អានតួអត្ថបទ
កម្ពុជា

រដ្ឋា​ភិបាល​កម្ពុជា​​សុំឲ្យឡាវ ​ផ្អាក​ការ​សាង​សង់​ទំនប់​វា​រី​អគ្គិ​សនី​ដន​សា​ហុងសិន

រដ្ឋា​ភិបាល​កម្ពុជា​ បាន​សុំ​ឲ្យ​រដ្ឋា​ភិបាល​ឡាវ ​ផ្អាក​គម្រោង​សាង​សង់​ទំនប់​វារី​អគ្គិ​សនី ​ដន សាហុង ជាបណ្តោះអាសន្នសិន ដើម្បីរង់ចាំការសិក្សាឲ្យ​បាន​ច្បាស់លាស់។ បញ្ហា​ផល​ប៉ះពាល់​នានា​​ដែល​អាច​បង្កឡើង​ដោយទំនប់​នេះ ​នឹងត្រូវ​លើក​យក ទៅ​ពិភាក្សា ​ក្នុង​កិច្ចប្រជុំ​កំ​ពូល​លើក​ទី​២ នៃ​គណៈ​កម្មការ​ទន្លេ​មេគង្គ​នៅ​ក្នុង​ប្រ​ទេស​វៀត​ណាម​ នៅ​ថ្ងៃ​ទី ៤ដល់​ថ្ងៃ​ទី ៥ មេសា​ខាង​មុខ។ ការ​បញ្ជាក់​ជំហរ​បែប​នេះ​បានធ្វើ​ឡើង​ដោយ​លោក លឹម គានហោ រដ្ឋ​មន្ត្រី​ក្រសួង​ធនធានទឹក​ ​ខណៈ​ដែល​គណៈ​ប្រតិភូ​កម្ពុជា​ត្រៀម​ខ្លួន​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​នោះ។

​ទីកន្លែង​ដែល​ឡាវ​គ្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី ដន​ សាហុង នៅ​តួ​ទន្លេ​មេ នៃ​ទន្លេមេគង្គ​ក្រោម ក្នុង​តំបន់​ស៊ីផា​ន់​ដន។
​ទីកន្លែង​ដែល​ឡាវ​គ្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី ដន​ សាហុង នៅ​តួ​ទន្លេ​មេ នៃ​ទន្លេមេគង្គ​ក្រោម ក្នុង​តំបន់​ស៊ីផា​ន់​ដន។ @international rivers
ផ្សាយពាណិជ្ជកម្ម

លោក លឹម គានហោ រដ្ឋ​មន្ត្រី​ក្រសួង​ធន​ធាន​ទឹក និង​ជា​ប្រធាន​គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ បាន​​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា​កម្ពុជា​ បាន​សុំរួចហើយ ​ឲ្យ​ប្រទេស​ឡាវ​ ផ្អាក​ការ​សាង​សង់​ទំនប់​វា​រី​អគ្គិសនី​ដន សា​ហុង ដែល​ស្ថិត​នៅ​លើ​តួ​ទន្លេ​មេ​នៃ​ទន្លេ​មេគង្គ ជាបណ្តោះអាសន្នសិន ដើម្បីរង់ចាំការសិក្សាឲ្យ​បាន​ល្អិត​ល្អន់សិន​។

លោក លឹម គានហោ បាន​បញ្ជាក់​​ថា កន្លង​មកមិន​មែន​តែកម្ពុជាទេ តែមានទាំង​ថៃ និង​វៀតណាមដែរ ដែល​ធ្លាប់​បាន​សរសេរ​លិខិត​មួយ​ ស្នើ​ជូន​ដល់​រដ្ឋា​ភិបាល​ឡាវ ​ឲ្យ​ផ្អាក​ការ​សាង​សង់​ទំនប់ ដន សា​ហុង​រួច​មក​ហើយ។ កម្ពុជា​ក៏​នឹង​លើក​យក​ពី​ផល​ប៉ះ​ពាល់​នានា​របស់​គម្រោង​​សាងសង​ទំនប់​ដន​សា​ហុង ដែល​សង្គម​ស៊ីវិល និង​រដ្ឋា​ភិបាល​បាន​រក​ឃើញ​រួម​គ្នា ដាក់​ជូន​ក្នុង​កិច្ច​ប្រជុំ​កំពូល​នៅ​ប្រទេស​វៀតណាម​នា​សប្តាហ៍​ក្រោយនេះ​ផងដែរ។

ការបញ្ជាក់​ជំហរ​បែបនេះ​ បាន​ធ្វើឡើង​ខណៈដែល​គណៈ​ប្រតិភូ​កម្ពុជា​កំពុង​ត្រៀមខ្លួន​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​លើក​ទី២ នៃ​គណៈកម្មការ​ទន្លេមេគង្គ ក្នុងប្រទេស​វៀតណាម ចាប់ពី​ថ្ងៃទី ៤ ដល់ទី ៥ មេសា​នេះ។ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស គណៈប្រតិភូ​កម្ពុជា​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​នេះ។ លោក លឹម គាន ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ក៏ត្រូវ​ចូលរួម​កិច្ចប្រជុំ​នេះដែរ។

ស្របពេល​ជាមួយគ្នានេះ អង្គការ​សង្គម​ស៊ីវិល​ក៏​កំពុង​ធ្វើ​សកម្មភាព​យ៉ាងខ្លាំង​ដើម្បី​ប្រឆាំងនឹង​ការសាងសង់​ទំនប់​នេះ។ កាលពីពេលថ្មីៗនេះ សង្គម​ស៊ីវិល និង​ដៃគូ​ពាក់ព័ន្ធ​រួមជាមួយ​តំណាង​​រដ្ឋាភិបាល​ផង​បាន​បើក​សិក្ខាសាលា​ថ្នាក់ជាតិ​មួយ ​​ដើម្បី​បង្ហាញ​ពី​ក្តី​កង្វល់​​របស់​សហគមន៍​ប្រជាជន​នៅតាម​ដង​ទ​ន្លេ​មេគង្គ។ នៅពេល​នេះដែរ សង្គម​ស៊ីវិល​ទាំងនោះ​កំពុង​ធ្វើ​សកម្មភាព​នៅក្នុង​ខេត្តស្ទឹងត្រែង​ និង​ក្រចេះ ​ដើម្បី​ទាមទារ​ឲ្យ​ឡាវ​ផ្អាក​ការសាងសង់​ទំនប់​នេះ។

ទំនប់​វា​រី​អគ្គិសនី ដន​សា​ហុង ដែលមាន​ថាមពល ២៦០ មេ​ហ្កា​វ៉ា​ត់ គឺជា​ទំនប់​មួយ​ក្នុងចំណោម​ទំនប់​វា​រី​អគ្គិសនី​ទាំង ១២ ដែល​គ្រោង​សាងសង់​ទៅលើ​តួ​ទន្លេ​មេ នៃ​ទន្លេមេគង្គ​ក្រោម ក្នុង​តំបន់​ស៊ីផា​ន់​ដន របស់​ប្រទេស​ឡាវ។ បច្ចុប្បន្ន​ទំនប់​នេះ កំពុង​ត្រូវបាន​ចាប់ផ្តើម​សិក្សា និង​ដាក់សំណើ​សម្រាប់​ការសាងសង់​បន្ទាប់ពី​ទំនប់​វា​រី​អគ្គិសនី​សា​យ៉ា បូរី។ ទំនប់​នេះ​មាន​ទីតាំង​ស្ថិតនៅ​ចំងាយ​ប្រមាណ ២គីឡូ​ម៉ែត​ពី​ព្រំដែន​កម្ពុជា ឡាវ ក្នុង​ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ។

គេ​នៅ​រង់ចាំ​មើលថា គណៈកម្មការ​ទន្លេមេគង្គ ដែលមាន​ប្រទេស​កម្ពុជា ថៃ វៀតណាម និង​ឡាវ​នោះ សម្រេច​ឲ្យ​ប្រទេស​ឡាវ​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ដន​សា​ហុង​នេះដែរ​រឺទេ បន្ទាប់ពី​កិច្ចប្រជុំ​លើក​ទី២ នៃ​គណៈកម្មការ​នៃ​ទន្លេមេគង្គ ក្នុងប្រទេស​វៀតណាម ក្នុង​ថ្ងៃទី ៤ ដល់ ទី ៥មេសា ត្រូវបាន​បញ្ចប់​នោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ