ជា​នឹង​មិន​ទទួល​យក​សេចក្តី​សម្រេច​របស់​តុលាការ​អន្តរជាតិ​ដោយ​ងាយៗ​ឡើយ។ ​ជាក់ស្តែង​ រដ្ឋសភា​ថៃ​បាន​បើក​កិច្ចប្រជុំ​ភ្លាមៗ​កាលពី​ថ្ងៃ​ពុធ​ដើម្បី​ជជែក​អំពី​បញ្ហា​ព្រះវិហារ។ ​នៅ​ចំពោះ​មុខ​រដ្ឋសភា ​គណបក្ស​ប្រឆាំង​ថៃ​បាន​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង​ទៅ​លើ​រដ្ឋាភិបាល​កុំឲ្យ​ទទួល​យក​សេចក្តី​សម្រេច​របស់​តុលាការ​ក្រុងឡាអេ។

ក្រោម​សម្ពាធ​ដ៏ខ្លាំង​នេះ​ នាយក​រដ្ឋមន្ត្រី​ថៃ​ លោក​ស្រី យីង​ឡាក់​ ស៊ីណាវ៉ាត្រា ​បាន​អះអាង​ថា ខ្លួន​មិន​ដែល​និយាយ​សោះ​ឡើយ​ថា​នឹង​ទទួល​យក​សាលដីកា​របស់​តុលាការ​មួយ​នេះ។ ការអះអាង​បែប​នេះ​ខុសពី​ព័ត៌មាន​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​កន្លង​ទៅ​ថា ​កម្ពុជា​និង​ថៃ​សន្យា​អនុវត្ត​តាម​សេចក្តី​សម្រេច​របស់​តុលាការ​ដោយ​សន្តិវិធី​បើទោះជា​សេចក្តី​សម្រេច​នោះ​ទៅ​ជា​យ៉ាង​ណា​ក៏ដោយ។ ​ឬ​ក៏ការ​សន្យា​បែប​នេះ​មាន​តែ​ភាគី​កម្ពុជា​ម្នាក់​ឯងទេ?

តាមពិត ​វាគ្មាន​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ​សម្រាប់​អ្នក​ដែល​បាន​តាម​ដាន​បញ្ហា​ព្រះវិហារ។​ ថៃ​មិន​ដែល​បោះបង់​មហិច្ឆតា​ចង់​បាន​ដែនដី​ជុំវិញ​ប្រាសាទ​ព្រះវិហារ​ឡើយ។ ប៉ុន្តែ ​សម្រាប់​កម្ពុជា​សាលដីកា​តុលាការ​ក្រុង​ឡាអេ​កាលពី​ថ្ងៃ​ទី ​១១​ វិច្ឆិកា ​មាន​អត្ថន័យ​គ្រប់គ្រាន់​ដែល​ថា​ដីជុំវិញ​ប្រាសាទ​ព្រះវិហារ​គឺជា​របស់​ខ្មែរ​យ៉ាង​ពិត​ប្រាកដ។ ​អំណឹះតទៅ ​នៅសល់​តែ​ការប្រើ​ប្រាស់​ភាព​វៃឆ្លាត​របស់​មន្ត្រី​កម្ពុជា​ក្នុង​ការបិទខ្ទប់​ល្បិចកល​ទាមទារ​របស់​ថៃ​តែ​ប៉ុណ្ណោះ។

ជាបឋម ​មាន​ចំណុច​សំខាន់​ពីរ​នៅ​ក្នុង​សាលដីកា​តុលាការ​ក្រុងឡាអេ៖​ ទី១​ តុលាការ​បាន​សម្រេច​ថា​ដែនដី​ជុំវិញ​ប្រាសាទ​ព្រះវិហារ​ជា​របស់​កម្ពុជា ​និង​ទី២​ តុលាការ​បាន​ច្រាន​ចោល​ផែនទី​ឯកតោភាគី​របស់​ថៃ ​ហើយ​វិនិច្ឆ័យ​ដោយ​ផ្អែក​លើ​ផែនទី​ឧបសម្ព័ន្ធ១​ដែល​ភ្ជាប់​ជាមួយ​សេចក្តី​សម្រេច​របស់​ខ្លួន​កាល​ពី​ឆ្នាំ ​១៩៦២ ។ ​នេះ​មានន័យ​ថា​ថៃ​គ្មាន​អ្វី​ជា​សំអាង​ដើម្បី​ទាមទារ​យក​ផ្ទៃដី​ទំហំ​ ៤,៦​ គីឡូម៉ែត្រ​ក្រឡា​ជុំវិញ​ប្រាសាទ​ព្រះវិហារ​ទៀត​ហើយ​ពី​ព្រោះ​ផ្ទៃដី ៤,៦ ​គីឡូម៉ែត្រ​ក្រឡា​នេះ​កើត​ចេញ​ពី​ផែនទី​ឯកតោភាគី​ឬហៅ​ម្យ៉ាង​ទៀត​ថា​«ផែនទីចោរ»​ នេះ​ឯង។ ​ដូច្នេះ​ បើ​«ផែនទីចោរ»​អស់​តម្លៃ ​ថៃ​នឹង​គ្មាន​អ្វី​សម្អាង​ទៀត​ឡើយ។

យ៉ាងណា​ក៏ដោយ ​សន្លឹក​បៀ​ដែល​ថៃ​នឹង​បន្ត​លេង​ជាមួយ​កម្ពុជា​នៅ​ពេល​ខាងមុខ​នេះ​គឺ​ពួកគេ​នឹង​ច្បិច​យក​ចំណុច​មួយចំនួន​ដែល​តុលាការ​មិន​បាន​បញ្ជាក់​ច្បាស់​មក​ធ្វើ​ជា​ហេតុ​ផល​ដើម្បី​អូស​បន្លាយ​បញ្ហា។ ​ថៃ​ច្បាស់​ជា​នឹង​អះអាង​ថា​ តុលាការ​មិន​បាន​កំណត់​បន្ទាត់​ព្រំដែន​រវាង​កម្ពុជា​និង​ថៃ​ទេ​ដោយ​ទុក​លទ្ធភាព​ឲ្យ​ភាគី​ទាំងពីរ​ចរចា​គ្នា។ ​ដូច្នេះ ​ពួកគេ​នឹង​សម្អាង​ថា​បើ​គ្មាន​ការយល់​ព្រម​ពី​ភាគី​ថៃ​ សាលដីកា​នេះ​នឹង​មិន​អាច​អនុវត្ត​បាន​ទេ។​ ក្នុង​ករណី ​អាក្រក់​បំផុត​មួយ​ទៀត​ ក្រុម​ជ្រុល​និយម​ថៃ​នឹង​ឆាឆៅ​រដ្ឋាភិបាល​រហូត​ដល់​វឹកវរ​រួច​ហើយ​ក៏​ប្រកាស​មិន​ទទួល​យក​សេចក្តី​សម្រេច​នេះ​តែ​ម្តង​ក៏​ថា​បាន។

ពិតហើយ​ថា​ នេះ​ជា​រឿង​របស់​ថៃ​ ប៉ុន្តែ ​កម្ពុជា​នឹង​ទទួល​រង​ផលវិបាក​នៃ​បញ្ហា​ទាំង​នេះ​ជា​មិន​ខាន​។ ​ដូច្នេះ​វាចាំបាច់​ណាស់​ដែល​កម្ពុជា​ត្រូវ​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​បំផុត​ជាមុន។ ​សន្លឹក​អាត់​មាន​នៅ​ក្នុង​ដៃ​មែន​ ប៉ុន្តែ​ ការធ្វេស​ប្រហែស​ឬ​ខ្វះ​ភាព​ឈ្លាសវៃ​ក្នុង​ការ​ទប់ទល់​ក៏អាច​ធ្វើ​ឲ្យ​ចាញ់​ប្រៀប​គេ​បាន​ដែរ​។ ​ការព្រួយ​បារម្ភ​អំពី​បញ្ហា​នេះ​មិនមែន​ជារឿង​គ្មាន​ហេតុផល​នោះ​ឡើយ។ ​មាន​ឧទាហរណ៍​ជាច្រើន​មក​ហើយ​នៅ​ក្នុង​សំណុំរឿង​ព្រះវិហារ​ដែល​បង្ហាញ​ពីភាព​យឺត​យ៉ាវ​របស់​កម្ពុជា​ក្នុង​ផ្នែក​នយោបាយ​ការទូត​ធៀប​នឹង​ភាគី​ថៃ។

សូម​កុំភ្លេច​ថា​ ភាព​រហ័សរហួន ​វាងវៃ ​និង​ក្តាប់​សភាពការណ៍​ឲ្យ​បាន​ល្អ​ជាមុន​គឺជា​កត្តា​កំណត់​ជ័យជំនៈ ​ជាពិសេស​ករណី​ព្រះវិហារ​កម្ពុជា​ត្រូវ​ប្រើ​នយោបាយ​ការទូត​ឲ្យ​បាន​ខ្លាំង​ក្លា​ទើប​អាច​ទប់ទល់​ជាមួយ​គូបដិបក្ខ​ដែល​ប្រកប​ដោយ​មហិច្ឆតា​និង​ល្បិចកល​វាងវៃ​ដូច​ជា​ប្រទេស​ថៃ​នេះបាន។ ​ជាក់ស្តែង​ពេល​នេះ ​សាលដីកា​តុលាការ​ត្រូវបាន​ភាគី​ថៃ​លើក​ទៅ​ជជែក​យ៉ាង​ល្អិតល្អន់​ក្នុង​រដ្ឋសភា​ជាស្រេច​ទៅ​ហើយ។ ​ការជជែក​នេះ​គឺ​ដើម្បី​អនុញ្ញាត​ឲ្យក្រុម​អ្នកជំនាញ​និង​អ្នកនយោ​បាយ​គ្រប់​និន្នាការ​បាន​យល់​គ្នា​ផង​និង​ដើម្បី​ឲ្យ​ប្រជាជន​យល់​ច្បាស់​អំពី​ខ្លឹមសារ​​នៃ​សាលដីកា​តុលាការ​ផង។

នៅ​កម្ពុជា​ឯណេះ ​នៅមិន​ទាន់​មាន​អ្នកជំនាញ​ណា​ចេញ​មុខ​មក​ពន្យល់​ពលរដ្ឋ​របស់​ខ្លួន​អំពី​អត្ថន័យ​នៃ​សាលដីកា​នេះ​ឲ្យ​បាន​ច្បាស់លាស់​នៅ​ឡើយ​ទេ។ ​យ៉ាងណា​ក៏ដោយ​ចុះ ​គេជឿ​ជាក់​ថា ​ក្រុម​អ្នកច្បាប់​ខ្មែរ​មាន​បទពិសោធន៍​គ្រប់គ្រាន់​ពី​បញ្ហា​ព្រះវិហារ ​និង​ប្រើប្រាស់​ខ្លឹមសារ​នៃ​សាលដីកា​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព​ដើម្បី​ការពារ​បូរណភាព​ទឹកដី​ផង​និង​រក្សាបាន​សន្តិភាព​តាម​ព្រំដែន​ផង៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ