អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

តើ​មក​ពី​លុយរៀល​ថោកពេក​បាន​ជា​គេ​នាំគ្នា​ចាយលុយដុល្លារ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ពេល​ដែល​និយាយ​ពី​មូលហេតុ ដែល​គេ​មិន​ចង់​ចាយលុយ​រៀល ហើយ​បែរ​ជា​នាំគ្នា​ចាយ​ដុល្លារ គេ​តែងតែ​ឃើញ​មាន​ការ​លើកឡើង​នូ​វ​ហេតុផល​មួយ​ថា គេ​មិនចង់​ចាយលុយ​រៀល ដោយសារ​តែ​លុយរៀល​មាន​តម្លៃ​ថោក​ពេក។ តើ​រូបិយប័ណ្ណ​ដែល​មាន​តម្លៃ​ថោក​សុទ្ធតែ​មិនគួរ​ឲ្យ​ទុកចិត្ត​ និង​នាំ​ផល​អាក្រក់​ដល់​សេដ្ឋកិច្ច​មែន​ឬ?

រូបិយប័ណ្ឌដុល្លា ដែល​ចរាចរណ៍ ក្នុង​ប្រទេសកម្ពុជា។
រូបិយប័ណ្ឌដុល្លា ដែល​ចរាចរណ៍ ក្នុង​ប្រទេសកម្ពុជា។ RFI
ផ្សាយពាណិជ្ជកម្ម

ដើម្បី​អាច​ដឹង​ថា តើ​តម្លៃ​លុយរៀល​ថោក​ពិត​ជា​ដើមហេតុ ដែល​នាំ​ឲ្យ​គេ​មិន​ចង់​ប្រើ ហើយ​នាំគ្នា​ទៅ​ប្រើ​លុយ​ដុល្លារ​វិញ​មែន​ឬ​ក៏​អត់នោះ គេ​គួរ​ធ្វើការ​ប្រៀបធៀប​មើល​ជាមួយ​នឹង​រូបិយប័ណ្ណ​បរទេស​មួយ​ចំនួន។ ដោយ​មិន​ចាំបាច់​ចេញ​ទៅ​ណា​ឆ្ងាយ គេ​គួរ​ក្រឡេក​មើល​ទៅលើ​បណ្តា​ប្រទេស​ នៅ​​ក្នុង​តំបន់​អាស៊ាន ដែល​នៅ​ជិត​ខាង​នឹង​កម្ពុជា។

 

យើងឃើញ​ថា នៅ​ក្នុង​ចំណោម​ប្រទេស​ទាំង ១០ ដែល​ជា​សមាជិក​អាស៊ាន កម្ពុជា​មិនមែន​ជា​ប្រទេស​ដែល​​រូបិយប័ណ្ណ​មាន​តម្លៃ​ថោក​ជាងគេ​នោះទេ។ លុយដុង​របស់​វៀតណាម​មាន​តម្លៃ​ថោកជាង​លុយរៀល​ខ្មែរ​ដល់​ទៅ ៥ដង (១ដុល្លារ​អាមេរិក​ដូរ​បាន​ដល់​ទៅ​២ម៉ឺនដុង) ចំណែក​លុយ​រូពី​របស់​ឥណ្ឌូណេស៊ី​មាន​តម្លៃថោក​ជាង​លុយរៀល​ដល់​ទៅ ៣ដង (១ដុល្លារ​អាមេរិក​ដូរ​បាន​ជាង ១ម៉ឺន​១ពាន់​រូពី)។

ជាការពិត​ថា លុយ​ដុងវៀតណាម និង​លុយ​រូពី​ឥណ្ឌូណេស៊ី មិនមែន​ជា​រូបិយប័ណ្ណ​ដែល​​ទទួល​បាន​ទំនុកចិត្ត​ខ្លាំងក្លា​នៅ​លើ​ទីផ្សារ​អន្តរជាតិ ក៏ប៉ុន្តែ ជា​រូបិយប័ណ្ណ​ដែលត្រូវ​បាន​គេ​ប្រើប្រាស់​យ៉ាងទូលំទូលាយ​បំផុត នៅ​ក្នុង​ប្រទេស​របស់​គេ។ ការចាយលុយ​ដុល្លារ នៅ​ក្នុង​ប្រទេស​វៀតណាម​ និង​ឥណ្ឌូណេស៊ី​ មាន​ទំហំ​តិចតួច​បំផុត បើ​ធៀប​ទៅនឹង​ប្រទេស​កម្ពុជា។ សូម្បី​តែ​នៅ​ក្នុង​ប្រទេស​ឡាវ ដែល​លុយគីប មាន​តម្លៃ​ថោក​ជាង​លុយ​រៀល​ខ្មែរ​ដល់​ទៅ ២ដង (១ដុល្លារ​អាមេរិក​ដូរ​បាន​ប្រហែល​ ៨ពាន់​គីប) ហើយ​ដែល​កន្លងមក​ក៏​ធ្លាប់​មាន​ការ​ចាយលុយដុល្លារ​ច្រើន​ដែរ​នោះ ក៏​ពេល​បច្ចុប្បន្ន​នេះ​ឡាវ​​អាច​កាត់បន្ថយ​ការ​ចាយលុយដុល្លារ​បាន​យ៉ាង​ច្រើន​ជាង​កម្ពុជា​​ឆ្ងាយដែរ។

ដូច្នេះ មិនមែន​ដោយសារ​គ្រាន់តែ​​លុយរៀល​មាន​តម្លៃ​ថោក​ធៀប​នឹង​លុយ​ដុល្លារ ទើប​គេ​មិនចាយ​លុយរៀល ហើយ​នាំគ្នា​ចាយ​លុយដុល្លារ​នោះទេ។

តាម​ពិត រូបិយប័ណ្ណ​មួយ​ទទួល​បាន​នូវ​ទំនុកចិត្ត​ពី​អ្នក​ប្រើប្រាស់​ឬ​អត់ មិនមែន​អាស្រ័យ​ទៅលើ​ថា​តើ​រូបិយប័ណ្ណ​នោះ​មាន​តម្លៃ​ថោក ឬ​ថ្លៃ នោះទេ ក៏ប៉ុន្តែ វា​អាស្រ័យ​ទៅលើ​ថា​តើ​រូបិយប័ណ្ណ​នោះ​មាន​ស្ថិរភាព​ដែរ​ឬទេ? រូបិយប័ណ្ណ​ដែល​មាន​ស្ថិរភាព បើទោះបី​ជា​មាន​តម្លៃ​ថោក​​ក៏ពិតមែន ក៏ប៉ុន្តែ គេ​អាចទុកចិត្តបាន​ថា ទៅថ្ងៃ​អនាគត​តម្លៃ​របស់​វា​នឹង​មិន​មាន​ការប្រែប្រួល​ខ្លាំង​នោះទេ។ ផ្ទុយទៅវិញ រូបិយប័ណ្ណ​ដែល​គ្មាន​ស្ថិរភាព បើទោះបី​ជា​ថ្ងៃ​នេះ​មាន​តម្លៃ​ថ្លៃ ក៏ប៉ុន្តែ គេ​មិន​អាច​ដឹង​បានទេ​ថា តើ​ថ្ងៃ​ស្អែក​វា​នឹង​ត្រូវ​ធ្លាក់​ចុះ​ដល់​កម្រិត​ណា?

ដូច្នេះ តម្លៃ​លុយរៀល​ទាប ពោលគឺ​ ៤ពាន់​រៀល ទើប​ដូរ​បាន​ ១ដុល្លារ​អាមេរិក​ វា​មិនមែន​ជា​ឧបសគ្គនោះទេ សំខាន់​ឲ្យ​តែ​វាមាន​ស្ថិរភាព ហើយ​ស្ថិរភាព​នៃ​លុយរៀល​ពឹង​ផ្អែក​ខ្លាំង​ទៅលើ​កត្តា​ស្ថិរភាព​នយោបាយ ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ជា​ពិសេស ទៅលើ​សមត្ថភាព​ចាត់ចែង​នយោបាយ​រូបិយវត្ថុ និង​ឯករាជ្យ​របស់​ធនាគារ​ជាតិ​កម្ពុជា។

ដរាបណា​ធនាគារ​ជាតិ​ស្ថិត​ក្រោម​បញ្ជា​រដ្ឋាភិបាល​ ដរាបនោះ គេ​នៅតែ​បារម្ភ​ថា នៅ​ពេលណា​ដែល​រដ្ឋាភិបាល​ខ្វះលុយ ធនាគារ​ជាតិ​នឹង​ត្រូវ​​បោះពុម្ពលុយ​​​ដោយ​គ្មានដែន​កំណត់​​ ដើម្បី​យក​មក​បំពេញ​ការ​ចំណាយរបស់​រដ្ឋ។ នៅពេលណា​ដែល​ធនាគារ​ជាតិ​បោះពុម្ពលុយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ហួស​ពី​តម្រូវការ​សាច់ប្រាក់ ​នៅពេលនោះ លុយរៀល​នឹង​​ក្លាយ​ទៅជា​ក្រដាស​ដែល​គ្មាន​តម្លៃ។

នេះ​ហើយ​ជា​កត្តា​សំខាន់​បំផុត ដែល​ធ្វើ​ឲ្យ​គេ​ពិបាក​នឹង​មាន​ទំនុកចិត្ត​លើ​លុយ​រៀល ហើយ​ ​មិនមែន​ដោយសារ​តែ​​វា​មាន​តម្លៃ​ថោក​នោះទេ។ ម្យ៉ាងវិញ​ទៀត តម្លៃ​រូបិយប័ណ្ណ​ជាតិ​ថោក​ក៏​មិនមែន​សុទ្ធតែ​ជា​ឧបសគ្គ នៅ​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នោះដែរ។ ជាក់ស្តែង វៀតណាម និង​ឥណ្ឌូណេស៊ី ដែល​មាន​រូបិយប័ណ្ណ​ថោក​ជាង​លុយរៀល សុទ្ធតែ​មាន​សេដ្ឋកិច្ច​រីកលូតលាស់​​ជាង​កម្ពុជា​ឆ្ងាយ​ណាស់ ជាពិសេស ឥណ្ឌូណេស៊ី ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី១ នៅ​ក្នុង​តំបន់​អាស៊ាន និង​ជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​លំដាប់​ទី១៥។

តាមពិត នៅ​ក្នុង​លក្ខខណ្ឌ​ខ្លះ រូបិយប័ណ្ណ​ជាតិ​មាន​តម្លៃ​ថោក គឺ​ជា​អំណោយផល​ល្អ សម្រាប់​សេដ្ឋកិច្ច​ជាតិ​ទៅវិញ​ទេ ដោយសារ​តែ​វា​ធ្វើ​ឲ្យ​ទំនិញ​ដែល​ផលិត​នៅ​ក្នុង​ប្រទេស​នោះ​មាន​តម្លៃ​ថោក ងាយស្រួល​ក្នុងការ​ប្រកួតប្រជែង​នៅលើ​ទីផ្សារ​អន្តរជាតិ ជំរុញ​វិស័យ​នាំចេញ នាំ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច និង​បង្កើត​ការងារ​ដល់​ប្រជាជន។

ហេតុដូច្នេះ​ហើយ​បាន​ជា​គេ​តែងតែ​ឃើញ​​រដ្ឋាភិបាល​ចិន​ធ្វើ​អន្តរាគមន៍ ដើម្បី​ទប់​លុយ​យ័ន​​មិន​ឲ្យ​ឡើង​ថ្លៃ​ធៀប​នឹង​លុយ​ដុល្លារ​អាមេរិក។ ចំណែក​រដ្ឋាភិបាល​របស់​លោក​ស្ហ៊ីនហ្សូ អាបេ ក៏​ស្វះស្វែង​រកវិធី​ធ្វើ​ឲ្យ​លុយ​យេន​ជប៉ុន​ធ្លាក់​ថ្លៃ​ផងដែរ ដើម្បី​ជំរុញ​ការ​នាំចេញ​ទៅ​ក្រៅ​ប្រទេស។

នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ គេ​អាច​និយាយ​បាន​ថា ទោះបីជា​លុយ​រៀល​ចុះថ្លៃ ឬ​ឡើង​ថ្លៃ ក៏​មិនសូវ​ជា​មាន​ឥទ្ធិពល​លើ​ការនាំចេញ គឺ​ដោយសារ​តែ​តម្លៃ​ផលិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​គិត​ជា​ដុល្លារ​ច្រើន​ជាង​លុយ​រៀល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ