អានតួអត្ថបទ
កម្ពុជា

លោកខៀកាញារីទ្ធ៖កម្ពុជា​ចាស់​ទុំ​ជាង​ថៃ​ក្នុង​ដំណោះស្រាយ​ព្រំដែន​

មន្ត្រី​​ជាន់​ខ្ពស់​​រដ្ឋាភិបាល​​កម្ពុជា​​បាន​​អត្ថាធិប្បាយ​​រិះគន់​​ថៃ​​ថា​ ថៃ​​នៅ​​មាន​ភាព​​ចាស់ទុំ​​តិច​​ជាង​​កម្ពុជា​​​ក្នុង​​ដំណោះស្រាយ​​កិច្ច​ការ​​ព្រំដែន​។​ ពិសេស​​ការ​​កេង​​ចំណេញ​​នយោបាយ​​លើ​​បញ្ហា​​ព្រំដែន​​នោះ។​ អ្នក​នាំ​​ពាក្យ​​រដ្ឋាភិបាល​​កម្ពុជា​​លោក​​ខៀវ កាញារីទ្ធ​បាន​​បញ្ចេញ​​ប្រតិកម្ម​​យ៉ាង​នេះ​ក្រោយ​​ដែល​ក្រុម​​ជន​ថៃ​​​អាវលឿង​​នៃ​គណបក្ស​​ប្រជាធិបតេយ្យ​​របស់់​​លោក​​អាប់ភី​ស៊ីត​​​​​បាន​​ចេញ​​តវ៉ា​​ទាមទារ​​អោយ​​រដ្ឋាភិបាល​​លោក​ស្រី​​យីងឡាក់​បញ្ជាក់​​អំពី​​ជំហរ​​​របស់​​​ខ្លួន​​លើ​​បញ្ហា​​ក្តីក្តាំ​​ដី​​ជុំវិញ​​ប្រសាទ​​ព្រះវិហារ​ដែល​​កម្ពុជា​​ស្នើ​​សុំ​​ការ​​បកស្រាយ​​ពី​​តុលាការ​​​យុត្តិធម៌​​អន្តរជាតិ​​នោះ។​

អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោកខៀវ កាញារីទ្ធ
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោកខៀវ កាញារីទ្ធ RFI
ផ្សាយពាណិជ្ជកម្ម

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ភ្នំពេញ​លោក​ខៀវ កាញារីទ្ធ​បាន​ចាត់ទុក​ការ​តវ៉ា​របស់​ក្រុម​ថៃ​អាវលឿង​ក្នុង​រយៈ​ពេល​ប៉ុន្មានថ្ងៃ​ចុងក្រោយ​នេះ ថា​ជា​សកម្មភាព​ដដែលៗ​ ដែល​អ្នក​នយោបាយថៃ​​ប្រើប្រាស់​​បញ្ហា​ព្រំដែន​​ដើម្បី​កេង​ចំណេញ​ផ្នែក​នយោបាយ​នោះ។ ហើយ​ថា នេះ​គឺ​ជា​ចំនុច​អន់ថយ​របស់អ្នក​នយោបាយ​​​ថៃ។

ការអត្ថាធិប្បាយ​របស់​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​កំពុង​បាញ់ឆ្ពោះ​ទៅ​គណបក្ស​ប្រជា​ធិបតេយ្យ​​របស់​ថៃ​ដែល​ដឹកនាំ​ដោយ​លោក​អាប់ភីស៊ីត វេចាជីវ៉ា។ តាំង​ពី​ថ្ងៃ​សៅរ៍ ក្រុម​ជន​ថៃ​អាវលឿង​ដែល​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​ស្រាប់​តែ​បាន​លើក​យក​បញ្ហា​ព្រំដែន​ប្រសាទ​ព្រះវិហារ​មក​ធ្វើ​ជា​គំនាប​ដាក់​លើ​រដ្ឋាភិបាល​របស់​លោកស្រីយីងឡាក់ ស៊ីណាវ៉ាត់។

ក្រុម​ជន​ថៃ​អាវ​លឿង​បាន​តវ៉ា​ទាម​ទារ​អោយ​រដ្ឋាភិបាល​លោកស្រី​យីងឡាក់​បង្ហាញ​ជំហរ​របស់​ខ្លួន​ចំពោះ​បញ្ហា​ប្រាសាទ​ព្រះវិហារ ហើយ​អោយ​ច្រានចោល​សេចក្តីសម្រេច​ណា​មួយ​របស់​តុលាការ​​យុត្តិធម៌​អន្តរជាតិ​ដែល ពួកគេ​អះអាងថា ​ធ្វើ​អោយ​ប៉ះពាល់​ ឬ​បាត់​បង់​បូរណភាព​ដែនដី​របស់ថៃ​នោះ។

ក្រុម​ជន​ថៃ​អាវលឿង​បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នេះ នៅ​ពេល​ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ​នឹង​បើក​សវនាការ​លើ​បណ្តឹង​របស់​កម្ពុជា​នៅ​ខែ​មេសា​ខាង​មុខ​នេះ។ កម្ពុជា​ បាន​ស្នើ​អោយ​តុលាការ​​យុត្តិធម៌​អន្តរជាតិ​បកស្រាយ​សាលដីកា​ឆ្នាំ​១៩៦២​ដែល​បាន​បង្គាប់​អោយ​ថៃ​ប្រគល់​ប្រាសាទ​​ព្រះវិហារ​មក​អោយ​កម្ពុជា​វិញ​នោះ។ កម្ពុជា​បាន​ស្នើ​អោយ​មាន​ការ​បកស្រាយ​សាល​ដីកា​​នេះ​ឡើងវិញ ដោយសារ​តែ​រដ្ឋាភិបាល​ថៃ ក្នុង​អណត្តិ​របស់​លោក​អាប់ភីស៊ីត​បាន​ទាមទារ​ថា​ដី​នៅ​ជុំ​វិញ​ប្រាសាទ​ព្រះវិហារ​គឺ​ជា​របស់​​ថៃ។

ចំពោះលោក​ខៀវ កាញារីទ្ធ កម្ពុជា​បាន​បង្ហាញ​ភាព​ចាស់ទុំ​ច្រើន​ជាង​ថៃ​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន។ អ្នកនាំពាក្យ​រដ្ឋាភិបាល​រូបនេះ​បាន​ពន្យល់ថា កម្ពុជា​បាន​ប្រើ​ប្រាស់​ក្រុម​ការងារ​តែ​មួយ​ជារៀងរហូត​មក​សម្រាប់​ធ្វើកិច្ចការងារ​ព្រំដែននេះ ខណៈ​ដែល​ថៃ​បាន​ផ្លាស់​ប្តូរ​ក្រុម​ការងារ​​​ជិត​២០​ក្រុម​ក្នុង​រយៈ​ពេល​ជាង​១០​ឆ្នាំ​ចុងក្រោយ​នេះ។ លោកខៀវ កាញារីទ្ធ​ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ផង​នោះ​បាន​បន្ត​ថា ជា​បច្ច័យ ដោយសារ​តែ​ថៃ​មាន​ក្រុម​ការងារ​ច្រើន​យ៉ាងដូច្នេះ ពួកគេ​បាន​មាន​គំនិត​មិន​ស៊ីសង្វាក់គ្នា ហើយ​មិន​បាន​យល់​ស៊ីជម្រៅ​ទៅ​ក្នុង​បញ្ហា​ព្រំដែន​នេះ។

គួរ​បញ្ជាក់​ផងដែរ​ថា គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស​ថៃ​កំពុង​ផ្លុំ​រងើក​ភ្លើង​ព្រំដែន​ប្រាសាទ​ព្រះវិហារ​​ឡើងវិញ ខណៈ​កម្ពុជា​នឹងរៀបចំការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ក្នុង​ខែ​កក្កដា​ខាង​មុខ​នេះ។ បញ្ហា​ព្រំដែន​ក៏​ជា​របៀបវារៈ​ដ៏រសើប​នៃ​ការ​ឃោសនា​បោះឆ្នោត​នៅ​កម្ពុជា​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ