អានតួអត្ថបទ
កម្ពុជា

កង​ទ័ព​មួក​ខៀវ​កម្ពុជា​១៨៤​នាក់​ទៀត​ចេញ​ទៅ​បំពេញ​បេសកកម្ម​នៅ​ប្រទេស​លីបង់

ទាហាន​វិស្វកម្ម​កម្ពុជា ​មួយ​កង​ថ្មី​ទៀត​ដែល​មាន​ស្នាដៃ​ខាង​ការងារ​សំណង់និង​ដោះមីន​បាន​ចេញ​​ដំណើរ​ទៅ​ប្រទេស​លី​បង់ កាលពី​ថ្ងៃ​អង្គារ ដើម្បី​បន្ត​រក្សា​សន្តិភាព​ នៅ​ទីនោះក្នុង​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ។ កងវិស្វកម្ម​ក្រុម​ថ្មី ដែលមាន​ទាហាន​មួក​ខៀវ​១៨៤​នាក់ នឹង​ត្រូវ​បន្ត​បេសកកម្មជំនួស​ក្រុម​ចាស់ដែល​កំពុង​បំពេញបេសកកម្ម​នៅ​ទីនោះ​ស្រាប់។ ចាប់តាំងពី​ឆ្នាំ២០០៦មក កម្ពុជា​បាន​បញ្ជូនទាហាន​រក្សា​សន្តិភាពសរុប១៦០០នាក់​ហើយ​ឱ្យ​ទៅ​បំពេញ​បេសកកម្ម​ក្រៅប្រទេស ក្នុងនាម​ជា​ទាហាន​មួក​ខៀវ របស់​អង្គការ​សហប្រជាជាតិ។

កងទ័ព​មួកខៀវ​កម្ពុជា​ ក្នុងពេល​ផ្លាស់វេន​​​ទៅ​បំពេញ​បេសកម្ម​រក្សាសន្តិភាព​នៅប្រទេសស៊ូដង់​ខាងត្បូង (រូបថតឯកសារ)
កងទ័ព​មួកខៀវ​កម្ពុជា​ ក្នុងពេល​ផ្លាស់វេន​​​ទៅ​បំពេញ​បេសកម្ម​រក្សាសន្តិភាព​នៅប្រទេសស៊ូដង់​ខាងត្បូង (រូបថតឯកសារ) RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

កម្លាំង​វិស្វកម្ម​មួក​ខៀវ​ទាំង​១៨៤​នាក់​នោះ ​គឺជា​ក្រុមទី៤ ដែល​ត្រូវ​ជំនួស​ក្រុមទី៣ បន្ទាប់ពី​ក្រុម​ចាស់​បាន​បញ្ចប់​បេសកកម្ម​មួយឆ្នាំ​របស់ខ្លួន ​នៅ​ទ្វីបអាហ្វ្រិក។ យោងតាម ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ​កង​យុទ្ធ​ពល​ខេមរភូមិន្ទ ភារកិច្ច​របស់​ទាហាន​មួក​ខៀវ​កម្ពុជា​គឺ៖ ផលិត​ទឹកស្អាត ព្យាបាល​ជំងឺ បោសសម្អាត​គ្រាប់មីន ស្ថាបនា​ផ្លូវ ស្ពាន ជម្រក និង​ប៉ុស្តិ៍​យាម។

លោក ប៉ុល សារឿន បាន​ណែនាំ​ឱ្យ​កង​ទាហាន​ទាំងអស់ ដែលមាន​ជំនាញ​ខ្លាំង​ខាង​វិស្វកម្ម​ស៊ីវិល ឱ្យខិត​ខំធ្វើការ ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ប្រកាន់ខ្ជាប់​រាល់​ច្បាប់ វិន័យ​កងទ័ព​ជាតិ ក៏ដូចជា​ច្បាប់​អន្តរជាតិ ព្រមទាំង​គោរព​អធិបតេយ្យភាព និង​ឯករាជ្យភាព​របស់​ប្រទេស​លី​បង់​ផង។

ទន្ទឹមនឹង​នេះដែរ អ្នកសម្របសម្រួល​រប​ស់​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា លោកស្រី គ្លែ​រ វ៉ាន់ ឌឺ វ៉ារិន (Claire Van der Vaeren) បាន​គូសបញ្ជាក់ថា៖ «ឥឡូវ ដល់​វេន​កម្ពុជា​បញ្ជូន​កងទ័ព និង​ជំនាញ​របស់ខ្លួន​ទៅធ្វើ​ប្រតិបត្តិ​ការរក្សា​សន្តិភាព ជាមួយ​អង្គការសហប្រជាជាតិ​វិញ​ហើយ បន្ទាប់ពី​វត្តមាន​កងទ័ព​មួក​ខៀវ​សហប្រជាជាតិ នៅ​កម្ពុជា​កាលពី២០ឆ្នាំមុន»។ លោកស្រី គ្លែ​រ វ៉ាន់ ឌឺ វ៉ារិន បានឱ្យដឹង​ទៀតថា ទាហាន​វិស្វកម្ម​កម្ពុជា​ បី​ កង​មុន ដែលមាន​គ្នា​សរុប ៦៥៤នាក់ បាន​សម្អាត​គ្រាប់មីន និង​អំបែង​គ្រាប់ ចេញពី​ផ្ទៃដី​លី​បង់ ជាង២លាន​ម៉ែត្រការ៉េ ក្រៅពី​ការងារ​សំណង់​ និង​សុខាភិបាល។

តាម​គម្រោង នៅ​ចុងខែ​មករា​ឆ្នាំ២០១៤ ទាហាន​វិស្វកម្ម​កម្ពុជា ​ពីរ​កងអនុសេនាធំ​ទៀត​ នឹង​ទៅ​បំពេញបេសកកម្ម​ក្នុងប្រទេស​ម៉ាលី​ផងដែរ។ ពួកគេ​នឹងត្រូវ​ជួយ​ស្តារ​ព្រលានយន្តហោះ និង​បំផ្លាញ​គ្រឿងផ្ទុះ ​នៅក្នុង​ប្រទេស​នេះ ក្នុងនាម​ជា​ទាហាន​មួក​ពណ៌​ខៀវ​របស់​អង្គការ​សហប្រជាជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ