អានតួអត្ថបទ
កម្ពុជា

មាន​ស្លាប់​និង​របួស​ជិត​២០០​នាក់ក្នុង​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​

ក្នុង​រយៈពេល​បី​ថ្ងៃ​នៃ​​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ មាន​មនុស្ស​យ៉ាងហោចណាស់​ ជិត២០០នាក់​បាន​ស្លាប់ និង​រងរបួស ក្នុង​គ្រោះថ្នាក់​ចរាចរណ៍។ អគ្គស្នងការ​នគរបាល​ជាតិ បានឱ្យដឹងថា​មូលហេតុ​ដែល​ធ្វើឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍ គឺ​ការបើកបរ​ហួស​ល្បឿន​កំណត់ បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង និង​ការ​មិន​គោរព​ច្បាប់​ចរាចរណ៍​ជាដើម។ យ៉ាងណាក៏ដោយ អង្គការ​សង្គម​ស៊ីវិល​បាន​ស្នើថា ដើម្បី​ដោះស្រាយ​បញ្ហា​គ្រោះថ្នាក់​​ចរាចរណ៍​នេះ គឺមាន​តែ​ការ​រឹតបណ្តឹង​ច្បាប់ និង​ការអប់រំ​ផ្សាយ​ឱ្យ​ទូលំទូលាយ​តែប៉ុណ្ណោះ។

គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា
គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា © សុវណ្ណរ៉ា
ផ្សាយពាណិជ្ជកម្ម

មាន​មនុស្ស​យ៉ាងហោចណាស់ ២៤ បាន​ស្លាប់ និង ១៦៩នាក់​ផ្សេងទៀត​បាន​រងរបួស ក្នុង​រយៈពេល​បុណ្យ​ភ្ជុំបិណ្ឌ​បី​ថ្ងៃ ចាប់ពី​ថ្ងៃទី៣ ដល់​ថ្ងៃទី៥ តុលា។ នេះ​បើតាម​តួលេខ​​របស់​អគ្គស្នងកា​រដ្ឋាន​​នគរបាលជាតិ។  

 
នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​បញ្ជាក់ថា គ្រោះថ្នាក់​រយៈពេល៣ថ្ងៃនេះ បណ្តាលមកពី ការបើកបរ​ហួស​ល្បឿន​កំណត់ បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង និង​មិន​គោរព​ច្បាប់​ចរាចរណ៍​ជាដើម។ នាយកដ្ឋាន​សណ្តាប់ធ្នាប់ បាន​រាយការណ៍​យ៉ាង​លំអិត​ថា ក្នុងចំណោម​អ្នករងគ្រោះ​ទាំងអស់ គឺមាន​អ្នក​ថ្មើរ​ជើង៩នាក់ និង អ្នកបើក​បរ​ម៉ូតូ​មិន​ពាក់មួក​ ការពារ​សុវត្ថិភាព ៧៥នាក់។ បើតាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរ​ណ៍​នេះ​បាន​បណ្តាល​ឲ្យ​ខូចខាត​ម៉ូតូ៨៧គ្រឿង រថយន្ត​ធុន​ស្រាល១៣គ្រឿង រថយន្ត​ធុន​ធ្ងន់២គ្រឿង និង​យានយន្ត​ផ្សេងៗទៀត ៦គ្រឿង ។

រីឯ​ខេត្ត​ដែលមាន​គ្រោះថ្នាក់​ និង​ស្លាប់​ច្រើន​រួមមាន៖កំពង់ចាម កំពត កណ្តាល តាកែវ ​កំពង់ឆ្នាំង និង​ខេត្តកំពង់ស្ពឺ។ នាយកដ្ឋាន​ចរាចរណ៍​នគរបាល បាន​បញ្ជាក់ថា អត្រា​គ្រោះ​ថ្នាក់​​​ស្លាប់មាន​ការថយចុះ​ បើ​ប្រៀបធៀប​នឹង​អំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ ​កាលពី​ឆ្នាំ២០១២ គឺ២៤នាក់​លើ២៦នាក់ ប៉ុន្តែ​រងរបួស​បាន​កើនឡើង​រហូតដល់១៦៩នាក់​ដែល​ឆ្នាំមុន​មាន​តែ១៣៩នាក់។

បើតាម​គណៈកម្មការ​ជាតិ​ចរាចរណ៍​ផ្លូវគោក ក្នុង​រយៈពេល ៨ខែ​ដើមឆ្នាំ ២០១៣នេះ  គ្រោះថ្នាក់​ចរាចរណ៍ មាន​ចំនួន​ជាង ២៩០០​ករណី ដែល​បណ្តាលឱ្យ​មនុស្ស​ជាង ១ ៣០០​នាក់ បាន​ស្លាប់ ហើយ មនុស្ស ប្រមាណ​ជាង ៤ពាន់​ផ្សេងទៀត បាន​រងរបួស​ធ្ងន់ និង​ស្រាល។
 

យ៉ាងណាក៏ដោយលោក គង់ សុវណ្ណ ប្រធាន​អង្គការ​ដៃគូ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សកល​ ប្រចាំ​នៅ​កម្ពុជា  បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFIថា ដើម្បី​ដោះស្រាយ​បញ្ហា​គ្រោះ​ថ្នាក់​​ចរាចរណ៍​ដែល​កំពុងតែ​បំផ្លាញ​ជីវិត​ប្រជាជន​កម្ពុជា​រាប់សិប​នាក់​នោះ គឺ​មានតែ​ការ​ពង្រឹង​ច្បាប់ និង​រឹតបន្តឹង​ការអនុវត្ត​ច្បាប់ រួមទាំង​ការផ្សព្វផ្សាយ​ ការអប់រំ​​ឱ្យ​ទូលំ​ទូ​លាយ​ដល់​​ប្រជាពលរដ្ឋ​ដែលជា​អ្នកប្រើប្រាស់​ផ្លូវ​ ឱ្យ​ស្គាល់​ពី​តំលៃ​ជីវិត និង​គោរព​ច្បាប់​តែប៉ុណ្ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ