អានតួអត្ថបទ
កម្ពុជា

គណបក្ស​សង្គ្រោះ​ជាតិ​​បន្ត​បាតុកម្ម​ នៅ​ថ្ងៃ​ទី​៤​ ដោយ​ការ​ជួប​ជុំ​ និង​ហែ​ក្បួន​​នៅ​ពេល​ល្ងាច

គណបក្ស​សង្គ្រោះ​ជាតិ បន្ត​បាតុកម្ម នៅ​ថ្ងៃទី៤ នា​ថ្ងៃ​ពុធ ទី១៨ធ្នូ​នេះ ដោយ​ការបន្ត​ជួបជុំ និង​ហែ​ក្បួន​បាតុកម្ម នៅពេល​ល្ងាច ចេញពី​ទីលាន​ប្រជាធិបតេយ្យ តាមផ្លូវ​មួយចំនួន កាត់​តាម​ផ្សា​របឹង​កេងកង ឡើង​តាមផ្លូវ​ម៉ៅ​សេទុង ទៅកាន់​ផ្សារ​ដើម​គ។ គណបក្សប្រឆាំង កំណត់​ជួបជុំ និង​ហែ​ក្បួន​នៅពេលល្ងាចៗ ដើម្បី​ឲ្យ​មាន​អ្នកចូលរួម​ច្រើន។ រីឯ​អាជ្ញាធរ នៅតែ​បន្ត​លើកឡើង​ពី​កំហុសឆ្គង​នៃ​បាតុកម្ម​របស់​បក្សប្រឆាំង តែ​មិនទាន់មាន​វិធានការ​ទប់ស្កាត់ ឬក៏​បំបែក​ក្បួន​បាតុកម្ម​នោះ នៅឡើយ​ទេ។

លោក កឹម សុខា និង លោក សម រង្ស៊ី កំពុងហែរក្បួនម៉ូតូធ្វើបាតុកម្ម ដើម្បីទាមទារឲ្យមានការបោះឆ្នោតសារឡើងវិញ នៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៣។
លោក កឹម សុខា និង លោក សម រង្ស៊ី កំពុងហែរក្បួនម៉ូតូធ្វើបាតុកម្ម ដើម្បីទាមទារឲ្យមានការបោះឆ្នោតសារឡើងវិញ នៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៣។ CNRP
ផ្សាយពាណិជ្ជកម្ម

បាតុកម្ម​ប្រចាំថ្ងៃ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចូលដល់​ថ្ងៃទី៤ហើយ នៅ​ថ្ងៃ​ពុធ ទី១៨ធ្នូ។ នៅពេល​ព្រឹក ចាប់តាំងពី​ម៉ោង ៧ បាតុកម្ម បាន​ផ្តើម​ដោយ​ការជួបជុំ នៅ​ទីលាន​ប្រជាធិបតេយ្យ ប្រគំ​តន្ត្រី ចាក់​ភ្លេង និង​បាតុករ​ឡើង​បញ្ចេញមតិ។ នៅពេល​រសៀល ការប្រគំ​តន្ត្រី​បន្ត រហូតដល់​ម៉ោង ៤ ជាការ​ជួបជុំ ថ្នាក់ដឹកនាំ និង​បេក្ខជន​តំណាងរាស្ត្រ បញ្ចេញ​មតិ​យោបល់។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ម៉ៅ មុនី​វណ្ណ ប្រធានស្តីទី​គណៈកម្មកា​រ​រៀបចំ​បាតុកម្ម របស់​គណបក្ស​សង្គ្រោះ​ជាតិ។

លោក ម៉ៅ មុនី​វណ្ណ បន្តថា នៅ​ថ្ងៃ​ពុធ​នេះ នៅ​ម៉ោង​ប្រមាណ ៥ ល្ងាច គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​នឹង​ហែ​ក្បួន តាមផ្លូវ​លេខ៥១ ឬ​ផ្លូវ​ប៉ាស្ទ័រ ចាក់​ទៅ​ផ្សា​របឹង​កេកង បត់​តាមផ្លូវ​ម៉ៅសេទុង ឡើងទៅ​ចេនឡា។ តាម​គម្រោង ក្បួន​ដង្ហែ​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង ដែល​ដឹកនាំ​ដោយ​លោក​សមរង្ស៊ី និង​លោក​កឹម​សុខា ត្រូវ​បំបែក​នៅមុខ​ចេនឡា ស្តុ​ប​ផ្សារ​ដើម​គ ដោយ​មិន​ហែ​ក្បួន វិល​ចូលទៅ​ទីលាន​ប្រជាធិបតេយ្យ​វិញ​ទេ។

ក្បួន​បាតុកម្ម ​រៀងរាល់ថ្ងៃ​រប​ស់​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យ​មានការ​បោះឆ្នោត​ឡើងវិញ ដែល​មានការ​ដង្ហែ​ក្បួន នៅពេលព្រលប់ៗ ត្រូវបាន​លោក​សមរង្ស៊ី ផ្តល់​ហេតុផល​ថា នៅពេល​ល្ងាច ជា​ពេលវេលា ដែល​មន្ត្រីរាជការ បុគ្គលិក​ក្រុមហ៊ុន សិស្ស​និស្សិត អាជីវករ ពិសេស​កម្មករ​កាត់ដេ​រ ឈប់សម្រាក​ពី​ការងារ ចេញពី​សាលារៀន និង​បិទតូប​ឈប់​លក់ដូរ ដូច្នេះ​គណបក្ស​សង្គ្រោះ​ជាតិ សង្ឃឹមថា អ្នក​ទាំងនោះ នឹង​ចូលរួម​ហែ​ក្បួន​បាតុកម្ម​របស់ខ្លួន មាន​ចំនួន​ច្រើន។

តំណាង​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ៅ មុនី​វណ្ណ បាន​ទទួលស្គាល់ថា ចំនួន​បាតុករ ដែល​ស្ទើរតែ​ទាំងអស់​​ជា ​កសិករ​ឡើង​មកពី​ជនបទ​ស្រុកស្រែ​ចំការ មាន​ចំនួន​ថមថយ នៅពេល​ព្រឹក ដោយសារតែ​រដូវ​នេះ កសិករ​ជាប់រវល់​ក្នុងការ​បង្កបង្កើនផល និង​ច្រូតកាត់ ប៉ុន្តែ​លោក​ថា នៅពេល​រសៀល ពិសេស​នៅ​ថ្ងៃអាទិត្យ កម្លាំង​បាតុកម្ម នៅតែមាន​ចំនួន​ច្រើន​ដដែល។

កាលពី​ព្រលប់​ថ្ងៃ​អង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០១៣ សាលា​រាជធានី​ភ្នំពេញ តាមរយៈ​លោក សេង រតនៈ អភិបាលរង បាន​សរសេរ​លិខិត​ជូន​លោក​ប្រធាន​សមរង្ស៊ី ដោយ​កត់ត្រា ពី​កំហុសឆ្គង​ជាច្រើន នៃ​ក្បួន​បាតុកម្ម​របស់​បក្សប្រឆាំង ដូចជា ការគ្រប់គ្រង​កម្លាំង​បាតុករ​នៅ​ពុំទាន់​បាន​ហ្មត់ចត់ និង​ការបន្ត​ការ​ស្នាក់​នៅលើ​ទីលាន​ប្រជាធិបតេយ្យ ដោយ​គ្មាន​ការអនុញ្ញាតិ រួមទាំង​ការប្រើ​ពាក្យសំដី​ប៉ះពាល់​ដល់​សិទ្ធិ​បុគ្គល​យ៉ាងធ្ងន់ធ្ងរ ដែលជា​ការប្រមាថ​មួយ ប្រាសចាក​ពី​ព្រំដែន​នៃ​សិទ្ធិ​សំដែង​មតិ ដែល​មានចែង​ក្នុង​ច្បាប់ ជាដើម។

ប៉ុន្តែ​ក្រៅពី​រៀបរាប់​ពី​កំហុសឆ្គង​ខាងលើ អាជ្ញាធរ​សមត្ថកិច្ច មិនបាន​បញ្ជាក់​ពី​វិធានការ​រារាំង បង្ក្រាប ឬ​បំបែក​ក្បួន​បាតុកម្ម​ជា​អចិន្ត្រៃយ៍​រាល់ថ្ងៃ​ របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​នៅឡើយ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ