អានតួអត្ថបទ
កម្ពុជា

ការដោះស្រាយ​​ញត្តិ​​តវ៉ា​​របស់​​ក្រុម​បាតុករ​​ត្រូវ​​បង្វែ​​រ​ពី​​ស្ថានទូត​​វៀតណាម ​​​ទៅ​តាម​​ផ្លូវ​​ការបរទេស​​វិញ​

ក្រុម​​បាតុករ​​ដែល​​រួមមាន​​ព្រះ​សង្ឃ​ សមាគម​​​ខ្មែរ​​កម្ពុជា​​ក្រោម ​និង​​​ សហព័ន្ធ​ ​​​និស្សិត​ ​​បញ្ញវន្ត​កម្ពុជា​​​​​យល់ព្រម​​ប្រកាស​​រំសាយ​​នៅ​​រសៀល ​​ថ្ងៃ​​អង្គារ​​នេះ ​ពីមុខ​​ស្ថានទូត ​​វៀតណាម​ បន្ទាប់​ពី​តំណាង​​សាលា​​រាជធានី​​ភ្នំពេញ​​ទទួល​​​​​យក​​ញ​ត្តិ ​​​តវ៉ា​​​របស់​​ពួកគេ ​ដើម្បី​​បន្ត​​ចំណាត់​ការ​​​តាម​​រយៈ​​​​ក្រសួង​ការ​បរទេស​​នៃ​​ប្រទេស​​ទាំងពីរ។ មេដឹកនាំ​​ចលនា​​បាតុកម្ម ​​ឲ្យ​ដឹង​ថា​ ពួកគេ​​អាច​​​ទទួល​យក​​បាន​​ចំពោះ​​កិច្ច​​អន្តរាគមន៍​​​របស់​​​អាជ្ញា​ធរ​​​ក្រុង ​បន្ទាប់ពី​​​មាន​​កិច្ច​ប្រជុំ​​​មួយ​​​កាល​​ពី​​​ព្រឹក​​មិញ​។

ការ​ប្រមូល​ផ្តុំ​តវ៉ា របស់​ក្រុម​និស្សិត ព្រះសង្ឃ និង​ខ្មែរកម្ពុជាក្រោម
ការ​ប្រមូល​ផ្តុំ​តវ៉ា របស់​ក្រុម​និស្សិត ព្រះសង្ឃ និង​ខ្មែរកម្ពុជាក្រោម RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ក្រុម​​បាតុករ​​ប្រមាណ​​ជា​​៥០០​​នាក់ ​មកពី​​សហព័ន្ធ​​និស្សិត​​បញ្ញវន្ត​​កម្ពុជា ​អង្គការ​​សមាគម​​​ខ្មែរ​​កម្ពុជា​​ក្រោម ​និង​​ប្រជាពលរដ្ឋ​​ដទៃ​ទៀត ​បាន​​បន្ត​​ការតវ៉ា​​របស់​​ពួកគេ​​ឈានចូល​​ដល់​​ថ្ងៃ​ទី​​ពីរ​
ហើយ​​នៅ​​ថ្ងៃ​​អង្គារ​​នេះ ​ដើម្បី​​​ឲ្យ​តំណាង​​ស្ថានទូត​​វៀតណាម​​នៅ​​កម្ពុជា ​​ទទួល​​ញតិ្ត​​​របស់​​ពួក​គេ ​​និង​​​​​ស្នើសុំ​​ឲ្យ​​អ្នក​នាំពាក្យ​​ស្ថាន​ទូត​​ក្រុង​​ហាណូយ​​ ធ្វើការ​​សុំទោស​​ជា​​សាធារណៈ​​ចំពោះ​ការ​លើក​ឡើង​​របស់​ខ្លួន​​ថា ​ទឹកដី​​កម្ពុជា​​ក្រោម​​ជា​​របស់​​ប្រទេស​​វៀតណាម​​តាំងពី​​យូរយារ​ណាស់​មកហើយ​។

លោក​ ម៉ៅ ពិសេស​​ ប្រធាន​​សហព័ន្ធ​​និស្សិត​​បញ្ញវន្ត​​កម្ពុជា​​​ថ្លែង​​បន្ទាប់​ពី​​ជួប​ប្រជុំ​​ជាមួយ​​តំណាង​​​​​​សាលា​​រាជធានី​​ភ្នំពេញ​​នៅ​ថ្ងៃនេះ​​ថា ​ក្រុម​អ្នក​តវ៉ា​​យល់ព្រម​​បន្ទន់​ឥរិយាបថ ​តាម​​សំណើ​​​​របស់​​សាលា​​រាជធានី​​ភ្នំពេញ ​ដែល​​សុខចិត្ត​​ ទៅ​​ទទួល​យក​​​​ញ​តិ្ត​​​​ពី​​​ដៃ​​​បាតុករ​​​​នៅមុខ​ស្ថានទូត​​វៀតណាម​ ហើយ​​​បញ្ជូន​​​ទៅកាន់​​ក្រសួង​​ការបរទេស​​​កម្ពុ​ជា ​ដើម្បី​​​​ឲ្យ​​​​ក្រសួង​ការ​​បរ​ទេស​​​​​​​កម្ពុ​ជា​​ផ្ញើ​​​កំណត់​​​ហេតុ​នៃ​​កា​រ​ទាមទារ​​នេះ​​ទៅកាន់​​​ក្រសួង​​ការ​​បរទេស​​វៀត​ណា​ម​​ជា​​​ចុង​ក្រោយ​​​។

ការទទួល​ញ​តិ្ត​​នឹងត្រូវ​ធ្វើឡើង​នៅវេលា​ថ្ងៃត្រង់​​ថ្ងៃនេះ​ដោយ​មន្ត្រី​សាលាក្រុង ហើយ​បាតុករ
នឹង​​ត្រូវ​ប្រកាស​រំសាយ​ភា្លមៗ ​បន្ទាប់ពី​ការទាមទារ​របស់​ពួកគេ​ត្រូវបាន​សន្យា​ដោយ​មន្ត្រីផ្លូវ​ការ។

កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ​ក្រុមអ្នកតវ៉ា​ជាច្រើន​ពាន់​នាក់​បាន​ដង្ហែ​ក្បួន​ដាក់​​ញត្តិ​​តាម​ស្ថានទូត
បរទេស​មួយចំនួន​រួមមាន ស្ថានទូត​បារាំង អង់គ្លេស សហភាព​អឺរ៉ុប រុស្សី ចិន​ប្រជា​មា​និត និង​​ស្ថានទូត​វៀតណាម​ចុងក្រោយ​គេ។ ក៏ប៉ុន្តែ ​ស្ថានទូត​វៀតណាម​បដិសេធ​មិន​ទទួល​ញតិ្ត​របស់​ក្រុម​បាតុករ​ឡើយ។ ​មន្ត្រី​ស្ថានទូត​វៀតណាម​បាន​បង្វែរ​​ការដាក់​ញ្ញ​តិ​នេះ​​​ទៅ​សាលា
​រាជ​ធានី​ភ្នំពេញ​វិញ។

អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក ឡុង ឌី​ម៉​ង់ កាលពី​ម្សិលមិញ​ដែរ​​ បានបញ្ជាក់​ពី​ភាព​មិន​​សមរម្យ​ចំពោះ​ការដែល​អ្នក​តវ៉ា​ត្រូវដាក់​ញ​តិ្ត​​នៅ​ទីនោះ ដោយសារ​សាលាក្រុង​មិនមែន​ជា​​សាខា​ស្ថានទូត​​វៀតណាម​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ