អានតួអត្ថបទ
កម្ពុជា

ក្រុម​ហ៊ុន ​KrisEnergy​ ទទួល​​សិទ្ធិ​​ផ្លូវ​ការ​​ពី ​Chevron​ ដើម្បី​​ធ្វើ​​អាជីវកម្ម​​ប្រេង​​ក្នុង​​ប្លុក​ A​

ក្រុម​ហ៊ុន ​KrisEnergy​ Ltd. ​របស់​​សិង្ហ​បូរី​ បាន​​ក្លាយ​ជា​​ប្រតិបត្តិ​ករ​​ថ្មី​​ក្នុង​​ការ​ធ្វើ​​អាជីវកម្ម​​រុក​រក​​ប្រេង​​នៅ​ក្នុង​​ប្លុក ​A ​ក្នុង​​ដែន​ស​មុទ្រ​​កម្ពុជា​​ជា​​ផ្លូវ​ការ​​ហើយ​​បន្ទាប់​ពី​​បាន​ទទួល​​ការ​ផ្ទេរ​សិទ្ធិ​​ពី​​ក្រុម​ហ៊ុន ​Chevron ​របស់​​អាមេរិក​។ ​ដំណើរ​ការ​​ផ្ទេរ​សិទ្ធិ​​បាន​បញ្ចប់​​រួច​រាល់​​ជា​​ស្ថាពរ​​កាល​ពី​​ថ្ងៃ​ទី​០១ ​ខែ​តុលា ​ឆ្នាំ​២០១៤​ នេះ​។ ​គ្មាន​​ការ​ពន្យល់​​ហេតុ​ផល​​ច្បាស់​លាស់​អំពី​​ការ​ដក​ខ្លួន​​របស់​​ក្រុមហ៊ុន​Chevron​ ពី​​អាជីវកម្ម​​រុក​រក​​ប្រេង​​នៅ​​កម្ពុជា​​​ទេ។​

ក្រុមហ៊ុន​ KrisEnergy ​Ltd.​ទទួល​បាន​សិទ្ធិ​រុក​រក​ប្រេង​នៅក្នុង​ប្លុក​A ​ក្នុង​ឈូង​សមុទ្រ​កម្ពុជា​
ក្រុមហ៊ុន​ KrisEnergy ​Ltd.​ទទួល​បាន​សិទ្ធិ​រុក​រក​ប្រេង​នៅក្នុង​ប្លុក​A ​ក្នុង​ឈូង​សមុទ្រ​កម្ពុជា​ ©អ.ប.ជ.ក.
ផ្សាយពាណិជ្ជកម្ម

ចាប់ពី​ថ្ងៃទី១តុលា​ឆ្នាំ ២០១៤ នេះ​តទៅ ក្រុមហ៊ុន KrisEnergy បានទទួល​សិទ្ធិ​ជា​ផ្លូវការ​ក្នុងនាម​ជា​ប្រតិបត្តិ​ករ​ថ្មី​ក្នុង​ការរុករក​និង​ធ្វើ​អាជីវកម្ម​ប្រេង​នៅ​ប្លុក A ក្នុង​ឈូង​សមុទ្រ​កម្ពុជា​ជំនួស​ក្រុមហ៊ុនChevron របស់​អាមេរិក។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រុមហ៊ុន KrisEnergy នៅ​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍្ត ទី០២តុលា​នេះ។

សេចក្តីជូនដំណឹង​ឲ្យ​ដឹងថា ក្រុមហ៊ុន​ឈេ​ហ្វ​រ៉ុ​ន អូ​វើ​ស៊ី ភេ​ត្រូ​លៀម (ខេ​ម​បូ​ឌា) លី​មី​ធី​ត ដែលមាន​ភាគហ៊ុន​សក​ម្ម ៣០% និង​ជា​កម្មសិទ្ធិករ​នៅក្នុង​កិច្ចព្រមព្រៀង​ប្រេងកាត​សម្រាប់​ប្លុក A នៃ​ដែនសមុទ្រ​ប្រទេស​កម្ពុជា បាន​ផ្ទេរ​សិទ្ធិមក​ឲ្យ​ក្រុមហ៊ុន KrisEnergy (Apsara) Ltd.វិញ។ មុន​ការផ្ទេរសិទ្ធិ​នេះ ក្រុមហ៊ុន KrisEnergy មាន​ភាគហ៊ុន​សកម្ម​ដោយ​ប្រយោល ២៥% រួចទៅហើយ​នៅក្នុង​ប្លុក A នេះ ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​ភាគហ៊ុន​សកម្ម​សរុប​រួម ៥៥%។

លោក Richard Lorentz នាយក​ប្រតិបត្តិ​និង​ជានា​យក​អភិវឌ្ឍ​អាជីវកម្ម​របស់​ក្រុមហ៊ុន​នេះ KrisEnergy ត្រូវបាន​សេចក្តីប្រកាស​ព័ត៌មាន​ស្រង់​សម្តី​ថា លោក​នឹង​ដាក់ចេញ​នូវ​ផែនការ​កែសម្រួល​ថ្មី​មួយ​សម្រាប់​អភិវឌ្ឍន៍​អណ្តូង​ប្រេងកាត​អប្សរា​ឲ្យ​ក្លាយជា​ការពិត​ឲ្យ​បាន​ឆាប់​បំផុត​និង​មាន​ប្រសិទ្ធភាព​បំផុត​ដើម្បី​លើកកម្ពស់​ប្រទេស​កម្ពុជា​ឲ្យ​ក្លាយជា​ប្រទេស​ផលិត​ប្រេង​មួយ​ក្នុង​ពិភពលោក។

សូមបញ្ជាក់ថា ការរុករក​ប្រេងកាត​ក្នុង​តំបន់​ប្លុក A នៃ​ឈូង​សមុទ្រ​កម្ពុជា​ត្រូវបាន​ធ្វើឡើង​តាំងពី​ពាក់កណ្តាល​ឆ្នាំ២០០០មកម្ល៉េះ ហើយ​បាន​រកឃើញ​អណ្តូង​ប្រេងកាត​អប្សរា។ តំបន់​ជាប់កិច្ចសន្យា​មាន​ទំហំ ៤.៧០៩ គីឡូម៉ែត្រ​ក្រឡា ស្ថិតក្នុង​ដែនទឹក​ប្រទេស​កម្ពុជា​នៃ​តំបន់​ឈូង​សមុទ្រ​ថៃ ដែលមាន​ជម្រៅ​ទឹក​ចាប់ពី ៥០ ទៅ ៨០ម៉ែត្រ។

ក្រុមហ៊ុន KrisEnergy Ltd. គឺជា​ក្រុមហ៊ុន​ឯករាជ្យ​មួយ​ដែល​ផ្តោត​សកម្មភាព​របស់ខ្លួន​លើ​ការរុករក​ប្រេងកាត​និង​ឧស្ម័ន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ ចាប់តាំងពី​ឆ្នាំ២០០៩មក ក្រុមហ៊ុន​នេះ​បានធ្វើ​សកម្មភាព​អាជីវកម្ម​នៅក្នុង​តំបន់​ជាប់កិច្ចសន្យា​ចំនួន១៨ ក្នុងប្រទេស​បង់​ក្លា​ដេ​ស កម្ពុជា ឥណ្ឌូនេស៊ី ថៃ និង​វៀតណាម។

ប្រទេស​កម្ពុជា​ត្រូវគេ​រំពឹងថា​នឹង​ទទួលបាន​ប្រាក់ចំណូល​យ៉ាងច្រើន​ពី​ធនធាន​ប្រេងកាត​នៅ​បាតសមុទ្រ ប៉ុន្តែ រហូតមកទល់​ពេលនេះ ដំណក់​ប្រេង​លើកដំបូង​នៅ​មិនទាន់​ទទួលបាន​នៅឡើយ​ទេ។ ការដកខ្លួន​របស់​ក្រុមហ៊ុន​អាមេរិក Chevron ចេញពី​អាជីវ​កម្មនេះ​ក៏​គ្មាន​ការពន្យល់​ហេតុផល​អ្វី​ច្បាស់លាស់​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ