អានតួអត្ថបទ
កម្ពុជា

ដោយសារ​ទឹកជំនន់​រដ្ឋាភិបាល​កម្ពុជា​បង្កើន​ថវិកា​ដល់ ២៦០០លាន​ដុល្លារ​សម្រាប់​ឆ្នាំ​២០១២

រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​សម្រេច​បង្កើន​ថវិកា​ជាតិ​ដល់​ ២៦០០​លាន​ដុល្លារ​អាមេរិក​ សម្រាប់​ឆ្នាំ​២០១២​ខាងមុខ​នេះ ​ពោល​គឺ​ កើន​ឡើង​ប្រមាណ​ជា ​​៧០០​លាន​ដុល្លារ​អាមេរិក​បើ​ប្រៀបធៀប​ទៅ​នឹង​​ថវិកា​ឆ្នាំ​២០១១។ ការ​បង្កើន​ថវិកា​ជាតិ​នេះ​គឺ​ដោយសារ​ប្រទេស​កម្ពុជា​បាន​រង​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​​ពីគ្រោះ​មហន្តរាយ​ទឹក​ជំនន់។

ទិដ្ឋភាព​អង្គប្រជុំ​ពេញ​អង្គ​នៃ​រដ្ឋសភា​កម្ពុជា
ទិដ្ឋភាព​អង្គប្រជុំ​ពេញ​អង្គ​នៃ​រដ្ឋសភា​កម្ពុជា RFI/Ly Meng Hour
ផ្សាយពាណិជ្ជកម្ម

រដ្ឋសភា​ជាតិ​នៃ​ប្រទេស​កម្ពុជា​គ្រោង​នឹង​អនុម័ត​សេចក្តី​ព្រាងច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១២​ នៅ​ថ្ងៃ​ពុធ​សប្តាហ៍​ក្រោយ​នេះ។ ថវិកា​នេះ​​មាន​ចំនួន​ ២៦០០​លាន​ដុល្លារ​អាមេរិក​ ពោល​គឺ ​មាន​ទំហំ​ធំ​ជាង​ឆ្នាំ​២០១១ ​ប្រមាណ​ជា​ ៧០០​លាន​ដុល្លារ​អាមេរិក។

លោក ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នៃ​រដ្ឋសភា​ជាតិ​បាន​ថ្លែង​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ការ​ដំឡើង​ថវិកា​នៅ​ឆ្នាំ​២០១២​នេះ ​គឺ​ដោយសារ​ប្រទេស​​កម្ពុជា​បាន​ទទួល​រង​គ្រោះ​​ទឹក​ជំនន់​យ៉ាង​ធ្ងន់ធ្ងរ ​កាល​ពីពេល​កន្លងមក​ថ្មី​ៗ​នេះ។

តួលេខ​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​បញ្ជាក់​ថា ទឹក​ជំនន់​ទឹកភ្លៀង ​និង​ទឹក​ទន្លេមេគង្គ​បាន​សម្លាប់​ប្រជាជន​ខ្មែរ​អស់​២៥០​នាក់​ និង​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ-ហេដ្ឋារចនា​សម្ព័ន្ធ​របស់​ជាតិ​ ក្នុង​ទឹកប្រាក់​ប្រមាណ​ជា ​៥០០​លាន​ដុល្លារ​អាមេរិក។

លោក ជាម ​យៀប បាន​បញ្ជាក់​ថា ថវិកា​បន្ថែម​ក្នុង​ឆ្នាំ​២០១២​ខាង​មុខ​នេះ​ គឺ​ក្នុង​គោលដៅ​ជួសជុល ​​និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ខូចខាត​ឡើង​វិញ។ ប៉ុន្តែ​ លោក​មិនបាន​បញ្ជាក់​ប្រាប់​អោយ​ច្បាស់​ថា តើ​ទឹកប្រាក់​ចំនួន​ប៉ុន្មាន​ភាគរយ​ ដែល​ត្រូវ​យក​ទៅ​កសាង​ជួសជុល​ហេដ្ឋារចនាសម័្ពន្ធ​ឡើង​វិញ​នោះ។

តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា​ លោក ជាម យៀប​ បាន​បន្ថែម​ទៀត​ថា ថវិកា​ឆ្នាំ​២០១២​នេះ​នឹង​ផ្តោតសារៈសំខាន់​យ៉ាង​ខ្លាំង​ទៅ​លើ​វិស័យ​អប់រំ​ និង​វិស័យ​សុខាភិបាល។

សំណួរ​ចោទឡើង​ថា បើ​ចំនួន​ថវិកា​មាន​ការ​កើន​ឡើង​ច្រើន​បែបនេះ តើ​រដ្ឋាភិបាល​អាច​មាន​ទឹកប្រាក់​គ្រប់គ្រាន់ ​សម្រាប់​សម្រេច​គោលដៅ​របស់​ខ្លួន​បាន​ដែរ​ឬ​ទេ?

ឆ្លើយតប​ទៅ​នឹង​សំណួរ​នេះ លោក ជាម យៀម ​បាន​បញ្ជាក់​ប្រាប់​ថា ដោយសារ​តម្រូវការ​ចាំបាច់​ក្នុងការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ឡើង​វិញ​នោះ ច្បាប់​ថវិកា​បាន​អនុញ្ញត​អោយ​រដ្ឋាភិបាល​អាច​ខ្ចីលុយ​ពី​បរទេស​ក្នុង​ចំនួន​ទឹកប្រាក់​ប្រមាណ​ជា ​១០០០​លាន​ដុល្លារ​អាមេរិក។ រីឯ​កាល​ពី​ឆ្នាំ​មុនៗ រដ្ឋាភិបាល​មាន​សិទ្ធិ​ខ្ចី​តែ​ក្នុង​កម្រិត​ប្រមាណជា​ ៥០០​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

រហូតមក​ដល់​ពេល​នេះ​ ប្រទេស​កម្ពុជា​ជំពាក់​បំណុល​បរទេស​ប្រមាណ​ជា ​៣២០០​លានដុល្លារ​អាមេរិក​ ពោល​គឺ​ ប្រជា​ជនខ្មែរ​ម្នាក់ៗ​ត្រូវជំពាក់​បំណុល​បរទេស ​ប្រមាណ​ជា​២៣០​ដុល្លារ​អាមេរិក។ ចំនួន​បំណុល​នេះ​ត្រូវ​បាន​អ្នក​រិះគន់​គិតគូរ​ឃើញ​ថា មាន​ចំនួន​ច្រើន​គួរ​អោយ​ព្រួយបារម្ភ​។ ប៉ុន្តែ​អ្នកជំនាញ​សេដ្ឋកិច្ច​ឯករាជ្យ​ខ្លះ​និយាយ​ថា បំណុល​នេះ​នៅ​មិនទាន់​មាន​សភាព​ធ្ងន់ធ្ងរ​នៅ​ឡើយ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ