អានតួអត្ថបទ
កម្ពុជា

បក្ស​ប្រជាជនកម្ពុជា​​និង​បក្ស​សង្គ្រោះ​ជាតិ​ ព្រម​ព្រៀង​បញ្ជូន​តំណាង​​ចរចា​ តែ​មិន​ទាន់​កំណត់​ពេល​

គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ព្រមព្រៀង បញ្ជូន​ឲ្យ​តំណាង ជួបចរចា​គ្នា ដើម្បី​និយាយ​ពី​ការរៀបចំ​យន្តការ​នៃ​ការធ្វើកំណែទម្រង់​ការបោះ​ឆ្នោត។ ប៉ុន្តែ​រហូតដល់​រសៀល​ថ្ងៃទី១៣កុម្ភៈ គណបក្ស​ជាប់ឆ្នោត​ទាំងពីរ មិនទាន់​កំណត់​ថ្ងៃ​ពិតប្រាកដ ដើម្បី​វិល​ចូលរួម​តុ​ចរចា​ឡើងវិញ​នៅឡើយ​ទេ។ យ៉ាងណាក៏ដោយ លោក​សមរង្ស៊ី បាន​បញ្ជាក់ថា កិច្ចចរចា​កែទម្រង់​ការបោះឆ្នោត គឺ​មិន​ទាក់ទង​នឹង​ការចូល ឬ​មិន​ចូលប្រជុំ​រដ្ឋសភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ។  

លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិក្នុងកិច្ចប្រជុំកំពូលនៅរដ្ឋសភា ថ្ងៃទី១៦ កញ្ញា ឆ្នាំ២០១៣
លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិក្នុងកិច្ចប្រជុំកំពូលនៅរដ្ឋសភា ថ្ងៃទី១៦ កញ្ញា ឆ្នាំ២០១៣ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

 

គណបក្ស​ប្រជាជន​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍ ចុះ​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៤ ដើម្បី​ឆ្លើយតប​នឹង​គណបក្ស​សង្គ្រោះ​ជាតិ ជុំវិញ​ការបង្កើត​គណៈកម្មការ​របស់​រាជរដ្ឋាភិបាល ដើម្បី​សិក្សា​ស្រាវជ្រាវ​កែទម្រង់​ការបោះឆ្នោត។ កំណែទម្រង់​ការបោះឆ្នោត ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា ចាត់ទុកថា ជា​កិច្ចដំណើរការ ដែល​ធ្លាប់បាន​អនុវត្ត​ជា​បន្តបន្ទាប់​កន្លងទៅ និង​ជា​កំណែទម្រង់​ដ៏​ស្មុគស្មាញ ដែល​ទាមទារ​ពេលវេលា ដោយ​មិនអាច​អូសបន្លាយ​ពេលវេលា​តទៅ​ទៀត​បានឡើយ។

គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់ថា ការបង្កើត​គណៈកម្មកា​រ​របស់​រាជ​រដ្ឋ​ភិ​បាល ដែល​កើតចេញពី​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​សិក្សា​ស្រាវជ្រាវ​អំពី​ជម្រើស​នានា ក្នុង​ដំណើរការ​កំណែ​ទម្រង់កា​របោះ​ឆ្នោត គឺជា​ការបង្ហាញ​នូវ​ឆន្ទៈ​ដ៏​ពិតប្រាកដ​របស់ខ្លួន ក្នុង​ការបន្ត​កិច្ចដំណើរការ​កំណែទម្រង់​ដ៏​មាន​សារៈសំខាន់​នេះ។

ក្នុងន័យនេះ គណបក្ស​ប្រជាជន​កម្ពុជា បានប្រកាស​សូម​ស្វាគមន៍ និង​ស្នើសុំ​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​តំណាង​របស់ខ្លួន ជួបចរចា​ជាមួយ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​រៀបចំ​យន្តការ​មួយ សម្រាប់​កិច្ចដំណើរការ​កំណែទម្រង់​ការបោះឆ្នោត នាពេលខាងមុខ តាម​ស្មារតី​នៃ​កិច្ចប្រជុំ​កំពូល​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១។

នៅ​រសៀល​ថ្ងៃ១៣កុម្ភៈ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹងថា គណបក្សប្រឆាំង នឹង​ចាត់​តំណាង ដើម្បី​ឲ្យ​មានការ​ចរចា​គ្នា​ពិតប្រាកដ ដើម្បី​រៀបចំ​ការបោះឆ្នោត​លើក​ក្រោយ​ឲ្យ​បាន​ត្រឹមត្រូវ។ លោក​សមរង្ស៊ី បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ ចង់​ឲ្យ​ការងារ​នេះ ឈានទៅ​មុខ​ឲ្យ​បាន​ឆាប់ និង​កំពុង​គិតគូ ហើយនឹង​សម្រេចឆាប់ៗនេះ។

តែ​យ៉ាងណាក៏ដោយ លោក សម រង្ស៊ី បាន​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​រក្សា​ជំហរ​ឲ្យ​មានការ​ចូលរួម​ដោយ​ទូលំទូលាយ​ក្នុង​សមាសភាព​ក្រុមការងារ​កែទម្រង់​ការបោះឆ្នោត ដែលមាន​អ្នកជំនាញ និង​សង្គម​ស៊ីវិល​ខាង​បោះឆ្នោត ជាដើម។

ជាមួយគ្នា​នោះ លោក​សមរង្ស៊ី ក៏បាន​បញ្ជាក់ថា ការចូល​ប្រជុំ​រដ្ឋសភា និង​ក​ការកែទម្រង់​ការបោះឆ្នោត ជា​រឿង​ដាច់ដោយឡែក​ពីគ្នា ហើយ​ជំនួប​កំពូល កាលពី​ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ គឺ​និយាយ​តែ​ពី​ការកែទម្រង់​បោះឆ្នោត​ប៉ុណ្ណោះ។

អំពី​របៀបវារៈ និង​ជំហរ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ចង់​ឲ្យ​មានការ​ចូលរួម​ទូលំទូលាយ ក្នុង​កំណែទម្រង់​ការបោះឆ្នោត ត្រូវបាន​តំណាង​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ព្រំ សុខា គូសបញ្ជាក់ថា ជំ​ហ៊ាន​ដំបូង គឺ​ជួបគ្នា​សិន ដើម្បី​និយាយ​ពី​យន្ត​ការបង្កើត​គណៈកម្មកា​រ​កែទម្រង់​ការបោះឆ្នោត។

តាម​លោក ព្រំ សុខា គ្មាន​ដំណោះស្រាយ​ណា ដែល​ល្អប្រសើរ ដើម្បី​ដោះស្រាយ​បញ្ហានយោបាយ ក្រៅពី​ការចរចា​ទេ។

សម្រាប់​លោក ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត នី​ក​ហ្វិ​ក កំណែទម្រង់​ការបោះឆ្នោត​មួយ ដើម្បី​ឲ្យ​មាន​ប្រសិទ្ធ​ភាពល្អប្រសើរ ត្រូវ​ទាមទារ​ឲ្យ​អ្នកពាក់ព័ន្ធ​ចូលរួម។ លោក ហង្ស ពុទ្ធា បន្តថា សញ្ញាណ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា បើកទ្វារ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ជួបចរចា​ក្នុង​កំណែទម្រង់​ការបោះឆ្នោត ជា​ជំ​ហ៊ាន​ល្អ​មួយ។ តែ​នៅ​មានរឿង​ជាច្រើន​ទៀត ដែល​គូភាគី​ទាំងសង្ខាង ត្រូវ​ធ្វើការ​ជាមួយគ្នា ប្រកបដោយ​ស្មើភាព៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ