អានតួអត្ថបទ
កម្ពុជា ព្រៃឈើ

ក្រុម​អង្គ​ការ​អភិរក្ស​ព្រៃ​ឈើ​កម្ពុជា​ស្នើ​សហ​ភាព​អឺរ៉ុប​កុំ​បន្ត​កិច្ច​ព្រម​ព្រៀង​ទិញ​ឈើ​ពី​វៀត​ណាម

ក្រុម​អង្គការ​អភិរក្ស​ព្រៃ​ឈើ​ចំនួន​២០​នៅ​កម្ពុជា​ បាន​នាំ​គ្នា​ដាក់​ញត្តិ​មួយ​ទៅ​សហ​ភាព​អឺរ៉ុប​ កាល​ពី​ពេល​ថ្មីៗ​នេះ​ ដើម្បី​ស្នើ​ឲ្យ​ប្រទេស​លោក​សេរី​ទាំង​នេះ ​ឈប់​ទិញ​ឈើ​ពី​ប្រទេស​វៀតណាម​។​ សំណើ​នេះ​ ធ្វើ​ឡើង​មុន​ពេល​សហ​ភាព​អឺរ៉ុប​ត្រូវ​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​ថ្មី​ទៀត​ជា​មួយ​ប្រទេស​វៀតណាម​ នៅ​ថ្ងៃទី​១៨​ខែ​តុលា​ស្អែក​នេះ ដើម្បី​បន្ត​នាំ​ឈើ​ពី​វៀតណាម​ទៅ​លក់​លើ​ទី​ផ្សារ​ពិភព​លោក​។​

គំនរ ឈើ ប្រណីត ដែល សមត្ថកិច្ច ចាប់ បាន នៅ ខេត្តរតនគិរី កាលពី ពេល កន្លង ទៅ ។
គំនរ ឈើ ប្រណីត ដែល សមត្ថកិច្ច ចាប់ បាន នៅ ខេត្តរតនគិរី កាលពី ពេល កន្លង ទៅ ។ @Adhoc
ផ្សាយពាណិជ្ជកម្ម

លោក ​អ៊ូច ​ឡេង​ ជា​សកម្មជន​បរិស្ថាន​ដែល​ទទួល​បាន​ពាន​រង្វាន់​ខាង​ការ​ពារ​ព្រៃ​នៅកម្ពុជា​ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ ​RFI នៅ​ថ្ងៃ​ពុធ​នេះ​ថា​ មូល​ហេតុ​ដែល​ក្រុម​អង្គការ​អភិរក្ស​ព្រៃ​ឈើ​ចំនួន​២០​​ស្នើ​ឲ្យ​សហភាព​អឺរ៉ុប ​បញ្ឈប់​ការ​ទិញ​ឈើ​ពីប្រទេស​វៀតណាម​ គឺ​ដើម្បី​ទប់​ស្កាត់​ការ​​កាប់​ឈើ​នៅកម្ពុជា។​ ការ​កាប់​ឈើ​នៅ​កម្ពុជា​ ដែល​នៅ​តែ​បន្ត​កើត​នេះ​ ត្រូវ​បាន​លោក ​អ៊ូច​ ឡេង​ ពន្យល់​ថា​ គឺ​ដោយ​សារ​តែ​វៀតណាម​ជា​ទី​ផ្សារឈើ​ដ៏​ធំរបស់​កម្ពុជា​។​ ឈើ​កម្ពុជា​ ដែល​វៀតណាម​យក​ទៅ​បោះ​ត្រា​ មុន​នឹង​នាំ​​ចេញ​ទៅ​ទី​ផ្សារ​ពិភពលោក។ នេះ​ជា​ការ​អះអាង​របស់​ លោក​ អ៊ូច​ ឡេង​។

បើ​តាម ​លោក​ អ៊ូច​ ឡេង​ ប្រសិន​បើ​សហ​ភាព​អឺរ៉ុប​ដែល​ជាប្រទេស​​ផ្តល់​ជំនួយ​ផ្នែក​ការ​ពារ​ព្រៃ​ឈើ​និង​បរិស្ថាន មិន​បន្ត​កិច្ច​ព្រម​ព្រៀង​​ក្នុង​ការ​អនុញ្ញាត​ឲ្យ​វៀត​ណាម​នាំឈើ​ចេញ នោះ​ការ​កាប់​ឈើ​នៅកម្ពុជា​ក៏កាត់​បន្ថយដែរ។ លោក​កត់សម្គាល់​ថា ឈើ​ខ្មែរប្រមាណ ​៨០% ​គឺ​នាំចេញ​ទៅ​វៀត​ណាម រួច​បន្តទៅប្រទេស​ចិន។ គ្រាន់​តែ​ក្នុង​ឆ្នាំ​២០១៧ មាន​ឈើ​របស់​កម្ពុជា​៣០ម៉ឺន​ម៉ែត្រ​គូប ត្រូវ​បាន​នាំ​ចេញ​ទៅ​វៀតណាម ដែល​លោក អ៊ូច ​ឡេង​ អះអាង​ដោយ​ផ្អែក​លើ​​​របាយការណ៍​​របស់​វៀត​ណាម ខណៈ​​រដ្ឋាភិបាល​កម្ពុជា​មិន​ឃើញ​បង្ហាញ​របាយ​ការណ៍​នេះ​ទេ​។

តំណាង​សហ​ភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ​លោក ​George Edgar អះ​អាង​ថា ​សហ​ភាព​អឺ​រ៉ុប​ប្តេជ្ញា​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ធ្វើ​អាជីវកម្ម​ឈើ​ខុស​ច្បាប់ ​ហើយជំ​រុញ​ការ​អនុវត្ត​ច្បាប់​ឲ្យ​ប្រសិទ្ធ​ភាព​តាមរយៈ​​ការ​លើក​បញ្ហា​នេះ​ទៅ​ជជែក​ជា​មួយ​តំណាង​រដ្ឋាភិបាល​កម្ពុជា​ និង​រដ្ឋាភិបាល​វៀតណាម។ ​នេះ​បើ​តាម​កាសែត​ខ្មែរ​ថាមស៍។

ប៉ុន្តែ​លោក អ៊ូច ឡេង បាន​បន្ទោស​ថា ព្រៃ​ឈើ​នៅកម្ពុជាត្រូវបាន​កាប់​បំផ្លាញ​រួច​ហើយ គឺ​មិន​អាច​ឲ្យ​វិល​ត្រឡប់​មក​ដូច​ដើម​វិញ​បានទេ បើទោះជា​មានការ​សន្យា​ថាពង្រឹង​ការ​អនុវត្ត​ច្បាប់​​ព្រៃ​ឈើ​ឲ្យ​មាន​ប្រសិទ្ធភាពក៏ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ