អានតួអត្ថបទ
កម្ពុជា

សកម្មជន​​​ម្នាក់​​ទៀត​​​របស់​​​បក្ស​​ប្រឆាំង​​​​ត្រូវ​​​អាជ្ញាធ​រ​​ឃាត់​​ខ្លួន​​

នៅ​ព្រឹក​​ថ្ងៃ​​ព្រហស្បតិ៍​​នេះ​ កម្លាំង​​នគរបាល​​ស្នង​ការ​​ក្រុង​ភ្នំពេញ​​បាន​​ឃាត់​ខ្លួន​​សកម្មជន​​ម្នាក់​ទៀត​​របស់​​គណបក្ស​​សង្គ្រោះ​ជាតិ​ គឺ ​លោក​ទេព​ ណារិន​។ ​នេះ​​បើ​តាម​​ការ​បញ្ជាក់​​របស់​​កញ្ញា​​កឹម ​មនោ​វិទ្យា ​អនុ​ប្រធាន​​កិច្ចការ​​សាធារណៈ​​របស់​​គណបក្ស​​សង្គ្រោះ​​ជាតិ​។ ​ការ​ចាប់​ខ្លួន​​នេះ ​អាជ្ញាធរ​​មិន​បាន​​បញ្ជាក់​​ពី​​មូលហេតុ​​នៅ​ឡើយ​​ទេ។​

លោក ទេព ណារិន សកម្មជនគណបក្សសង្គ្រោះជាតិ។
លោក ទេព ណារិន សកម្មជនគណបក្សសង្គ្រោះជាតិ។ @Narin Tep Facebook
ផ្សាយពាណិជ្ជកម្ម

ពីរ​ថ្ងៃ​បន្ទាប់ពី​ចាប់ខ្លួន​លោក មៀ​ច សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ផ្សព្វផ្សាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ អាជ្ញាធរ​បាន​បន្ត​ឃាត់ខ្លួន​សកម្មជន​ម្នាក់ទៀត​គណបក្ស​ស​ង្ក្រោះ​ជាតិ គឺ​លោក ទេព ណារិន ។ លោក​ទេព ណារិន គឺជា​បុគ្គលិក​ចលនា​មហាជនរ​បស់​គណបក្ស​សង្គ្រោះ​ជាតិ។

អនុប្រធាន​កិច្ចការ​សាធារណៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា កឹម មនោ​វិទ្យា បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ការចាប់ខ្លួន​នោះបាន​ធ្វើឡើង​ក្រោយពី​លោក​ទេព ណារិន បាន​ចូលទៅ​បង្ហាញខ្លួន​តាម​ការកំណត់​របស់​តុលាការ​នៅ​ស្នងការ​រាជធានី​ភ្នំពេញ។ លោក ជួន ណារិន ស្នងការរង​រាជធានី​ភ្នំពេញ មិនបាន​បង្ហាញ​ពី​មូលហេតុ​នៃ​ការឃាត់ខ្លួន​នោះទេ ប៉ុន្តែ​លោក​បញ្ជាក់​វិទ្យុ​បារាំង​អន្តរជាតិ​ដែរ​ថា ការឃាត់ខ្លួន​លោក​ទេព ណារិន គឺ​សមត្ថកិច្ច​អនុវត្តតាម​ដីកា​ឲ្យ​នាំខ្លួន​របស់​តុលាការ។ បើតាម​ស្នងការរង​រូបនេះ លោក​ទេព ណារិន ត្រូវបាន​ឃាត់ខ្លួន​នៅ​ចំណុច​ផ្លូវ​លេខ៥៩៨ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។

សូមបញ្ជាក់ថា លោក​ទេព ណារិន គឺជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទី៣ ហើយ​ដែល​ត្រូវបាន​អាជ្ញាធរ​ក្រុងភ្នំពេញ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ក្នុងពេលថ្មីៗកន្លងទៅនេះ។ កាលពី​ថ្ងៃ​អង្គារ លោក មៀ​ច សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ផ្សព្វផ្សាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​បញ្ជូន​ទៅកាន់​តុលាការ និង​បាន​បន្ត​បញ្ជូនទៅ​ឃុំខ្លួន​នៅឯ​ពន្ធនាគារ​ព្រៃ​សរ។ ហើយ​កាលពី​ពុធ គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស និង​អំពាវនាវ​ឲ្យ​មានការ​ដោះលែង​សកម្មជន​របស់ខ្លួន​ដោយ​គ្មាន​លក្ខខណ្ឌ។

យ៉ាងណាក៏ដោយ ករណី​ឃាត់ខ្លួន​សកម្មជន​ម្នាក់ទៀត​នៅពេលនេះ​ក៏​មិន​ខុសគ្នា​នឹង​ករណី​ឃាត់ខ្លួន​នាពេល​កន្លងមក​ដែរ។ កញ្ញា​កឹម មនោ​វិទ្យា បាន​លើកឡើងថា លោក​ទេព ណារិន ត្រូវបាន​អាជ្ញាធរ​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ហិង្សា​នៅក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាល​ថ្ងៃទី១៥ កក្កដា កន្លងទៅ។ កញ្ញាកឹម មនោ​វិទ្យា បាន​បន្ថែមថា នៅពេលនេះ​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​រៀបចំ​មេធាវី ដើម្បី​ជួយ​ការពារ​ក្នុងករណីនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ