អានតួអត្ថបទ
កម្ពុជា

​រដ្ឋា​ភិបាល​ឡាវ​ពន្យារ​​ពេល​សាង​សង់​ទំនប់​វារី​អគ្គិសនី​ដន​សា​ហុង ​និង​បើក​អោយ​មាន​ការ​សិក្សា​ឆ្លង​ដែន​​

នៅ​​ទី​បំផុត​​ទៅ​​រដ្ឋាភិបាល​​ឡាវ​​បាន​សំរេច​​ដក​ឃ្លា​​រយៈពេល​៦​ខែ ​ដើម្បី​​ដាក់​អោយ​​សិក្សា​​ឡើង​ ​វិញ ​លើ​​គំរោង​​សាង​សង់​​ទំនប់​​វា​រី​អគ្គិសនី ​ដន​សា​ហុង ​ដែល​​ស្ថិត​នៅ​​ចំងាយ​​តែ​១​គីឡូម៉ែត្រ ​ពី​​ព្រំដែន​​កម្ពុជា​។ ​ការ​សាង​សង់​​ទំនប់​​វា​រី​អគ្គិសនី​​ដន​​សា​ហុង ​កាត់​​ដង​​ទន្លេមេគង្គ​​ដែល​​គេ​​ជឿថា​ នឹង​​ធ្វើ​អោយ​ប៉ះពាល់​​ធ្ងន់​ធ្ងរ​​ដល់​​ប្រជាពលរដ្ឋ​​ដែល​​រស់​នៅ​​តាម​​ដង​​ទន្លេ​មេគង្គ​​ដែល​មាន​​​ប្រជា​ជន​​ជាង​៦០​លាន​​នាក់​។ ភ្លាមៗ​នេះ ​អង្គការ ​WWF ​បាន​ចេញ​​សេចក្តី​ថ្លែង​ការណ៍​​សា​ទរ ​និង​​ហៅ​​សេចក្តី​សំរេច​​នេះ​​ថា ​គឺ​ជា​​ការ​ពន្យារ​​ពេល ​នៃ​​គំរោង​​សាង​សង់។​

ទន្លេមេគង្គ ដែលស្ថិតនៅក្បែរ គម្រោងសាងសង់ទំនប់ដនសាហុងរបស់ឡាវ
ទន្លេមេគង្គ ដែលស្ថិតនៅក្បែរ គម្រោងសាងសង់ទំនប់ដនសាហុងរបស់ឡាវ
ផ្សាយពាណិជ្ជកម្ម

សេចក្តី​សំរេច​​ដែល​​នាំ​ទៅដល់​ការ​សារ​ទរ​ពី​គ្រប់​មជ្ឈដ្ឋាន​នេះ បានធ្វើ​ឡើង ក្រោយពី​កិច្ចប្រជុំ​លើក​ទី២០ នៃ​ក្រុមប្រឹក្សា​គណៈកម្មការ​ទន្លេ​មេគង្គ (MRC) ដែល​បាន​ធ្វើឡើង​នៅឯ​ប្រទេស​ថៃ​រយៈពេល២ថ្ងៃ ចាប់ពី​ថ្ងៃទី២៦ដល់​ថ្ងៃទី២៧មិថុនា ដោយមាន​តំណាង​មកពី​ប្រទេស​កម្ពុជា ថៃ ឡាវ និង​វៀតណាម​ចូលរួម។ ជា​សេចក្តីសំរេច ដែល​រដ្ឋាភិបាល​ឡាវ បាន​យល់ព្រម​បញ្ជូន​ទំនប់​វា​រី​អគ្គិសនី​ដន​សា​ហុង​ឲ្យ​ឆ្លង​ការពិគ្រោះ​យោបល់​ជាមុន ​ក្រោម​កិច្ចព្រមព្រៀង​មេគង្គ​នា​ឆ្នាំ​១៩៩៥​ និង​ច្បាប់​អន្តរជាតិ​នានា​ ដោយបាន​សុំ​ឲ្យ​ផែន​ការកសាង​ទំនប់​ដន​សា​ហុង ត្រូវតែ​ឆ្លង​ការ​ពិគ្រោះ​យោប​ល់​ជាមុន។

ការសិក្សា​នឹង​បើកទូលាយ​អោយមាន​ការសិក្សា​ឆ្លងដែន ទៅលើ​ផលប៉ះពាល់ បរិស្ថាន និង​ការ​រស់នៅ​របស់​ប្រជាជន​នៅតាម​ដង​ទន្លេ មុនពេល​ចាប់ផ្តើម​សាងសង់។ មានន័យថា ការសិក្សា​នឹងមិន​ធ្វើ​តែ​នៅក្នុង​ទឹកដី​ឡាវ​នោះទេ តែ​នឹងធ្វើ​ផងដែរ នៅក្នុង​ប្រទេស​កម្ពុជា និង​វៀតណាម ដែល​ប្រឆាំងនឹង​គំរោង​នេះ​យ៉ាងខ្លាំង​ក្លា​នោះ។

ភ្លាមៗនេះ អង្គការ WWF បានចេញ​សេចក្តីថ្លែងការណ៍​សាទរ និង​ហៅ​សេចក្តីសំរេច​នេះ​ថា គឺជា​ការពន្យារ​​ពេល​នៃ​គំរោង​សាងសង់។ លោក Marc Goichot តំណាង​អង្គការ WWF ប្រចាំ​តំបន់​ទន្លេមេគង្គ​ទទួលបន្ទុក​ផ្នែក​វា​រី​អគ្គិសនី បាន​ហៅ​ការសំរេចចិត្ត​នេះ​ថា គឺជា​ការអនុវត្តន៍​​ការសន្យា​របស់ខ្លួន​ទៅតាម​អ្វីដែល​រដ្ឋាភិបាល​ឡាវ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទន្លេមេគង្គ។ ប៉ុន្តែ​តំណាង​អង្គការ WWFបាន​កត់សម្គាល់ថា សម្ពាធ​​ពី​ប្រទេស​កម្ពុជា-​វៀតណាម និង​ពី​អង្គការ​ការពារ​បរិស្ថានផ្សេងៗ បាន​ជំ​រុញអោយ​រដ្ឋាភិបាល​ឡាវ​សំរេចចិត្ត​ឡើងវិញ។​

លោក ឈិ​ត សំអាត នាយក​អង្គការWWF ប្រចាំ​នៅ​កម្ពុជា ​បាន​និយាយថា យោងតាម​ការ​សិក្សា​រប​ស់​អង្គការ WWF កន្លងមក ប្រសិនបើ​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​ដន​សា​ហុង ត្រូវ​បានធ្វើ​មែន វា​នឹង​ធ្វើអោយប៉ះពាល់​ដល់​ជីវិត​រស់នៅ​របស់​សត្វ​ផ្សោត​ទន្លេមេគង្គ​យ៉ាង​ធំធេង ហើយ​ការធ្វើ​ចរ​រា​ចរណ៍​របស់​ត្រី ក៍​ជួប​បញ្ហា រួមទាំង​ប៉ះពាល់​ដល់​ការរកស៊ី​ចិញ្ចឹមជីវិត​របស់​ប្រជាជន​​ជាង៦០លាន​នាក់​ ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ។     

ទំនប់​វា​រី​អគ្គិសនី​ដន​សា​ហុង ដែលមាន​ចំងាយ​តែ​ជាង១គីឡូម៉ែត្រ​ពី​ព្រំដែន​ប្រទេស​កម្ពុជា គឺជា​ទំនប់​វា​រី​អគ្គិសនី​ទី២ ដែល​រដ្ឋាភិបាល​ឡាវ​កំពុងតែ​សាងសង់ នៅ​នឹង​តួរ​ទន្លេមេគង្គ បន្ទាប់ពី​ទំនាប់​វា​រី​អគ្គិសនី ហ្សា​យ៉ា​បូរី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ