អានតួអត្ថបទ
កម្ពុជា

នួន​ ជា​ ទទួល​ខុស​ត្រូវ​ខាង​សីល​ធម៌​និង​សុំទោស​ជន​រង​គ្រោះ​ ​តែ​សុំ​ឲ្យ​តុលាការ​ដោះលែង​រូប​គាត់​

ថ្លែង​នៅក្នុង​អង្គ​សវ​ការបិទ​បញ្ចប់​ការសួរដេញដោល​សំណុំរឿង ០០២ វគ្គ​ទី ១ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក នួន ជា បងធំ​ទី២នៃ​របប​ខ្មែរក្រហម​បានប្រកាស​ទទួលខុសត្រូវ​ខាង​សីលធម៌ ចំពោះ​អ្វីដែល​បាន​កើតឡើង​ក្នុង​របប​ខ្មែរ​ក្រហម ។ លោក បាន​សុំទោស​ចំពោះ​ជនរងគ្រោះ​ព្រមទាំង​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស និង​បាន​គោរព​វិញ្ញាណក្ខន្ធ​អ្នកស្លាប់​ក្នុង​របប​ខ្មែរក្រហម ប៉ុន្តែ លោក នួន ជា បាន​អះអាងថា លោក​មិនបាន​ជាប់​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​កម្ម​ទាំង​នោះទេ។លោក​បាន​សុំ​ឲ្យ​តុលាការ​លើកលែង​ការចោទប្រកាន់ និង​ដោះលែង​ឲ្យ​មាន​សេរីភាព។

នួន ជា នៅ​ក្នុង​សវនការ
នួន ជា នៅ​ក្នុង​សវនការ @ECCC
ផ្សាយពាណិជ្ជកម្ម

ថ្លែង​ទៅកាន់​អង្គ​សវនាការ​នៅ​ព្រឹក​នេះ លោក នួន ជា អតីត​ប្រធានសភា​ប្រជាជន និង​ដែល​គេ​ហៅថា ជា​បងធំ​ទី២ក្នុង​របប​ខ្មែរក្រហម បាន​ច្រាល​ចោល​ទាំងស្រុង​រាល់​ការចោទប្រកាន់​របស់​ស​ហ​ព្រះរាជអាជ្ញា។ ជាបឋម លោក នួន ជា បានបញ្ជាក់​ឡើងវិញ​ថា លោក​គ្មាន​តួនាទី​ជា​អ្នកសម្រេច​កិច្ចការ​អ្វី​ទេ ហើយក៏​មិនបាន​ជាប់​ពាក់ព័ន្ធ​នឹង​ការកាប់សម្លាប់​មនុស្ស​ក្នុង​របប​ខ្មែរក្រហម​ដែរ។

ក្រៅពី​បង្ហាញ​អំពី​តួនាទី​ដែល​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការកាប់សម្លាប់ លោក នួន ជា ក៏បាន​ការពារ​ខ្លួន​ចេញពី​ការចោទប្រកាន់ផ្សេងៗរបស់​សហ​ព្រះរាជអាជ្ញា​ដោយ​លើក​អំណះអំណាង​ថា នៅ​គ្រប់​សម័យកាល​ដឹកនាំ​របស់​កម្ពុជា​សុទ្ធ​តែមាន​អំពើហិង្សា កាប់សម្លាប់​មនុស្ស​រាប់​ចាប់តាំងពី​សម័យ​អាណានិគម​ន៍​បារាំង រហូតមក។

ការទម្លាក់​គ្រាប់បែក​របស់​សហរដ្ឋ​អាមេរិក​មកលើ​ប្រទេស​កម្ពុជា​ដែល​សម្លាប់​មនុស្ស​ជាច្រើន​ក៏ត្រូវ​បាន​លោក នួន ជា បានលើកឡើង​ដែរ។ ក្នុងន័យនេះ បងធំ​ទី២ក្នុង​របប​ខ្មែរក្រហម អះអាងថា ការចាប់​រូបលោក​ឲ្យ​ទទួលខុសត្រូវ​តែម្នាក់ឯង និង​ទុក​ឲ្យ​អ្នក​ផ្សេងទៀត​ដូចជា​សហរដ្ឋអាមេរិក វៀតណាម និង​មេដឹកនាំ​ខ្មែរ​មួយចំនួនទៀត​រួចខ្លួន​គឺជា​អំពើ​អយុត្តិធម៌។ លោក​បាន​ហៅ​តុលា​ការដែល​កំពុង​កាត់ទោស​រូបលោក​នេះ​ថា ជា​រក​យុត្តិធម៌​សម្រាប់​អ្នកឈ្នះ​តែប៉ុណ្ណោះ។

ក្រៅពី​ថ្លែង​ការពារ​ខ្លួនឯង លោក នួន ជា ក៏បាន​ការពារ​គោលនយោបាយ​បក្ស​កុំម្មុយនិស្ត​កម្ពុជា​ដែរ​ថា គ្មាន​បំណង​កាប់សម្លាប់​ប្រជាជន និង​ដាក់​ប្រជាជន​ឲ្យ​ទៅជា​ទាសករ​ទេ។ ផ្ទុយទៅវិញ​បក្ស​កុំម្មុយនិស្ត​កម្ពុជា​បាន​មាន​គោលនយោបាយ​រំដោះប្រជាជន​ចេញពី​របប​ទាសភាព និង​ពី​ការឈ្លានពាន​របស់​បរ​ទេស។

បើតាម​លោក នួន ជា អំពើ​វិនាសកម្ម​កាប់សម្លាប់​ក្នុង​របប​ខ្មែរក្រហម​គឺ​បណ្តាលមកពី​ថ្នាក់ដឹកនាំ​របស់​បក្ស​កុំម្មុយនិស្ត​កម្ពុជា​រើស​កម្មាភិបាល​ថ្នាក់ក្រោម​មិនបាន​ល្អ​ដោយ​អ្នកខ្លះ​មិន​ស្មោះត្រង់ និង​អ្នក​ខ្លះទៀត​ក្តាប់​មិនបាន​គោ​នយោបាយ​របស់​ថ្នាក់លើ។ ចំណែកឯ​ថ្នាក់លើ​រវល់​តែ​កិច្ចការ​នៅ​ភ្នំពេញ​មិនបាន​ចុះទៅពិនិត្យ​ឲ្យ​បាន​ដិតដល់​នូវ​ការងារ​របស់​ថ្នាក់ក្រោម។

ក្រៅពីនោះ លោក នួន ជា ក៏បាន​លើក​ហេតុផល​មួយទៀត​ថា មកពី​មាន​ភ្នាក់ងារ​របស់​អាមេរិក និង​វៀតណាម​បង្កប់​នៅក្នុង​ជួរ​បក្ស​កុំម្មុយនិស្ត​កម្ពុជា។ ពួកគេ​បាន​ព្យាយាម​លាក់បាំង និង​រាយការណ៍​ភូតកុហក​ទៅ​ថ្នាក់លើ។

យ៉ាងណាក៏ដោយ នួន ជា បានប្រកាស​ទទួលខុស​ត្រូវ​ខាង​សីលធម៌​ចំពោះ​អ្វីដែល​បាន​កើតឡើង​ក្នុង​របប​ខ្មែរក្រហម​ដោយសារតែ​ការគ្រប់គ្រង​មិនបាន​ល្អ​របស់​បក្ស​កុំម្មុយនិស្ត​កម្ពុជា។ លោក​ក៏បាន​ប្រកាស​សុំទោស​ជា​សាធារណៈ​ចំពោះ​ជនរងគ្រោះ​និង​ប្រជាជន​ខ្មែរ​ទូទាំងប្រទេស។ នួន ជា ក៏បាន​ថ្លែង​គោរព​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​ស្លាប់​ផងដែរ។ ប៉ុន្តែ ជា​ចុងក្រោយ លោក​បានស្នើ​សុំ​ឲ្យ​តុលាការ​លើកលែង​ការចោទប្រកាន់ និង​ដោះលែង​រូបលោក​ឲ្យ​មាន​សេរីភាព​ឡើងវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ