អានតួអត្ថបទ
កម្ពុជា-ថៃ

កម្ពុជា​ដាក់​កំណត់ទូត​តវ៉ា​​រឿង​ថៃ​បាញ់​ពលរដ្ឋ​ខ្មែរ​តាម​ព្រំដែន​

ក្រសួង​ការបរទេស​​កម្ពុជា​ បាន​​ផ្ញើ​​កំណត់​ទូត​​ជា​​ផ្លូវការ​​មួយ​​ផ្សេង​​ទៀត​ទៅ​កាន់​​រដ្ឋាភិបាល​​ថៃ ​នៅ​​ថ្ងៃ​​ទី​​៤​ខែ​​ឧសភា​​នេះ ​ដើម្បី​​ប្រឆាំង​​នឹង​​សកម្មភាព​​អមនុស្សធម៌​របស់​ទាហាន​ថៃ​​ដែល​បាន​​បាញ់​​សម្លាប់​ពលរដ្ឋ​កម្ពុជា​ឆ្លង​ដែន​ចូល​ទឹក​ដី​ថៃ។ ​ចាប់ពី​ខែ​​មករា ​​មាន​​ពលរដ្ឋ​កម្ពុជា​ ១០​ នាក់​ត្រូវ​បាន​ថៃ​បាញ់​សម្លាប់​នៅ​ជាយ​ដែន។​ ក៏​ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា បាន​​បញ្ជាក់​​ជា​ថ្មី ដោយ​ទទូច​​ឲ្យ​អាជ្ញាធរ​ថៃ ចាត់វិធានការ​ឲ្យ​សមរម្យ ដើម្បី​ការពារ​កុំឲ្យ​មាន​សកម្មភាពអ​មនុស្សធ​ម៌ បាញ់សម្លាប់​ក្រៅច្បាប់ លើ​អ្នកភូមិ​កម្ពុជា តទៅទៀត​

ផ្សាយពាណិជ្ជកម្ម

​ករណី​ទាហាន​ថៃ បាញ់សម្លាប់​ពលរដ្ឋ​កម្ពុជា ដែល​បាន​ឆ្លងកាត់​ព្រំដែន ចូល​ទៅ​ធ្វើការ​នៅ​ខេត្ត​ស្រះកែវ ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី​២​ឧសភា ឆ្នាំ​២០១២ ត្រូវបាន​ក្រសួងការបរទេស​កម្ពុ​ជា បាន​សរសេរ​កំណត់​ទូត ជា​លិខិត លាយលក្ខណ៍អក្សរ តវ៉ា​ទៅ​កាន់​រដ្ឋាភិបាល​ថៃ​។ ករណី​ចុងក្រោយ​នោះ គឺ​ពលរដ្ឋ​កម្ពុជា លោក សំ រៀម អាយុ ៣១​ឆ្នាំ ត្រូវ​ទាហាន​ថៃ បាញ់សម្លាប់ ដូច ៥ ករណី​ផ្សេង​ទៀត ដែល​បាន​កើតឡើង ចាប់តាំងពី​ខែ​មករា​។​

​កំណត់​ទូតចុះ​ថ្ងៃ​៤​ឧសភា​ បង្ហាញថា អំពើ​បាញ់ប្រហារ​របស់​កង​ទាហាន​ការពារ​ព្រំដែន​ថៃមក​លើ​ពលរដ្ឋ​កម្ពុជា នៅតែ​បន្ត​ដោយ​សកម្មភាព​ចេតនា អមនុស្សធម៌ និង​ឃោរឃៅ ព្រៃផ្សៃ ដែល​​រំលោភ​បំពាន​ទៅ​លើ​ស្មារតី​នៃ​កិច្ចប្រជុំ​សហប្រតិបត្តិការ​ទ្វេភាគី រវាង​កម្ពុជា​-​ថៃ កាលពី​ឆ្នាំ​២០០៩​។ ការបាញ់ប្រហារ​ពលរដ្ឋ​កម្ពុជា ក៏​បំពាន​គោលការណ៍​មនុស្សធម៌ដែល​ទទួល​ស្គាល់​​ដោយ​​អន្តរជាតិ​។

​ដោយ​ថ្កោលទោស​ទាហាន​ថៃ ដែល​បាន​បាញ់សម្លាប់​ពលរដ្ឋ​ខ្មែរ នៅតាម​ជាយដែន ក្រសួង​ការបរទេស​​កម្ពុជា បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​ថៃពិចារណា​ឡើងវិញចាត់វិធានការ​ឲ្យ​សមរម្យ​ដើម្បី​​ការពារ​កុំឲ្យ​មាន​សកម្មភាពអ​មនុស្សធ​ម៌ បាញ់សម្លាប់​ក្រៅច្បាប់ លើ​អ្នកភូមិ​កម្ពុជា​បន្ត​ទៀត​។​

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក កុយ គួង បាន​លើក​ឡើង​ថា កម្ពុជា​តែង​តែ​ធ្វើ​កំណត់​ទូត​​តវ៉ា ទាម​ទារ​ឲ្យ​ថៃ ចាប់​ពលរដ្ឋ​កម្ពុជា ដែល​ឆ្លង​ដែន​ខុស​ច្បាប់ យក​ទៅ​ផ្តន្ទា​ទោស​តាម​ច្បាប់ ដោយ​ថៃ​មិន​ត្រូវ​កាត់​ទោស​ពល​រដ្ឋ​កម្ពុជា តាមរយៈការបាញ់ប្រហារដូច្នេះទេ។

ចាប់ពីខែមករា មកដល់ពេលនេះ ក្រសួងការបរទេសកម្ពុជាបាន​កត់ត្រា​ថា មាន​ពលរដ្ឋ​កម្ពុជា ១០ នាក់ ត្រូវបាន​ថៃ​បាញ់សម្លាប់ ពេល​ឆ្លង​ដែន​ខុសច្បាប់ ចូល​ទឹកដី​ថៃ ខណៈ​ដែល​កាលពី​ឆ្នាំ​២០១១ មាន ១២ នាក់​។

កន្លងមក រដ្ឋាភិបាល​ថៃ បាន​ឆ្លើយតប​នឹង​កំណត់​ទូត​កម្ពុជា​ថា ពលរដ្ឋ​កម្ពុជា បាន​ឆ្លង​ដែន​ខុស​ច្បាប់ ចូលទឹកដីថៃ ពិសេស​បាន​ចូល​លួច​កាប់​ឈើតាម​តំបន់​ជាយ​ដែន​។ ម្យ៉ាងទៀត ថៃ​លើក​ឡើង​ថា ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ទាំងនោះ សុទ្ធតែ​មាន​កាំភ្លើង​។

អាជ្ញាធរ​កម្ពុជា និង​ថៃ តាម​ព្រំដែន បាន​ព្រម​ពៀង​ជួបគ្នា ដើម្បី​រក​ដំណោះស្រាយ រក​វិធី​បញ្ចប់​ការបាញ់សម្លាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​។ នៅ​រសៀល​ថ្ងៃ​៤​ឧសភា​នេះ កិច្ចប្រជុំ ត្រូវបាន​ធ្វើឡើង នៅ​ទឹកដី​រវាង​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​ស្រះកែវ នៅក្នុង​ប្រទេស​ថៃ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ