អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ពេល​ណា​ទើប​នយោបាយ​ឈប់​ក្លាយ​ជា​មុខ​ជំនួញ​?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​កម្ពុជា អ្នកនយោបាយ​ត្រូវ​ចំណាយ​ដើមទុន​យ៉ាងច្រើន​មិន​ខុសពី​ការធ្វើ​ជំនួញ​ទេ។ ជំនួញ​នយោបាយ​បានធ្វើ​ឲ្យ​អ្នកខ្លះ​ត្រូវប៉ាន់​មាន​ទាំង​អំណាច​មាន​ទាំង​ប្រាក់ ប៉ុន្តែ ក៏មាន​អ្នក​ធ្លាក់ខ្លួន​ក្រ​ដោយសារ​នយោបាយ​មិនតិច​ដែរ។ ខុស​ពីមុខ​ជំនួញ​ធម្មតា ជំនួញ​នយោបាយ​បង្ក​ផល​វិបាក​​ធំធេង​ដល់​សង្គម ជាពិសេស​ គឺ​ អំពើពុករលួយ និង​ការបំពាន​អំណាច។ ចំណែក​អ្នក​ដែល​ធ្លាក់ខ្លួន​ក្រ​ដោយសារ​នយោបាយ​ក៏មាន​មិនតិច​ដែរ។ ដូច្នេះ ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​នយោបាយ​​អាចជា​ឧបករណ៍​មួយ​សម្រាប់​ទប់​បញ្ហា​នេះ ប៉ុន្តែ វា​ទំនងជា​មិន​គ្រប់គ្រាន់​ទេ។ តើ​ពេលណា​ទើប​នយោបាយ​ឈប់​ក្លាយជា​មុខ​ជំនួញ?  

រដ្ឋសភាជាតិ កន្លែងដែលសមាជិកសភាធ្វើការ
រដ្ឋសភាជាតិ កន្លែងដែលសមាជិកសភាធ្វើការ RFI/Siv channa
ផ្សាយពាណិជ្ជកម្ម

ចុងក្រោយ​នេះ ការ​តថ្លៃ​គ្នា​រឿង​លុយកាក់​ដើម្បី​មុខតំណែង​ ​ឬ ​ដើម្បី​អាច​ឈរឈ្មោះ​ជា​បេក្ខជន​​តំណាងរាស្ត្រ​លេខ​រៀង​ល្អ​ហាក់បីដូចជា​ស្ងប់ស្ងៀម​បន្តិច​បើ​ធៀប​ទៅនឹង​កាលពី​ប៉ុន្មាន​អាណត្តិ​មុន។ ប៉ុន្តែ «ទឹក​ស្ងប់​ក៏​មិនមែន​មានន័យថា​គ្មាន​ត្រី​នោះដែរ» ។យ៉ាងណាមិញ បើទោះបីជា​វា​មិនសូវ​ជា​ពុះកញ្ជ្រោល​ចេញមកក្រៅ​ខ្លាំង​ដូច​ពីមុន​ក៏ដោយ ក៏​បញ្ហា​លុយកាក់​នៅតែ​ជា​រឿង​សំខាន់​ដដែល​នៅក្នុង​ពិភព​នយោបាយ​កម្ពុជា។

ប្រាក់​ គឺជា​មធ្យោបាយ​ដ៏​សំខាន់​មួយ​ដើម្បី​ឈានទៅ​ប្រឡូក​ក្នុង​ឆាកនយោបាយ។ នៅ​កម្ពុជា បើ​គ្មាន​ប្រាក់ ​គេ​មិនអាច​ក្លាយខ្លួនជា​អ្នកនយោបាយ​ជួរមុខ​បានទេ​ គឺ​បាន​ត្រឹម​ជា​សកម្មជន​បម្រើ​​នយោបាយ​តែប៉ុណ្ណោះ។ អ្នកនយោបាយ​ត្រូវ​ចំណាយ​ប្រាក់​ទៅតាម​ឋានៈ តួនាទី ដែល​ខ្លួន​មាន​ ឬ ​ដែល​ខ្លួន​រំពឹងថា​នឹង​ទទួលបាន​មកវិញ។ អ្នក​ដែល​ចង់បាន​តួនាទី​សំខាន់​ត្រូវ​ចំណាយ​​ប្រាក់​កាន់តែច្រើន។ ជាទូទៅ គណបក្សនីមួយៗមាន​ប្រភព​ហិរញ្ញ​វត្ថុសំខាន់​ពីរ ៖ ទី១ គឺ ការដាក់ទុន​របស់​អ្នកនយោបាយម្នាក់ៗ និង ​ទី២ គឺ​ការ​កៀរគរ​ពី​ប្រភព​ផ្សេងៗ​ជាពិសេស​​ពី​អ្នក​ដែលមាន​សមានចិត្ត​ជាមួយ​គណបក្ស​នោះ។

 
សម្រាប់​គណបក្សកាន់អំណាច បញ្ហា​ហិរញ្ញវត្ថុ​មិនសូវ​ជា​ចោទ​ឡើយ​ ពីព្រោះ​អ្នកនយោបាយ​សុទ្ធតែជា​អ្នកមាន​ប្រាក់ រីឯ​អ្នក​ដែលមាន​សមានចិត្ត​ជាមួយ​គណបក្ស​នេះ​ភាគច្រើន​ជា​អ្នក​ជំនួញ​ធំៗដែល​សម្បូរ​ប្រាក់​យ៉ាង​ហូរហៀរ​ដែរ។ ប៉ុន្តែ សម្រាប់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​វិញ បញ្ហា​ហិរញ្ញវត្ថុ ​គឺជា​ចំណោទ​យ៉ាង​ធំធេង​មួយ ​ពីព្រោះ​សកម្មជន​នយោបាយ​ក៏​មិនសូវ​សម្បូរ​ប្រាក់ រីឯ​ប្រភព​ចំណូល​ផ្សេងទៀត​ក៏​មិនសូវ​ជា​សម្បូរបែប។ ប្រភព​ចំណូល​សំខាន់​ច្រើនតែ​បានមកពី​សហគម​ខ្មែរ​នៅក្រៅ​ប្រទេស។

មាន​វិបត្តិ​សង្គម​ធំធេង​ណាស់​ដែល​កើតចេញពី​ការដាក់ទុន​នៅក្នុង«ជំនួញ​នយោបាយ»។ សម្រាប់​​គណបក្សកាន់អំណាច តំណាងរាស្ត្រ ​ឬ ​ប្រធាន​ក្រុមការងារ​ដែល​ទទួលបន្ទុក​មណ្ឌល​បោះឆ្នោតនីមួយៗ ត្រូវ​ចំណាយ​ប្រាក់​យ៉ាងច្រើន​សម្រាប់​ចុះ​មូលដ្ឋាន​ជួប​ប្រជាពលរដ្ឋ​ជាប្រចាំ​ផង និង ​ជាពិសេស​សម្រាប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​តែម្តង។ ដូច្នេះ ពួកគេ​ច្បាស់​ជា​ត្រូវ​សម្លឹង​រក​ប្រភព​ចំណូល​មកវិញ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើបាន។

រីឯ​អ្នកជំនួញធំៗដែល​ផ្តល់​ហិរញ្ញវត្ថុ​ដល់​គណបក្សនយោបាយ​ក៏ត្រូវ​ប្រឹងរក​ចំណូល​មកវិញ​ឲ្យ​បាន​ច្រើន​ដែរ ​ដើម្បី​ប៉ះប៉ូវ​ការចំណាយ​របស់​ពួកគេ។ លើសពីនេះ ពួកគេ​ក៏ត្រូវ​ការ​ឥទ្ធិពល​របស់​អ្នកនយោបាយ​ដើម្បី​ការពារ​មុខ​ជំនួញ​របស់គេ​ថែមទៀត​ ពីព្រោះ​វា​ជា​រឿង​ធម្មតា​ទេ​ដែល​«អ្នកជំនួញ​តែ​រក​ផលចំណេញ»។ ទីបំផុត ផលវិបាក​នឹង​ធ្លាក់​ទៅលើ​សង្គម​ទាំងមូល​ក្នុង​នោះ អ្នកក្រីក្រ​រង​ផលប៉ះពាល់​ខ្លាំងជាងគេ។ វា​មិន​ខុស​អ្វី​ពី​សុភាសិត​ដែលថា«ច្របាច់ក​ចិន​លៀន​អណ្តាត​ខ្មែរ​នោះឡើយ»។

ស្ថាន​ភាពមិន​ខុសគ្នា​ប៉ុន្មាន​ឡើយ​សម្រាប់​គណបក្ស​ក្រៅ​រដ្ឋាភិបាល។ ការចំណាយ​ប្រាក់​ទៅ​លើ​នយោបាយ​បាន​ក្លាយជា​ប្រភព​នៃ​បញ្ហា​រាប់រយ​ជំពូក។ អ្នកខ្លះ​បាន​ចំណាយ​ទ្រព្យធន​អស់​រលីង​ពី​ខ្លួន តែ​ទីបំផុត មុខតំណែង​អ្វី​ក៏​មិន​ទទួល​បានដែរ។ ពួកគេ​ត្រូវ​ធ្លាក់ខ្លួន​ក្រីក្រ​កាន់​តែ​ខ្លាំង​ ហើយ​បន្ទាប់ពី​អស់​លុយ​ពី​ខ្លួន អ្នកខ្លះ​ក៏ត្រូវ​គណបក្ស​បោះបង់ចោល​ទៀត។ ក៏មានដែរ​អតីត​អ្នកនយោបាយ​ដែល​ធ្លាប់មាន​អំណាច​ ​និង ​ធ្លាប់មាន​ប្រាក់​ចាយ​ហូរហៀរ ប៉ុន្តែ ទីបំផុត​ក៏​ធ្លាក់ខ្លួន​ក្រ​វិញ ​ឬ ​ក្រ​លើស​ដើម​ក៏មាន បន្ទាប់ពី​ពួកគេ​បាត់បង់​តួនាទី​នយោបាយ។

ដូច្នេះ ការបង្កើត​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​នយោបាយ​គឺជា​ដំណឹង​ល្អ​មួយ​ក្នុងន័យ​លុបបំបាត់«ជំនួញ​នយោបាយ»នៅ​កម្ពុជា។ ដំណឹង​ល្អ​ដោយហេតុថា នៅពេលដែល​អ្នកនយោបាយ​លែង​ចំណាយ​​ប្រាក់​ផ្ទាល់ខ្លួន​ធ្វើ​ដើមទុន ​និង ​នៅពេលដែល​ហិរញ្ញវត្ថុ​ក្នុង​នយោបាយ​ត្រូវបាន​គ្រប់​គ្រង​​ដោយ​តម្លាភាព វិបត្តិ​សង្គម​ជាច្រើន​ត្រូវបាន​ដោះស្រាយ​ជាពិសេស​ គឺ ​អំពើពុករលួយ ការបំពាន​អំណាច និង ​ក្រាញ​អំណាច​ជាដើម។

ប៉ុន្តែ ច្បាប់​នេះ​តែមួយ​មុខ​ក៏​មិន​គ្រប់គ្រាន់​ដែរ។ ការផ្លាស់ប្តូរ​ផ្នត់គំនិត​មនុស្ស​ គឺជា​រឿង​សំខាន់​មួយទៀត ​ពោល គឺ​នយោបាយ​មិនមែនជា​មុខ​ជំនួញ​ដើម្បី​ស្វែងរក​ផលចំណេញ​ផ្ទាល់ខ្លួន​ទេ​តែ​វា ​គឺជា​អាជីព​ដែល​ភ្ជាប់​ដោយ​ទំនួល​ខុសត្រូវ​ដ៏​ធំ​បំផុត​ចំពោះមុខ​ប្រទេសជាតិ​និង​ប្រជាជន​។​ ក្នុងន័យនេះ អ្នកនយោបាយ​មិនគួរ​ចំណាយ​ប្រាក់​ពី​ហោប៉ៅ​ផ្ទាល់ខ្លួន​ធ្វើជា​ដើមទុន​ទេ។

ដើមទុន​សំខាន់បំផុត​របស់​អ្នកនយោបាយ​ គឺ​សមត្ថភាព​និង​ ភាពជា​អ្នកដឹកនាំ​ដែល​ត្រូវ​បង្ហាញ​ដល់​ម្ចាស់ឆ្នោត​ដើម្បី​ទាក់ទាញ​ការគាំទ្រ។ រីឯ​ការចំណាយ​ជា​បន្ទុក​របស់​រដ្ឋ​ពីព្រោះ​អ្នក​នយោបាយ​​ គឺជា​អ្នកបម្រើ​ជាតិ ​និង​ ប្រជាជន។ ប៉ុន្តែ  ផ្លូវ​ទៅកាន់​គោលដៅ​នេះ អាច​ជិត​ឬ​ឆ្ងាយ​ អាស្រ័យ​ទាំងស្រុង​ទៅលើ​ឆន្ទៈ​របស់​អ្នកនយោបាយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ