អានតួអត្ថបទ
កម្ពុជា

ច្រក​របៀង​នៅ​តាម​បណ្តោយ​ព្រំ​ដែន​កម្ពុជា​-ថៃ​បាន​បិទ​ទាំង​ស្រុង​

ស្ថានភាព​ទូទៅ​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី២៣ឧសភា​នេះ មាន​ស្ថានភាព​ស្ងប់ស្ងាត់ និង​ស្ថិត​នៅ​ក្នុង​ការប្រុងប្រយ័ត្ន ខណៈ​ភាគី​ថៃ​បាន​​បិទ​​ច្រករបៀង​ដែលមាន​ទំនាក់ទំនង​ជា​មួយ​​កម្ពុ​ជា​ទាំងស្រុង។ ចំណែកឯ​ច្រកទ្វារ​អន្តរជាតិ និង​ច្រកទ្វារ​ផ្លូវការ​នានា បើទោះបីជា​នៅ​មាន​​ដំណើរការ​ជាធម្មតា​ក្តី ក៏​ប៉ុន្តែ ក៏​ស្ថិត​នៅក្រោម​ការ​រឹតបន្តឹង​សន្តិសុខ​យ៉ាង​តឹង​រឹង​​ផងដែរ។

ច្រក​ចេញ​ចូល​អន្តរជាតិ​នៅ​ប៉ោយប៉ែត ​។
ច្រក​ចេញ​ចូល​អន្តរជាតិ​នៅ​ប៉ោយប៉ែត ​។ RFI/Leang Delux
ផ្សាយពាណិជ្ជកម្ម

ច្រករបៀង​ស្ទើ​រតែ​ទាំងស្រុង​ដែល​ស្ថិតនៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ ចាប់ពី​ខេត្តព្រះវិហារ ឧ​ត្ត​រ​មានជ័យ បន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ និង​ខេត្តកោះកុង ត្រូវបាន​បិទ​ជា​ឯកតោភាគី ចាប់តាំងពី​ល្ងាច​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍ និង​បាន​បន្ត​បិទ រហូតមកដល់​ថ្ងៃ​សុក្រ​នេះ ដោយ​មិនឲ្យ​មានការ​ឆ្លងកាត់​ដូច​សព្វមួយដង​នោះទេ។

មូលហេតុ​ដោយសារ​ថា ភាគី​ថៃ​កំពុងមាន​រដ្ឋប្រហារ​យោធា ដែល​នាំទៅដល់​ការបិទ​បំរាម​គោចរ នឹង​ការ​រឹតបន្តឹង​សន្តិសុខ។ ចំណែកឯ​ច្រកទ្វារ​អន្តរជាតិ និង ច្រកទ្វារ​ផ្លូវការ​នានា ដូចជា​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ក្នុង​ខេត្តបន្ទាយមានជ័យ នៅ​មិនទាន់​បិទ​នៅឡើយ​ទេ ដោយ​សកម្មភាព​ដោះដូរ​ទំនិញ​នៅមាន​សកម្មភាព​ជាធម្មតា ប៉ុន្តែ​ស្ថិតនៅក្រោម​ការ​រឹតបន្តឹង​សន្តិសុខ​យ៉ាង​តឹងរឹង។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ។

អភិបាលខេត្ត​រូបនេះ បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ទាហាន​ឈុតខ្មៅ​ថៃ និង​នគរបាល​ជាយដែន ត្រូវបាន​ដាក់ជំនួស​ន​គ​របាល​អន្តោប្រវេសន៍ ព្រមទាំង​មន្ត្រី​ស៊ីវិល​ជំនាញ​របស់​ថៃ​នៅ​ច្រកទ្វារ​អន្តរជាតិ​ខ្លង​លឹក និង​ប៉ោយប៉ែត នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ហើយ​ការឆ្លងកាត់​របស់​ប្រជាពលរដ្ឋ​ខ្មែរ និង​ការដោះដូ​ទំនិញ​នានា​ត្រូវបាន​រឹង​បន្តឹង​យ៉ាងខ្លាំង។

ស្ថានភាព​ព្រំដែន​កម្ពុជា-ថៃ បាន​រឹតបន្តឹង ក្រោយពី​យោធា​ថៃ​ដឹកនាំ​ដោយ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា មេបញ្ជាការ​កងទ័ពជើងគោក​ថៃ បានធ្វើ​រដ្ឋប្រហារ​យោធា​ទំលាក់​រដ្ឋាភិបាលចាំផ្ទះរ​បស់​ថៃ កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ទី២២ឧសភា​ម្សិល​មិ​ញ និង​បានតែងតាំង​ខ្លួនឯង​ជា​នាយករដ្ឋមន្ត្រី​ស្តីទី​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ។

បើទោះបីជា​រដ្ឋប្រហារ​ដោយ​គ្មាន​ការ​បង្ហូរឈាម​ក្តី ប៉ុន្តែ​មន្ត្រីសំខាន់ៗរបស់​ភាគី​រដ្ឋាភិបាល​ចាំផ្ទះ ភាគី​មេដឹកនាំ​ក្រុមបាតុករ​អាវ​លឿង​ប្រឆាំង​រដ្ឋាភិបាល ភាគី​មេដឹកនាំ​បាតុករ​គាំទ្រ​រដ្ឋាភិបាល​រឺ​ក្រុម​អាវ​ក្រហម ប្រមាណ១០រូប​ត្រូវបាន​ឃាត់ខ្លួន ហើយ​មន្ត្រីជាន់ខ្ពស់​ចំនួន ១៣៩នាក់​ផ្សេងទៀត ក្នុងនោះ​រួមមាន​ទាំង​លោក ស្រី យ៉ី​ង​ឡាក់ ស៊ីណា​វ៉ា​ត់​ត្រា​ផង ត្រូវបាន​កោះហៅ​អោយចូល​ខ្លួន​ទៅ​បង្ហាញ​វត្ត​មាននៅ​ទីបញ្ជាការដ្ឋាន​កងទ័ព​ជើងគោក នៅ​ថ្ងៃ​សុក្រ​នេះ។ ការបិទ​ច្រករបៀង និង​កា​រឹតបន្តឹង​សន្តិសុខ​នៅតាម​ច្រកទ្វារ​អន្តរជាតិ​កម្ពុជា-ថៃ​នេះ ក៍​ដើម្បី​ទប់ស្កាត់​ការ​គេចខ្លួន​របស់​មេដឹកនាំ​ថៃ មកកាន់​កម្ពុជា​ផងដែរ។   

យ៉ាងណា​ក៏ដោយ លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បានបញ្ជាក់ ថា គិត​មកដល់​ថ្ងៃ​សុក្រ​ទី២៣ឧសភា​នេះ ភាគី​ថៃ​បាន​បិទ​តែ​ច្រករបៀង​ខុសច្បាប់​តែប៉ុណ្ណោះ ចំណែកឯ​ច្រកទ្វារ​អន្តរជាតិ និង ច្រកទ្វារ​ផ្លូវការ​នានា ភាគី​ថៃ​មិនបាន​បិទ​នោះទេ ដោយ​គ្រាន់តែ​មានការ​រឹតបន្តឹង​សន្តិសុខ​ជាង​មុន។

លោក កុយ គួ​ង ក៍បាន​អំពាវនាវ​កុំអោយ​ប្រជាពលរដ្ឋ​ខ្មែរ​ឆ្លងកាត់​ទៅកាន់​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ ហើយ​សំរាប់​ពលរដ្ឋ​ខ្មែរ ដែល​កំពុងធ្វើការ​នៅក្នុង​ប្រទេស​ថៃ មិន​ត្រូវធ្វើ​សកម្មភាព​ណាមួយ​ខុសច្បាប់​ថៃ​នោះឡើយ។ យ៉ាងណា​ក៍ដោយ លោក កុយ គួ​ង រំពឹងថា ស្ថានភាព​នៅក្នុង​ប្រទេស​ថៃ នឹង​វិល​មករក​ភាពល្អប្រសើរ​ឡើងវិញ​ក្នុងពេលឆាប់ៗនេះ៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ