អានតួអត្ថបទ
កម្ពុជា

រដ្ឋ​សភា ចាប់​ផ្តើម​ប្រកាស​ជ្រើស​រើស​បេក្ខជន សមាជិក​គជប​ថ្មី

គណៈ​កម្មា​ធិការ​អចិន្ត្រៃ​រដ្ឋសភា បាន​សម្រេច​ក្នុង​កិច្ច​ប្រជុំ នៅ​ព្រឹក​ថ្ងៃ​ទី​២៧​មីនា​នេះ អនុម័ត​យល់​ព្រម​លើ​បែបបទ និង​នីតិវិធី នៃ​ការ​ជ្រើស​រើស​បេក្ខជន នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត គជប ថ្មី។ ក្នុងនោះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ក៏បាន​យល់​ព្រម​ចាត់​តាំង​អគ្គលេខា​ធិការដ្ឋាន​រដ្ឋ​សភា ធ្វើ​សេចក្តី​ប្រកាស​ជ្រើស​រើស​បេក្ខជន សមាជិក​គជប​ថ្មី។ ការ​ទទួល​ពាក្យ​ស្នើ​សុំ​ពី​បេក្ខជន​មាន​រយៈ​ពេល ១០ ថ្ងៃ គិត​ត្រឹម​ថ្ងៃ​ចុង​ក្រោយ ថ្ងៃ​ទី​៦​មេសា។ ចំណែក​ការ​បោះ​ឆ្នោត អនុម័ត​ជ្រើស​តាំង​សមាសភាព​គជប​ថ្មី ទាំង ៩ រូប នឹង​ធ្វើ​ឡើង នៅ​ថ្ងៃ​ទី​១៣​មេសា។

រដ្ឋសភាកម្ពុជានៅពេលបើកសម័យប្រជុំ។
រដ្ឋសភាកម្ពុជានៅពេលបើកសម័យប្រជុំ។ @RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

 

ចាប់​ពី​ថ្ងៃ​ទី​២៧​មីនា​នេះ រដ្ឋ​សភា ចាប់​ផ្តើម​ទទួល​ពាក្យ​ស្នើ​សុំ​របស់​បេក្ខជន ដែល​មាន​បំណង​ក្លាយ​ជា​សមាជិក​គជប​ថ្មី ទាំង ៩ រូប ស្រប​តាម​ច្បាប់​បាន​កំណត់។ ម៉ោង ៥ ល្ងាច ថ្ងៃ​ទី​៦​មេសា ជា​ថ្ងៃ​ចុង​ក្រោយ នៃ​ការ​ទទួល​ពាក្យ​របស់​បេក្ខជន។ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នឹង​ជួប​ប្រជុំ​ជាថ្មី នៅ​ថ្ងៃ​ទី​៧​មេសា ដើម្បី​ពិនិត្យ​លើ​បញ្ជី​ឈ្មោះ​បេក្ខជន ដែល​ចង់​ក្លាយជា​សមាជិក គជប​ថ្មី ទាំង ៩ រូប ហើយ​បញ្ជូន​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ជ្រើស​រើស មុន​នឹង​រៀប​ចំ​បញ្ជី​ឈ្មោះ ប្រធាន អនុ​ប្រធាន និង​សមាជិក គជប ទាំង ៩ រូប ដាក់​ជូន​រដ្ឋ​សភា ប្រជុំ អនុម័ត​ដោយ​សំឡេង​ភាគ​ច្រើន​ដាច់​ខាត ឬ ៥០ % បូក ១ នៃ​ចំនួន​សមាជិក​រដ្ឋ​សភា សរុប ១២៣ រូប។

ការសម្រេច​ដូច្នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​គណៈក​ម្មា​ធិ​ការ​អចិន្ត្រៃយ៍​រដ្ឋសភា ១៣ រូប ដឹកនាំ​ដោយ​លោក​ហេង​សំរិន កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី២៧មីនា​នេះ។ អង្គប្រជុំ បានអនុម័ត​យល់ព្រម​លើ​បែបបទ និង​នីតិវិធី នៃ​ការជ្រើសរើស​បេក្ខជន នៃ​គជប​ថ្មី។ បែបបទ និង​នីតិវិធី ត្រូវបាន​កំណត់​ក្នុង​ច្បាប់​គជប ដែល​ទើប​ប្រកាស​ឲ្យ​ប្រើ កាលពី​ថ្ងៃទី២៦មីនា។

នោះ​គឺ​សមាសភាព​គជប ត្រូវ​ជ្រើសរើស​ក្នុងចំណោម​ឥស្សរជន​ខ្មែរ​ទាំង​ពីរភេទ ដែលមាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត និង​មាន​សញ្ជាតិ​ខ្មែរ​តែមួយគត់ មាន​អាយុ​យ៉ាងតិច ៣៥ ឆ្នាំ មាន​សញ្ញាបត្រ​ចាប់ពី​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​ឡើងទៅ មាន​បទពិសោធ​ការងារ​យ៉ាងតិច ១០ ឆ្នាំ និង​មិន​ត្រូវជា​សាច់ញាតិ​របស់​ប្រធាន អនុប្រធាន​គណបក្សនយោបាយ ដែល​ចូលរួម​ប្រកួតប្រជែង ក្នុងការ​បោះឆ្នោត។

ច្បាប់​គជប ក៏បាន​កំណត់ថា សមាសភាព​គជប​ថ្មី មាន ៩ រូប ដោយ ៤ រូប ជ្រើសរើស​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ៤ រូប ជ្រើសរើស​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ និង ១ រូប​ទៀត ជ្រើសរើស​ដោយមាន​ការ​ព្រមព្រៀងគ្នា​រវាង​គណ​បក្ស​ទាំងពីរ។

រហូត​មក​ដល់​ពេល​នេះ សមាសភាព​គជប​ថ្មី មិន​ត្រូវ​បាន​បញ្ជាក់​នៅ​ឡើយ​ទេ។ លោក យ៉ែម បុញ្ញឫទ្ធិ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹងថា គណបក្ស​ទាំងពីរ មិនទាន់​សម្រេច​នៅឡើយ​ទេ ដោយ​រង់ចាំ​ពិនិត្យ​លើ​បញ្ជី​បេក្ខជន ដែល​ដាក់ពាក្យ​ទៅ​រដ្ឋសភា។

យ៉ាងណា​ក៏ដោយ បេក្ខភាព​លោក គួយ ប៊ុន​រឿន មកពី​គណបក្ស​សង្គ្រោះ​ជាតិ តែ​ម្នាក់​គត់ ត្រូវបាន​គេ​ផ្សព្វ​ផ្សាយ។ ចំណែក​លោក​ស្រី ពុង ឈីវ​ហ្កេក ជា​សមាសភាព​គជប​ទី៩ ដែល​គណបក្ស​ទាំងពីរ បាន​ព្រម​ព្រៀង។ ក៏​ប៉ុន្តែ​ចុង​ក្រោយ​នេះ លោក​ស្រី ពុង ឈីវ​ហ្កេក មិន​ទាន់​បញ្ជាក់​ជា​ថ្មី​នៅ​ឡើយ​ទេ ពាក់​ព័ន្ធ​នឹង​ច្បាប់​កំណត់​ឲ្យ​សមាសភាព​គជប ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ