អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាល​កម្ពុជា​​ផ្តល់​​ថវិកា​ ៦,៦ ​លាន​​ដុល្លារ​ សម្រាប់​​ប្រាក់​ខែ​​បុគ្គលិក​​ជាតិ​​នៅ​​សាលា​ក្តី​​ខ្មែរ​ក្រហម​

រាជ​រដ្ឋាភិបាល​​កម្ពុជា​ បាន​សម្រេច​​ផ្តល់​​ថវិកា ​៦,៦ ​លាន​ដុល្លារ​ សម្រាប់​​ប្រាក់​ខែ​​បុគ្គលិក​​ជាតិ​ នៅ​​សាលា​ក្តី​​ចម្រុះ​​កាត់​ទោស​​អតីត​​មេ​​ខ្មែរ​ក្រហម ​គិត​​ចាប់​ពី​​ខែ​តុលា ឆ្នាំ​២០១៤​ រហូត​ដល់​​ខែ​មិថុនា ​ឆ្នាំ​២០១៥​។​ កា​រព្រម​ព្រៀង​​នេះ ត្រូវ​បាន​​លោក​នាយក​​រដ្ឋមន្ត្រី​ ហ៊ុន​ ​សែន ​ប្រកាស​​ចំពោះ​មុខ​​លោក​​បាន ​គី​មូ​ន​ អគ្គ​លេខាធិការ​​អង្គការ​សហ​ប្រជាជាតិ​ក្នុង​ជំនួប​​ទ្វេ​ភាគី​នៅ​ក្រៅ​​កិច្ច​ប្រជុំ​​កំពូល​​អាស៊ាន​នៅ​​ប្រទេស​​ភូមា​។​

ទិដ្ឋភាពក្នុងសាលាក្ដីខ្មែរក្រហម
ទិដ្ឋភាពក្នុងសាលាក្ដីខ្មែរក្រហម ECCC
ផ្សាយពាណិជ្ជកម្ម

ចាប់ពីពេលនេះ រហូតដល់​ពាក់កណ្តាល​ឆ្នាំ២០១៥ ភាគី​ជាតិ ក្នុង​តុលាការ​ខ្មែរក្រហម លែង​ជួបនឹង​វិបត្តិ​ថវិកា​ទៀតហើយ។ នោះ​គឺ​រដ្ឋាភិបាល​កម្ពុជា បាន​ធានា​ផ្តល់​ថវិកា សម្រាប់​បើកប្រាក់​ខែ​ដល់​បុគ្គលិក​ជាតិ ចាប់ពី​ខែតុលា ឆ្នាំ២០១៤ រហូតដល់​ខែមិថុនា ឆ្នាំ២០១៥។

នៅក្រៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​ប្រទេស​ភូមា កាលពី​ថ្ងៃទី១២ និង​ថ្ងៃទី១៣វិច្ឆិកា លោកនាយក​រដ្ឋមន្ត្រី ហ៊ុនសែន បាន​ឆ្លៀតពេល​ជួប​លោក​បាន​គី​មូ​ន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ដើម្បី​និយាយ​ពី​បញ្ហា​ថវិកា នៅ​សាលាក្តី​ចម្រុះ ពិសេស​ខាង​ភាគី​កម្ពុជា។

នៅពេល​នាយករដ្ឋមន្ត្រី​វិល​ត្រលប់​មកដល់​ភ្នំពេញ កាលពី​យប់​កណ្តាលអធ្រាត្រ ថ្ងៃ១៣វិច្ឆិកា ចូល​ថ្ងៃទី១៤វិច្ឆិកា លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​នៅ​ព្រលានយន្តហោះ​ភ្នំពេញ។ តាម​លោក​រដ្ឋមន្ត្រី ក្នុងជំនួប​ទ្វេភាគី ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ឯកភាព​តាម​ការស្នើសុំ​របស់លោក​អគ្គលេខាធិការ បាន គី​មូ​ន ថា​កម្ពុជា​នឹង​ផ្តល់​ថវិកា សម្រាប់​ប្រាក់ខែ​បុគ្គលិក​ជាតិ នៅ​សាលាក្តី​ខ្មែរក្រហម រយៈពេល ៣ ខែ​ចុងក្រោយ​ឆ្នាំ២០១៤នេះ ហើយ​និង​ផ្តល់​ការគាំទ្រ​ទៀត សម្រាប់​ប្រាក់ខែ​នៃ​មន្ត្រី​ខ្មែរ ធ្វើការ​នៅ​សាលាក្តី​ខ្មែរក្រហម សម្រាប់ ៦ ខែ នៅ​ឆ្នាំ២០១៥ ខាងមុខ។

ថវិកា​ដែល​រាជរដ្ឋាភិបាល ជួយ​សម្រាប់​បើកប្រាក់​ខែ​បុគ្គលិក និង​មន្ត្រី​កម្ពុជា ចំនួន ១៨២ រូប នៅ​សាលាក្តី​ខ្មែរក្រហម ក្នុង​រយៈពេល ៩ ខែ​នេះ មាន​ចំនួន ៦,៦ លាន​ដុល្លារ។ 

ចាប់តាំងពី​ឆ្នាំ២០០៦ ដល់​ឆ្នាំ២០១៣ សាលាក្តី​ខ្មែរក្រហម បង្កើតឡើង​ដោយ​រដ្ឋាភិបាល​កម្ពុជា និង​អង្គការសហប្រជាជាតិ បាន​ចំណាយ​សរុប ២០៤,៦ លាន​ដុល្លារ។ ក្នុងនោះ ភាគី​អន្តរជាតិ ២៥៤,៩ លាន​ដុល្លារ និង​ភាគី​ជាតិ ៤៩,៦ លាន​ដុល្លារ។ ចំណែក​នៅ​ឆ្នាំ២០១៤ សាលាក្តី ត្រូវការ​ថវិកា ៣១,៦ លាន​ដុល្លារ ដោយ​ភាគី​អន្តរជាតិ ចំនួន ២៥,២ លាន និង​ភាគី​ជាតិ ៦,៤ លាន​ដុល្លារ។ រីឯ​ឆ្នាំ២០១៥ ត្រូវការ​ថវិកា ចំនួន ២៨,៩ លាន​ដុល្លារ ក្នុងនោះ ភាគី​អន្តរជាតិ គ្រោង​ចំណាយ ២២,៩ លាន​ដុល្លារ។

ដោយ​ចៀស​ផុតពី​វិបត្តិ​ថវិកា រហូតដល់​ពាក់កណ្តាល​ឆ្នាំ២០១៥ អង្គជំនុំជម្រះ​សាលាដំបូង នឹង​បន្ត​សវនាការ​លើ​សំណុំរឿង០០២ វគ្គ ២ តាម​ការគ្រោងទុក នៅ​ព្រឹក​ថ្ងៃទី១៧វិច្ឆិកា។ ប៉ុន្តែ​តាម​អ្នកនាំពាក្យ​សាលាក្តី លោក នេត្រ ភក្ត្រា មកដល់ពេលនេះ ភាគី​មេធាវី​ការពារ​ក្តី​លោក​ខៀវ​សំផន បាន​ជូនដំណឹង​មក​អង្គជំនុំជម្រះ​រួចហើយ​ថា នឹងមិន​ចូលរួម​សវនាការ នៅ​ថ្ងៃ១៧វិច្ឆិកា រហូតដល់​បញ្ចប់​សារ​ណា​លើ​បណ្តឹងឧទ្ធរណ៍ លើ​សំណុំរឿង០០២ វគ្គ១ នៅ​ចុងខែ​ធ្នូ។

បើ​អវត្តមាន​មេធាវី​ការពារ​ក្តី​ដូច្នេះ អង្គជំនុំជម្រះ នឹង​អនុវត្តតាម​នីតិវិធី ដោយ​ចាត់វិធានការ​ម៉ឺងម៉ាត់ ដូច​សេចក្តីប្រកាស​ទៅកាន់​គ្រប់ភាគី។ ក្នុងនោះ ភាគី​សហ​ព្រះរាជអាជ្ញា បាន​ស្នើថា ក្នុងករណី​មេធាវី​ការពារ​ក្តី មិន​ចូលរួម​សវនាការ ថ្ងៃ១៧វិច្ឆិកា គេ​អាច​ស្នើសុំ​មេធាវី​បម្រុង ដើម្បី​តំណាង​ឲ្យ​ផលប្រយោជន៍​ជនជាប់ចោទ៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ