អានតួអត្ថបទ
កម្ពុជា

អត្រា​មរណភាព​ដោយ​សារ​មូស​ខ្លា​ថយ​ចុះ​តិច​តួច​ប៉ុណ្ណោះ​

ជំងឺ​គ្រុន​ឈាម​ ដែល​​បង្ក​ឡើង​​ដោយ​​មូស​​ខ្លា​បាន​សម្លាប់​​កុមារ​​កម្ពុជា​​តិច​ជាង​​ឆ្នាំ​មុន​។​ យោង​តាម​​ស្ថិតិ​​ពី​​កម្មវិធី​​ជាតិ​​ប្រយុទ្ធ​​នឹង​​ជំងឺ​គ្រុន​ឈាម ​អ្នក​​ជំងឺ​៣​នាក់​​បាន​​ស្លាប់​ ក្នុង​​ឆមាស​​ទី១​នៃ​​ឆ្នាំ​២០១៤ ​ហើយ​​បើ​​គិត​​ក្នុង​​រយៈ​ពេល​​ដូច​គ្នា​ ក្នុង​​ឆ្នាំ​២០១៣​ ជន​រង​គ្រោះ​១៩​នាក់​បាន​​បាត់​​បង់​ជីវិត​។ ​ថ្វី​បើ​​មើល​ទៅ​​ចំនួន​​អ្នក​ស្លាប់​​ថយ​ចុះ​​ច្រើន​​ក៏​ដោយ​ ក៏​​អត្រា​​មរណភាព​​ថយ​ចុះ​​តិច​តួច​​ប៉ុណ្ណោះ​ បើ​​ផ្អែក​លើ​​បរិមាណ​​អ្នក​​ជំងឺ​។ អ្នក​ជំនាញ​​លើក​ឡើង​ថា ​ការ​ប្រុង​ប្រយ័ត្ន​​ចំពោះ​​មូស​​ខ្លា​​ដ៏​​កំណាច​​នោះ​​ត្រូវ​តែ​​បន្ត​​ពង្រឹង​។​  

រូប​សំណាក​មូសខ្លា ដែល​ត្រូវ​បាន​តាំង​បង្ហាញ ក្នុង​យុទ្ធនាការ​ប្រឆាំង​ជំងឺ​គ្រុនឈាម។
រូប​សំណាក​មូសខ្លា ដែល​ត្រូវ​បាន​តាំង​បង្ហាញ ក្នុង​យុទ្ធនាការ​ប្រឆាំង​ជំងឺ​គ្រុនឈាម។ © ចាន់ណា/rfi
ផ្សាយពាណិជ្ជកម្ម

អ្នក​ជំងឺគ្រុនឈាម៣នាក់​បាន​ស្លាប់ បើ​គិត​ត្រឹម​ដើមខែ​មិថុនា ឆ្នាំ២០១៤ ហើយ​ការណ៍​នេះ​បង្ហាញ​នូវ​ការថយចុះ​យ៉ាងខ្លាំង បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ២០១៣ ដែលមាន​ជនរងគ្រោះ​ដល់​ទៅ១៩នាក់ បាន​បាត់​បង់ជីវិត។ នេះ​បើ​យោងតាម​លោក​វេជ្ជបណ្ឌិត ង៉ាន់ ច័ន្ទ​ថា ប្រធាន​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម ដែល​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP) កាលពី​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៤។

ការណ៍​នេះ​បង្ហាញ​អំពី​ជោគជ័យ​ដ៏​ស្តួចស្តើង​របស់​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម ថ្វីបើ​ចំនួន​អ្នកស្លាប់​ថយចុះ​គួរឱ្យកត់សម្គាល់។ តាមពិត កាលពី​អំឡុង​ឆមាស​ទី១នៃ​ឆ្នាំ២០១៣ អ្នក​ជំងឺគ្រុនឈាម​មាន​ដល់​ទៅ ៣ ៥៤១នាក់ នៅពេលដែល​ក្នុង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ២០១៤នេះ អ្នក​ជំងឺមានតែ៦១៦នាក់​ប៉ុណ្ណោះ។ ដូច្នេះ អត្រា​មរណភាព​ដោយសារ​ជំងឺគ្រុនឈាម នៅ៦ខែ​ដើមឆ្នាំ២០១៣ គឺ០,៥៣% រីឯ នៅ៦ខែ​ដើមឆ្នាំ២០១៤ គឺ០,៤៨%។ និយាយឱ្យចំ អត្រា​ស្លាប់​នៃ​អ្នក​ជំងឺគ្រុនឈាម​ថយចុះ​តែ០,០៥%ទេ។ អ្វីដែល​ថយចុះ​គួរឱ្យកត់សម្គាល់​នោះ គឺ​បរិមាណ​អ្នក​ជំងឺគ្រុនឈាម ដែលមាន​មូស​ខ្លា ជា​ភ្នាក់ងារចម្លងមេរោគ។

លោក វេជ្ជបណ្ឌិត ង៉ាន់ ច័ន្ទ​ថា ដែលជា​អនុប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត និង​បាណក​សាស្ត្រ​ផង​នោះ បាន​ថ្លែងប្រាប់ AKP ថា៖ «ទោះបីជា​ជំងឺគ្រុនឈាម ថយចុះ​យ៉ាងណាក៏ដោយ យើងទាំងអស់គ្នា​មិនគួរ​បន្ធូរបន្ថយ​ការ​កម្ចាត់​ជម្រក​មូស​ខ្លា ឬ​បន្ថយ​ការត្រៀម​មធ្យោបាយ​ឆ្លើយតប​ទៅនឹង​ការផ្ទុះ​រាតត្បាត​នោះទេ ព្រោះថា​កម្ពុជា​ជា​ប្រទេសមួយ ដែលជា​សំបុក​គ្រុនឈាម អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកហើយ។ ដូច្នេះ យើង​ត្រូវខិតខំ​ប្រឹងប្រែង​បន្តទៀត​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​កុមារ​កម្ពុជា​រងគ្រោះ​ដោយសារ​ជំងឺ​នេះ ព្រោះថា កុមារ​ដែល​ស្ថិតនៅក្នុង​អាយុ​សិក្សា​មានការ​ប្រឈមមុខ​ខ្ពស់​នឹង​ជំងឺគ្រុនឈាម​នេះ»៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ