អានតួអត្ថបទ
កម្ពុជា

ពលរដ្ឋ​កម្ពុជា​ទូ​ទាំង​ប្រទេស​ប្រារព្ធ​ខួប​២​ឆ្នាំ​នៃ​ការ​សោយ​ទីវង្គត​សម្តេច​ឳ

នៅ​ក្នុង​ឱកាស​នៃ​ការ​ប្រារព្ធ​ខួប​ពីរ​ឆ្នាំ​នៃ​ការ​សោយ​ទីវ​ង្គ​ត​របស់​ព្រះករុណា​ព្រះ​បាទ​សម្តេច​ព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ នៅ​ថ្ងៃ​ទី​១៥​ខែ​តុលា​ឆ្នាំ ២០១៤​នេះ ប្រជា​ពល​រដ្ឋ មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ​បាន​ធ្វើ​ពិធី​រាប់​បាត្រ​ព្រះ​សង្ឃ ៥០០​អង្គ នៅ​ខាង​មុខ​ព្រះ​បរម​រាជវាំង។ ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់ រដ្ឋា​ភិបាល និង​រដ្ឋសភា ព្រម​ទាំង​រាជ​វង្សា​នុវង្ស​ធ្វើ​ពិធី​នេះ​នៅ​ក្នុង​វាំង។ រីឯ​បក្ស​ប្រឆាំង​ធ្វើ​នៅ​ទី​ស្នាក់ការ​របស់​ខ្លួន។ ពិធី​គោរព​វិញ្ញាណក្ខន្ធ​ក៏​ត្រូវ​បាន​គេ​ធ្វើ​ឡើង​ដំណាល​គ្នា​ដែរ នៅ​ឯ​ស្តូប​ព្រះ​បរម​រូប ឯ​វិមាន​ឯក​រាជ្យ​។

កម្ពុជា​ប្រារព្ធ​ពិធីបុណ្យ​គំរប់​ខួប​ពីរ​ឆ្នាំ ​ នៃ​ការ​សោយ​ទីវង្គត​របស់​សម្តេច​ឪ ​នៅ​ថ្ងៃ​ទី ​១៥ តុលា ឆ្នាំ ២០១៤។
កម្ពុជា​ប្រារព្ធ​ពិធីបុណ្យ​គំរប់​ខួប​ពីរ​ឆ្នាំ ​ នៃ​ការ​សោយ​ទីវង្គត​របស់​សម្តេច​ឪ ​នៅ​ថ្ងៃ​ទី ​១៥ តុលា ឆ្នាំ ២០១៤។ @RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

 

ពិធី​រាប់​បាត​ដែល​មាន​ព្រះ​សង្ឃ​៥០០អង្គ​នៅ​ខាង​មុខ​ព្រះ​បរមរាជ​វាំង​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​១៥​តុលា​នេះ ចំ​ពេល​ដែល​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​មហាវីរក្សត្រ នរោត្តម​សីហនុ សោយ​ទីវង្គត់​គម្រប់​ខួប​២​ឆ្នាំ​គត់​។ ប្រ​ជា​ពល​រដ្ឋ មន្ត្រី​រាជ​ការ យ៉ាង​ច្រើន​កុះករ បាន​នាំ​យក​ទ័យ​វត្ថុ មាន​គ្រឿង ឧប​ភោគ បរិភោគ​ភេសជ្ជៈ និង​ទឹក​សុទ្ធ រាប់​បាត​ដល់​ព្រះ​សង្ឃ​ចាប់​តាំង​ពី​ម៉ោង ៨​ព្រឹក ដើម្បី​ជាការ​ឧទ្ទិស​កុសល​ថ្វាយ​ដល់​ដួង​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ។ ជា​មួយ​គ្នា​នេះ មន្ត្រី​រាជការ​នៅ​តាម​ក្រ​សួង​មន្ទី​អង្គភាព​សាធារណៈ​នានា​កងកម្លាំង​ប្រដាប់​អាវុធ ក៏​ត្រូវបាន​ចាត់​ចែង​ឲ្យ​មាន​ការគោរព​វិញ្ញាណ​ក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ នៅ​ស្តូប​ព្រះ​បរម​រូប​ឯ​វិមាន​ឯករាជ្យ​ផង​ដែរ។

ដោយ​ឡែក​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋា​ភិបាល រដ្ឋ​សភា​ព្រឹទ្ធ​សភា កាល​ពី​ព្រឹក​មិញ​បាន​បង្ហាញ​វត្ត​មាន​ផងដែរ ដោយ​បាន​ចូល​រួម​ជា​មួយ​ព្រះមហាក្សត្រ និង​សម្តេចម៉ែ ព្រម​ទាំង​រាជ​វង្សា​នុវង្ស ធ្វើ​ពិធី​រាប់បាត្រ​នៅ​ខាង​ក្នុង​ព្រះ​មរ​ម​រាជវាំង។
លោក អ៊ុំ ដារ៉ាវុធ ទីប្រឹក្សា​ព្រះរាជ​លេខាធិការដ្ឋាន​របស់ សម្ដេច​ព្រះ​មហាក្សត្រី​មុនីនាថ សីហនុ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI នៅ​ថ្ងៃ​ពុធ​នេះដែរ​ថា កម្មវិធី​សម្រាប់​ព្រះបរមរាជ​វាំង ត្រូវ​បាន​បញ្ចប់​បន្ទាប់​ពី​ពិធី​រាប់​បាត​ពេញ​មួយ​ព្រឹក​។

ដោយ​ឡែក​គណ​បក្ស​ប្រឆាំង​របស់​ប្រទេស​កម្ពុជា គឺ​គណបក្ស​សង្គ្រោះ​បាន​ប្រារព្ធ​ពិធី​រំលឹក​វិញ្ញាន​ក្ខន្ធ​នេះ​ដែរ នៅ​ទីស្នាក់​ការ​ធំ​របស់​ខ្លួន។ លោក យ៉ែម បុញ្ញ​ឬទ្ធិ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែង​ថា ការ​ប្រារព្ធ​ពិធី​នៅ​ទី​ស្នាក់​ការ​បក្ស​បែប​នេះ គឺ​ដោយ​សារ​មិន​មាន​ការ​អញ្ជើញ​ពី​គណ​កម្មការ​រៀប​ចំ​បុណ្យ​ជាតិ​ដូច​ជា​ស្ថាប័ន​រដ្ឋ​នានា​។

សូម​បញ្ជាក់​ថា​ព្រះ​មហាវីរ​ក្សត្រ ព្រះ​បរម​កោដ្ឋ នរោត្តម សីហនុ បាន​សោយ​ទីវង្គត កាល​ពី​ថ្ងៃទី​១៥​ខែ​តុលា ឆ្នាំ​២០១២ នៅ​មន្ទី​ពេទ្យ​ទីក្រុង​ប៉េកាំង​ដោយ​រោគា​ពាធ។ព្រះ​បរម​សព​ត្រូវ​បាន​ដង្ហែ​មក​កាន់​ប្រទេស​កម្ពុជា​ដើម្បី​តម្កល់​នៅ​ក្នុង​ព្រះ​បរម​រាជ​វាំង​រយៈ​ពេល​បី​ខែ ដើម្បី​ឲ្យ​ប្រជា​រាស្ត្រ ធ្វើ​ពិធី​គោរព​ព្រះ​វិញ្ញាណ​ក្ខន្ធ និង​មាន​ការ​ធ្វើ​ពិធី​រំលាយ​ព្រះ​សព ដោយ​មាន​ការ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ ជាតិ​និង​បរទេស ព្រម​ទាំង​ប្រជា​ពល​រដ្ឋ​ខ្មែរ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​។
 

ចាប់​តាំង​ពី​សម្តេច​ឳ​សោយ​ទីវង្គត រហូត​ដល់​ពិធី​រំលាយ​ព្រះ​សព គុណូ​បការៈ និង​ស្នា​ព្រះ​ហ​ស្ថ​ព្រះ​អង្គ ទាក់​ទង​ទៅ​នឹង​ការ​បង្រួ​បប្រួម​ជាតិ ឯក​ភាព​ជាតិ​ខ្មែរ និង​ដំណោះ​ស្រាយ​នយោបាយ​ធំ​ៗ​របស់​ជាតិ ព្រម​ទាំង​សមិទ្ធិ​ផល​សម័យ​សង្គម​រាស្ត្រ​និយម ត្រូវ​បាន​លើក​យក​ជជែក​និង​ផ្សព្វផ្សាយ​ជា​បន្ត​បន្ទាប់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ