អាមេរិកប្រកាសប្តេជ្ញាចិត្តជួយដល់ពលរដ្ឋកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ចន ខឺរី (John Kerry) បានផ្ញើសារជូនពរដល់ប្រជាជនកម្ពុជា នៅក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ ប្រមុខការទូតអាមេរិក ក៏បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់អាមេរិក ដើម្បីជួយដល់ប្រជាជនកម្ពុជា កសាងអនាគតមួយ ដែលប្រសើរជាងនេះ។ មន្ត្រីជាន់ខ្ពស់កម្ពុជា បានស្វាគមន៍នូវសារជូនពររបស់ប្រមុខការទូតអាមេរិក និងបានវាយតម្លៃពីកិច្ចសហប្រតិបត្តិការល្អ និងភាពជាដៃគូក្នុងកិច្ចសហការរវាងកម្ពុជា និងអាមេរិកលើគ្រប់វិស័យ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០៩
ក្នុងសេចក្តីថ្លែងការណ៍ជូនជាពិសេសដល់ពលរដ្ឋកម្ពុជា ចុះថ្ងៃទី១១ ខែមេសា លោក ចន ខឺរី បានលើកថា “ក្នុងនាមលោកប្រធានាធិបតី អូបាម៉ា និងប្រជាជនអាមេរិក ខ្ញុំមានសេចក្តីសោមនស្សរីករាយ និងជូនពរមហាបវរដល់ប្រជាជនកម្ពុជា នៅពេលដែលពួកគេប្រារព្ធថ្ងៃបុណ្យចូលឆ្នាំថ្មីចាប់ផ្តើមពីថ្ងៃទី១៤ ខែមេសាទៅ"។
ប្រមុខការទូតអាមេរិក លោក ចន ខឺរី លើកឡើងថា ចាប់តាំងពីពេលលោកធ្វើជាប្រធានគណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភា លោកបានប្តេជ្ញាចិត្តយ៉ាងខ្លាំង ដើម្បីជួយប្រជាជនកម្ពុជា កសាងអនាគតដែលកាន់តែប្រសើរ សម្រាប់មនុស្សជំនាន់ក្រោយ។
លោករដ្ឋមន្ត្រីការបរទេស ចន ខឺរី ជឿជាក់ថា វិថីឆ្ពោះទៅកាន់អនាគតសម្រាប់កម្ពុជា ដែលកាន់តែប្រសើរ រួមមាន ការដោះស្រាយភាពឃោរឃៅ នៃអតីតកាលរបស់កម្ពុជា និងកសាងអនាគតមួយ កាន់តែមានលទ្ធិប្រជាធិបតេយ្យ។
លោក ចន ខឺរី បានគូសបញ្ជាក់ថា អាមេរិក និងកម្ពុជា មានផលប្រយោជន៍រួម នៅក្នុងការជំរុញស្ថិរភាពតំបន់ ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងលើកកម្ពស់វិស័យសុខាភិបាល និងអប់រំ នៅកម្ពុជា។រដ្ឋមន្ត្រីការបរទេសអាមេរិក ក៏បានបន្ថែមថា អាមេរិករង់ចាំពង្រឹងភាពជាដៃគូ ជាមួយកម្ពុជានៅក្នុងឆ្នាំខាងមុខ។
សារជូនពរ និងការប្តេជ្ញាចិត្តជាថ្មីរបស់សហរដ្ឋអាមេរិក ក្នុងកិច្ចការពង្រឹងភាពជាដៃគូ ជាមួយកម្ពុជា ត្រូវបានលោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ស្វាគមន៍ និងមើលឃើញនូវទំនាក់ទំនងកិច្ចសហការល្អប្រសើរ ក្នុងភាពជាដៃគូលើគ្រប់វិស័យ ពិសេសលើកិច្ចសហការប្រឆាំងអំពើភេរវកម្ម ការពង្រឹងសន្តិសុខក្នុងតំបន់ និងលើពិភពលោក។
លោក ផៃ ស៊ីផាន បានគូសបញ្ជាក់ថា ទោះបីជាកម្ពុជា និងអាមេរិក ធ្លាប់ឆ្លងកាត់ភាពល្វីងជូរចត់នឹងគ្នាក្នុងអតីតកាលក៏ដោយ ប៉ុន្តែនៅពេលថ្មីៗនេះ កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាមេរិក ទាំងផ្នែករដ្ឋាភិបាល ទាំងផ្នែកឯកជន និងទាំងផ្នែកសង្គមស៊ីវិល ត្រូវបានពង្រឹងលើគ្រប់វិស័យ ពិសេសក្នុងអាណត្តិរបស់លោក ស៊ី ហ៊ីលឡារី គ្លីនតុន ជារដ្ឋមន្ត្រីការបរទេសអាមេរិក គឺទំនាក់ទំនងកម្ពុជា និងអាមេរិក បានឡើងដល់កំពូលពុំធ្លាប់មានពីមុនឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ