អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ខ្មែរ​ក្រហម​៖ ​សាល​ក្រម​ផ្តន្ទា​ទោស​ដែល​ជន​រង​គ្រោះ​មិន​អស់​ចិត្ត​!​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​ប្រកាស​​សាល​ក្រម​​ផ្តន្ទា​ទោស ​នួន ​ជា ​និង ​ខៀវ ​សំផន ​ឲ្យ​​ជាប់​ពន្ធនាគារ​​មួយ​ជីវិត​​កាល​ពី​​ថ្ងៃ​​ព្រហស្បតិ៍​​គឺ​ជា​​រឿង​​មួយ​​ដែល​​ជន​រង​គ្រោះ​​ខ្មែរ​​សាទរ​។ ​ប៉ុន្តែ ​អ្វី​ដែល​​ពួក​គេ​​ចង់​បាន​​ជាង​នេះ​ទៅ​ទៀត​​នោះ​​គឺ​​ការ​ទទួល​​កំហុស​​របស់​​អតីត​​មេ​ដឹក​នាំ​​ខ្មែរ​ក្រហម​ និង​​ការ​បក​ស្រាយ​​អាថ៌​កំបាំង​​ទាំង​ឡាយ​​នៃ​​របប​​នេះ​។ ​តាំង​ពី​​ដើម​ទី​​រហូត​មក​​ទល់​​បច្ចុប្បន្ន​ អតីត​​មេ​ដឹក​នាំ​​ខ្មែរ​ក្រហម​​គ្រប់​គ្នា ​សុទ្ធ​តែ​​ហៅ​​ខ្លួន​ឯង​​ថា​​ជា​​អ្នក​«​ស្ន​ហា​​ជាតិ​»​និង​​​មិន​​ទទួល​ខុសត្រូវ​​ចំពោះ​​បទ​ឧក្រិដ្ឋ​ដែល​​​បាន​​កើត​ឡើង​​ក្នុង​​របប​​ដឹក​នាំ​​របស់​ខ្លួន​​ទេ​។ ​ម្យ៉ាង​ទៀត ​យុត្ថា​ធិការ​​របស់​​សាលា​ក្តី​​ដែល​មាន​​កម្រិត​​ក៏​​មិន​​អនុញ្ញាត​​ឲ្យ​​ជន​រង​គ្រោះ​​យល់​ដឹង​​ទូលំ​ទូលាយ​​ពី​​របប​​ខ្មែរ​ក្រហម​​ដែរ​។​

លោក​ ខៀវ ​សំផន ​ពេល​ស្ដាប់​ការ​ប្រកាស​សាល​ក្រម​កាល​ពី​ថ្ងៃ​ទី ​០៧ ​សីហា ​ឆ្នាំ ​២០១៤​។​
លោក​ ខៀវ ​សំផន ​ពេល​ស្ដាប់​ការ​ប្រកាស​សាល​ក្រម​កាល​ពី​ថ្ងៃ​ទី ​០៧ ​សីហា ​ឆ្នាំ ​២០១៤​។​ @ECCC
ផ្សាយពាណិជ្ជកម្ម

សាលក្រម​ផ្តន្ទាទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​ឲ្យ​ជាប់ពន្ធនាគារ​មួយជីវិត​បានធ្វើ​ឲ្យ​សាលាក្តី​ខ្មែរក្រហម​ទទួលបាន​ការចាប់អារម្មណ៍​ជាថ្មី​ម្តងទៀត​ពី​សំណាក់​ជនរងគ្រោះ​ខ្មែរ​ក៏ដូចជា​សហគមន៍​អន្តរជាតិ​ដែរ។ ចាប់អារម្មណ៍​ពីព្រោះ​តែ​សាលក្រម​នេះ​បានបង្ហាញ​ឲ្យ​ឃើញថា​អ្នកដឹកនាំ​ដែល​ប្រព្រឹត្ត​បទឧក្រិដ្ឋ​មិនអាច​គេច​ផុតពី​ការផ្តន្ទាទោស​បានឡើយ។ សារ​នេះ​មាន​សារសំខាន់​ណាស់​សម្រាប់​បរិបទ​ប្រទេស​កម្ពុជា។ ប៉ុន្តែ អ្វីដែល​ជនរងគ្រោះ​មិនទាន់​អស់ចិត្ត​នោះ​ពួកគេ​មិន​បានឃើញ​ការយល់ព្រម​ទទួលកំហុស​របស់​ជន​ជាប់ចោទ​នោះឡើយ។

ជាការ​ពិតណាស់ មនុស្ស​ស្រករ​ក្រោយ​ជាច្រើន​ដែល​មិនបាន​ហែល​ឆ្លងកាត់​សម័យ​ប៉ុល ពត ប្រាកដជា​មិនអាច​មិន​កោតស្ញប់ស្ញែង​បានទេ​នៅពេលដែល​ពួកគេ​បានលឺ​សម្តី​របស់​អតីត​មេដឹកនាំ​ខ្មែរក្រហម​ក្នុង​សវនាការ​កន្លងទៅនេះ។ ម៉ាត់​ណា​ក៏​ពួកគេ​និយាយ​អំពី​ទឹកចិត្ត​ស្ន​ហា​ជាតិ​ដ៏​បរិសុទ្ធ ម៉ាត់​ណា​ក៏​និយាយ​អំពី​បុព្វហេតុ​ជាតិ​និង​ប្រជាជន និង​ម៉ាត់​ណា​ក៏​និយាយ​អំពី​ការការពារ​បូរណភាព​ទឹកដី​របស់ខ្លួន​ចេញពី​ខ្ញុំកញ្ជះ​បរទេស​ដែរ។

ជាក់ស្តែង នៅពេល​ចោទសួរ​អំពី​ការជម្លៀស​ប្រជាពលរដ្ឋ​ចេញពី​ភ្នំពេញ នួន ជា បាន​និយាយថា បក្ស​កុម្មុយនីស្ត​កម្ពុ​ជាមាន​គោលបំណង​ល្អ​ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​មាន​អាហារ​ហូបចុក​គ្រប់គ្រាន់ និង​ចៀស​ផុតពី​គ្រោះថ្នាក់​ដែល​បណ្តាលមកពី​កិច្ច​អន្តរាគមន៍​ជាយថាហេតុ​របស់​ទាហាន​អាមេរិកាំង។ ក៏ប៉ុន្តែ សម្រាប់​អ្នក​ដែល​បាន​ឆ្លងកាត់​ព្រឹត្តិការណ៍​ទាំងនោះ​ដោយផ្ទាល់ គេ​ប្រាកដជា​បានដឹង​ច្បាស់​ថា អ្វីដែល​ទាហាន​ខ្មែរក្រហម​បានធ្វើ​ពេលនោះ​វា​បានបង្ហាញ​ពី​នយោបាយ​គំនុំសងសឹក ចងអាឃាត និង​ការ​ស្អប់ខ្ពើម​អ្នកទីក្រុង​យ៉ាងពិត​ប្រាកដ។

តាមរយៈ​សវនាការ​ក​ន្ល​ង​ទៅនេះ គេ​អាច​យល់បាន​ថា ដើម្បី​គេច​ពី​ការទទួលខុសត្រូវ អតីត​មេដឹកនាំ​ខ្មែរក្រហម​បាន​ប្រើ​យុទ្ធសាស្ត្រ​ទម្លាក់កំហុស​ទៅលើ​មនុស្ស​បី​ជំពូក៖ ទី១ គឺ​អ្នក​ដែល​បាន​ស្លាប់ទៅ​ដូចជា​ខ្មោច​សា​ឡុ​ត ស ហៅ ប៉ុល ពត ជាដើម។ ទី២ គឺ​មនុស្ស​ដែល​ពួកគេ​ហៅថា​ជា«ក្រុម​ក្បត់» និង​ទី៣គឺ​ការ​ទម្លាក់កំហុស​ទៅលើ​បរទេស​ថា​ជា​អ្នកទទួលខុសត្រូវ​លើ​ការកាប់សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ។ ចំណែក​ពួកគេ​ដែលជា​ជនជាប់ចោទ​សុទ្ធតែ​អះអាងថា ជា​អ្នក​ស្ន​ហា​ជាតិ​ដ៏​ល្អ​បរិសុទ្ធ។ យុទ្ធសាស្ត្រ​នេះ​ក៏​ហាក់​បាន​ក្លាយជា​ទម្លាប់​ទូទៅ​មួយ​ទៅហើយ​នៅក្នុង​ឆាកនយោបាយ​ប្រទេស​កម្ពុជា។

ពិត​ហើយ​ថា អតីត​មេដឹកនាំ​ខ្មែរក្រហម​ដែលជា​ជនជាប់ចោទ​មាន​សិទ្ធិ​ក្នុងការ​ទាមទារ​រក​យុត្តិធម៌។ ក្នុងន័យនេះ ការលើកឡើង​របស់ នួន ជា ដែលថា សាលាក្តី​ខ្មែរក្រហម«យកតែ​ខ្លួន​ក្រពើ​មក​កាត់ទោស ដោយ​មិន​ព្រម​មើល​ក្បាល​និង​កន្ទុយ​របស់​វា»នោះ គឺជា​ហេតុផល​សមរម្យ​មួយ។ ម្យ៉ាងទៀត ការបត់បែន​នៃ​នយោបាយ​ប្រទេស​កម្ពុជា​ពិតជា​មាន​ជាប់​ពាក់​ព​ន្ធ័​នឹង​មហិច្ឆតា និង​ការ​លូកដៃ​របស់​បរទេស ប៉ុន្តែ ការ​លូកដៃ​របស់​បរទេស​បាន​ឬ​មិនបាន និង​បាន​កម្រិតណា​វា​ក៏​អាស្រ័យទៅលើ​អ្នកនយោបាយ​ខ្មែរ​ខ្លួនឯង​ដែរ។

ដូច្នេះ ក្នុងឋានៈ​ជា​អ្នកដឹកនាំ​ប្រទេស​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ស្លាប់​ជិត​ពីរលាន​នាក់ គេ​មិនអាច​គេចវេស​ពី​ការទទួលខុសត្រូវ​ដោយ​ព្យាយាម​ទម្លាក់កំហុស​ទៅលើ​អ្នកដទៃ​នោះឡើយ។ និយាយ​ពី​ការទទួលខុសត្រូវ តួនាទី​ជា​អ្នកដឹកនាំ​ប្រទេស​មិនគួរ​ជាទី​ប្រាថ្នា​ចង់បាន​នោះឡើយ​ពីព្រោះ តួនាទី​នេះ​ត្រូវ​ចងភ្ជាប់​ដោយ​ទំ​នួ​ស​ខុសត្រូវ​ធំធេង​ណាស់​ចំពោះមុខ​ជាតិ​និង​ប្រជាជន។ ប៉ុន្តែ ទំនងជា​មើលរំលង​បញ្ហា​នេះហើយ​បានជា​អ្នកនយោបាយ​ខ្មែរ​ចាត់ទុក​អំណាច​ថា​គួរ​ជាទី​ប្រាថ្នា​ចង់បាន​យ៉ាងខ្លាំង​ទៅវិញ។

សរុប​មកវិញ សាលក្រម​ផ្តន្ទាទោស​អតីត​មេដឹកនាំ​កំពូល​ខ្មែរក្រហម​ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត​គឺជា​សារ​ដ៏​សំខាន់​មួយ​សម្រាប់​បញ្ចៀស​ប្រវត្តិសាស្ត្រ​កុំ​ឲ្យ​ច្រំ​ដែល។ ប៉ុន្តែ សាលក្រម​នេះ​មិនបាន​ធ្វើ​ឲ្យ​ជនរងគ្រោះ​ស្ងប់ចិត្ត​ទេ​ដោយសារ​ម្យ៉ាង​ជនជាប់ចោទ​មិន​បង្ហាញ​ការទទួលខុសត្រូវ​និង​មិនបាន​បកស្រាយ​អាថ៌កំបាំង​នៅក្នុង​របប​ដឹកនាំ​របស់​ពួកគេ​ឲ្យ​ពឹ​ស្តារ​ទេ និង​ម្យ៉ាងទៀត យុត្ថាធិការ​របស់​តុលាការ​ក៏​ចង្អៀត​ដែល​មិន​អនុញ្ញាត​ឲ្យ​ជនរងគ្រោះ​បាន​យល់​ទូលំទូលាយ​ពី​ដើមទង​នៃ​របប​ខ្មែរក្រហម​ឡើយ។

រីឯ​សាលក្រម​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​មួយជីវិត​នេះ​ទៀតសោត​ក៏​មិនអាច​ប៉ះប៉ូវ​ការឈឺចាប់​គ្មានអ្វី​ប្រៀបផ្ទឹម​របស់​ជនរងគ្រោះ​បានដែរ។ ដូច្នេះ មេរៀន​ដែល​គេ​អាច​ទាញ​បាន​ពី​សំណុំរឿង​ខ្មែរក្រហម​នេះ​គឺ មានតែ​ការទទួលខុសត្រូវ​រប​ស់​អ្នកនយោបាយ​ទេ​ដែល​អាច​បញ្ចៀស​បញ្ហា​គ្រប់បែបយ៉ាង​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ