អានតួអត្ថបទ
កម្ពុជា-សង្គម

កីឡា​ជាតិ​លើក​ទី២៖​ កីឡាករ​ប្រមាណ​ជា​២០​% ​បាន​បោះ​បង់​ចោល​ការ​ប្រកួត​

ការ​ប្រកួត​​កីឡា​ជាតិ​​លើក​​ទី​២​ឆ្នាំ២០១៨​នេះ ​នឹង​​បិទ​​បញ្ចប់​ នៅ​​ល្ងាច​ ថ្ងៃទី ​៤ ​មិថុនា ​ស្អែក​​នេះ ​ដោយ​មាន​​ការ​ចូលរួម​​ជា​​អធិបតីភាព​​របស់​លោក​​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​និង​​ភរិយា​។ ​ការ​ប្រកួត​​កីឡា​​ជាតិ​​លើក​​ទី​២ ​ដែល​​បាន​​ប្រព្រឹត្តិ​​ទៅ​​អស់​​រយៈពេល​​ជិត​១០​ថ្ងៃ​​មក​នេះ ​មាន​​ទាំង​​ចំណុច​​វិជ្ជមាន​​ផង​ និង​​អវិជ្ជមាន​​ផ​ង​​។ ​អវិជ្ជមាន​​​ ​នោះ​​គឺ​​កីឡាករ​​ប្រមាណ​​ជា​២០​% ​បាន​​បោះ​បង់​ចោល​​កា​រ​ប្រកួត ​ដោយ​សារ​តែ​​គម្លាត​​នៃ​​សមត្ថភាព​​របស់​​អ្នកកីឡា​​មក​ពី​​តាម​​បណ្តា​​ខេត្ត​ ដែល​​មិន​អាច​​ប្រៀប​ផ្ទឹម​​បាន​ជា​​មួយអ្នក​​កីឡា​​នៅ​​រាជធានី ​និង​​ក្រសួង​​ស្ថាប័នរដ្ឋ​​បាន​។ 

ថ្នាល​កីឡាករ​-​កីឡាការិនី ​កាយ​សម្ព័ន្ធ​កម្ពុជា​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​ប្រកួត​កីឡាជាតិ​លើក​ទី​២​ឆ្នាំ​២០១៨ ​។​
ថ្នាល​កីឡាករ​-​កីឡាការិនី ​កាយ​សម្ព័ន្ធ​កម្ពុជា​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​ប្រកួត​កីឡាជាតិ​លើក​ទី​២​ឆ្នាំ​២០១៨ ​។​ @NOCC
ផ្សាយពាណិជ្ជកម្ម

ពិធី​បិទ​ការប្រកួត​កីឡា​ជាតិ នឹងធ្វើ​ឡើង​នៅឯ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ចាប់ពី​វេលា​ម៉ោង៤រសៀល​តទៅ។ ពិធី​បិទ​ការប្រកួត​នេះ នឹងធ្វើ​ឡើង​ក្រោម​អធិបតីភាព​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា និង​មហាជន​រាប់ម៉ឺន​នាក់។ បើតាម​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ពិធី​បិទ​នេះ​នឹង​រៀបចំឡើង​យ៉ាង​អស្ចារ្យ មិន​ចាញ់​ពិធី​បើក​ការប្រកួត​កាលពី​ថ្ងៃទី ២៥ ឧសភា នោះទេ ដ្បិត​នឹងមាន​ការបង្ហាញ​នូវ​ផ្ទាំងទស្សនីយភាពប្លែកៗ ការសម្តែង​កាំជ្រួច និង​ជាពិសេស​គឺ​ការសម្តែង​រួមគ្នា​នូវ​ទស្សនីយភាព​វប្បធម៌ កីឡា សន្តិភាព និង​ការអភិវឌ្ឍ ដែល​បង្ហាញ​ពី​តម្លៃ និង​ការ​រីកចំរើន​នៃ​វិស័យ​កីឡា​នៅ​កម្ពុជា។

គួរ​ជំរាបជូន​ថា ការប្រកួត​កីឡា​ជាតិ​លើក​ទី២ឆ្នាំ២០១៨នេះ បាន​ប្រព្រឹត្តិ​ទៅ​អស់​រយៈពេល​ជិត១០ថ្ងៃ​មកហើយ។ រយៈពេល​ជិត១០ថ្ងៃ គណៈកម្មាធិការ​រៀបចំ​ការប្រកួត​បានកត់សំគាល់​ថា ការប្រកួត​កីឡា​ជាតិ​លើក​នេះ មាន​ទាំង​ចំណុច​វិជ្ជមាន​ផង និ​អវិជ្ជមាន​ផង។ នោះ​គឺ​កីឡាករ​ប្រមាណ​ជា២០% បាន​បោះបង់ចោល​ការប្រកួត ដោយសារតែ​គម្លាត​នៃ​សមត្ថភាព​របស់​កីឡា​មកពី​តាម​បណ្តា​ខេត្ត ដែល​មិនអាច​ប្រៀបផ្ទឹម​បានជា​មួយ​កីឡា​នៅ​រាជធានី និង​ក្រសួង​ស្ថាប័នរដ្ឋ​បាន។ យ៉ាងណាក៏ដោយ ចំណុច​អវិជ្ជមាន​នេះ នឹងត្រូវ​កែប្រែ​នៅ​ឆ្នាំ​បន្តបន្ទាប់ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​សមត្ថភាព​របស់​កីឡាករ​កម្ពុជា​កើនឡើងព្រមៗគ្នា។ នេះ​បើតាម​ការកត់សំគាល់ របស់លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា។

យោងតាម​លទ្ធផល​បណ្តោះ​អាសន្ន គិត​ត្រឹម​រសៀល​ថ្ងៃទី ៣ ខែមិថុនា​នេះ ក្លិប​ក្រសួងមហាផ្ទៃ នៅតែ​ឈ​កំពូល​តារាង​មេដាយ ក្នុងចំណោម​ក្លិប​កីឡា​មកពី​ក្រសួង និង​រាជធានី​ខេត្ត ចំនួន២៨នៅ​ទូទាំងប្រទេស ដោយ​ប្រមូលបាន​មេដាយ​សរុប១១៤គ្រឿង ក្នុងនោះ​មាស៦៣គ្រឿង ប្រាក់៣២គ្រឿង និង​សំរិត​ចំនួន១៩គ្រឿង តាម​ពីក្រោយ​ដោយ​ក្លិប​រាជធានី​ភ្នំពេញ ១០១គ្រឿង និង​ក្លិប​ក្រសួងការពារជាតិ៥៤គ្រឿង។ ចំណែកឯ​ខេត្ត​ប៉ៃលិន​វិញ នៅ​មិនទាន់​រកបាន​មេដាយ​មួយគ្រឿង​ណា​ឡើយ។

ការប្រកួត​កីឡា​ជាតិ​រយៈពេល២ឆ្នាំ​ម្តងនេះ គឺជា​អ្វីដែល​រដ្ឋាភិបាល​កម្ពុជា​ធ្វើឡើង ដើម្បី​ត្រៀមខ្លួន​ឆ្ពោះទៅ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី៣២ នៅ​ឆ្នាំ​២០២៣​ខាងមុខ។ រាប់​ចាប់តាំងពី​ពេលនេះ​តទៅ កម្ពុជា​នៅមាន​ពេល​ពីរដង​ទៀត ដើម្បី​ត្រៀម​ខ្លួន គឺ​នៅ​ឆ្នាំ២០២០ម្តង និង​ឆ្នាំ២០២២ម្តងទៀត។ សូម​បញ្ជាក់ដែរថា ការប្រកួត​កីឡា​​ជាតិ​​លើក​ទី២ឆ្នាំ២០១៨នេះ កម្ពុជា​បាន​ប្រើប្រាស់​កីឡាដ្ឋានធំៗចំនួន​ពីរ គឺ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក និង​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន។ ក្រៅពីនេះ ការប្រកួត​ក៏មាន​រៀបចំ​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ដែរ។ ការប្រកួត​កីឡា​ជាតិ​លើក​ទី២ឆ្នាំ២០១៨នេះ មាន​អត្ត​ព​លិ​កជាង៤ពាន់​នាក់​ចូលរួម លើ២៧ប្រភេទ​កីឡា ដោយ​ចំណាយ​ថវិកា​អស់​ជាង១លាន​ដុល្លារ​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ