អានតួអត្ថបទ
កម្ពុជា

គណបក្ស​ទាំង​ពីរ​នៅ​ខ្វែង​គំនិត​គ្នា​បញ្ហា​ស្វ័យ​ភាព​ការងារ​របស់​សមាជិក​គ.ជ.ប​

ក្រុម​ការងារ​​វិសោធន​​កម្ម​​រដ្ឋ​ធម្មនុញ្ញ​​រប​ស់​​គណបក្ស​​ប្រជាជន​​កម្ពុជា ​និង​​គណបក្ស​​សង្គ្រោះ​​ជាតិ​​កាល​ពី​​រសៀល​​ថ្ងៃ​ សុក្រ ​ម្សិល​មិញ ​បាន​​ជួប​ប្រជុំ​​ពិភាក្សា​គ្នា​​នៅ​​វិមាន​​រដ្ឋ​សភា​។​ ក្រុម​ការ​ងារ​​នៃ​​គណបក្ស​​ទាំង​​ពីរ​បាន​​ឯកភាព​គ្នា​​រៀប​ចំ​​វិសោធនកម្ម​​មាត្រា ​៧៦ ​និង ​ការ​បង្កើត​​ជំពូក​​ថ្មី​​ទាក់​ទង​​នឹង​​អង្គ​ការ​រៀប​ចំ​​ការ​បោះ​ឆ្នោត​​នៅ​ក្នុង​​រដ្ឋ​ធម្មនុញ្ញ​។ ​ប៉ុន្តែ​​បក្ស​​ជាប់​ឆ្នោត​​ទាំង​ពីរ​​បាន​​ខ្វែង​គំនិត​​គ្នា​​លើ​​ការ​ផ្តល់​​ស្វ័យ​ភាព​​ការងារ​​ដល់​​សមាជិក​​គ​ណៈ​​ក​ម្មា​ធិ​ការ​​ជាតិ​​រៀប​ចំ​​ការ​បោះ​ឆ្នោត​​នៅ​ក្នុង​​ជំពូក​​ថ្មី​​នេះ​។​ 

លោក ​សុខ ​ឥសាន ​សមាជិក​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា ​ផ្តល់​បទ​សម្ភាស​ជាមួយ​អ្នក​កាសែត​ក្រោយ​បញ្ចប់​កិច្ច​ពិភាក្សា​។
លោក ​សុខ ​ឥសាន ​សមាជិក​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា ​ផ្តល់​បទ​សម្ភាស​ជាមួយ​អ្នក​កាសែត​ក្រោយ​បញ្ចប់​កិច្ច​ពិភាក្សា​។ RFI
ផ្សាយពាណិជ្ជកម្ម

កិច្ចពិភាក្សា​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង ច្បាប់​រៀបចំ​ការបោះឆ្នោត​ដែល​អាច​ឲ្យ​តំណាងរាស្ត្រ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​សភា ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​ទាំងស្រុង​នោះ នៅតែ​មិនទាន់​សម្រេចបាន​នៅឡើយ។ មិនទាន់​បានសម្រេច ដោយសារ​គណបក្ស​ទាំងពីរ មិន​ឯកភាពគ្នា​នូវ​ចំណុច​ខ្លះ​នៅត្រង់​មាត្រា ១៥០ និង ១៥១ ថ្មី​នៅក្នុង​ជំពូក​ទី១៥ ថ្មី​ដែល​គណបក្ស​ទាំង​ពីរបាន​ឯកភាពគ្នា​បង្កើតឡើង។

នៅក្នុង​មាត្រា ១៥០ ថ្មី គណបក្ស​សង្គ្រោះ​ជាតិ​បានស្នើ​ឲ្យ​បញ្ចូល​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​មាន​ស្វ័យភាព​ក្នុងការ​រៀបចំ និង​ចាត់ចែង​ការងារ​របស់ខ្លួន បន្ថែម​ពីលើ​ការ​មាន​ថវិកា​ស្វយ័ត​សម្រាប់​ដំណើរ​ការដែល​គណបក្ស​ទាំង​ពីរបាន​ឯកភាពគ្នា។ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បដិសេធ​ដោយ​លើក​ហេតុផល​ថា ចំណុច​នេះ​បានកំណត់​ក្នុង​មាត្រា​ថ្មី​នេះ​រួចហើយ និង​ត្រូវ​កំណត់​បន្ថែម​នៅក្នុង​ច្បាប់​ស្តីពី​ការរៀបចំ និង ការប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត។ ចំណែក​មាត្រា១៥១ថ្មី ក៏មាន​ការមិន​ឯកភាព​បន្តិចបន្តួច​ផងដែរ។

យ៉ាងណាក៏ដោយ ក្រោយ​ជួប​ពិភាក្សាគ្នា​អស់​រយៈពេល​ជាង ៤ ម៉ោង ក្រុមការងារ​គណបក្ស​ទាំងពីរ​បាន​អះអាងថា ការពិភាក្សាគ្នា​នេះ​ទទួលបាន​ជោគជ័យ ៩៥ ភាគរយ​ហើយ​បើទោះបី​នៅមាន​ចំណុច​ខ្វែងគំនិត​គ្នា​ខ្លះ​ក៏ដោយ។ តំណាង​ក្រុមការងារ​គណបក្ស​ទាំងពីរ​លើកឡើង​ដូចគ្នា​ថា ចំណុច​ខ្វែងគំនិត​គ្នា​នេះ​ទុក​ឲ្យ​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ទាំងពីរ​សម្រេច ហើយ​ថា អាច​នឹង​បញ្ចប់​ក្នុងពេលឆាប់ៗខាងមុខនេះ។

ចំពោះ​បញ្ហា​អភ័យ​ឯក​សិទ្ធ​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ត្រូវបាន​លោក សុខ ឥសាន សមាជិក​ក្រុមការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បញ្ជាក់ថា គណបក្ស​ទាំង​ពីរបាន​ពិភាក្សាគ្នា​យ៉ាង​ល្អិតល្អន់ ប៉ុន្តែ​មិន​ប្រើពាក្យ​ផ្តល់​អភ័យ​ឯក​សិទ្ធ​ទេ គឺ​ការពារ​ដោយ​ច្បាប់ ដែល​មានន័យ​ប្រហាក់ប្រហែល​នឹង​អភ័យ​ឯក​សិទ្ធ​ដែរ។ ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់ និង ជា​សមាជិក​ក្រុមការងារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក គីម​សួរ ភិ​រិ​ទ្ធ បានបញ្ជាក់​បន្ថែមថា សមាជិក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​ទទួលបាន​ការការពារ​តាមផ្លូវ​ច្បាប់ ដែល​អាច​ឲ្យ​សមាជិក​ទាំងនោះ​ទទួលបាន​ឯករាជ្យ​ភាពមិន​ភ័យខ្លាច​ក្នុងការ​បំពេញការងារ​ដូច​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ និង ចៅក្រម។

សូម​ជំរាបជូន​ថា ក្រុមការងារ​វិសោធន​កម្ម​រដ្ឋធម្មនុញ្ញ​រប​ស់​គណបក្ស​ទាំងពីរ​ដែល​បាន​ជួបពិភាក្សា​គ្នា​នេះ មាន​ចំនួន ៥ រូប​ម្ខាង។ ក្នុងនោះ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា មាន លោក ប៉ែន បញ្ញា លោក ហែម ខន លោក សុខ ឥសាន លោកស្រី គ្រួច សំអាន និង លោក កើត រិ​ទ្ធ ។ ចំណែក​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​វិញ មាន លោក អេង ឆៃអ៊ាង លោក អ៊ូ ច័ន្ទ​ឫទ្ធិ លោក ប៉ុល ហំ​ម លោក គីម​សួរ ភិ​រិ​ទ្ធ និង កែ​ត ឃី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ