អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

បក្ស​​ប្រជា​ជន​នឹង​ចុះ​ឈ្មោះ​នៅ ​ គ.ជ.ប​ មុន​គេ ​តាម​ពី​ក្រោយ​ដោយ​គណ​បក្ស​ថ្មីៗ​មួយ​ចំនួន​ទៀត​

គណ​បក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​តែ​កាន់​អំណាច​ បាន​អះអាងថា​ ថ្ងៃ​​ស្អែក​ ខ្លួន​​នឹង​​ទៅ​ចុះ​​ឈ្មោះ​​មុន​គេ​​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​​បោះ​ឆ្នោត​​ ខណៈ​គ.ជ.ប​ បើក​ទ្វារ​ទទួល​ចុះ​​បញ្ជី​​គណបក្ស​​នយោបាយ​​សម្រាប់​​ការ​​បោះ​​ឆ្នោត​​ជាតិ​​​ចាប់​ពី​ថ្ងៃ​ទី​៣០​ខែ​មេសា​ដល់​ថ្ងៃ​ទី​​១៤​​ខែ​​ឧសភា​​​​ខាង​មុខ។​ ក្រៅ​ពី​​គណបក្ស​​កាន់​​អំណាច ​គណ​បក្ស​នយោបាយ​ថ្មីៗ​មួយ​ចំនួន​ទៀត​ក៏​ត្រៀម​​ខ្លួន​​យក​​សំណុំ​​ឯកសារ​​ទៅ​​ចុះ​​បញ្ជី​​នៅ​​ គ.ជ.ប​ ដែរ​ លើក​​លែង​​តែ​​​អតីត​​គណ​បក្ស​សង្រ្គោះជាតិ​ ដែល​​ត្រូវ​បាន​តុលាការ​​រំលាយ​​ចោល​ទៅ​​ហើយ​​។​

បញ្ជីឈ្មោះគណបក្សដែលចូលរួមបោះឆ្នោតកន្លងទៅ
បញ្ជីឈ្មោះគណបក្សដែលចូលរួមបោះឆ្នោតកន្លងទៅ @សហការី
ផ្សាយពាណិជ្ជកម្ម

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់វិទ្យុ​បារាំង​អន្តរជាតិ RFI ថា គណបក្សកាន់អំណាច​បានត្រៀម​ខ្លួនរួចជាស្រេចហើយ ​ក្នុងការ​ទៅ​ចុះ​ឈ្មោះដើម្បី​ចូល​រួម​ការ​បោះ​ឆ្នោត​ ​ឲ្យបានមុន​គេ​បង្អស់​នៅ គ.ជ.ប។ ជាមួយគ្នានេះលោក​រំពឹងថា នឹងមានគណបក្សនយោបាយច្រើនទៀត ក៏​ទៅចុះ​ឈ្មោះ​ចូលរួម​ប្រកួត​នៅឆ្នាំនេះដែរ បើទោះបីជាអតីតគណបក្សសង្រ្គោះជាតិ​ ចាត់​ទុកថា ការ​បោះឆ្នោត​នេះគ្មានន័យនិង​មិន​ឆ្លុះ​មិន​បញ្ចាំងពីឆន្ទៈរបស់​ពលរដ្ឋក៏ដោយ។

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានអះអាងថា មន្រ្តីរបស់​គណបក្សដែល​​ទើប​បង្កើត​ឡើងជិត​មួយ​ឆ្នាំនេះ នឹង​ទៅ​អង្គុយចាំនៅមាត់​ទ្វារ គ.ជ.ប ​ជាស្រេច​នៅ​ថ្ងៃ​ចន្ទ​។ ពោលឲ្យតែ គ.ជ.ប បើទ្វារ​ភ្លែត នឹងដាក់ពាក្យចូលភ្លាមតែម្តង។ ​តែគណបក្សនេះ​មិនមានលទ្ធភាព​ដាក់​បេក្ខជន​បានគ្រប់​មណ្ឌលនោះទេ។ នេះបើតាម លោក ពេជ្រ ស្រស់។

រីឯគណបក្សហ្វ៊ុនស៊ិនប៉ិច បានអះអាងថា ខ្លួន​កំពុងតែមូរដៃអាវ មូរជើងខោ ​ត្រៀមចុះ​ស្ទូង មានន័យ ខ្លួន​ប្រាកដ​នឹងចូលរួមបោះឆ្នោតនេះ ​ដោយ​និយាយថា គណបក្ស​នេះជាកម្លាំងធំទី២បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា។ នេះបើតាម លោក ញេប ប៊ុនជិន អ្នកនាំពាក្យ។

សម្រាប់​គណបក្សប្រជាធិបតេយ្យមូលដ្ឋាន​វិញ ត្បិតតែ​មកដល់ពេល​នេះ​នៅមិន​ប្រកាស​ជាផ្លូវ​ការ​ថា​ចូលបោះឆ្នោតក៏ពិតមែន តែលោក សាម អ៊ិន អ្នកនាំពាក្យ​គណបក្សនេះ បានបញ្ជាក់ពីជំហរចុងក្រោយថា គណបក្សថ្មីនេះនឹងចូលរួមបោះឆ្នោតនៅថ្ងៃទី២៩​ខែកក្កដា​ បន្ទាប់ពី​ជ្រើស​បេក្ខជន​ឈរឈ្មោះនៅគ្រប់​មណ្ឌលរួចរាល់។ ប៉ុន្តែលោកថា ​គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ​មិន​ទាន់​ទៅ​ចុះ​​ឈ្មោះនៅថ្ងៃចន្ទ​នោះទេ ដោយ​រង់ចាំការ​សម្រេចពីថ្នាក់ដឹកនាំនៅថ្ងៃទី៦ខែឧសភា ជាមុនសិន​។

ដោយ​ឡែក គណបក្សអំណាចខ្មែរ បានប្រកាសថា នឹង​មិន​ចូល​រួម​បោះឆ្នោត​ថ្នាក់ជាតិ​នៅខែកក្កដាខាងមុនទេ។ ការបដិសេធ ដោយគណបក្សអំណាចខ្មែរ អះអាងថា មកពី គ្មានអាជ្ញាកណ្តាលឯករាជ្យ និង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ដក​ហូត​អាសនៈរបស់​បក្ស​ជាប់​ឆ្នោត​ដែលផ្ទុយនឹងឆន្ទៈប្រជាពលរដ្ឋ។

បើតាម គ.ជ.ប មានគណបក្សនយោបាយចំនួន៣៧ ត្រូវបានក្រសួង​មហាផ្ទៃទទួល​ស្គាល់ថា​ស្រប​ច្បាប់ ខណៈគណបក្សចំនួន៦៧ត្រូវបាន​លុបឈ្មោះចោល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ