អានតួអត្ថបទ
កម្ពុជា

រដ្ឋា​ភិបាល​កម្ពុជា​ដាក់​បទ​បញ្ជា​ឲ្យ​កង​ទ័ព ​បង្កើន​ទំនាក់​ទំនង​ជាមួយ​ថៃ​ និង​មិន​ត្រូវ​ចល័ត​កម្លាំង​តាម​ព្រំ​ដែន​

ចំពោះ​រដ្ឋប្រហារ​យោធានៅ​ប្រទេស​ថៃ រដ្ឋា​ភិបាល​កម្ពុជា បានចេញ​បទបញ្ជា​ទៅ​កាន់​​មេបញ្ជាការ​កងទ័ព មេ​ប៉ូលិស និង​អាជ្ញាធរ​ជាប់​ព្រំដែន​កម្ពុជា-ថៃ ត្រូវ​ណែនាំ​ដល់​កង​កម្លាំង​កម្ពុជា ដែល​ឈរជើង​តាម​ព្រំដែន​ជាមួយ​ថៃ ត្រូវ​បន្ត​បង្កើន​ទំនាក់ទំនង​ល្អជា​មួយ​ថៃ និង​មិនត្រូវ​ធ្វើការ​ចល័ត​កម្លាំង​តាម​ព្រំដែន​ឡើយ។ ចំណែក​អ្នកនាំពាក្យ​រដ្ឋា​ភិបាល លោក ផៃ ស៊ី​ផាន បាន​អំពាវនាវ​ផ្ទាល់មាត់​ជាថ្មីទៀត នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ទៅកាន់​ប្រជាពលរដ្ឋ​កម្ពុជា បើ​អាច​ជៀស​បាន​ គឺ​កុំ​ធ្វើដំណើរ​ទៅ​ប្រទេស​ថៃ ហើយ​ប្រជាពលរដ្ឋ​កម្ពុជា ដែល​កំពុង​ស្ថិតនៅ​ប្រទេស​ថៃ ក៏ត្រូវ​ថែរក្សា​សុវត្ថិភាព ដោយ​ចាក​ឆ្ងាយ​ពី​កន្លែង​ជួបជុំ​នយោបាយ ពិសេស​នៅ​ទីក្រុង​បាងកក។

លោក ស ខេង រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ​។
លោក ស ខេង រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ​។ @rfi/ siv channa
ផ្សាយពាណិជ្ជកម្ម

ភ្លាមៗ បន្ទាប់ពី​យោធា​ថៃ ប្រកាស​រដ្ឋប្រហារទម្លាក់​រដ្ឋាភិបាលចាំផ្ទះ​របស់​ប្រទេស​ថៃ កាលពី​ល្ងាច​ថ្ងៃទី២២ឧសភា រដ្ឋាភិបាល​កម្ពុជាតាមរយៈ​លោក ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី បានដាក់​ចេញ​នូវ​បទបញ្ជា​ជា​លាយលក្ខណ៍អក្សរ ចំនួន ៣ ចំណុច។ ជា​បទបញ្ជា ដើម្បី​លើកកម្ពស់​ក្នុងការ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍន៍​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ។

បទបញ្ជា​របស់​រដ្ឋាភិបាល ទាំង ៣ ចំណុច នោះ​គឺ​មេបញ្ជាការ​កងទ័ព និង​មេ​ប៉ូលិស ត្រូវ​ណែនាំ​ដល់​កងកម្លាំង ដែល​ឈរជើង​ការពារ​តាម​ព្រំដែន​កម្ពុជា ត្រូវ​បន្ត​កិច្ចសហការ​ល្អ ជាមួយ​ថៃ និង​មិនត្រូវ​ចល័ត​កងកម្លាំង​ទេ។ អភិបាលខេត្ត​ជាប់​ព្រំដែន​ថៃ រួមមាន ខេត្តព្រះវិហារ ឧ​ត្ត​រ​មានជ័យ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន និង​ខេត្តកោះកុង ក៏ត្រូវ​បន្ត​ទំនាក់ទំនង សហការ​ជាមួយ​ថៃ ព្រមទាំង​បន្ត​តាមដាន​ការវិវត្ត​សភាពការណ៍​នៅ​ប្រទេស​ថៃ ពិសេស​សភាពការណ៍​តាម​ព្រំដែន​ជា​មួយ​កម្ពុជា និង​រាយការណ៍​មក​ទីស្តីការគណៈរដ្ឋមន្ត្រី ឲ្យ​បាន​ទាន់ពេលវេលា។

រដ្ឋាភិបាល​កម្ពុជា រក្សា​ជំហរ​ស្ងៀមស្ងាត់ ហើយ​បួងសួង​ឲ្យ​ប្រទេស​ថៃ​ជា​មិត្ត ជួបតែ​សន្តិភាព និង​ឆ្លងកាត់​ឧ​ប​សគ្គទាំងឡាយ ជៀស​ចេញពី​ការបង្ហូរ​ឈាម។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម ពី​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល។

លោក ផៃ ស៊ី​ផាន ក៏បាន​អំពាវនាវ​ផ្ទាល់មាត់ទៅកាន់​ប្រជាពលរដ្ឋ​កម្ពុជា បើ​អាច​ជៀសបាន កុំទៅ​ប្រទេស​ថៃ ហើយ​ប្រជាពលរដ្ឋ​កម្ពុជា ដែល​កំពុង​ស្ថិតនៅ​ប្រទេស​ថៃ ត្រូវ​ថែរក្សា​ខ្លួន ហើយ​ចាក​ឆ្ងាយ​ពី​កន្លែង​ជួបជុំ​នយោបាយ ពោលគឺ​សុវត្ថិ​ភាពជា​ចំបង។

យ៉ាងណាក៏ដោយ ក្នុងពេល​ប្រទេស​ថៃ ជួប​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ នាពេលនេះ លោក ផៃ ស៊ី​ផាន បាន​គូសបញ្ជាក់ថា រដ្ឋាភិបាល​កម្ពុជា នៅតែ​រក្សា​ផលប្រយោជន៍​រវាង​ប្រជាពលរដ្ឋ​កម្ពុជា និង​ថៃ ដ្បិត​កម្ពុជា-ថៃ ជា​ប្រជាជាតិ​រស់នៅ​ជាប់​គ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ