អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

ថ្ងៃ​បោះ​ឆ្នោត៖ នៅ​ភ្នំពេញ មាន​ភាព​ស្ងប់​ស្ងាត់ តែ​ពលរដ្ឋ​ប្រមូល​ផ្តុំ​គ្នា​នៅ​មណ្ឌល​បោះ​ឆ្នោត

ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ២០១៨ នេះ គឺ​ជា​ថ្ងៃ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្រ្ត នីតិកាល​ទី​៦ ដែល​មាន​គណបក្ស​នយោបាយ​ចំនួន​២០ ចូល​រួម​ប្រកួត​ប្រជែង។ តាំង​ពី​ព្រឹក​ព្រលឹម​ថ្ងៃ​ម្សិលមិញ ពលរដ្ឋ​ជា​ច្រើន បាន​នាំគ្នា​សម្រុក​ចេញ​ពី​រាជធានី​ភ្នំពេញ ទៅ​បោះ​ឆ្នោត​នៅ​តាម​ស្រុក​កំណើត​របស់​ខ្លួន។ ខណៈ​បរិយាកាស​ទូទៅនៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​បោះ​ឆ្នោត​នេះ មាន​សភាព​ស្ងប់​ស្ងាត់ តែ​ពលរដ្ឋ​បាន​នាំ​គ្នាចេញ​ទៅ​បោះឆ្នោត​ជាបន្ត​បន្ទាប់​ ក្រោម​ការ​យាមកាម​យ៉ាង​តឹងរឹង​នៅ​តាម​មណ្ឌល​បោះ​ឆ្នោត​។  

បុរសម្នាក់ កំពុងស្វែងរកឈ្មោះរបស់ខ្លួន នៅក្នុងបញ្ជីបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត ថ្ងៃទី២៩​ ខែកក្កដា ឆ្នាំ២០១៨នេះ។
បុរសម្នាក់ កំពុងស្វែងរកឈ្មោះរបស់ខ្លួន នៅក្នុងបញ្ជីបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត ថ្ងៃទី២៩​ ខែកក្កដា ឆ្នាំ២០១៨នេះ។ @REUTERS/Darren Whiteside
ផ្សាយពាណិជ្ជកម្ម

ចាប់​តាំង​ពី​ព្រឹក​ព្រលឹម​ស្រាងៗ​ ថ្ងៃអាទិត្យ ទី២៩ ខែកក្កដានេះ ក្រុម​ការងារ​នៃ​គណៈកម្មាធិការជាតិ​រៀប​ចំការ​បោះឆ្នោត នៅ​តាម​ការិយាល័យ​បោះឆ្នោត​នៅ​រាជធានី​ភ្នំពេញ បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ដើម្បី​ទទួល​ពលរដ្ឋ​ដែល​គ្រប់​អាយុ​ ហើយ​មាន​សិទ្ធិ​បោះ​ឆ្នោត ទៅ​ចូល​រួម​បោះ​ឆ្នោត​។

មិន​ខុស​ពី​ពេល​មាន​ពិធី​បុណ្យ​ជាតិ​ធំ​ៗដែរ រាជធានី​ភ្នំពេញ ដែល​ជា​ធម្មតា ជា​ទីតាំង​នៃបណ្តុំ​សកម្មភាពពាណិជ្ជកម្ម​ដ៏​មមាញឹក ប្រែ​ជា​ស្ងប់​ស្ងាត់ តាំង​ពី​មួយ​ថ្ងៃ​នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ។ ស្ងប់​ស្ងាត់​ដោយសារ​តែ បុគ្គលិក មន្រ្តី​រាជការ កម្មករ កម្មការិនី បាន​សម្រុក​ចេញ​ពី​រាជធានី​ភ្នំពេញ ទៅ​ស្រុក​កំណើត​រៀងៗ​ខ្លួន​ ចាប់​តាំង​ពី​ថ្ងៃ​ម្សិល​មិញ ដើម្បី​ចូល​រួម​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្រ្ត ​ឆ្នាំ២០១៨​នេះ​។

នៅ​តាម​មហាវិថី​សំខាន់ៗ​ និង​ផ្លូវ​លំ​នានា​ ដែល​ជា​រឿយៗ​តែង​មាន សភាព​ចង្អៀត​ណែន​តាន់​តាប់​ ក៏​ប្រែ​ជាស្ងាត់​យាន​យន្ត​ជាង​សព្វ​មួយ​ដង និង​មិន​មាន​ការ​កក​ស្ទះ​ឡើយ។ ព្រម​ជាមួយ​គ្នា​នេះ ហាង​ទំនិញ​ដែលធ្លាប់​តែ​មាន​អតិថិជន ចេញ​ចូល​ឥត​ដាច់ ក៏​បាន​ផ្អាក​អាជីវកម្ម ដើម្បី​ឱ្យ​បុគ្គលិក​របស់​ខ្លួន បាន​សម្រាក​ពី​ការងារ ហើយ​ទៅ​ចូល​រួម​បោះ​ឆ្នោត។ ក៏​ប៉ុន្តែ​ទីផ្សារធំៗ​ នៅ​បន្ត​ដំណើរការ​ដដែល​។

សូម​ជម្រាប​ជូន​ថា នៅ​មុន​ការ​បោះ​ឆ្នោត ក្រសួង​ការងារ បាន​ចេញ​សេចក្តី​ជូន​ដំណឹង ឱ្យ​ម្ចាស់​រោង​ចក្រ សហគ្រាស​នានា​ អនុញ្ញាត​ឱ្យ និយោជិក បុគ្គលិក របស់​ខ្លួន បាន​ឈប់​សម្រាក​រយៈ​ពេល​បី​ថ្ងៃ ពោល​គឺ​ចាប់​ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ២០១៨ ដើម្បី​ទៅ​បោះ​ឆ្នោត​។

បើ​ទោះ​បី​ជា​ទិដ្ឋភាព​ទូទៅ​នៅ​រាជធានី​ភ្នំពេញ មាន​សភាព​ស្ងប់​ស្ងាត់​យ៉ាង​ណា​ក៏​ដោយ។ ​ក៏​ប៉ុន្តែ​បើក្រឡេក​ទៅ​មើល​តាម​មណ្ឌល​បោះឆ្នោត​វិញ ប្រជាពលរដ្ឋ តាំង​ពី​ព្រឹក​ព្រលឹមស្រាងៗ​ បាន​ឈរ​រង់​ចាំ​នៅខាង​មុខ​ការិយាល័យ ដើម្បី​រង់​ចាំ​បោះឆ្នោត​ ជ្រើស​រើស​គណបក្ស​ដែល​ខ្លួន​ពេញ​ចិត្ត។ ចំណែក​ឯ​ប្រជា​ពលរដ្ឋ​ខ្លះទៀត ក៏​កំពុង​តែ​ធ្វើ​ដំណើរ​ចេញ​ទៅ​បោះឆ្នោត​ជា​បន្ត​បន្ទាប់​ដែរ​។

ជា​ការ​កត់​សម្គាល់ នៅ​តាម​មណ្ឌល​បោះ​ឆ្នោត​នីមួយៗ នៅ​ក្នុង​រាជធានី​ភ្នំពេញ មានការយាមកាមយ៉ាងតឹងរឹង ពីសំណាក់កងកម្លាំងប្រដាប់អាវុធ កងរាជអាវុធហត្ថ និង​មាន​កម្លាំង​ប្រជា​ការពារ​ត្រៀម​ជួយ​នៅតាម​ឃុំ សង្កាត់ និង​ក្រុង ស្រុក ខណ្ឌ ដើម្បី​ការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់ ក្នុងអំឡុង​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ