អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

វិ​ញ្ញា​​សា​​ថ្មី​​ដើ​​ម្បី​​សាក​​ល្បង​​ទំ​​នុក​​ចិត្ត​​រ​​វាង​​អ្នក​​ន​​យោ​​បាយ​​!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទី​បំ​ផុត​ទៅ​ ក្បាល​ម៉ា​ស៊ីន​ដឹក​នាំ​ស​ភា​ត្រូវ​បាន​ជ្រើស​រើស​បាន​ទាំង​ស្រុង​ហើយ​បន្ទាប់​ពី​កិច្ច​ប្រ​ជុំ​ស​ភា​រយៈ​ពេល​២​ថ្ងៃ​។ ​បើ​ទោះ​បី​ជា​គណ​បក្ស​ទាំង​ពីរ​បាន​ព្រម​ព្រៀង​គ្នា​បែង​ចែក​​អំ​ណាច​ក្នុ​ង​រដ្ឋ​ស​ភា​ក៏​ដោយ​ ក៏​យ៉ាង​ហោច​ណាស់​មាន​មន្ត្រី​ជាន់​ខ្ពស់​គណ​បក្ស​ស​ង្គ្រោះ​ជាតិ​២​នាក់​គឺ​លោ​ក​ស្រី​ មួរ​ សុខ​ហួរ​ និង​លោក​ យឹម​ សុ​វណ្ណ​ មិន​ទទួល​បាន​សំ​ឡេង​គាំ​ទ្រ​គ្រប់​គ្រាន់​ពី​ស​មា​ជិក​ស​ភា​​ដើ​ម្បី​ធ្វើ​ជា​ប្រ​ធាន​គណៈ​កម្ម​ការ​ស​ភា​ទេ​។​ ការ​បោះ​ឆ្នោត​នេះ​ជា​វិញ្ញា​សាក​ល្ប​ង​ដ៏​សំ​ខាន់​មួយ​ទៀត​ដែល​ឆ្លុះ​បញ្ចាំង​ទំ​នុក​ចិត្ត​គ្នា​រវាង​គណ​បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​។

សម័យប្រជុំពេញ​អង្គ​របស់​រដ្ឋសភានៃ​ព្រះរាជាណាចក្រ​​កម្ពុជា
សម័យប្រជុំពេញ​អង្គ​របស់​រដ្ឋសភានៃ​ព្រះរាជាណាចក្រ​​កម្ពុជា ©ភក្រ្តា/RFI
ផ្សាយពាណិជ្ជកម្ម

បើ​ទោះ​បី​ជា​លោក​ កឹម​ សុ​ខា ​បាន​ជាប់​ឆ្នោត​ជា​អនុ​ប្រ​ធាន​ទី​១​រដ្ឋ​ស​ភា​ក៏​ដោយ​ ក៏​ប៉ុ​ន្តែ ស​ហ​កា​រី​របស់​ខ្លួន​ពីរ​នាក់​ទៀត​គឺ​លោក​ស្រី ​មួរ​ សុខ​ហួរ​ និង​លោក​ យឹម​ សុ​វណ្ណ ​មិន​បាន​ទទួល​ការ​គាំ​ទ្រ​ពី​ស​មា​ជិក​ស​ភា​ដើ​ម្បី​ក្លាយ​ជា​ប្រ​ធាន​គណៈ​កម្ម​ការ​ដូច​ការ​គ្រោងទុក​នោះ​ឡើយ​។

ពិត​ណាស់​ថា ​ការ​ធ្លាក់​ឆ្នោត​របស់​ម​ន្ត្រី​បក្ស​ប្រ​ឆាំង​ទាំង​ពីរ​អាច​ចាត់​ទុក​ជា​រឿង​ធម្ម​តា​ក៏​ថា​បាន​ពី​ព្រោះ​ក្នុង​ល្បែង​ប្រ​ជា​ធិប​តេយ្យ​ស​មា​ជិក​ស​ភា​ម្នាក់​ៗ​មាន​សិទ្ធិ​ពេញ​ទី​ក្នុង​ការ​សម្រេច​ចិត្ត​ទៅ​តាម​ការ​យល់​ឃើញ​របស់​ខ្លួន​តាម​រ​យៈ​ការ​បោះ​ឆ្នោត​ដោយ​សម្ងាត់​។ ប៉ុ​ន្តែ ​វា​ក៏​អាច​ជា​ការ​រៀប​ចំ​របស់​គណ​បក្ស​ក៏​ថា​បាន​ពី​ព្រោះ​ជា​ទូ​ទៅ​ស​មា​ជិក​ស​ភា​តែង​គោរព​តាម​គោល​ការណ៍​ណែ​នាំ​របស់​គណ​បក្ស​។ ​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ម្យ៉ាង​ទៀត​នោះ​គឺ លោក​ យឹម​ សុ​វណ្ណ ​និង​លោក​ស្រី ​មួរ​ សុខ​ហួរ ​គឺ​ជា​ស​កម្ម​ជន​ដ៏​លេច​ធ្លោ​ជាង​គេ​ក្នុង​ការ​ចេញ​មុខ​ប្រ​ឆាំង​ជា​មួយ​បក្ស​កាន់​អំ​ណាច​។

ដូ​ច្នេះ ​ការ​ធ្លាក់​ឆ្នោត​របស់​ម​ន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រ​ឆាំង​ទាំង​ពីរ​ទំ​នង​ជា​មិន​មែន​ជា​រឿង​ចៃ​ដន្យ​ទេ​។ ​ចៃ​ដន្យ​ឬ​មិន​ចៃដន្យ​មាន​តែ​គណ​បក្ស​ប្រ​ជា​ជន​កម្ពុ​ជា​ទេ​ដែល​បាន​ដឹង​ច្បាស់​ជាង​គេ​។ ​ យ៉ាង​ណា​ក៏​ដោយ ​សម្រាប់​អ្នក​តាម​ដាន​ស្ថាន​ការណ៍​ន​យោ​បាយ​កម្ពុ​ជា ​ព្រឹត្តិ​ការណ៍​នេះ​បាន​ស្តែង​ឲ្យ​ឃើញ​នូវ​សារ​ន​យោ​បាយ​ច្រើន​យ៉ាង​៖

សារ​ទី១៖ នេះ​ជា​រឿង​ធម្មតា​ទេ​នៅ​ក្នុង​ល្បែង​ប្រ​ជា​ធិប​តេយ្យ​ដែល​ការ​បោះ​ឆ្នោត​ធ្វើឡើង​ដោយ​សម្ងាត់ ​ពោល​គឺ​មិន​ថា​តែ​ស​មា​ជិក​ស​ភា​មក​ពី​គណ​បក្ស​ផ្សេង​ទេ​ សូ​ម្បី​តែ​ស​ហ​កា​រី​ក្នុង​បក្ស​ជា​មួយ​គ្នា​ក៏​អាច​មិន​បោះ​ឆ្នោត​គាំ​ទ្រ​ដែរ​។ ​ដូ​ច្នេះ​ស​មត្ថ​ភាព​សម្រ​ប​សម្រួល​និង​ការ​ចុះ​សម្រុង​គឺ​ជា​អ្វី​ដែល​តំ​ណាង​រាស្ត្រ​ម្នាក់​ៗ​មិន​អាច​មើល​រំ​លង​បាន​។
សារ​ទី២៖ ​ដោយ​សម្អាង​លើ​ល្បែង​ប្រ​ជា​ធិប​តេយ្យ ​កិច្ច​ព្រម​ព្រៀង​ន​យោ​បាយ​រ​វាង​មេដឹក​នាំ​គណ​បក្ស​អាច​ត្រូវ​រ​លាយ​ទៅ​វិញ​យ៉ាង​ងាយ​។​ រ​លាយ​ដោយ​សារ​សន្លឹក​ឆ្នោត​សម្ងាត់​ជា​រឿង​មួយ ​តែ​រ​លាយ​ដោយ​សារ​ការ​រៀប​ចំ​ទុក​ជា​មុន​ជា​រឿង​មួយ​ទៀត​។

សារ​ទី​៣៖​ ទំ​នុក​ចិត្ត​រ​វាង​អ្នក​ន​យោ​បាយ​បដិ​បក្ខ​នៅ​តែ​ជា​ចំ​ណោទ​ធំ​ធេង​មួយ​ក្នុង​បរិ​បទ​ដែល​យន្ត​ការ​ប្រ​ជា​ធិប​តេយ្យ​ពេល​ខ្លះ​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​គ្រាន់​តែ​ជា​លេស​ដើ​ម្បី​បិទបាំង​ល្បិច​កល​ន​យោ​បាយ​តែ​ប៉ុ​ណ្ណោះ​។
និង​សារ​ទី​៤៖ ​នេះ​ក៏​ជា​ការ​ព្រ​មាន​របស់​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​ចំ​ពោះ​ស​កម្ម​ជន​ជួរមុខ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ថា ​ពួក​គេ​នឹង​មិន​ទទួល​បាន​ការ​គាំ​ទ្រ​ពី​គណ​បក្ស​ប្រ​ជា​ជន​ទេ​ប្រ​សិន​បើ​ស​កម្ម​ជន​ទាំង​នោះ​មិន​បង្ហាញ​ភាព​ចុះ​សម្រុង​ទាល់​តែ​សោះ​នោះ​។

ជា​ការ​ពិត​ វិ​បត្តិ​ន​យោ​បាយ​ក្រោយ​ការ​បោះ​ឆ្នោត​ដែល​បាន​អូស​បន្លាយ​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ​ក៏​ជា​ផល​វិ​បាក​ជាក់​ស្តែង​នៃ​ការ​មិន​ទុក​ចិត្ត​គ្នា​របស់​អ្នក​ន​យោ​បាយ​នេះ​ដែរ​។ ​ក្រោយ​កិច្ច​ព្រម​ព្រៀង​ថ្ងៃ​២២​កក្ក​ដា​កន្លង​ទៅ​ទៀត​សោត​ ការ​មិន​ទុក​ចិត្ត​គ្នា​ក៏​ជា​បញ្ហា​ធំ​ធេង​មួយ​ទៀត​សម្រាប់​គណ​បក្ស​ទាំង​ពីរ​។ គណ​បក្ស​សង្គ្រោះ​ជាតិ​តែង​ព្រួយបារម្ភ​ជា​និច្ច​ខ្លាច​«ចាញ់​បោក»​គណ​បក្ស​ប្រ​ជា​ជន​កម្ពុ​ជា​។ ​ចំ​ណែក​គណ​បក្ស​ប្រ​ជា​ជន​វិញ​ក៏​មិន​សូវ​ជា​ទុក​ចិត្ត​បក្ស​សង្គ្រោះ​ជាតិ​ប៉ុ​ន្មាន​ដែរ​។

ប្រ​សិន​បើ​ស្ថាន​ភាព​នេះ​នៅ​តែ​បន្ត​ ឆាក​ន​យោ​បាយ​ប្រ​ទេស​កម្ពុ​ជា​ទំ​នង​ជា​មិន​ងាយ​ស្គាល់​ភាព​សុខ​សាន្ត​បាន​យូរ​អ​ង្វែង​នោះ​ឡើយ​។​ វិ​បត្តិ​ន​យោ​បាយ​ងាយ​នឹង​កើត​ឡើង​​ជា​ថ្មី​គ្រប់​ពេល​ដោយ​សារ​តែ​កង្វះ​ភាព​ស្មោះ​ត្រង់​ដែល​ជា​ហេតុ​ផល​ចម្បង​ធ្វើ​ឲ្យ​ឆាកន​យោ​បាយ​កម្ពុជា​ស្ថិត​ក្នុង​ទី​ង​ងឹត​ច្រើន​ជាង​ទី​ភ្លឺ​។ ​នេះ​ជា​ឧប​សគ្គ​ធំ​ធេង​សម្រាប់​ការក​សាង​វប្ប​ធម៌​អ​ហិ​ង្សា​ក្នុង​ឆាក​ន​យោ​បាយ​កម្ពុជា​។

សូម​កុំ​ភ្លេច​ថា ​ដោយ​សារ​តែ​ធ្លាប់​រង​គ្រោះ​ព្រោះ​ន​យោ​បាយ​ឥត​ឈប់​ឈរ​បែប​នេះ​ហើ​យ​បាន​ជា​ ពល​រដ្ឋ​ខ្មែរ​នៅ​តែ​ចាត់​ទុក​ន​យោ​បាយ​ថា​ជា​រឿង​គួរ​ឲ្យ​ព្រឺ​ខ្លាច​រហូត​ដល់​អ្នក​ខ្លះ​បាន​ប្រើ​ពាក្យ​ថា​«​ន​យោ​បាយ​ន​យោ​បោក​»​ទៀត​ផង​។​ ដូ​ច្នេះ​ ​អំ​ណឹះ​ត​ទៅ​ អ្នក​ន​យោ​បាយ​ខ្មែរ​គួរ​តែ​ក​សាង​បរិ​យា​កាស​ថ្មី​ដើ​ម្បី​ធ្វើ​ការ​ជា​មួយ​គ្នា​ឲ្យ​បាន​ល្អ​ប្រ​សើរ​ជាង​នេះ​។ គេ​នៅ​ចាំ​បាន​ថា​ ចុង​ក្រោយ​នេះ ​លោក​ សម​ រង្ស៊ី​ និង​លោក​នា​យក​រដ្ឋ​មន្ត្រី ​ហ៊ុន​ សែន​ ធ្លាប់​បាន​ប្រើ​សម្តី​ដូច​គ្នា​ថា​នឹង​លុប​បំ​បាត់​វប្ប​ធម៌​«​ទឹក​ឡើង​ត្រី​ស៊ី​ស្រ​មោច​ ទឹក​ហោច​ស្រ​មោច​ស៊ី​ត្រី​»​ចេញ​ពី​ឆាក​ន​យោ​បាយ​ក​ម្ពុ​ជា។​

ដើ​ម្បី​លុប​បំ​បាត់​វប្ប​ធម៌​ដ៏​គ្រោះ​ថ្នាក់​នេះ​ ការ​ក​សាង​ទំ​នុក​ចិត្ត​គ្នា​គឺ​ជា​វិ​ញ្ញា​សា​ទី​១ដែល​ត្រូវ​ឆ្លង​កាត់​។ ​កិច្ច​សម្រប​សម្រួល​ដើ​ម្បី​ឲ្យ​លោក​ស្រី ​មួរ​ សុខ​ហួរ​ និង​លោក ​យឹម ​សុវណ្ណ ​ក្លាយ​ជា​ប្រ​ធាន​គណៈ​កម្ម​ការ​ស​ភា​ឡើង​វិញ​គឺ​ជា​កិច្ច​ការ​ដែល​ត្រូវ​ចាប់​ផ្តើម​ដំ​បូង​គេ​ដើ​ម្បី​វាស់​ស្ទង់​ពី​ស​មត្ថ​ភាព​សម្រប​សម្រួល​និង​កម្រិត​នៃ​ការ​ទុក​ចិត្ត​គ្នា​រវាង​គណ​បក្ស​ទាំង​ពីរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ