អានតួអត្ថបទ
កម្ពុជា

ពិធី​បុណ្យ​អុំ​ទូក​៖​ ភ្នំពេញ​មិន​មាន​ការ​ប្រណាំង​ទូក​ តែ​មាន​នៅ​ស្វាយ​រៀង

តាម​ប្រក្រតិទិន ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក ត្រូវ​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី១៦-១៧និង​១៨​វិច្ឆិកា​នេះ។ ប៉ុន្តែ​ឆ្នាំ​នេះ មិន​មាន​ការ​ប្រារព្ធ​ពិធី​បុណ្យ​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​រាជការ បុគ្គលិក​ក្រុមហ៊ុន ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក ដោយ​ហេតុថា ៣ ថ្ងៃ​នេះ ត្រូវ​បាន​កំណត់​ជាថ្ងៃ​​បុណ្យ​ជាតិ។ ទី​ក្រុង​ភ្នំពេញ​ប្រែ​ជា​ស្ងប់ស្ងាត់ ដោយសារ​តែ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ ចេញ​ពី​ក្រុង តម្រង់​ទៅ​តាម​បណ្ដា​ខេត្ត​ជា​ទិស​ដៅ​ទេសចរណ៍​នានា ​ដើម្បី​សម្រាក​លម្ហែ។ ថ្វី​ដ្បិត​តែ​មិន​មាន​ប្រារព្ធ​ពិធី​បុណ្យ​អធិក​អធម​នៅ​ភ្នំពេញ​ដូច​ធ្លាប់​ធ្វើ​កន្លងមក ប៉ុន្តែ​នៅ​តាម​បណ្ដា​ខេត្ត ពិសេស​ខេត្ត​ស្វាយរៀង មាន​រៀប​ចំ​ប្រារព្ធ​ពិធី​បុណ្យ​អុំទូក នៅ​ទន្លេ​វ៉ៃ​កូ។

ផ្សាយពាណិជ្ជកម្ម

ចរាចរ​ណ៍​ចាប់​ផ្តើម​បិទ នៅ​ក្នុង​រង្វង់​ប្រតិបត្តិការ​ដ៏​ធំ​នៅ​ក្នុង​ខណ្ឌ​ដូនពេញ​ចាប់​ពី​ថ្ងៃ​ដំបូង​នៃ​ពិធី បុណ្យ​អុំ​ទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ​ ជា​រៀង​រាល់​ឆ្នាំ។ មនុស្ស​ម្នា​ស្ថិត​ក្នុង​សភាព​អ៊ូអរ អ្នក​លក់​ដូរ​ត្រៀម​ផលិត​ផល​របស់​ខ្លួន អ្នក​ដើរ​លេង​ត្រៀម​សម្លៀក​បំពាក់​សំអិត​សំអាង​កាយ ដើម្បី​ទៅ​មើល​ទូក​មើល​កាំ​ជ្រួច និង​ទស្សនា​ទស្សនីយ​ភាព​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ព្រម​ទាំង​មើល​មនុស្ស​គ្នា​ឯង​ផង​ដែរ។

ទិដ្ឋភាព​ទាំង​អស់​នេះ​មិន​មាន​ទេ នៅ​មុខ​ព្រះ​បរមរាជ​វាំង​នៅ​ថ្ងៃ​សៅរ៍​ទី ១៦ វិច្ឆិកា​នេះ ដែលជា​ថ្ងៃ​​បុណ្យ​អុំ​ទូក​ដំបូង។ ភាព​ស្ងប់​ស្ងាត់​បាន​ជំនួស​វត្ត​មាន​មនុស្ស​រាប់​លាន​នាក់​នៅ​តាម​ដង​វិថី សួន​ច្បារ​ និង ទន្លេ​ចតុមុខ​ទាំង​សង​ខាង ម្តុំ​ព្រះ​បរម​រាជ​វាំង​តាំង​ពី​៣​ឆ្នាំ​មក​ម្ល៉េះ ​ដោយ​សារ​កម្ពុជា​ជួប​ប្រទះ​គ្រោះ​មហន្តរាយ​ទឹក​ជំនន់​ផ្ទួនៗ និង​ភាព​ក្រៀម​ក្រំ​នៃ​ការ​យាង​ចូល​ទិ​វង្គត​​របស់​ព្រះមហា​វីរ​ក្សត្រ សម្តេច​ឪ នរោត្តម​សីហនុ​កាល​ពី​ឆ្នាំ​ទៅ។

ជំនួស​ឲ្យ​ការ​ខក​ខាន​នេះ​រដ្ឋាភិបាល​កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​ខេត្ត-រាជធានី ដែល​មាន​លទ្ធភាព​អាច​រៀប​ចំ​នៅ​តាម​កន្លែង​រៀងៗ​ខ្លួន ហើយ​មន្ត្រី​រាជការ​នៅ​តែ​មាន​សិទ្ធិ​ឈប់​សម្រាក​រយៈពេល ៣​ថ្ងៃ​ដដែល។

សម្រាប់​ថ្ងៃ​បុណ្យ​អុំទូក​ថ្ងៃ​ទី​១​នេះ ខេត្ត​ស្វាយរៀង​បាន​រៀប​ចំ​នៅ​ក្នុង ក្រប​ខ័ណ្ឌ​ខេត្ត​របស់​ខ្លួន​នូវ​​ពិធី​បុណ្យ​អុំទូក​ចំនួន​មួយ​ថ្ងៃ ដោយ​មាន​ការ​ចូល​រួម​ពី​ទូក​ង​ប្រមាណ​ជា​៤០​ទូក នៅ​លើ​ទន្លេ​វ៉ៃ​កូ។ ពិធី​ដែល​មាន​ការ​ចូល​រួម​ជា​អធិបតី​ពី​លោក​ស្រី​ឧប​នាយក​រដ្ឋមន្ត្រី ម៉ែន សំអន ក៏​ត្រូវ​បាន​ផ្សាយ​បន្ត​ផ្ទាល់​ផង​ដែរ​តាម​កញ្ចក់​ទូរទស្សន៍​បាយ័ន។

យោង​តាម​គណៈកម្មការ​រៀប​ចំ​ពិធី​បុណ្យ​ខេត្ត​ស្វាយរៀង​ ពិធី​បុណ្យ​អុំទូក​ដែល​រៀប​ចំ​ឡើង​នៅពេល​នេះ គឺ ជា​ឆ្នាំ​ទី​៤​ហើយ ដែល​ពិធី​បុណ្យ​អុំទូក ត្រូវ​បាន​រៀប​ចំ​ឡើង នៅ​ខេត្ត​ស្វាយរៀង​បើ​ទោះ​ណា​ជា​ឆ្នាំ​ខ្លះ​មាន​រៀប​ចំ​ទ្រង់ទ្រាយ​ធំ​នៅ​រាជធានី​ភ្នំពេញ​ក៏​ដោយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ