អានតួអត្ថបទ
កម្ពុជា

សង្គមស៊ីវិល​កម្ពុជា​ទាមទារ​ឲ្យ​ប្រទេស​អភិវឌ្ឍន៍​ដោះស្រាយ​ការ​ប្រែប្រួល​អាកាសធាតុ

នៅក្នុង​សេចក្តីថ្លែងការណ៍​រួមគ្នា​មួយ​ដែល​ចេញផ្សាយ​នៅ​ចុង​សប្តាហ៍​នេះ បណ្តាញ​សង្គម​ស៊ីវិល​កម្ពុជា​បាន​សុំ​ឲ្យ​បណ្តា​ប្រទេស​អភិវឌ្ឍន៍​ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​ដែល​បណ្តាលមកពី​ការ​បំ​ភាយ​ឧ​ស្ម័ន​ផ្ទះ​កញ្ចក់​ដែល​កំពុង​បង្ក​ផលប៉ះពាល់​ធំធេង​ដល់​ប្រជាជន​ក្នុងប្រទេស​ក្រីក្រ​ក្នុងនោះ​ក៏មាន​កម្ពុជា​ដែរ។ សេចក្តីថ្លែងការណ៍​នេះ​ធ្វើឡើង​សម្រាប់​សន្និសីទ​​លើក​ទី១៨ នៃ​បណ្តា​ភាគី​​អនុសញ្ញា​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី២៦វិច្ឆិកា​ដល់​ថ្ងៃទី៧ធ្នូ នៅ​ទីក្រុង​ដូ​ហា ប្រទេស​កាតា។

នៅក្នុង​ឆ្នាំ​២០១២នេះ ទឹកជំនន់​នៅ​កម្ពុជា​បាន​សម្លាប់​មនុស្ស​រាប់រយ​នាក់ ហើយ​ដំណាំកសិកម្ម​ក៏​ត្រូវ​បំផ្លិចបំផ្លាញ​អស់​យ៉ាងច្រើន​ដែរ
នៅក្នុង​ឆ្នាំ​២០១២នេះ ទឹកជំនន់​នៅ​កម្ពុជា​បាន​សម្លាប់​មនុស្ស​រាប់រយ​នាក់ ហើយ​ដំណាំកសិកម្ម​ក៏​ត្រូវ​បំផ្លិចបំផ្លាញ​អស់​យ៉ាងច្រើន​ដែរ ©ចាន់ណា
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តីថ្លែងការណ៍​រួមមួយ​ដែល​ចេញផ្សាយ​នៅ​ថ្ងៃអាទិត្យ​នេះ វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​កម្ពុជា ( The NGO Forum on Cambodia ) និង​បណ្តាញ​នៃ​ការប្រែប្រួល​អាកាសធាតុ​កម្ពុជា (CCCN) បាន​ទទូច​ឲ្យ​ប្រទេស​អភិវឌ្ឍន៍​ដោះស្រាយ​ផលប៉ះពាល់​ដែល​បណ្តាលមកពី​ការប្រែប្រួល​អាកាសធាតុ។

សេចក្តីថ្លែងការណ៍​រួម​បញ្ជាក់ថា ដោយសារ​ប្រជាជន​កម្ពុជា​ពឹងផ្អែក​ទៅលើ​ធនធានធម្មជាតិ ជីវភាព​របស់​ពួកគេ​ងាយ​ទទួលរង​ផលប៉ះពាល់​ដោយសារតែ​ផលវិបាក​បណ្តាលមកពី​ការប្រែប្រួល​អាកាសធាតុ ដូចជា​គ្រោះទឹកជំនន់ ឬ​គ្រោះរាំងស្ងួត​ជាដើម ​ដែល​មិនអាច​ទស្សទាយ​បាន។ ប្រឈម​នឹង​បញ្ហា​នេះ សមត្ថភាព​បន្ស៊ាំ​របស់​ប្រជាជន​កម្ពុជា​ក៏​នៅ​ទាប​នៅឡើយ​ពីព្រោះ​តែ​ភាពក្រីក្រ។ ៥៣ភាគរយ​នៃ​ពលរដ្ឋ​កម្ពុជា​រកប្រាក់​ចំណូល​បាន​តិចជាង២ដុល្លារ​ក្នុង​មួយថ្ងៃ ចំណែកឯ​ប្រជាជន១ភាគ៣ផ្សេងទៀត​រស់នៅ​ក្រោម​បន្ទាត់​នៃ​ភាពក្រីក្រ​នៅឡើយ​ ដោយ​រកចំណូលបាន​តិចជាង​មួយ​ដុល្លា​ក្នុង​មួយថ្ងៃ។ ក្នុងស្ថានភាព​បែបនេះ កម្ពុជា​នឹង​ទទួលរង​គ្រោះ​យ៉ាងធ្ងន់ធ្ងរ​ពី​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​យ៉ាងច្រើន​ពី​បណ្តា​ប្រទេស​អភិវឌ្ឍន៍។

បណ្តាញ​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា​ទាំងពីរ​បន្តថា ក្នុង​ឆ្នាំ ២០១១កន្លងទៅ ប្រជាជន​កម្ពុជា​ជាង ១,៦ លាន​នាក់​ទទួលរង​ផលប៉ះពាល់​ដោយ​ទឹកជំនន់ ក្នុងនោះ​មាន​មនុស្ស ២៥០ នាក់​ស្លាប់ និង​ដំណាំ​កសិកម្ម​ជាច្រើន​ត្រូវបាន​បំផ្លាញ។ ដូច្នេះ សម្រាប់​កម្ពុជា បញ្ហា​ប្រែប្រួល​អាកាសធាតុ មិនមែនជា​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​ទៅ​ថ្ងៃ​អនាគត​ទេ ប៉ុន្តែ ជា​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​នាពេល​បច្ចុប្បន្ន​តែម្តង។ ប្រជាជន​ក្រីក្រ​កម្ពុជា​ត្រូវការ​ជំនួយ​ជាបន្ទាន់​ពី​សហគមន៍​អន្តរជាតិ​ ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនោះ ប្រសិនបើ​មិន​ដូច្នោះ​ទេ​ ជីវភាព​របស់​ពួកគេ​នឹង​កាន់តែ​វេទនា​ថែមទៀត។

ស្ថិតក្នុង​ស្ថានភាព​បែប​នេះ បណ្តាញ​សង្គម​ស៊ីវិល​កម្ពុជា​បាន​លើក​សំណូមពរ​មួយចំនួន​ជូន​ដល់​អង្គ​សន្និសីទ​ទីក្រុង​ដូ​ហា​ពិចារណា និង​អនុម័ត។ សំណូមពរ​ទាំងនោះ​មានដូចជា កំណើន​កម្តៅ​សាកល​ត្រូវ​កម្រិត​មិន​ឲ្យ​លើសពី ១,៥ អង្សា​សេ​ទេ​ក្នុង​ឆ្នាំ ២០២០ ពីព្រោះ​កំណើន​លើសពីនេះ​នឹង​ប៉ះពាល់​ដល់​ជីវិត​មនុស្ស​រាប់លាន​នាក់​ ក្នុងនោះ​ក៏មាន​ប្រជាជន​កម្ពុជា​ដែរ។

បណ្តាញ​សង្គម​ស៊ីវិល​កម្ពុជា​ក៏បាន​ទាមទារ​ឲ្យ​ប្រទេស​អភិវឌ្ឍន៍​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ឲ្យ​បាន ៤០ភាគរយ​នៅ​ឆ្នាំ ២០២០ ធៀប​នឹង ឆ្នាំ ១៩៩០ ។ ពួកគេក៏បានទាមទារ​ឲ្យ​ប្រទេស​ឧស្សាហកម្ម​ជឿនលឿន​ផ្តល់​ថវិកា​គាំទ្រ​ឲ្យ​បាន​ទៀងទាត់​ដល់​កម្មវិធី​សកម្មភាព​នានា​ ដើម្បី​បន្ស៊ាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ ដែលជា​សំណង​ការខូចខាត​ដល់​ប្រជាជន​ក្រីក្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ