អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

«ប្រវត្តិ​សាស្ត្រ​សម្រាប់​អ្នក​ឈ្នះ​»គួរ​ត្រូវ​បញ្ចប់!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​ទី ១៨​មីនាគឺជាខួបទី ៤៤ ​ឆ្នាំ​នៃ​រដ្ឋ​ប្រហារ​របស់​សេនា​ប្រមុខ លន់ នល់ ទម្លាប់​ម្តេចព្រះ នរោត្តម សីហនុ ពី​តំណែង​ប្រមុខ​រដ្ឋ។ ​មិន​ថា​តែ​ព្រឹត្តិការណ៍ ១៨ មីនាទេ ប៉ុន្តែ រាល់​ព្រឹត្តិការ​ណ៍​នយោបាយធំៗដូច​ជាថ្ងៃ​ដួល​រលំនៃ​របប​ខ្មែរ​ក្រហម ៧មករា ១៩៧៩ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣តុលា ១៩៩១ ជាដើម ត្រូវ​បាន​អ្នកនយោបាយ​បក​ស្រាយ​ក្នុង​អត្ថ​ន័យខុសៗគ្នា​ទៅ​តាម​និន្នាការ​របស់​ខ្លួន។ ​ ​ ដោយសារ​តែ​ប្រវត្តិសាស្ត្រ​ត្រូវបាន​បកស្រាយឬ​​ចងក្រងតម្រូវ​តែ​តាម​ប្រយោជន៍​នយោបាយ​ឬ​ហៅ​ម្យ៉ាងទៀត​ថា​ជា«ប្រវត្តិសាស្ត្រ​សម្រាប់​អ្នកឈ្នះ» កូនខ្មែរ​ជំនាន់​ក្រោយ​គ្មាន​ប្រវត្តិសាស្ត្រ​ពិត​ប្រាកដ​សម្រាប់​រៀនសូត្រ​ទេ។

ស្តូប​អនុស្សាវរីយ៍​ដើម្បី​រម្លឹក​គុណ​ថ្ងៃ​២​ធ្នូ
ស្តូប​អនុស្សាវរីយ៍​ដើម្បី​រម្លឹក​គុណ​ថ្ងៃ​២​ធ្នូ RFI
ផ្សាយពាណិជ្ជកម្ម

 តើ​អ្វី​ទៅ​ជា​ប្រវត្តិសាស្ត្រ​ពិត​របស់​ប្រទេស​កម្ពុជា? ​សំណួរ​នេះ​ប្រហែល​ជា​គេ​ពិបាក​នឹង​រក​ចម្លើយ​ណាស់។ ​គ្រាន់តែ​មួយ​ជំនាន់​មនុស្ស​ចុងក្រោយ​នេះ​ ម្នាក់ៗ​បាន​អាន​សៀវភៅ​ប្រវត្តិ​សាស្ត្រ​មិន​ដឹង​ជា​ប៉ុន្មាន​ក្បាល​ទៅ​ហើយ​ទេ​ពោលគឺ​របប​ដឹកនាំ​មួយ​មាន​ប្រវត្តិសាស្ត្រ​មួយ​ ហើយ​ការ​បក​ស្រាយ​ខុសគ្នា​ស្រឡះ​សម្រាប់​ព្រឹត្តិការណ៍​តែ​មួយ។ ​និយាយ​ឲ្យ​ចំការ​សរសេរ​ប្រវត្តិសាស្ត្រ​គឺ​យោង​ទៅ​តាម​ទស្សនៈ​របស់​អ្នក​នយោបាយ​ទាំងស្រុង។

អ្វី​ដែល​គេ​អាច​រៀន​សូត្រ​បាន​ពី​ប្រវត្តិសាស្ត្រ​ទាំង​នោះ​គឺ​ អ្នក​ឈ្នះ​ជា​«វីរៈបុរស» ​ចំណែក​ឯ​អ្នក​ចាញ់​គឺ​ជា​«ជនក្បត់ជាតិ»។ ​ទស្សនៈ​នេះ​បាន​បង្កើត​ឲ្យ​មាន​វប្បធម៌​សងសឹក​គ្នា​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​មិន​ចេះ​ចប់។ ​គំនុំ​សង​សឹក​គ្នា​នេះ​ហើយ​ដែល​បណ្តាល​ឲ្យ​ពួក​ខ្មែរក្រហម​សម្លាប់​ផ្តាច់​ពូជ​អ្នក​ណា​ដែល​គេ​ចោទ​ថា​ក្បត់ ​ឬ​ជា​ខ្មាំង។ ​​ទីបំផុត​ ជីវិត​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​រាប់​លាន​នាក់​ត្រូវ​បាន​សម្លាប់​ក្រោម​ពាក្យ​ចោទ​ប្រកាន់​ និង​ការ​សង្ស័យ​ថា​ជា​«ជនក្បត់»។

បើ​ទោះបី​ជា​ហេតុការណ៍​បាន​បង្ហាញ​យ៉ាង​ច្បាស់​ដូច្នេះ​ក៏ដោយ ក៏​ទស្សនៈ​នយោបាយ​សងសឹក​នៅ​តែ​មិន​ទាន់​ទៅ​ណា​ឆ្ងាយ​ពី​ឆាក​នយោបាយ​ប្រទេស​កម្ពុជា​នៅ​ឡើយ​ដែរ។ ​ការបកស្រាយ​ប្រវត្តិសាស្ត្រ​ដោយ​អ្នកនយោបាយ​ក៏​នៅតែ​ធ្វើ​ឡើង​ផ្ទុយ​គ្នា​ស្រឡះ​ដដែល។ ជាក់ស្តែង មេ​ដឹកនាំ​បក្សប្រឆាំង​បាន​ចង​ភ្ជាប់​ថ្ងៃ​១៨​មីនា​ទៅ​នឹង​ការ​ឈ្លានពាន​របស់​បរទេស​ដោយ​រាប់ទាំង​ថ្ងៃ​៧​មករា​១៩៧៩​ផង​ដែរ។

ចំណែក​គណបក្ស​កាន់​អំណាច​វិញ​បាន​ទម្លាក់​កំហុស​ទៅ​លើ​ក្រុម​អ្នក​សាធារណ​រដ្ឋ​ដែល​ធ្វើឲ្យប្រទេស​ជាតិ​ធ្លាក់​ចុះ។ រីឯ៧​មករា គឺ​ជា​ថ្ងៃ​រំដោះ​ប្រទេស​ពី​របប​ខ្មែរក្រហម។ ការ​ខ្វែង​ទស្សនៈ​គ្នា​ជុំវិញ​អត្ថន័យ​ថ្ងៃ​១៨មីនា ថ្ងៃ៧​មករា ​និង​ថ្ងៃ​២៣​តុលា​គឺ​ជា​ឧទាហរណ៍​​ដែល​បញ្ជាក់​បាន​ថា​ ប្រវត្តិសាស្ត្រ​នៅ​តែ​ស្ថិត​នៅ​លើ​បបូរ​មាត់​របស់​អ្នក​នយោបាយ​តែ​មិន​ស្ថិត​នៅលើ​សច្ចធម៌​នោះ​ឡើយ​។ បើ​ដូច្នេះ តើ​កូន​ខ្មែរ​ជំនាន់​ក្រោយ​មាន​សៀវភៅ​ប្រវត្តិសាស្ត្រ​សម្រាប់រៀន​សូត្រ​ដើម្បី​ស្វែង​យល់​ពី​ការ​ពិត​នៃ​អតីតកាល​របស់​ប្រទេស​បាន​ដោយ​របៀប​ណា?

ជា​ការ​ពិត​ណាស់​ នៅ​ក្នុង​បណ្តា​ប្រទេស​ជឿនលឿន​ក្នុង​លោក​ អ្នក​ដឹកនាំ​ដែល​ឡើង​កាន់​អំណាច​ថ្មី​ និង​អ្នក​ដែល​ចេញ​ពី​អំណាច​ទៅ​ ថ្វីដ្បិត​តែ​ជា​គូប្រជែង​នយោបាយ​ដ៏​ជូរចត់​​ក៏​ដោយ ​ក៏​ពួកគេ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី ​និង​ដោយ​ចាប់​ដៃ​គ្នា​រលាក់។ បើ​ទោះ​បី​ជា​ត្រូវ​ចុះ​ចេញ​ពី​តំណែង​​ ក៏​អតីត​ប្រមុខ​រដ្ឋ​ឬ​ប្រមុខ​រដ្ឋាភិបាល​ទាំង​នោះ​នៅ​តែ​មាន​កិត្តិយស​ក្នុង​នាម​ជា​អតីត​អ្នក​ដឹកនាំ​មួយ​រូប​របស់​ប្រទេស។ ​រីឯ​អ្នក​ដឹកនាំ​ថ្មី​ត្រូវ​បន្ត​ធ្វើ​អ្វី​ដែល​អ្នក​ចាស់​បាន​ធ្វើ​រួច​ហើយ ​និង​កែ​តម្រូវ​កន្លែង​ណា​ដែល​ខ្លួន​គិតថា​អ្នក​ដឹកនាំ​មុន​អនុវត្ត​មិន​ត្រឹម​ត្រូវ​។ អ្នក​ដឹកនាំ​ថ្មី​ និង​អ្នក​ដឹកនាំ​ចាស់អាច​រស់​នៅ​ជាមួយ​គ្នា​បាន​ប្រកប​ដោយ​កិត្តិយស​ សេចក្តី​ថ្លៃថ្នូ ​និង​មោទនភាព​ជាតិ​។ ចំណែក​អ្នក​សរសេរ​ប្រវត្តិសាស្ត្រ​គឺជា​អ្នកជំនាញ​ហើយ​ដែល​អ្នក​នយោបាយ​មិន​អាច​កាឡៃ​បាន​ទេ។

ជាង​២០ឆ្នាំ​ក្នុង​របត់​ប្រជាធិបតេយ្យ សេរី​ពហុបក្ស អ្នកនយោបាយ​ខ្មែរ​គួរតែ​ទទួល​យក​វប្បធម៌នយោបាយ​ថ្មី​គ្រប់គ្រាន់​ក្នុង​ការ​អភិវឌ្ឍ​របៀប​ធ្វើ​នយោបាយ​ទៅ​រក​ភាព​ជឿនលឿន​ដូច​អារ្យប្រទេស​ក្នុង​លោក។ ក្នុង​ន័យនេះ ​គំនុំ​សងសឹក​តាម​យុទ្ធសាស្ត្រ​«ទឹកឡើង​ត្រីស៊ី​ស្រមោច ​ទឹកហោច​ស្រមោច​ស៊ីត្រី»​គួរតែ​ត្រូវ​លុប​បំបាត់​ចេញ​ពី​ឆាក​នយោបាយ​កម្ពុជា​។ ជា​ពិសេស​​កម្ពុជា​គួរ​តែ​មាន​ប្រវត្តិ​សាស្ត្រ​ពិត​មួយ​ដោយ​ឈរ​លើ​សច្ចធម៌​សម្រាប់​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ​យក​ទៅរៀន​សូត្រ។

ការ​ស្វែង​យល់​និង​បាន​ដឹង​ប្រវត្តិសាស្ត្រ​ពិត​មាន​សារ​សំខាន់​ណាស់​ពីព្រោះ​វា​អាច​ជួយ​ឲ្យ​កូនខ្មែរ​ជំនាន់​ក្រោយ​បាន​ស្គាល់​ពី​ចំណុចខ្លាំង​និង​ចំណុចខ្សោយ​របស់​អ្នកនយោបាយ​ពី​អតីតកាលដើម្បី​ស្រង់​បទពិសោធន៍​និង​កសាង​អនាគត​បាន​ត្រឹមត្រូវ។ ផ្ទុយទៅវិញ ប្រសិនបើ​ប្រវត្តិសាស្ត្រ​ស្ថិត​នៅ​លើ​តែបបូរមាត់​របស់​អ្នកនយោបាយ រីឯ​ការ​សរសេរ​ប្រវត្តិសាស្ត្រ​តម្រូវ​ទៅ​តាម​តែ​ប្រយោជន៍​នយោបាយ កូន​ខ្មែរ​ជំនាន់​ក្រោយ​គ្មាន​វាសនា​បាន​ស្គាល់​ប្រទេសជាតិ​របស់​ខ្លួន​ពិតប្រាកដ​ឡើយ។

ដូច្នេះ គួរ​តែ​ដល់​ពេល​ហើយ​ដែល​អ្នកនយោបាយ​ខ្មែរ​ត្រូវ​បញ្ចប់​វប្បធម៌​កាឡៃ​ប្រវត្តិសាស្ត្រ​ទៅតាម​ចិត្ត​របស់​ខ្លួន។ រីឯ​អ្នក​សរសេរ​ប្រវត្តិសាស្ត្រ​ទៀតសោត​ក៏​គួរតែ​ផ្អែកលើ​ការពិត លើ​សច្ចៈម៌ ដោយ​ចៀសវាង​ការ​សរសេរ​តម្រូវតែ​តាម​ចិត្ត​អ្នកនយោបាយ។ នេះ​ជាចំណុច​គន្លឹះ​មួយ​ក្នុងចំណោម​បញ្ហា​សំខាន់ៗ​ជា​ច្រើន​សម្រាប់​ដោះស្រាយ​បញ្ហា​ជាតិ​ដែល​អ្នកនយោបាយ​ខ្មែរ​ត្រូវមូល​មាត់​គ្នា៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ