អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាល​ប្រកាស​ពី​ការ​ប្រារព្ធ​ពិធី​គោរព​ខួប​១​ឆ្នាំ​ព្រះមហាវីរក្សត្រ

ប្រមុខ​រាជ​រដ្ឋាភិបាល ដែល​ទើប​ឡើង​កាន់​តំណែង​សារ​ជា​ថ្មី លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​សារាចរ ណែនាំ​មួយ ស្តីពី ការ​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​ករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ គម្រប់​ខួប ១ ឆ្នាំ។

ក្បួន​ដង្ហែព្រះ​សព​ នរោត្តម ​សីហនុ ពី​​ព្រះ​រាជ​រាំង​ឆ្ពោះ​ទៅ​ព្រះមហាបញ្ចា វាល​ព្រះមេរុ
ក្បួន​ដង្ហែព្រះ​សព​ នរោត្តម ​សីហនុ ពី​​ព្រះ​រាជ​រាំង​ឆ្ពោះ​ទៅ​ព្រះមហាបញ្ចា វាល​ព្រះមេរុ © Reuters
ផ្សាយពាណិជ្ជកម្ម

ក្នុង​សារាចរ ចុះ​ថ្ងៃទី២៥កញ្ញា រាជរដ្ឋាភិបាល បាន​លើក​ឡើង​ពី​គុណូបការៈ​ដ៏​ថ្លៃថ្លា វិសេស​វិសាល និង​ឧត្តុង្គឧត្តម ចំពោះ​ជាតិ​មាតុភូមិ ជាពិសេស​ព្រះរាជ​វីរ​សកម្មភាព​របស់​ព្រះអង្គ ដែល​ធ្វើ​ឲ្យ​កម្ពុជា ទទួល​បាន​ឯករាជ្យ។ រាជរដ្ឋាភិបាល បាន​ប្រកាស​កំណត់​យក​ថ្ងៃ​ទី​១៥​តុលា ជា​ទិវា​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា សម្តេចព្រះ​នរោត្តម សីហនុ។

 
ដើម្បី​ឲ្យ​ការ​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះអង្គ គម្រប់​ខួប ១ ឆ្នាំ ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ភាព​ឧត្តុង្គ​ឧត្តម រាជរដ្ឋាភិបាល បាន​ណែនាំ​ដល់​គ្រប់​ក្រសួង ស្ថាប័ន និង​គ្រឹះ​ស្ថាន​សាធារណៈ និង​ឯកជន ត្រូវ​រៀបចំ​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​គម្រប់​ខួប ១ ឆ្នាំ នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៣ ឲ្យ​បាន​ឧត្តុង្គឧត្តម ហើយ​ស្ថាប័ន​រដ្ឋ ត្រូវ​ចាត់​តាំង​ប្រតិភូ ចូល​រួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា នៅ​ស្តូប​ព្រះ​បរម​រូប ព្រះ​អង្គ នៅ​ជិត​វិមាន​ឯករាជ្យ។ គ្រប់​ស្ថាន​អគ្គរាជ​ទូត និង​ស្ថាន​កុងស៊ុល កម្ពុជា ប្រចាំ​នៅ​បរទេស ក៏​ត្រូវ​រៀបចំ​ប្រារព្ធ​ពិធី​នេះ​ផង​ដែរ។

ដោយ​ឡែក រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​គ្រប់​លំដាប់​ថ្នាក់ ពី​ថ្នាក់​ខេត្ត​រាជធានី ដល់​ថ្នាក់ឃុំ​សង្កាត់ ព្រមទាំង​វត្ត​អារាម រហូត​ដល់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន ត្រូវ​រៀប​ចំ​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ គម្រប់​ខួប ១ ឆ្នាំ ថ្វាយ​ព្រះករុណា។ រីឯ​ក្រសួង​ព័ត៌មាន ក៏​ត្រូវ​ចាត់​តាំង​រៀបចំ​កម្មវិធី​ផ្សព្វផ្សាយ​តាម​វិទ្យុ ទូរទស្សន៍​ជាតិ ឯកជន អំពី​ព្រះរាជ​ជីវប្រវត្តិ ព្រះរាជ​សកម្មភាព និង​ស្នា​ព្រះហស្ថ​របស់​ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ចំពោះ​ប្រទេសជាតិ និង​ចំពោះ​ប្រជារាស្ត្រ ឲ្យ​បាន​ទូលំ​ទូលាយ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ